អ្នក​សារព័ត៌មាន​បរទេស​កោត​សរសើរ​ស្នាព្រះហស្ត​របស់​ព្រះ​មហា​វីរក្សត្រ

ក្នុង​សម័យ​ទសវត្សរ៍​១៩៦០ ដល់ ១៩៧០ មាន​អ្នក​សារ​ព័ត៌មាន​លោក​ខាង​លិច​ជា​ច្រើន បាន​សរសេរ​សរសើរ​ពី​ការ​ដឹកនាំ និង​ស្នាព្រះហស្ត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។
ដោយ មណ្ឌល កែវ
2012-10-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល


សូម្បី​តែ​នៅ​ក្នុង​ដំណាក់កាល​ព្រះអង្គ​ត្រូវ​បាន​លោក​សេនា​ប្រមុខ លន់ នល់ ដែល​មាន​ការ​គាំទ្រ​ពី​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ព្រះអង្គ​ពី​តំណែង ក៏​ដោយសារ​អ្នក​សារ​ព័ត៌មាន​លោក​ខាង​លិច​ទាំង​នោះ ភាគ​ច្រើន​នៅ​តែ​សរសេរ​អត្ថបទ​លើក​សរសើរ​ព្រះអង្គ​ដដែល។

អ្នក​សារព័ត៌មាន​ជើង​ចាស់ ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​ជំនាន់​ថ្មី បាន​ចាត់​ទុក​ថា សក្ខីភាព​នេះ​គ្មាន​អ្វី​ក្រៅ​ពី​សច្ចភាព​ដែល​កើត​ចេញ​ពី​ព្រះ​រាជកិច្ច (ទង្វើ) ជាក់​ស្ដែង​របស់​ព្រះអង្គ​នោះ​ឡើយ។

ស្ទើរ​តែ​ពេញ​មួយ​ព្រះជន្ម​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ នរោត្តម សីហនុ ទ្រង់​តែងតែ​ទទួល​បាន​ការ​កោត​សរសើរ​ច្រើន​ជាង​ការ​រិះគន់​ពី​សំណាក់​អ្នក​នយោបាយ និង​ជា​ពិសេស​ពី​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ។ អ្វី​ដែល​ក្នុង​ពិភព​អ្នក​នយោបាយ និង​អ្នក​សារព័ត៌មាន​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​ក្នុង​អំឡុង​ពេល​ដែល​លោក​សេនា​ប្រមុខ លន់ នល់ ដោយ​មាន​ការ​គាំទ្រ​ពី​ក្រុម​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ព្រះអង្គ​ពី​តំណែង​នោះ អ្នក​សារព័ត៌មាន​លោក​ខាង​លិច​ភាគ​ច្រើន បែរ​ជា​នាំ​គ្នា​សរសេរ​អត្ថបទ​លើក​សរសើរ​អតីត​ព្រះ​មហាក្សត្រ​ព្រះ​បាទ នរោត្តម សីហនុ ទៅ​វិញ។

លោក ហ្សាក់ ឡូរ៉ង់ (Jacque Laurent) ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​សារព័ត៌មាន​បារាំង ឈ្មោះ ប៉ារីស ម៉ាត់ (Paris Math)។ កាល​ពី​ខែ​មីនា ឆ្នាំ​១៩៧០ បន្ទាប់​ពី​លោក​សេនា​ប្រមុខ លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ប៉ុន្មាន​ថ្ងៃ អ្នក​សារព័ត៌មាន​រូប​នេះ​បាន​សរសេរ​អត្ថបទ​មួយ​រិះគន់​សកម្មភាព​រដ្ឋ​ប្រហារ​របស់​លោក​សេនា​ប្រមុខ លន់ នល់ តែ​បាន​លើក​សរសើរ​ពី​បុគ្គលិក​លក្ខណៈ និង​ការ​ដឹកនាំ​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​មាន​ខ្លឹមសារ​ថា៖ "សម្ដេច សីហនុ ព្រះអង្គ​តែងតែ​ផ្អាក​ដំណើរ​កម្សាន្ត​របស់​ព្រះអង្គ ដើម្បី​ទៅ​ជួយ​បើក​គោយន្ត ឬ​សង់​ផ្ទះ​ជូន​ប្រជា​កសិករ។រៀងរាល់​សប្តាហ៍ ព្រះអង្គ​តែង​យាង​តាម​ព្រះ​ទីន័ង​ឧទ្ធម្ភាគចក្រ​ទៅ​ចុះ​ចត​នៅ​តំបន់​ជនបទ​មួយ​ក្នុង​ប្រទេស​ព្រះអង្គ"

