អ្នក​ភូមិ​នៅ​ព្រៃវែង​បារម្ភ​ខ្លាច​ជំងឺ​អាសន្នរោគ​រាតត្បាត

ប្រជាជន​និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង កំពុង​ព្រួយ​បារម្ភ​ខ្លាំង​ខ្លាច​ក្រែង​​ជំងឺ​អាសន្ន​រោគ​ផ្ទុះ​ឡើង ហើយ​រាត​ត្បាត​ក្នុង​ភូមិ​ឃុំ​របស់​ខ្លួន ខណៈ​ដែល​អ្នក​ស្រុក​​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​យ៉ាង​ធ្ងន់ធ្ងរ ហើយ​កំពុង​បញ្ជូន​មក​កាន់មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ជា​បន្ត​បន្ទាប់។

ជាក់​ស្តែង​ដូច​ជា​អ្នក​ជំងឺ​ឈ្មោះ ស្វាយ រុន អាយុ​៥២​ឆ្នាំ នៅ​ភូមិ​តាអ៊ួក ឃុំ​រក្សជ័យ ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត ក្រុង​ភ្នំពេញ​ទាំង​កណ្តាល​អធ្រាត្រ ដោយសារ​តែ​លោក​កើត​ជំងឺ​រាករូស​យ៉ាង​ធ្ងន់ធ្ងរ។

កូនស្រី​លោក ស្វាយ រុន ឈ្មោះ ស៊្រុន សំអូន ដែល​កំពុង​កំដរ​ឪពុក​ឈឺ​ក្នុង​​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​បញ្ជាក់​ថា គ្រូពេទ្យ​បាន​ប្រាប់​ថា ឪពុក​របស់​ខ្លួន​កើត​ជំងឺ​អាសន្ន​រោគ។

ស្រ៊ុន សំអូន បាន​រៀបរាប់​អំពី​ស្ថានភាព​ជំងឺ​របស់​ឪពុក​ដូច្នេះ ៖ «រាក​ហូរ​ដូច​ទឹក​ទៅ ដាក់​សេរ៉ូម​ប៉ុន្មាន​ហូរ​មក​ប៉ុណ្ណឹង​វិញ​ដដែល។ ធ្វើ​ទុក្ខ​ឡើង​ស្វិត ខ្សោះ​ជាតិ​ទឹក​ពី​ខ្លួន​តែម្ដង។ អ្នក​ភូមិ​នៅ​ជិតៗ​ខ្ញុំ​ឈឺ​គ្រប់​តែ​គ្នា រាក​ដូច​គ្នា រាក​ខ្លាំង»

មេ​ឃុំ​រក្សជ័យ លោក ហុង សុផល មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ដឹង​ថា ជំងឺ​នេះ​ជា​ជំងឺ​អ្វី​ពិត​ប្រាកដ​នៅ​ឡើយ​ទេ គ្រូពេទ្យ​និង​ប្រធាន​ភូមិ​នៅ​តាម​ភូមិ​នីមួយៗ​កំពុង​តាម​ដាន​ជំងឺ​នេះ ប៉ុន្តែ​នៅ​ពេល​នេះ​គេ​គ្រាន់​តែ​សង្ស័យ​ថា អាច​ជា​ជំងឺ​អាសន្ន​រោគ។

លោក​បន្តថា អ្នក​ស្រុក​បាន​ធ្លាក់​ខ្លួន​ឈឺ​ភ្លាមៗ​ពី​ម្នាក់​ទៅ​ម្នាក់​ និង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​យ៉ាង​ឆាប់​រហ័ស ចាប់​តាំង​ពី​យប់​ថ្ងៃ​ទី​១ កុម្ភៈ មក​ទល់​ថ្ងៃ​ទី​៣ កុម្ភៈ ហើយ​អ្នក​ជំងឺ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​យប់​ថ្ងៃ​ច័ន្ទ ទី​១ កុម្ភៈ មក​ម្ល៉េះ។

