ប៉ុន្តែ ស្របពេលគ្នានោះ ពលរដ្ឋមួយចំនួនដែលមានស្រុកកំណើតនៅតាមបណ្ដាខេត្ត បែរជាបន្តនៅភ្នំពេញដដែល។ ពលរដ្ឋទាំងនោះ ប្រាប់ថា ពួកគាត់មានការនឹកស្រុកកំណើតរបស់ខ្លួនដែរ តែមិនអាចត្រឡប់ទៅស្រុកកំណើតបានដោយសារជីវភាព។
កម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រី (CINTRI) អ្នកស្រី សៀវ ឡី មានប្រសាសន៍ថា គាត់តែងតែត្រឡប់ទៅស្រុកកំណើតនៅខេត្តព្រៃវែង ជារៀងរាល់ឆ្នាំមិនដែលខាននោះទេនៅក្នុងរដូវភ្ជុំ ប៉ុន្តែ ភ្ជុំឆ្នាំនេះ អ្នកស្រីមិនត្រឡប់ទៅស្រុកវិញឡើយ ព្រោះអត់លុយធ្វើសោហ៊ុយ។ អ្នកស្រីបន្តថា អ្នកស្រីសុខចិត្តធ្វើការងារទាំងទឹកភ្នែកនឹកស្រុក នឹកញាតិមិត្តដែលធ្លាប់ជួបជុំគ្នា ជាថ្នូរនឹងប្រាក់កម្រៃថែមម៉ោងចំនួន ១៥.០០០រៀលក្នុងមួយថ្ងៃ៖ «ឆ្នាំនេះនៅធ្វើការ ព្រោះអត់លុយ ឆ្នាំនេះឡានឡើងថ្លៃពេក ធ្លាប់ជិះ ១៥.០០០ ឡើង ៣៥.០០០។ សុំស្នើឲ្យសម្ដេចជួយអ្នករោងចក្រអីអត់លុយ ឲ្យម៉ែឪផ្ញើលុយឲ្យជិះឡានទៅវិញ ប្រជាជនពិបាកហ្មង ឡានឡើងថ្លៃរាល់បុណ្យទានអ៊ីចឹង»។
អ្នកស្រី សៀវ ឡី បន្តថា អ្នកស្រីពិតជានឹកផ្ទះ និងមានបំណងចង់ត្រឡប់ទៅស្រុកនៅរដូវបុណ្យភ្ជុំណាស់។
នៅតាមបណ្តោយមហាវិថីនានា ដែលរាល់ថ្ងៃតែងតែស្ទះចរាចរណ៍នោះ មានសភាពស្ងាត់ជ្រងំ យូរៗម្តងមានយានយន្តបរកាត់មួយៗ។ ហាងទំនិញ ក្រុមហ៊ុនឯកជន និងតូបលក់ដូរជាច្រើនកន្លែង បិទទ្វារមិនដំណើរការអាជីវកម្ម ជាសញ្ញាបង្ហាញថា ពួកគេសម្រាកដើម្បីប្រារព្ធបុណ្យភ្ជុំបិណ្ឌ។
អង្គុយនៅលើកៅអីសាធារណៈ នៅវត្តភ្នំ ស្លៀកខោជើងខ្លីលើជង្គង់ និងពាក់អាវវៀលកផងនោះ ស្ត្រីម្នាក់វ័យ ២៣ឆ្នាំប្រាប់ថា នាងឈ្មោះ សុភី ប្រាប់ថា នាងតែងតែត្រឡប់ទៅស្រុកកំណើតនៅខេត្តស្វាយរៀង ជារៀងរាល់ឆ្នាំមិនដែលខកខានទេ ប៉ុន្តែឆ្នាំនេះ នាងមិនបានទៅលេងស្រុកនោះឡើយ ដោយសាររកលុយមិនបាន ព្រោះនាងទើបតែជាពីជំងឺ ណាមួយសោហ៊ុយទៅមក ថ្លៃខ្ពស់ពេក។
សាលារាជធានីភ្នំពេញ បានអំពាវនាវឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ត ដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើររក្សាតម្លៃឈ្នួលដឹកជញ្ជូនអ្នកដំណើរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ លិខិតជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែកញ្ញា បានបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការផ្ទុកលើសចំណុះ ក្រុមហ៊ុន និងម្ចាស់រថយន្ត មិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃឈ្នួលធ្វើដំណើរឡើយ ក្នុងឱកាសប្រារព្ធបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
សាលារាជធានីភ្នំពេញ ក៏បានស្នើសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការអនុវត្តសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរទៅលេងស្រុកកំណើត មានសុវត្ថិភាព និងមិនបង្កឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
