ពលរដ្ឋ​សហគមន៍​ព្រៃឡង់​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍

ប្រជា​ពលរដ្ឋ​នៃ​សហគមន៍​ព្រៃឡង់ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នឹង​រៀបចំ​វេទិកា​សាធារណៈ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១១ ដើម្បី​បន្ត​ការ​តស៊ូ​មតិ ដោយ​ការ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍ ចំពោះ​សកម្មភាព​កាប់​ទន្ទ្រាន និង​ធ្វើ​ឲ្យ​ហិនហោច​ព្រៃ​ឈើ​ក្នុង​សហគមន៍​របស់​ពួក​គាត់។
ដោយ អ៊ួន ឈិន
2011.05.30

វេទិកា​សាធារណៈ​​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១១ ​នេះ​ នឹង​ត្រូវ​រៀបចំ​នៅ​ភូមិ​ប៉ាលហាល ឃុំ​រីករាយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្រោម​កិច្ច​សហការ​ពី​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ហើយ​ប្រជាពលរដ្ឋ​នៃ​សហគមន៍​ព្រៃឡង់​ ដែល​នឹង​ចូលរួម​ គឺ​ដើម្បី​សម្ដែង​មតិ ​និង​ក្ដី​បារម្ភ​របស់​ពួក​គាត់​ចំពោះ​ការ​បាត់បង់​ព្រៃធម្មជាតិ​នៃ​តំបន់​ព្រៃឡង់។

ប្រជា​ពលរដ្ឋ និង​ជា​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ដែល​កំពុង​រស់នៅ​ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ លោក ប៉ែន ប៉ាក់ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ធ្វើ​ការ​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទេ ។ ទោះ​យ៉ាង​ណា​ក្ដី លោក​អះអាង​ថា ប្រជា​ពលរដ្ឋ​នឹង​មិន​បោះបង់​ការ​តស៊ូ​ឡើយ។

លោក ប៉ែន ប៉ាក់ ៖ «ចង់​និយាយ​ថា មន្ត្រី​មួយ​ចំនួន​តូច ដែល​ពួក​គាត់​កំពុង​តែ​ប្រព្រឹត្ត​ខុស​នោះ ឲ្យ​គាត់​មាន​ការ​ភ័យ​ខ្លាច​ខ្លះៗ យើង​មិន​អាច​បញ្ចប់​ការ​ទាមទារ​នេះ​ទាំងស្រុង​ទេ លុះ​ត្រា​តែ​យើង​ធ្វើ​បន្តិច​ម្ដងៗ រហូត​ដល់​មតិ​ជាតិ​អន្តរជាតិ​គាត់​ទទួល​ដឹង​ឮ​ទៅ អាច​សាមគ្គី​គ្នា​ទៅ យើង​អាច​បញ្ឈប់​បាន​ក៏​ថា​បាន​ដែរ។ បើ​សិន​យើង​អត់​ធ្វើ​សកម្មភាព​អី​សោះ អា​ហ្នឹង​ហាក់​បី​ដូច​ជា​យើង​ឯកភាព​ជា​មួយ​ពួក​គាត់​ហើយ និង​ឲ្យ​ពួក​គាត់​បំផ្លាញ​ជាតិ​ហើយ»។

មន្ត្រី​សម្របសម្រួល​វេទិកា​សាធារណៈ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក ឈឹម សាវុធ ថ្លែង​ថា គោល​បំណង​នៃ​ការ​រៀបចំ​វេទិកា គឺ​ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ តំណាងរាស្ត្រ និង​មន្ត្រី​ដែល​ពាក់ព័ន្ធ អាច​ជួប​ជជែក​គ្នា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