អត្ថបទ​បន្ត​ថា៖ "ព្រះអង្គ​ដណ្ដើម​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣ ហើយ​ប្រទេស​កម្ពុជា រក្សា​បាន​សន្តិភាព​ប្រកប​ដោយ​ជោគជ័យ។ សន្តិភាព​នេះ​ជា​ស្នាព្រះហស្ត​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ មិន​អាច​ប្រកែក​បាន"

ចំណែក​លោក ឡូរ៉ង ហ្សឺវាល្យេ (Laurent Chevalier) អ្នក​យក​ព័ត៌មាន​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​អា.អេហ្វ.ប៉េ (AFP) សរសេរ​នៅ​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​១៩៧១ ថា៖ "មួយ​ឆ្នាំ​ក្រោយ​ពេល​ដែល​សម្ដេច សីហនុ ធ្លាក់​ពី​តំណែង ប្រទេស​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​ប្រទេស​មួយ​មាន​រូបភាព​ខុស​ឆ្ងាយ​ពី​កាល​មុន​ដែល​ជា​កោះ​សន្តិភាព​នៅ​កណ្ដាល​ភ្នក់​ភ្លើង​សង្គ្រាម និង​ការ​ហែកហួរ​គ្នា​នៃ​ជ្រោយ​ឥណ្ឌូ​ចិន។ សេចក្ដី​សុខ និង​សន្តិភាព​នៃ​ជីវិត​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​បញ្ចប់​ពី​ខែ​មីនា ឆ្នាំ​១៩៧០ មក"

ថ្វី​បើ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បាន​សោយទិវង្គត​ទៅ​ហើយ​ក្ដី តែ​ព្រះ​កិត្តិនាម និង​ស្នាព្រះហស្ត ព្រម​ទាំង​គំរូ​វីរភាព​របស់​ព្រះអង្គ ត្រូវ​បាន​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ ស្ទើរ​ទូទាំង​ពិភពលោក បាន​កត់​ត្រា​ទុក​ទាំង​ក្នុង​ស្រទាប់​អ្នក​នយោបាយ ទាំង​ក្នុង​ស្រទាប់​អ្នក​សារព័ត៌មាន។

អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អតីត​អ្នក​សារព័ត៌មាន​ជើង​ចាស់​មួយ​រូប គឺ​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មាន​ប្រសាសន៍​ថា នេះ​ជា​សច្ចភាព​ដែល​ព្រះ​មហា​វីរក្សត្រ​បាន​បន្សល់។ លោក​ថា អ្នក​សារព័ត៌មាន​អាជីព​ជាតិ និង​អន្តរជាតិ តែង​ផ្ដល់​យុត្តិធម៌​ចំពោះ​សច្ចភាព​ទាំង​នេះ​ក្នុង​នាម​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន។

លោក លឺ ឡាយស្រេង៖ «ស្នាព្រះហស្ត​របស់​ព្រះអង្គ បើ​គិត​ពី​ឥឡូវ​នេះ មិន​ឈ្នះ​ពី​ដើម​ទេ។ កាល​ពី ៦០​ឆ្នាំ​មុន​នោះ កាល​នោះ​យើង​មាន​រោងចក្រ​ជា​ច្រើន។ ហើយ​បើ​និយាយ​ពី​វិស័យ​ការបរទេស​វិញ លោក​ជា​សមាជិក​ស្ថាបនិក​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ជាមួយ​លោក នេរុហ៍ លោក ណាហ្សែ ជា​ដើម។ ដូច្នេះ​នេះ​ជា​ការ​ថ្វាយ​នូវ​យុត្តិធម៌​ដល់​ព្រះអង្គ។ នៅ​ទី​បញ្ចប់ គឺ​គ្រប់​ប្រទេស​គេ​គាំទ្រ​ព្រះអង្គ​ទាំង​អស់...»