ប៉ុន្តែ សង្គមស៊ីវិលសង្កេតឃើញថា សេចក្តីជូនដំណឹងនោះមិនបានការនោះទេ ដោយសារតែម្ចាស់យានយន្តដឹកអ្នកដំណើរទាំងនោះ ដំឡើងថ្លៃឈ្នួលចាប់ពី ៥០% ទៅ ១០០%។
អ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងតែបើកដៃឲ្យម្ចាស់រថយន្តឯកជនប្រកបរបររកស៊ីដោយមិនមានក្រមសីលធម៌។ លោកបន្តថា រដ្ឋាភិបាលត្រូវពិនិត្យឡើងវិញពីគោលនយោបាយនានា ដើម្បីបម្រើពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពក្រីក្រ៖ «ខ្ញុំគិតថា ឆ្នាំក្រោយគួរតែមានយន្តការជាក់លាក់តាមផ្លូវច្បាប់ ទោះបីជាទីផ្សារសេរីក៏ដោយ យើងចង់ឲ្យការឡើងថ្លៃរថយន្តនេះ មានសណ្ដាប់ធ្នាប់។ សព្វថ្ងៃនេះ ឡើងថ្លៃតាមអំពើចិត្ត កេងប្រវ័ញ្ចតែម្តង ចំណុចនេះ ហើយបង្ហាញថា ប្រទេសដែលមានអ្នករកស៊ីគ្មានសីលធម៌ នាំឲ្យអ្នកក្ររងគ្រោះតែម្តង»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង ឲ្យដឹងថា បើទោះបីជាមានបទបញ្ជាពីសាលារាជធានីភ្នំពេញ កុំឲ្យមានការដំឡើងថ្លៃឈ្នួលធ្វើដំណើរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែម្ចាស់អាជីវកម្មទាំងនោះមិនបានគោរពនោះទេ ហើយបានដំឡើងថ្លៃឈ្នួលឡានជិតពីរដង។ ម្យ៉ាងទៀត រថយន្តឈ្នួលទាំងនោះ បានដាក់មនុស្ស និងផ្ទុកឥវ៉ាន់ច្រើនលើសចំណុះ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
លោក យង់ គឹមអេង៖ «តាក់ស៊ី ក៏ឡើងថ្លៃ ឡានក្រុងក៏ឡើងថ្លៃ។ ធម្មតា ឡានក្រុង យើងជិះ ២ម៉ឺន ២ពាន់រៀល ឬ ១ម៉ឺន ៩ពាន់រៀល តែឥឡូវនេះ យើងឃើញ ៣ម៉ឺន ឬ ៣ម៉ឺនជាង។ អ៊ីចឹង ខ្ញុំឃើញថា បទបញ្ជាអត់មានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត ដោយសារតែការដាក់បទបញ្ជា និងមិនបានធ្វើការតាមដានត្រួតពិនិត្យ ដូច្នេះហើយ ធ្វើឲ្យដំឡើងថ្លៃហ្នឹងតាមអំពើចិត្ត។ ម្យ៉ាងវិញទៀត អត់បានដាក់ការពិន័យ ឬទណ្ឌកម្មអីដល់ក្រុមហ៊ុនដែលដំឡើងថ្លៃស្រេចតែអំពើចិត្ត»។
តែទោះជាយ៉ាងណា លោក យង់ គឹមអេង លើកឡើងថា បទបញ្ជារបស់សាលាក្រុងមិនមានប្រសិទ្ធភាពទេ ហើយលោកស្នើសុំឲ្យសាលាក្រុងចាត់វិធានការត្រួតពិនិត្យបទបញ្ជារបស់ខ្លួនឡើងវិញ និងអនុវត្តបទបញ្ជាឲ្យមានប្រសិទ្ធភាព។ លោក យង់ គឹមអេង ក៏អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មិនថាធ្វើដំណើរតាមរថយន្តឈ្នួល ឬយានជំនិះផ្ទាល់ខ្លួន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ ម្យ៉ាងវិញទៀត សមត្ថកិច្ចគួរតែពិនិត្យ និងហាមឃាត់រថយន្តឈ្នួល កុំឲ្យដាក់មនុស្សច្រើនលើសចំណុះ ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
សង្គមស៊ីវិលលើកឡើងថា អាជ្ញាធរគួរពិចារណាបង្កើតប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់រដ្ឋ ដែលមានការគ្រប់គ្រងត្រឹមត្រូវ ដើម្បីប្រជែងនឹងវិស័យឯកជន ព្រមទាំងរឹតបន្តឹងក្រមសីលធម៌របស់ឈ្មួញ ទើបពលរដ្ឋក្រីក្រមានឱកាសរស់នៅប្រកបដោយភាពសប្បាយរីករាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
