ពលរដ្ឋ​ខេត្ត​ព្រៃវែង​មិន​អាច​នាំ​ស្រូវ​ទៅ​លក់​នៅ​វៀតណាម

ប្រជា​កសិករ​ខេត្ត​ព្រៃវែង បាន​ចោទ​អាជ្ញាធរ​កម្ពុជា-វៀតណាម ប្រចាំ​ច្រក​ព្រំដែន​ឃុំ​កោះរកា ថា​បាន​ហាម​មិន​ឲ្យ​ពួក​គាត់​ដឹក​ស្រូវ​ទៅ​លក់​ក្នុង​ទឹកដី​វៀតណាម ទៀត​ទេ។ សកម្មភាព​នេះ បាន​នាំ​ឲ្យ​ផល​ស្រូវ​របស់​ប្រជាពលរដ្ឋ​បាន​កក​ស្ទះ​រាប់​សិប​តោន នៅ​ច្រក​ព្រំដែន​កោះរកា។

0:00 / 0:00

បញ្ហា​នេះ កសិករ​បាន​សំណូម​ពរ​ឲ្យ​សមត្ថកិច្ច​ក្រសួង​ពាក់ព័ន្ធ ពិសេស​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល ជួយ​មាន​វិធានការ​ដោះស្រាយ។

ប្រជា​កសិករ​ខេត្ត​ព្រៃវែង បាន​អះអាង​ថា ការ​នាំ​ទិន្នផល​ស្រូវ​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម តាម​ច្រក​កោះរកា ត្រូវ​រាំង​ស្ទះ​ដោយ​សារ​អាជ្ញាធរ​កម្ពុជា-វៀតណាម បិទ​មិន​ឲ្យ​រថយន្ត​ដឹក​ស្រូវ​បើក​ឆ្លង​កាត់​ព្រំដែន​នោះ​ទេ។

លោក ជន វីរៈ ដែល​អះអាង​ថា​ជា​តំណាង​ឲ្យ​កសិករ​ឃុំ​កោះរកា ស្រុក​ពាមជរ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ថា សព្វ​ថ្ងៃ​នេះ​ពលរដ្ឋ​ខេត្ត​ព្រៃវែង មិន​អាច​នាំ​ស្រូវ​ទៅ​លក់​ក្នុង​ទឹក​ដី​វៀតណាម តាម​ច្រក​ព្រំដែន​កោះរកា បាន​ទេ ព្រោះ​ត្រូវ​អាជ្ញាធរ​ហាម​ឃាត់។ លោក​ថា បច្ចុប្បន្ន​នេះ​ស្រូវ​កសិករ​ខ្មែរ​ដែល​ត្រូវ​នាំ​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​វៀតណាម ត្រូវ​កក​ស្ទះ​នៅ​ច្រក​ព្រំដែន​កោះរកា រាប់​ពាន់​តោន។

លោក​ថា បញ្ហា​នេះ​ទាម​ទារ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួង ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ឲ្យ​ពលរដ្ឋ​អាច​ដឹក​ស្រូវ​ចេញ​ចូល​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ឲ្យ​បាន​ដូច​ឆ្នាំ​កន្លង​ទៅ៖ «អត់​មាន​ដំណោះស្រាយ គឺ​គេ​អត់​ឲ្យ​យើង​ចេញ​ទេ សូម្បី​១ទេយ្យ​ស្រូវ ក៏​គេ​អត់​ឲ្យ​យើង​ចេញ​ដែរ ទាំង​ឡាន​ទាំង​ស្រូវ។ សូម​មេត្តា​ជួយ​ដោះស្រាយ​បញ្ញា​ទុក្ខ​កង្វល់​ប្រជាពលរដ្ឋ​នៅ​ជាយ​ដែន​ផង។ ហើយ​ម្យ៉ាង សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា សូម​មេត្តា​ជំរុញ​ស្រូវ​ចេញ​ទីផ្សារ​ក្រៅ​ប្រទេស​ដោយ​ខ្លួន​យើង កុំ​ឲ្យ​គេ​ជំរុញ​ចេញ​នាំ​ឲ្យ​ស្រូវ​មិន​មាន​តម្លៃ​ទេ ស្រូវ​កម្ពុជា»

កសិករ​ឲ្យ​ដឹង​ថា ការ​ដែល​អាជ្ញាធរ​កម្ពុជា និង​វៀតណាម ហាម​មិន​ឲ្យ​រថយន្ត​ដឹក​ស្រូវ​កសិករ​ខ្មែរ និង​រថយន្ត​ឈ្មួញ​វៀតណាម ចេញ​ចូល​តាម​ច្រក​នេះ ជា​ហេតុ​នាំ​ឲ្យ​កសិករ​ខ្មែរ គ្មាន​ទីផ្សារ​លក់​ស្រូវ និង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក។

លោក ជួន សារិទ្ធិ ក៏​ជា​កសិករ​ម្នាក់​ទៀត​នៅ​ឃុំ​កោះរកា ស្រុក​ពាមជរ បាន​ឲ្យ​ដឹង​ថា ស្រូវ​កសិករ​ខ្មែរ​ដែល​ដឹក​តាម​រថយន្ត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ព្រំដែន​កោះរកា ត្រូវ​រាំង​ស្ទះ។ លោក​ស្នើ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ជួយ​សម្រប​សម្រួល​បញ្ហា​នេះ៖ «គេ​អត់​ឲ្យ​ចុះ​ទេ គឺ​នៅ​គរ​ចោល​ពេញ​ដី នៅ​ស្ទះ​ពេញ​វាល​ទាំង​អស់​ប្រហែល​ពី ៣០ ទៅ ៤០​តោន នៅ​កក​ស្ទះ​ពេញ​ហ្នឹង​ទាំង​អស់»

