ក្រុមប្រជាសហគមន៍បានសម្រុកចូលរោងម៉ាស៊ីនអារឈើមួយកន្លែង ហើយបានប៉ះទង្គិចជាមួយប៉ូលិសដែលយាមនៅទីនោះ។
ការប៉ះទង្គិចពាក្យសម្ដីគ្នាយ៉ាងតានតឹង ដោយមានការរុញច្រានគ្នាផង បានកើតឡើងមួយសន្ទុះធំរវាងប្រជាសហគមន៍ព្រៃឡង់ និងកងកម្លាំងការពាររោងម៉ាស៊ីនអារឈើមួយកន្លែង ស្ថិតក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២។
ការប៉ះទង្គិចគ្នាបានកើតឡើងខណៈដែលប្រជាសហគមន៍ព្រៃឡង់ចំនួនជាង ២០០នាក់ មកពីខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ និងស្ទឹងត្រែង ប៉ុនប៉ងចូលទៅពិនិត្យរោងម៉ាស៊ីនអារឈើ សេង សារ៉ាវុធ និងទាមទារឲ្យមានការបង្ហាញ ថាតើក្រុមហ៊ុនមួយនេះមានអាជ្ញាប័ណ្ណសម្រាប់ដំណើរការអាជីវកម្មដែរឬទេ៖ «ខ្ញុំមិនប្រឆាំងអីនឹងរដ្ឋាភិបាលទេ។ ប្រសិនបើណាមានអាជ្ញាប័ណ្ណហើយនោះ ខ្ញុំអត់មានប្រឆាំង ប៉ុន្តែសូមអំពាវនាវថា ច្បោះជ័រត្រូវតែមានការសងដល់ប្រជាពលរដ្ឋវិញ»។
ទោះយ៉ាងណា ប្រជាសហគមន៍ត្រូវបានគេអនុញ្ញាតឲ្យចូលទៅក្នុងបរិវេណរោងម៉ាស៊ីនអារឈើ សេង សារ៉ាវុធ បន្ទាប់ពីមានអន្តរាគមន៍ពីសំណាក់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងមន្ត្រីអាជ្ញាធរខេត្តកំពង់ធំ។
មុនពេលចូលទៅក្នុងបរិវេណរោងម៉ាស៊ីនអារឈើ សេង សារ៉ាវុធ អភិបាលស្រុកសណ្ដាន់ លោក ស៊ឹម វណ្ណា អានប្រកាសលេខ ៣៣១ របស់ក្រសួងកសិកម្ម ស្ដីពីការអនុញ្ញាតឲ្យឈ្មោះ សេង សារ៉ាវុធ បង្កើតរោងម៉ាស៊ីនអារ-កែច្នៃ និងផលិតគ្រឿងសង្ហារិម៖ «យោងតាមសំណើរបស់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ សម្រេច ប្រការ ១ អនុញ្ញាតឲ្យ លោក សេង សារ៉ាវុធ ពន្យារសុពលភាពរោងម៉ាស៊ីនអារ-កែច្នៃ និងផលិតគ្រឿងសង្ហារិមបណ្ដោះអាសន្នមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ សម្រាប់រយៈពេល ១ឆ្នាំ ដោយគិតចាប់ពីថ្ងៃចេញប្រកាស។ នេះនែ៎! ថ្ងៃចេញប្រកាសគឺថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១១។ ១ឆ្នាំទេ វាទល់នឹងថ្ងៃទី២៧ ឧសភា ឆ្នាំ២០១២»។
បន្ទាប់ពីបានស្ដាប់ការអាន ក្រុមប្រជាសហគមន៍មួយចំនួនទទួលស្គាល់ថា រោងម៉ាស៊ីនអារឈើ សេង សារ៉ាវុធ មានការអនុញ្ញាតសម្រាប់ដំណើរការអាជីវកម្ម។
ទោះយ៉ាងនេះក្ដី នាយកអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី អះអាងថា មានភាពមិនប្រក្រតីទាក់ទិននឹងអាជ្ញាប័ណ្ណសម្រាប់រោងម៉ាស៊ីនអារឈើ សេង សារ៉ាវុធ៖ «តែបើឯកសារទាំងនោះស្របច្បាប់វិញ គ្មានបងប្អូនណា កុំថាដល់ចូលរោងចក្រ តែទៅអែបរោងចក្រក៏អត់បានដែរ។ បាទ! នេះជាបទពិសោធន៍របស់ខ្ញុំ! ហើយដល់អ៊ីចឹង ខ្ញុំជឿថា គាត់ត្រូវតែរត់គេចហើយ។ គាត់រត់គេចហើយ គាត់ត្រូវយកអាជ្ញាធរមូលដ្ឋានមកបិទបាំងមុខគាត់ហើយ»។
ក្រោយពីបានទស្សនារោងម៉ាស៊ីនអារឈើ សេង សារ៉ាវុធ ដែលមានរ៉ៃសម្រាប់អារច្រៀកឈើតែគ្មានម៉ាស៊ីន ឡានដឹកឈើ គំនរឈើហ៊ុបធំៗ គំនរក្ដារបន្ទះដែលគេទើបតែអារថ្មីៗ និងគំនរអាចម៍រណារជាច្រើន ពួកគាត់យល់ថា ទីនោះហើយជាកន្លែងដែលស្រូបយកឈើពីតំបន់ព្រៃឡង់ និងជាទីអវសាននៃដើមឈើទាលដែលជាច្បោះជ័រទឹករាប់តំណរបស់ពួកគាត់។
អនុប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ចាន់ សុវ៉េត ថ្លែងថា ប្រជាសហគមន៍បានសម្រេចគោលដៅរបស់ពួកគាត់ តែពួកគាត់មិនបានទទួលលទ្ធផលជាវិជ្ជមានក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មព្រៃឈើនៅតំបន់ព្រៃឡង់ឡើយ៖ «ដោយសារថា អាជ្ញាធររដ្ឋាភិបាល ជាពិសេសអាជ្ញាធរខេត្តកំពង់ធំនេះ គឺមិនមានអ្នកណាម្នាក់ចេញមុខមកធ្វើការអះអាង និងធានាថា ទប់ស្កាត់ បទល្មើសព្រៃឈើ នៅក្នុងព្រៃឡង់នេះទេ»។
ការសម្រេចចិត្តចូលរោងម៉ាស៊ីនអារឈើត្រូវបានធ្វើឡើងនៅថ្ងៃទី៥ នៃយុទ្ធនាការ ៥ថ្ងៃ ក្នុងដំណើរល្បាត ការពារ និងទប់ស្កាត់បទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់ របស់ប្រជាសហគមន៍ព្រៃឡង់ ដែលបានដុតកម្ទេចឈើអារខុសច្បាប់ជាង ៣០០ម៉ែត្រត្រីគុណ និងប្រមូលបានភស្តុតាងមួយចំនួនទៀត៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
