មន្ត្រីសិទ្ធិមនុស្សមានមូលដ្ឋាននៅខេត្តរតនគិរីអំពាវនាវឲ្យមានការស៊ើបអង្កេតទៅលើការស្លាប់របស់ពិរុទ្ធជនម្នាក់ បន្ទាប់ពីមន្ត្រីពន្ធនាគារបញ្ជូនទៅកាន់មន្ទីរពេទ្យបានតែ៣ម៉ោងប៉ុណ្ណោះ។
ពិរុទ្ធជនដែលស្លាប់មានឈ្មោះ ទៀង ថែន អាយុ២៥ឆ្នាំ រស់នៅភូមិញ៉ើល ឃុំឡាមិញ ស្រុកបរកែវ។
បងប្រុសរបស់ពិរុទ្ធជនឈ្មោះ ទៀង ទូ ឲ្យដឹងថា តុលាការខេត្តបានឃុំខ្លួនប្អូនប្រុសគាត់តាំងពីខែឧសភា ឆ្នាំ២០០៧ ក្នុងរឿងលួចម៉ូតូ ក៏ប៉ុន្តែអស់រយៈពេលជាងពីរឆ្នាំហើយមិនទាន់មានការកាត់ទោសនិងមិនបានផ្តល់ដំណឹងពីស្ថានភាពជំងឺប្អូនរបស់គាត់រហូតធ្វើឲ្យមានការស្លាប់នោះកើតឡើង។
លោក ទៀង ទូ ថ្លែងយ៉ាងដូច្នេះថា ៖ «គេឃុំគាត់តាំងពីឆ្នាំ២០០៧ លើសខែគេកំណត់ គេថាកាត់ទោសៗ ហើយមិនទាន់កាត់ទោសទេមកដល់ស្លាប់នេះ។ ចង់តវ៉ា រឿងឈឺក៏គេមិនប្រាប់ ដល់ស្លាប់គេប្រាប់»។
ប្រធានពន្ធនាគារខេត្តរតនគិរី លោក ងិន ណែល បដិសេធមិនធ្វើអត្ថាធិប្បាយពីហេតុផលនៃការស្លាប់និងសេចក្តីរាយការណ៍អំពីការឃុំខ្លួនហួសនីតិវិធីកំណាត់នោះទេ ដោយបញ្ជាក់ថាជាប់រវល់។
យ៉ាងនេះក្តី ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី លោក ហ៊ីងផាន សុគន្ធា មានប្រសាសន៍ថា ពិរុទ្ធជននេះស្លាប់ដោយសារជំងឺរលាកតម្រងនោមរ៉ាំរ៉ៃ បន្ទាប់ពីមន្ត្រីពន្ធនាគារបញ្ជូនមកកាន់មន្ទីរពេទ្យបានតែបីម៉ោងកាលពីថ្ងៃអង្គារ ទី១៥ មិថុនា ឆ្នាំ២០០៩ ៖ «យើងសង្រ្គោះអត់បាន អ្នកជំងឺហ្នឹងប្រភេទជំងឺរ៉ាំរ៉ៃ ខ្សោយតម្រងនោម អត់មានទឹកនោមអីសោះ។ ម្សិលមិញ គាត់ចូលនៅម៉ោង ១០និង៣០នាទី ហើយស្លាប់នៅម៉ោង ១១និង៥៥នាទី»។
ព្រះរាជអាជ្ញារងអមតុលាការខេត្តរតនគិរី លោក រស់ សារ៉ាំ មានប្រសាស៍ដែរថា លោកកំពុងធ្វើការស៊ើបអង្កេតពីករណីស្លាប់នេះហើយ ក៏ប៉ុន្តែលទ្ធផលបែបណាមិនទាន់ទទួលបាននៅឡើយ។
លោកបន្តថា មិនទាន់ដឹងពីអត្តសញ្ញាណអ្នកជាប់ពន្ធនាគារដែលស្លាប់នេះច្បាស់នៅឡើយ ដូច្នេះលោកសុំមិនអត្ថាធិប្បាយពីការឃុំខ្លួនហួសនីតិវិធីនោះទេ។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុកខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ពីការស៊ើបអង្កេតករណីនេះ ៖ «យើងបានស្រាវជ្រាវនៅក្នុងពន្ធនាគារ យើងឃើញថា ពិរុទ្ធជនម្នាក់ហ្នឹងត្រូវបានឃុំខ្លួនជាងពីរឆ្នាំទៅហើយ នេះជាកំហុសនីតិវិធីមួយដែលកើតឡើងនៅក្នុងពន្ធនាគារហ្នឹង ដោយសាលាដំបូងខេត្តមិនទាន់បើកសវនាការក្ដីពីរឿងទោសរបស់ពួកគេ មិនមែនមានតែម្នាក់ហ្នឹងទេ គឺមានច្រើន។ វាអាចប៉ះពាល់ដល់សតិអារម្មណ៍ណាមួយដោយសារថា ស្ថានភាពក្នុងពន្ធនាគារហ្នឹងវាចង្អៀតមិនសូវមានអនាម័យ មួយបន្ទប់ៗនៅគ្នាច្រើនហួសស្តង់ដារ»។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០០៩ ស្តី្រពីរនាក់បងប្អូនបង្កើតរស់នៅភូមិមួយ ឃុំឡាមីញ ស្រុកបរកែវ ខេត្តរតនគិរី បានប្តឹងចោទប្រកាន់ប្រធានតុលាការខេត្តនិងមន្ត្រីក្រឡាបញ្ជីដែរថា បានជំរិតទារប្រាក់ ៥០០ដុល្លារជាថ្នូរនឹងការដោះលែងរឿងក្តីកូនប្រុសគាត់ដែលត្រូវឃុំខ្លួនក្នុងពន្ធនាគារខេត្តជាងពីរឆ្នាំដោយគ្មានការកាត់ទោសដូចគ្នា៕
អ.ស.ប.អំពាវនាវឲ្យអាជ្ញាធររតនគិរីបញ្ឈប់ការយាយីដល់សកម្មជនសិទ្ធិមនុស្សនិងអ្នកសារព័ត៌មាន
ក្រុមសិទ្ធិមនុស្សស្នើឲ្យស៊ើបអង្កេតអំពើមិនត្រឹមត្រូវនៃអនុប្រធានតុលាការរតនគិរី
អ្នកភូមិនៅរតនគិរីនាំគ្នាផ្ដិតមេដៃស្នើសុំការវិលត្រឡប់នៃសកម្មជនសិទ្ធិមនុស្ស
សាលាឧទ្ធរណ៍បង្គាប់ឲ្យមានការស៊ើបអង្កេតបន្ថែមជុំវិញករណី ប៊ន សំណាង និងសុខ សំអឿន
អ្នកភូមិនៅរតនគិរីអះអាងថាមេភូមិមេឃុំបង្ខំពួកគេឲ្យទម្លាក់កំហុសលើអាដហុក
សមាគមអាដហុកសោកស្ដាយចំពោះការរំខានដល់ការងាររបស់ប៉ែន ប៊ុណ្ណារិ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបារម្ភអំពីករណីផ្លាស់មន្ត្រីអាដហុកចេញពីរតនគិរី
មេធាវីទាមទារឲ្យលើកលែងការចោទប្រកាន់ចំពោះប៊ន សំណាង និងសុខ សំអឿន
អាដហុកផ្លាស់មន្ត្រីចេញពីរតនគិរីដើម្បីបញ្ចប់រឿងក្ដីតុលាការ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.