ជលផល​នៅ​ឃុំ​ព្រះស្ដេច​រង​ការ​ចោទ​ថា​ចាប់​គោ​យន្ត​កសិករ​ជំរិត​យក​ប្រាក់

កសិករ​ជាង​៤០០​គ្រួសារ​នៅ​ក្នុង​ឃុំ​ព្រះស្តេច ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​រង​ការ​រឹប​អូស​យក​គោ​យន្ត​ជា​ច្រើន​គ្រឿង​ដើម្បី​ជំរិត​ទារ​ប្រាក់​ជា​ច្រើន​លាន​រៀល នៅ​ពេល​ដែល​គ្រួសារ​ទាំង​នោះ​បាន​ភ្ជួរ​រាស់​នៅ​លើ​ដី​កសិកម្ម​ដែល​ធ្លាប់​បាន​ធ្វើ​តាំង​ពី​ឆ្នាំ​១៩៨៦​មក។
ដោយ សុខ សេរី
2009.12.27

ពលរដ្ឋ​ឈ្មោះ កែន សែម នៅ​ក្នុង​ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បាន​ថែ្លង​ថា អាជ្ញាធរ​ជលផល​នៃ​ខេត្ត​ព្រៃវែង​បាន​ចាប់​រឹប​អូស​គោ​យន្ត​របស់​ប្រជាពលរដ្ឋ​ចំនួន ២​គ្រឿង ដោយ​រាប់​ទាំង​គោ​យន្ត​មួយ​គ្រឿង​របស់​លោក​ផង​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ជំរិត​ទារ​ប្រាក់​ដោយ​បាន​ចោទ​ប្រកាន់​ថា លោក​បាន​ភ្ជួរ​រាស់​លើ​ដី​ធ្លី​របស់​អាជ្ញាធរ​ជលផល។

លោក កែន សែម បាន​ឲ្យ​ដឹង​ថា ៖ «គេ​ថា គោ​យន្ត​របស់​ខ្ញុំ​រាស់​នៅ​លើ​ដី​ឡូត៍​របស់​គេ ហើយ​គេ​ឃាត់​គោ​យន្ត​ខ្ញុំ​ទៅ។ គេ​ឲ្យ​ខ្ញុំ​បង់​ចំនួន​គោ​យន្ត​មួយ ១​លាន​(រៀល) ហើយ​គោ​យន្ត​ពីរ ២​លាន។ ខ្ញុំ​អត់​ទាន់​បង់​ផង ព្រោះ​ឥឡូវ​បង់​លុយ​ក៏​គេ​លែង​យក​ដែរ មិន​ដឹង​គេ​ចង់​យ៉ាង​ម៉េច​ទេ! ជលផល​ដើរ​ឃាត់​ប្រជាពលរដ្ឋ​យើង​ច្រើន​ណាស់ ហើយ​ទី​កន្លែង​ហ្នឹង​មិន​មែន​ខ្ញុំ​ទើប​តែ​ធ្វើ​ឥឡូវ​ទេ ម៉ែ​ឪ​ខ្ញុំ ដូន​តា​ខ្ញុំ ក៏​គាត់​ធ្វើ បង្ក​បង្កើន​ផល​នៅ​ទី​កន្លែង​នេះ​ដែរ អាស្រ័យ​ជីវិត​បាន​ដោយសារ​ធ្វើ​ស្រែ​នៅ​ម្ដុំ​ហ្នឹង​ដែរ»

លោក នង សារិន ជា​ប្រធាន​សម្ព័ន្ធ​សារព័ត៌មាន​កម្ពុជា សាខា​ខេត្ត​ព្រៃវែង  ដែល​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​គ្រួសារ​ប្រជាពលរដ្ឋ​រង​គ្រោះ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​កំពុង​តែ​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​មិន​អាច​ភ្ជួរ​រាស់​នៅ​លើ​ដី​ធ្លី​កសិកម្ម​នោះ​បាន។

