សហគមន៍​ព្រៃ​ឡង់​ពី​ខេត្ត​៤​​ធ្វើ​សកម្មភាព​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ឈើ

តំណាង​សហគមន៍​ព្រៃ​ឡង់​ចំនួន ៤​ខេត្ត រួម​មាន​ខេត្ត​ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​កំពង់ធំ បាន​ធ្វើ​ដំណើរ​ផ្សេងៗ​គ្នា ចាប់​ពី​ថ្ងៃ​ទី​៤ វិច្ឆិកា ដើម្បី​ទៅ​ជួបជុំ​គ្នា​ត្រង់​ចំណុច​ដំណាក់​មៀន ក្នុង​ព្រៃឡង់ ក្នុង​គោល​បំណង​ធ្វើ​សកម្មភាព​ទប់ស្កាត់​បទល្មើស និង​ការ​កាប់​បំផ្លាញ​ឈើ​ខុសច្បាប់។

0:00 / 0:00

តំណាង​សហគមន៍​ព្រៃឈើ ដែល​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ធនធាន​ធម្មជាតិ សរុប​មាន​គ្នា​ប្រមាណ​ជាង ៥០០​នាក់ កំពុង​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ឆ្ពោះ​ទៅ​តំបន់​ព្រៃ​ឡង់ ត្រង់​ចំណុច​អូរ​ច្រោក ដែល​តំបន់​នោះ​ពួកគេ​អះអាង​ថា ជា​ទីតាំង​ពោរពេញ​ដោយ​បទ​ល្មើស​កាប់​ឈើ​ដ៏​ច្រើន​បំផុត។

តំណាង​សហគមន៍​ព្រៃឈើ​ខេត្ត​កំពង់ធំ លោក ស៊ឹម សៀន បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ថា តំណាង​សហគមន៍​ការពារ​ព្រៃ​ឡង់ ក្នុង​ខេត្ត​ចំនួន​៤ ដែល​មាន​ខេត្ត​ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​កំពង់ធំ នឹង​ចូល​ទៅ​ដល់​ព្រៃ​ឡង់ រយៈពេល ៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​៧ ដល់​ថ្ងៃ​ទី​១៣ វិច្ឆិកា ក្នុង​បំណង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ។ លោក​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​នេះ តំណាង​សហគមន៍​ព្រៃ​ឈើ​ក្នុង​ខេត្ត​ទាំង ៤​នេះ បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ជា​បណ្ដើរៗ​ហើយ ដើម្បី​ឆ្ពោះ​ទៅ​ជួប​ជុំ​គ្នា​នៅ​ចំណុច​ដំណាក់​មៀន ដែល​មាន​ចម្ងាយ​ប្រមាណ ៥០​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ស្រុក​សណ្ដាន់ ខេត្ត​កំពង់​ធំ។ បន្ទាប់​មក​ពួកគាត់​នឹង​ធ្វើ​សកម្មភាព​ចុះ​ល្បាត​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា។

លោក ស៊ឹម សៀន៖ «អាជ្ញាធរ​គិត​តែ​ដើរ​យក​លុយ ដើរ​កាប់​ឈើ​ហ្នឹង​អនាធិបតេយ្យ​ព្រៃ​ឈើ និង​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​កំពុង​តែ​ធ្វើ​អាជីវកម្ម​នៅ​ហ្នឹង។ ក្រុមហ៊ុន ស៊ីអស៊ីខេ (CRCK) នៅ​តែ​ឈូស នៅ​តែ​ដំណើរការ ហើយ​នៅ​មាន​រោងចក្រ ហេង សារ៉ាវុធ កំពុង​ដំណើរការ​អារ​ដឹក​ឲ្យ​គេ»

នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី មាន​ប្រសាសន៍​ថា លោក​មាន​ទាំង​រូបថត និង​ខ្សែ​អាត់​វីដេអូ និង​មាន​ទាំង​សាក្សី​រាប់​ម៉ឺន​នាក់​ថែម​ទៀត ដែល​បាន​ដឹង​ថា ជន​ប្រព្រឹត្ត​ល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ព្រៃ​ឡង់​មាន​កិច្ច​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន។ លោក​បន្ត​ថា ការ​កាប់​ឆ្ការ​យក​ដី​ព្រៃ​ពី​សំណាក់​ឈ្មួញ ប្រើ​កម្មករ​មក​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន ដូច​ជា​ខេត្ត​តាកែវ ព្រៃវែង និង​ខេត្ត​ស្វាយរៀង ស៊ី​ឈ្នួល​កាប់​ឆ្ការ​ផ្ដួល​រំលំ​ដើម​ឈើ​ធំៗ​ដោយ​ម៉ាស៊ីន​កាត់​ឈើ ឬ​គេ​ហៅ​ថា ម៉ាស៊ីន​ត្រង់ស៊ីន័រ ក្នុង​មួយ​ថ្ងៃៗ​ប្រហែល​ជា ៣​ហិកតារ ទៅ ៥​ហិកតារ។

លោក ឈុត វុទ្ធី៖ «កំពុង​ធ្វើ​ម៉េច​ឲ្យ​គណៈកម្មការ​ព្រៃឡង់​ហ្នឹង ធ្វើការ​ទប់ស្កាត់​ជា​បន្ទាន់​ឆ្នាំ​នេះ ហើយ​បើ​ធ្វើ​មិន​បាន​ទេ រយៈពេល​ខែ​មករា ដល់​ខែ​មិថុនា ព្រៃឡង់​ត្រូវ​ចប់​ហើយ ទៅ​ជា​ចម្ការ​អស់​ហើយ មាន​ន័យ​ថា បទ​បញ្ជា​របស់​សម្ដេច ច្បាប់​ព្រៃ​ឈើ ច្បាប់​អ្វីៗ​ទាំង​អស់​ហ្នឹង គឺ​មិន​បាន​អនុវត្ត​ទេ។ ឈ្លួញ​ធំៗ គេ​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន កាប់​ព្រៃ​ចោល​យក​ដី​ដាំ​ដំឡូង យក​ដី​ដាំ​កៅស៊ូ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​អត់​ការពារ​ទេ​រាល់​ថ្ងៃ មាន​តែ​បំផ្លាញ​ទេ ដល់​ពេល​អ៊ីចឹង​មាន​ទិស​ដៅ​ផ្សេង​គ្នា ទៅ​ជា​មន្ត្រី​រាជការ​វា​ទៅ​ជា​មន្ត្រី​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ ជា​មន្ត្រី​ឈ្មួញ​ទៅ​វិញ ជា​មន្ត្រី​លក់​ទៅ​វិញ ហើយ​ប្រឆាំង​ជាមួយ​អ្នក​ការពារ​ទៅ​វិញ»

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​ថា​យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​បដិសេធ។

អភិបាលរង​ខេត្ត​កំពង់ធំ លោក អុត សំអន បាន​ថ្លែង​ផ្ទុយ​ពី​ការ​អះអាង​របស់​សហគមន៍​ថា បច្ចុប្បន្ន​ពុំ​មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​មាន​ការ​ឃុបឃិត​ពី​សំណាក់​អាជ្ញាធរ​នោះ​ទេ៖ «វា​មិន​មាន​សកម្មភាព​ដូច​គាត់​ថា​ទេ មាន​តែ​ក្រុមហ៊ុន​ព្រៃគុប សម្បទាន​ដែល​បាន​ទទួល​ពី​រាជរដ្ឋាភិបាល ហើយ​មិន​មែន​ទៅ​កាប់​ព្រៃ​អី​នៅ​ក្នុង​តំបន់​ជាប់​សហគមន៍»

អ្នក​សម្របសម្រួល​គម្រោង​វេទិកា​សាធារណៈ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ ដែល​បាន​ឃ្លាំមើល​ការ​ធ្វើ​ដំណើរ​របស់​ក្រុម​សហគមន៍​នេះ បាន​ថ្លែង​ថា អង្គការ​នេះ​បាន​ដាក់​មន្ត្រី​ឃ្លាំមើល​បង្ការ​ខ្លាច​មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស។

ប្រជាពលរដ្ឋ និង​តំណាង​សហគមន៍​ទាំងអស់ មាន​គម្រោង​បង្ហាញ​លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​កាប់​ឈើ​ទៅ​ដល់​អ្នក​តំណាង​រាស្ត្រ អាជ្ញាធរ​មូលដ្ឋាន តំណាង​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៅ​ក្នុង​វេទិកា​សាធារណៈ​ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ទី​រួម​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។ វេទិកា​នេះ​គេ​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១១៕