មេ​ឃុំ​រក្សជ័យ លោក ហុង សុផល បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «តាំង​ពី​យប់​ថ្ងៃ​ទី​១ កុម្ភៈ មក​រហូត​ដល់​ថ្ងៃ​ហ្នឹង​(៣ កុម្ភៈ) អស់​បី​បួន​ប្រាំ​នាក់​ហើយ។ ប្រធាន​ភូមិ​ខ្ញុំ ម្សិល​មិញ​អង្គុយៗ​នៅ​ក្នុង​សាលា​ឃុំ​ហ្នឹង ស្រាប់​តែ​ថា ចុក​ពោះ ទៅ​ជា​រាក យប់​មិញ​ដាក់​សេរ៉ូម​អស់​បួន​ប្រាំ​ប្លោក។ ៤​នាក់ ២​នាក់​ពី​ម្សិល​បាន​បញ្ជូន​ទៅ​ដល់​ពេទ្យ​កាល់ម៉ែត​ហើយ នៅ​ម៉ោង​១២​យប់ យប់​មិញ​មួយ​ទៀត បញ្ជូន​ទៅ​អស់​ហើយ ហើយ​នៅ​២​ទៀត មួយ​គ្រាន់​បើ​ហើយ អស់​សេរ៉ូម​២០​ប្លោក»

លោក​មេ​ឃុំ​បាន​ចាត់​ឲ្យ​ពេទ្យ​និង​មេ​ភូមិ​គ្រប់​ភូមិ​ឲ្យ​ប្រចាំការ​តាម​ដាន​ជំងឺ​នេះ​យ៉ាង​ដិត​ដល់​ដើម្បី​ចាត់​វិធានការ​សង្គ្រោះ​បន្ទាន់ ៖ «តាម​ដាន​ខ្លាច​វា​រីក​រាល​ដាល​អី ឲ្យ​ពេទ្យ​ចុះ​អង្កេត​មើល ក្រៅ​ពី​ហ្នឹង​ប្រាប់​មេ​ភូមិ​ថា បើ​មាន​ការ​អី​ឲ្យ​រាយការណ៍​ជា​បន្ទាន់​មក។ គ្រាន់​តែ​ឲ្យ​ដឹង យើង​នឹង​រាយការណ៍​ទៅ​ពេទ្យ​បង្អែក​ដើម្បី​ចុះ​រក​វិធី​សង្រ្គោះ​បន្ទាន់»

ទន្ទឹម​ពេល​នេះ​ដែរ មាន​សេចក្តី​រាយ​ការណ៍​ថា អ្នក​ស្រុក​ខេត្ត​កណ្តាល​និង​ខេត្ត​តាកែវ ខ្លះ​ក៏​បាន​កើត​ជំងឺ​អាសន្ន​រោគ​នេះ​ដែរ ហើយ​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម។

លោក លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំង​អស់​រក្សា​អនាម័យ​ដើម្បី​បង្ការ​ជំងឺ​អាសន្ន​រោគ។

លោក លី សូវ៉ាន់ មាន​ប្រសាសន៍​ដូច្នេះ ៖ «ដើម្បី​អប់រំ​ដល់​ប្រជាពលរដ្ឋ ទី​១ ដោយសារ​មាន​ជំងឺ​រាករូស​ច្រើន សូម​ឲ្យ​គាត់​ផ្អាក​ការ​ហូប​អាហារ​ឆៅ ទាំង​បន្លែ​សាច់​អី​ហ្នឹង​សូម​ឲ្យ​ឆ្អិន។ ទី​២​ទឹក​យើង​ត្រូវ​ដាំ​ឲ្យ​ពុះ​ដើម្បី​កុំ​ឲ្យ​មាន​ជំងឺ​រាករូស បើ​សិន​ជា​រាករូស សូម​មេត្តា​ប្រើ​ម្សៅ​អូរ៉ាលីត​ដែល​មាន​នៅ​ក្នុង​មូលដ្ឋាន​ហ្នឹង ឬ​មួយ​នៅ​មណ្ឌល​សុខភាព​ធ្វើ​ការ​ព្យាបាល។ បើ​សិន​ជា​សុខភាព​ហ្នឹង​មិន​បាន​ធូរ​ស្បើយ​ទេ សូម​អញ្ជើញ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​ជា​បន្ទាន់​ដើម្បី​ធ្វើការ​ព្យាបាល»