លោក ឈឹម សាវុធ ថ្លែង​បន្ត​ថា ៖ «ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ហ្នឹង​ក្នុង​ទូទាំង​ស្រុក​រវៀង និង​ខេត្ត​ផ្សេងៗ ដែល​នៅ​ជុំ​វិញ​តំបន់​ព្រៃឡង់ ក៏​ដូច​ជា​នៅ​តំបន់​រុករក​រ៉ែ ហើយ​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​ការ​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ចំនួន​ជិត​១​ម៉ឺន​ហិកតារ​នៅ​តំបន់​ជម្រក​សត្វ​បឹងពែរ​ហ្នឹង ឲ្យ​គាត់​បាន​មក​ជួបជុំ​ជាមួយ​តំណាងរាស្ត្រ​ផ្ទាល់ ហើយ​នឹង​គាត់​ប្រាប់​ពី​គោលបំណង​គាត់ និង​ពី​ទុក្ខ​កង្វល់​របស់​គាត់​ផ្ទាល់ ដើម្បី​ឲ្យ​គាត់​នាំ​ព័ត៌មាន​ហ្នឹង​ទៅ​ថ្នាក់​ដឹកនាំ​កំពូល ក៏​ដូច​ជា​ទៅ​តំណាង​ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា​អី»។

នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វទ្ធី អះអាង​ថា មាន​ចំណុច​ដែល​គ្មាន​តម្លាភាព​ជា​ច្រើន​ក្នុង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នៅ​តំបន់​ព្រៃឡង់ ៖ «យើង​បាន​មើល​ឃើញ​ពី​ភាព​អយុត្តិធម៌​នៃ​ការ​សម្រេច​របស់​មន្ត្រី។ ឧទាហរណ៍ ដូច​ជា ច្បាប់​ឈូស​ឆាយ ដូច​ជា​ច្បាប់ ដែល​សម្រេច​ថា​ឲ្យ​ទៅ​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​នោះ​មិន​បាន​បំភ្លឺ មិន​បាន​បង្ហាញ​ជូន​ដល់​ប្រជាជន​នុះ​ណា៎ ។ ប្រជាជន​គាត់​ខំ​តស៊ូ ដើម្បី​រក​តម្លាភាព​នៅ​ក្នុង​ទីតាំង​របស់​គាត់ ហើយ​រដ្ឋាភិបាល​ក៏​នៅ​តែ​ជំរុញ​បន្ត​ការ​ឈូស​ឆាយ ហើយ​មិនទាន់​មាន​ឯកសារ​ណា​បំភ្លឺ​ជូន​ដល់​គាត់​នៅ​ឡើយ» ។

អភិបាល​រង​ខេត្ត​ព្រះវិហារ លោកស្រី ខូយ ប៊ុនថាន ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​វេទិកា​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា មាន​ប្រសាសន៍​ថា លោកស្រី​មាន​សេចក្ដី​រីករាយ ហើយ​លោកស្រី​នឹង​មាន​មតិ​យោបល់​ខ្លះ​ៗ នៅ​ក្នុង​វេទិកា​នោះ ។

រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​បាន​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​ជា​ចម្ការ​កៅស៊ូ​នៅ​តំបន់​ព្រៃឡង់។ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចំនួន​បួន គឺ​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ ដែល​រង​ការ​ប៉ះពាល់​ដោយ​គម្រោង​នេះ បាន​តស៊ូ​ទាមទារ​ឲ្យ​មាន​ការ​ការពារ​ព្រៃឡង់​ចំនួន​បួន​លើក​ហើយ ដោយ​លើក​ទី​មួយ ពួក​គាត់​ធ្វើ​ការ​ហែ​ក្បួន​តវ៉ា​នៅ​ក្នុង​ព្រៃឡង់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១ លើក​ទី​២ ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១១ លើក​ទី​៣ គឺ​ការ​ចូលរួម​វេទិកា​សាធារណៈ​នៅ​ឯ​ស្រុក​សណ្ដាន់ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១១ ហើយ​លើក​ទី​៤​គឺ​ពួក​គាត់​បាន​ជួបជុំ​តវ៉ា​នៅ​ទីលាន​សេរីភាព​នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០១១៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។