លោក នង សារិន បាន​បញ្ជាក់​ថា ៖ «ប្រជាពលរដ្ឋ​គាត់​ធ្វើ​ស្រែ ធ្វើ​ស្រែ​តាំង​ពី​ឆ្នាំ​១៩៨៦​មក ក្នុង​ដី​ឡូត៍​លេខ​២០​ហ្នឹង ហើយ​ប្រជាពលរដ្ឋ​មាន​ចំនួន ៤២៦​គ្រួសារ​ហ្នឹង​ជានិច្ចកាល​គាត់​តែងតែ​ប្រកប​របរ​កសិកម្ម ធ្វើ​ស្រែ​ក្នុង​ដី​ឡូត៍​ហ្នឹង ប៉ុន្តែ​ត្រូវ​ទទួល​ការ​គាប​សង្កត់​ពី​ម្ចាស់​ឡូត៍ មិន​ឲ្យ​បូម​ទឹក មិន​ឲ្យ​បូម​បាច។ ម្ចាស់​ឡូត៍​ហ្នឹង​គាត់​ឃុបឃិត​ជាមួយ​មន្ត្រី​ជលផល​ចាប់​ប្រជាពលរដ្ឋ​បង់​លុយ ចាប់​ពី ១​លាន ទៅ ២​លាន​រៀល​ឡើង​ទៅ!»

ប្រតិកម្ម​ទៅ​នឹង​ការ​រិះគន់​ខាង​លើ​នេះ ប្រធាន​ជលផល​ខេត្ត​ព្រៃវែង លោក ប៊ុន ស៊ីណា បាន​មាន​ប្រសាសន៍​បំភ្លឺ​ថា ដី​ធ្លី​ចំនួន ៦០០​ហិកតា​ជា​ដែន​ការពារ​ព្រៃ​លិច​ទឹក​តែងតែ​រង​ការទន្រ្ទាន​ដោយ​គ្រួសារ​កសិករ​ទាំង​នោះ។

លោក ប៊ុន ស៊ីណា បាន​អះអាង​ថា ៖ «ដី​នេះ​វា​ស្ថិត​នៅ​ក្នុង​ដី​រង្វង់​ព្រៃ​លិច​ទឹក ដែល​មាន ៦០០​ហិកតា ហើយ​ដល់​ក្រោយ​មក​គេ​កាប់​រម្លើង​ព្រៃ​លិច​ទឹក​អស់​ទៅ យើង​ការពារ ២០០​ហិកតា​ហ្នឹង​បាន​ប៉ុន្មាន​ឆ្នាំ​ហើយ។ ក្រោយ​មក​ប្រជាពលរដ្ឋ​គាត់​ចេះតែ​ទៅ​ទន្ទ្រាន​យក​ដី​ហ្នឹង បបួល​គ្នា​ទៅ​លើក​ជា​ប្រព័ន្ធ​ច្បាម​យក​ដី​ហ្នឹង ហើយ​ជលផល​បាន​ការពារ​តាំង​ពី​ឆ្នាំ​២០០៤​-​២០០៥។ ដល់​ពេល​មក​ឆ្នាំ​២០០៨​-​២០០៩​នេះ គាត់​សម្រុក​ចូល​ធ្វើ​ដី​ក្នុង ២០០​ហិកតា​ដែល​វារី​រុក្ខជាតិ​និង​មាន​ព្រៃ​លិច​ទឹក​តូចៗ​ដុះ»

មន្រ្តី​ជលផល​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ាស៊ីន​គោ​យន្ត​ចំនួន ២​គ្រឿង​នោះ លោក​កំពុង​តែ​រក្សា​ទុក​នៅ​កន្លែង ​បស់​លោក រង់ចាំ​ការ​ដោះស្រាយ​ពី​ថ្នាក់​លើ​ទៀត និង​អាច​មាន​ការ​ដោះស្រាយ​សំណុំរឿង​នេះ​នៅ​តុលាការ​តាម​មាត្រា​ទី​១០១ នៃ​ច្បាប់​ស្តីពី​ជលផល។

ប្រជាពលរដ្ឋ​បាន​អះអាង​ថា គ្រួសារ​កសិករ​ចំនួន ៤២៦​គ្រួសារ​នៅ​ក្នុង​ភូមិ​ទួលជ័យ ភូមិ​ទួល​កណ្តាល និង​ភូមិ​ថ្មី នៅ​ក្នុង​ឃុំ​ព្រះស្តេច ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង​នោះ បាន​ធ្វើ​កសិកម្ម​នៅ​ទី​នោះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៦​មក​ម៉្លេះ ប៉ុន្តែ​មាន​ភាព​តានតឹង​នៅ​ឆ្នាំ​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។