មន្ត្រីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បានបង្ហាញពីលទ្ធផលបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៣ បឋម របស់ខ្លួន ដោយគណបក្សខ្លះប្រកាសពីជោគជ័យ និងមានបក្សខ្លះទៀតទទួលស្គាល់ពីបរាជ័យ។
លោក អ៊ក គឹមហាន ជាប្រធាននាយកដ្ឋានសរុបនៃខុទ្ទកាល័យគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ លោកមានប្រសាសន៍ថា ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៣នេះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ១.៥៩២ឃុំសង្កាត់ នឹងកើនចំនួនអាសនៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណ ៣០០អាសនៈ នៅទូទាំងប្រទេស ប្រៀបធៀបជាមួយការបោះឆ្នោតកាលពីឆ្នាំ២០០៧ កន្លងទៅ។
លោកថា លទ្ធផលនេះមិនមែនជាលទ្ធផលផ្លូវការចេញដោយស្ថាប័ន គ.ជ.ប. នោះទេ ប៉ុន្តែជាលទ្ធផលដែលគណបក្សប្រជាជនបានមកពីមូលដ្ឋាន៖ «អាណត្តិទី២ យើងឈ្នះបានតំណែងមេឃុំចៅសង្កាត់បាន ១.៥៩១មេឃុំចៅសង្កាត់។ អាណត្តិទី៣នេះ បានកើន ១ឃុំ ប៉ុន្តែបើគិតពីចំនួនអាសនៈ យើងបានកើនចំនួនអាសនៈ ៣០០អាសនៈ។ សរុបចំនួនអាសនៈអាណត្តិទី៣ ឆ្នាំ២០១២ មានចំនួន ៨.២៩៣អាសនៈ»។
មន្ត្រីគណបក្សប្រជាជនរូបនេះបានវាយតម្លៃថា ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៣ មានដំណើរការល្អ និងព្រមទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ។ ដោយឡែកគណបក្ស សម រង្ស៊ី បានច្រានចោលចំពោះលទ្ធផលបោះឆ្នោត និងទាមទារឲ្យបោះឆ្នោត និងរាប់សន្លឹកឆ្នោតជាថ្មី។
លោក គង់ គាំ ប្រធានស្ដីទីគណបក្ស សម រង្ស៊ី បានថ្លែងថា បក្ស សម រង្ស៊ី មិនទទួលយកលទ្ធផលបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៣ កាលពីថ្ងៃទី៣ ខែមិថុនា ទេ ព្រោះយល់ថា ការបោះឆ្នោតនេះមានភាពមិនប្រក្រតី ដូចជាបាត់ឈ្មោះអ្នកបោះឆ្នោត និងមានការបន្លំឈ្មោះអុ្នកបោះឆ្នោតជាដើម។
ទោះជាបែបនេះក្តីលោក គង់ គាំ បានបញ្ជាក់ថា លទ្ធផលបោះឆ្នោតនេះបានបង្ហាញថា គណបក្ស សម រង្ស៊ី ឈ្នះតំណែងមេឃុំ-ចៅសង្កាត់ បន្ទាប់ពីគណបក្សកាន់អំណាច៖ «ការបោះឆ្នោតមិនទាន់មានលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌។ មិនសេរីនៅត្រង់ថា គណបក្សកាន់អំណាចបានចំណាយលុយកាក់ច្រើនសន្ធឹកសន្ធាប់។ ទី២ បានប្រើមធ្យោបាយឃោសនាច្រើនណាស់ និងទី៣ បានបង្កភាពមិនប្រក្រតីជាច្រើនក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។ ដូច្នេះយើងបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះទេ។ បន្ថែមលើនេះ យើងទាមទារឲ្យមានការកែទម្រង់ គ.ជ.ប. ឲ្យបានត្រឹមត្រូវសំរាប់ការបោះឆ្នោតសកលឆ្នាំ២០១៣ ដើម្បីឲ្យមានប្រជាធិបតេយ្យ»។
ទោះយ៉ាងណា មន្ត្រីបក្ស សម រង្ស៊ី មិនទាន់បង្ហាញលទ្ធផលដែលគណបក្សនេះឈ្នះតំណែងមេឃុំ ឬចៅសង្កាត់ ឬចំនួនអាសនៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មានចំនួនប៉ុន្មានឲ្យពិតប្រាកដទេ ប៉ុន្តែអាចមានទទួលបានតំណែងមេឃុំចន្លោះពី ២២ ទៅ ២៥។
កាលពីបោះឆ្នោតឃុំសង្កាត់អាណត្តិទី២ គណបក្ស សម រង្ស៊ី ទទួលបានតំណែងមេឃុំចៅសង្កាត់ចំនួន ២៨មេឃុំចៅសង្កាត់ នៅទូទាំងប្រទេស។
ចំណែកលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ដែលទើបចូលប្រកួតការបោះឆ្នោតឃុំ-សង្កាត់លើកទី១ បានឲ្យដឹងថា គណបក្សលោកបានឈ្នះតំណែងមេឃុំចំនួន ១៨ និងទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង ៨០០អាសនៈ។
លោក កឹម សុខា ឲ្យដឹងដូច្នេះ៖ «យើងទទួលបានតំណែងមេឃុំចន្លោះពី ១៨ ទៅ ២០ឃុំ មាន ២ឃុំមិនទាន់បានសំរេចចុងក្រោយ។ ប៉ុន្តែចំនួន ១៨ឃុំច្បាស់លាស់ជាបានហើយ តែចំនួន ២ឃុំមិនទាន់បានសំរេចចុងក្រោយ។ រីឯចំនួនអាសនៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទទួលបានជាង ៨០០អាសនៈ»។
យ៉ាងណាក៏ដោយ លោក កឹម សុខា មិនទាន់ប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតនេះទេ ព្រោះស្ថាប័ន គ.ជ.ប. មិនទាន់ដោះស្រាយបណ្ដឹងជុំវិញការបោះឆ្នោតឲ្យជាស្ថាពរនៅឡើយនោះ។
រីឯគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច និងគណបក្ស នរោត្តម រណឫទ្ធិ មន្ត្រីបក្សទាំង ២បានទទួលស្គាល់ពីបរាជ័យតែរៀងៗខ្លួន ប៉ុន្តែបានប្រតិកម្មថា ការបោះឆ្នោតនេះកើតមានភាពមិនប្រក្រតីជាច្រើនករណី។
លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច បានឲ្យដឹងថា លទ្ធផលបឋមដែលគណបក្សខ្លួនទទួលបានបង្ហាញថា បក្សហ៊្វុនស៊ិនប៉ិច បានបាត់តំណែងមេឃុំ និងចំនួនអាសនៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន បើប្រៀបធៀបការបោះឆ្នោតអាណត្តិទី២ ប៉ុន្តែបានកើនសំឡេងអ្នកគាំទ្រ។
លោក ញឹក ប៊ុនឆៃ៖ «តាមតួលេខដែលបានបូកសរុបបណ្ដោះអាសន្នបានទទួល ១៦០អាសនៈ និងទទួលបានមេឃុំចំនួន ១ឃុំ ក្រៅពីនោះភាគច្រើនបានទទួលតំណែងជាជំទប់ទី១ ឬទី២។ ក្រុមប្រឹក្សាហ្វ៊ុនស៊ិនប៉ិច អាណត្តិទី២ មានចំនួន ២៧៤ តែឥឡូវចុះមកនៅត្រឹម ១៦០ទេ»។
ងាកទៅគណបក្ស នរោត្តម រណឫទ្ធិ ត្រូវបានលោក ប៉ែន សង្ហា មន្ត្រីនាំពាក្យគណបក្សនេះបង្ហើបឲ្យដឹងថា មិនទទួលបានតំណែងមេឃុំ ឬចៅសង្កាត់នោះទេ ហើយថា ចំនួនអាសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏បានបាត់បង់ ធៀបនឹងការបោះឆ្នោតអាណត្តិទី២ ឆ្នាំ២០០៧។
លោក ប៉ែន សង្ហា៖ «សំឡេងឆ្នោតរបស់គណបក្ស នរោត្តម រណឫទ្ធិ បានទទួលចំនួន ៥៣អាសនៈទៅតាមការគន់គូរក្រៅផ្លូវការ ហើយមិនបានឈ្នះជាមេឃុំ ឬចៅសង្កាត់ណាមួយទេ»។
លោកថា គណបក្ស នរោត្តម រណឫទ្ធិ ព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ បើទោះការបោះឆ្នោតមានភាពមិនប្រក្រតីកើតមានច្រើនករណីក្តី។
យ៉ាងណាក៏ដោយ មន្ត្រី គ.ជ.ប បានបដិសេធមិនផ្តល់អត្ថាធិប្បាយជុំវិញលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៣ នេះទេ ដោយបញ្ជាក់ថា លទ្ធផលបោះឆ្នោតរបស់គណបក្សនយោបាយបានបន្តឡើងចុះ។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ បានចាប់ផ្តើមកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២។ ការបោះឆ្នោតនេះមានគណបក្សនយោបាយចំនួន ១០ បានឈរឈ្មោះ និងបញ្ជូនបេក្ខជនចូលរួមប្រកួតប្រជែង។ ចំពោះលទ្ធផលផ្លូវការ មន្ត្រី គ.ជ.ប. បានបញ្ជាក់ថា នឹងប្រកាសឲ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។