អ្នក​យក​ព័ត៌មាន​កាសែត ឌឹ ញីវយ៉ក ថែមស៍ (The New York Times) ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋ​អាមេរិក គឺ​លោក ម៉ែលខុម ប្រោន (Malcolm W. Brown) កាល​ពី​ថ្ងៃ​ទី​១៩ កញ្ញា ឆ្នាំ​១៩៧២ សរសេរ​ចុះ​ផ្សាយ​ក្នុង​កាសែត​នេះ​ថា ប្រជាជន​កម្ពុជា ជា​ច្រើន កំពុង​នឹក​ដល់​ស្រុក​កំណើត និង​នឹក​ដល់​សម័យ​កាល​ដ៏​រុងរឿង​សម្បូរណ៍​សប្បាយ​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ កាល​ពី ២​ឆ្នាំ​មុន។ អនុស្សាវរីយ៍​នេះ​នៅ​រស់​រវើក​ក្នុង​បេះ​ដូង​របស់​ពួក​គេ។

នៅ​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​១៩៧៣ កាសែត​ដដែល​នេះ​បាន​ចុះ​ផ្សាយ​សរសើរ​ដល់​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ពេល​នោះ​ថា៖ "ឆ្លង​តាម​បទពិសោធន៍​ផ្នែក​ការទូត​របស់​ព្រះអង្គ បាន​បញ្ជាក់​ថា សម្ដេច​ព្រះ នរោត្តម សីហនុ ពិត​ជា​អ្នក​ជាតិ​និយម​ប្រកប​ដោយ​ពលិកម្ម​មិន​ចុះ​ញ៉ម​ចំពោះ​កម្លាំង​បរទេស​ណា​មួយ​ឡើយ។ ដូច​ដែល​លោក​ព្រឹទ្ធ​សមាជិក ស៊ីមីងតុន (Symington) បាន​បញ្ជាក់​ថា សម្ដេច​ព្រះ នរោត្ដម សីហនុ នៅ​មាន​អ្នក​គាំទ្រ​ច្រើន​ជាង​មនុស្ស ឬ​ក្រុម​ដទៃ​ទៀត"

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន ក្យូដូ (Kyodo) ប្រចាំ​ប្រទេស​កម្ពុជា គឺ​លោក ពុយ គា។ លោក​ជា​អ្នក​សារព័ត៌មាន​អាជីព​របស់​ខ្មែរ​មួយ​រូប ពន្យល់​ចំពោះ​ការ​ចុះ​ផ្សាយ​កោត​សរសើរ​ព្រះ​មហា​វីរក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហនុ ពី​សំណាក់​ក្រុម​អ្នក​កាសែត​លោក​ខាង​លិច​នៅ​ពេល​នោះ​ថា មាន​កត្តា​សត្យានុម័ត ២​យ៉ាង គឺ​ព្រះ​ទេពកោសល្យ​គ្មាន​គូ​ប្រៀប​របស់​ព្រះអង្គ និង​ការ​ប្រកាន់​យក​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​ចម្បង គួបផ្សំ​នឹង​ឯករាជភាព សេរីភាព​ទូលំទូលាយ​នៃ​អ្នក​សារព័ត៌មាន​ទាំង​នោះ។