ជំទប់​ទី២ ឃុំ​កោះរកា ស្រុក​ពាមជរ ខេត្ត​ព្រៃវែង បាន​ទទួល​ស្គាល់​ថា កសិករ​មូលដ្ឋាន​នេះ ពិត​ជា​មិន​អាច​នាំ​ផល​ស្រូវ​របស់​ខ្លួន​ទៅ​លក់​នៅ​ទីផ្សារ​វៀតណាម បាន​ដូច​ឆ្នាំ​មុន​ពិត​មែន។ លោក​ថា បញ្ហា​នេះ​វា​ហួស​ពី​សមត្ថកិច្ច​ឃុំ​កោះរកា ត្រូវ​ដោះស្រាយ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​ក្រសួង​មាន​សមត្ថកិច្ច​ជួយ​រក​ដំណោះស្រាយ។

លោក ចន្ទ ដេត អភិបាល​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង បាន​បដិសេធ​ថា មិន​ទាន់​ទទួល​ព័ត៌មាន​ជុំវិញ​ការ​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​នាំ​ស្រូវ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ព្រំដែន​កោះរកា នេះ​ទេ។ ប៉ុន្តែ​លោក​ថា បើ​សិន​ជា​ទិន្នផល​ស្រូវ​ត្រូវ​ដឹក​តាម​រថយន្ត​ទៅ​លក់​ក្នុង​ប្រទេស​វៀតណាម គឺ​ទាម​ទារ​ឲ្យ​បំពេញ​លិខិត​ស្នាម​ឲ្យ​បាន​ត្រឹមត្រូវ មិន​មែន​យក​រថយន្ត​ចេញ ឬ​ចូល​ដោយ​គ្មាន​លិខិត​ស្នាម​នោះ​ទេ។

លោក ចន្ទ ដេត៖ «គេ​ច្រើន​ដឹក​ចេញ​តាម​រទេះ​ក្របី រីឯ​ការ​ដឹក​ស្រូវ​តាម​រថយន្ត ខាង​វៀតណាម ទាល់​តែ​យើង​បំពេញ​បែប​បទ​ច្បាស់​លាស់ បាន​គេ​ឲ្យ​រថយន្ត​យើង​ដឹក​ចូល​យក​ទៅ។ គេ​មិន​ហាម​ដឹក​ស្រូវ​ទៅ​លក់​នៅ​ស្រុក​គេ​ទេ ប៉ុន្តែ​ការ​បំពេញ​បែប​បទ​រថយន្ត​របស់​យើង ត្រូវ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ។ គេ​មិន​ដែល​ឲ្យ​រថយន្ត​យើង​ដឹក​ស្រូវ​ឆ្លង​កាត់​ចូល​ទៅ​ប្រទេស​គេ​ទេ វា​អត់​មាន»

ទាក់​ទិន​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចុង​ក្រោយ​ជូន​ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ​២០១៣ បាន​ធានា​ថា ក្នុង​អាណត្តិ​លោក​ជា​នាយករដ្ឋមន្ត្រី ហើយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ដឹកនាំ​ប្រទេស គឺ​រាជ​រដ្ឋាភិបាល​នឹង​ជួយ​រក​ទីផ្សារ​ជូន​កសិករ និង​មិន​យក​ពន្ធ​ដី​កសិកម្ម​នោះ​ទេ។

លោក ហ៊ុន សែន៖ «មិន​ត្រឹម​តែ​មិន​យក​ពន្ធ​ទេ ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ឲ្យ​វិស័យ​កសិកម្ម ការ​ស្វែង​រក​ទីផ្សារ​ជូន​ប្រជាជន។ ខិត​ខំ​រក​ក្របខ័ណ្ឌ​មីក្រូហិរញ្ញវត្ថុ ជួយ​គាំទ្រ​ដល់​វិស័យ ដល់​កសិករ របស់​យើង នៅ​តែ​បន្ត​ធ្វើ។ ពិត​មែន​ហើយ ឆ្នាំ​ខ្លះ​វា​មាន ដូច​ជា​ឆ្នាំ​នេះ​ជាដើម ប្រទេស​យើង​ក៏​សល់ ប្រទេស​គេ​ក៏​សល់ បើ​យើង​ផលិត​ដូច​គ្នា។ វៀតណាម ក៏​សល់​ស្រូវ​ច្រើន ថៃ ក៏​សល់​ស្រូវ​ច្រើន ឥណ្ឌា ក៏​សល់​ច្រើន ប៉ាគីស្ថាន ក៏​សល់​ស្រូវ​ច្រើន។ តើ​នរណា​គេ​មក​នាំ​ពី​ស្រុក​យើង​ទៅ? ហើយ​សុទ្ធ​តែ​ប្រកួត​ប្រជែង​នាំ​ចេញ​នូវ​ផលិត​ផល​ដូច​គ្នា អ៊ីចឹង​វា​ធ្លាក់​ថ្លៃ​បន្តិច»

យ៉ាង​ណា​ក៏ដោយ ប្រជា​កសិករ​ខេត្ត​ព្រៃវែង បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ក្រសួង​ជំនាញ ឬ​ប្រមុខ​រាជ​រដ្ឋាភិបាល ជួយ​មាន​វិធានការ​ជា​បន្ទាន់​ទៅ​សមត្ថកិច្ច​ប្រចាំ​ការ​នៅ​ច្រក​ព្រំដែន​ឃុំ​កោះរកា ស្រុក​ពាមជរ ឲ្យ​ជួយ​សម្រប​សម្រួល​ឲ្យ​ពលរដ្ឋ​បាន​នាំ​យក​ទិន្នផល​ស្រូវ​ទៅ​លក់​នៅ​វៀតណាម ដូច​បណ្ដា​ឆ្នាំ​មុនៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។