លោក ពុយ គា៖ «លក្ខណៈ​ពិសេស​របស់​ព្រះ​ករុណា​ព្រះ​មហា​វីរក្សត្រ​នោះ គឺ​ព្រះអង្គ​ចូល​ចិត្ត​អ្នក​កាសែត​ណាស់ ហើយ​លោក​ឲ្យ​តម្លៃ​លើ​សារព័ត៌មាន។ លោក​ចូល​ចិត្ត​រក្សា​នូវ​ទំព័រ​សារព័ត៌មាន អត្ថបទ​ទាំង​ឡាយ គឺ​លោក​បាន​រក្សា​យ៉ាង​ត្រឹមត្រូវ​បំផុត។ នេះ​ជា​លក្ខណៈ​ពិសេស​របស់​លោក។ ហើយ​រហូត​ដល់​លោក​បាន​ចងក្រង​ជា​ព្រឹត្តិបត្រ​ប្រចាំ​ខែ​របស់​លោក​ថែម​ទៀត ដើម្បី​លោក​ចុះ​ផ្សាយ​ពី​បណ្ដា​អត្ថបទ​ទាំង​ឡាយ​ដែល​បាន​ចុះ​ផ្សាយ​ពី​លោក ហេតុ​នេះ​ហើយ​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ស្រឡាញ់​ចូល​ចិត្ត​លោក។ មិន​តែ​ប៉ុណ្ណឹង​ទេ លោក​ក៏​ជា​តួអង្គ​មួយ ជា​ថ្នាក់​ដឹកនាំ​មួយ​ដែល​ចូល​ចិត្ត​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ផង​ដែរ ហើយ​ជា​ពិសេស​គឺ​សារព័ត៌មាន​លោក​ខាង​លិច...»

នៅ​មាន​សារព័ត៌មាន​លោក​ខាង​លិច​ជា​ច្រើន​ទៀត​បាន​សរសេរ​លើក​សរសើរ​ពី​ស្នាព្រះហស្ត​នៃ​អង្គ​ព្រះ​មហា​វីរក្សត្រ​នៅ​សម័យ​កាល​ដែល​ព្រះអង្គ​ដឹកនាំ និង​គ្រប់គ្រង​ប្រទេស​កម្ពុជា នៅ​ទសវត្សរ៍​១៩៦០ កន្លង​ទៅ។

យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​ពោធិ៍សាត់ គឺ​លោក អេង ឈុនហាន មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​ខ្មែរ​គ្រប់​ជំនាន់ គួរ​តែ​ត្រងត្រាប់​យក​គំរូ​វីរភាព​នៃ​ការ​ដឹកនាំ​នៃ​ព្រះ​មហា​វីរក្សត្រ​ព្រះបាទ នរោត្តម សីហនុ ដើម្បី​ឲ្យ​មាន​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ពិត​ប្រាកដ​នៅ​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ទើប​កម្ពុជា​ទទួល​បាន​នូវ​ភាព​រុង​រឿង​ដូច​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម ដែល​មាន​អង្គ​ព្រះ​មហា​វីរក្សត្រ​ដឹក​នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

KHMER-AMERICAN

ពី USA

Appreciate RFA for the super great article. It refreshes and reminds me all the very good things belonging to King Sihanouk for our nation at his time. King Sihanouk did not create war, if LON NOL and USA did not put their hands in, war never began in Cambodia. Pol Pol did behind and tricked The King and killed people, finally Hun Sen saved the country. After all, we can conclude our KING NORODOM SIHANOUK is the VERY BEST BEST KING in the world, and Mr HUN SEN is also the best PRIME MINISTER.

Oct 21, 2012 04:54 PM

អ្នក​អាន​អនាមិក

I do not believe much in destiny but I admit destiny is existed. The former king life was up and down like one Chinese folk story " The Destiny Of Toopean".

Oct 21, 2012 09:59 AM

CheyVorman007

ពី AngKor Wat

យើងនាំគ្នានិយាយថា សាមគ្គី ផ្សះផ្សាជាតិ រួបរួមជាតិ ពាក្យទាំងនេះមាននយ័ទូលំទូលាយណាស់ហើយក៏មាន
រូបភាពជាច្រើនដែលបក្សមួយៗគូសវាសតាមការយល់
ឃើញរាងៗខ្លួន។តើរួបរួមតាមវិធីណាខ្លះ?អោយបក្សមួយ
ចុះរណបនឹងបក្សមួយ?បើកទ្វាចិត្តនយោផបាយអោយ
ទូលាយដោយមានការចេះឈ្លោះគ្នាតាមទូរទស្ស?ព្រម
ចែកការងារគ្នាធ្វើចែកអំណាចគ្នាដូចមុនទី១ទី២?សួរថា
តើបក្សកំពុងមានលុយចាយហូរហៀរព្រមដាក់ខ្លួនទៅជា
អ្នកក្រវិញដែរ?

Oct 21, 2012 06:29 AM