ពិរុទ្ធ​ជន​ម្នាក់​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​បាន​៣​ម៉ោង

មន្ត្រី​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​ខេត្ត​រតនគិរី​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ស្លាប់​របស់​ពិរុទ្ធជន​ម្នាក់ បន្ទាប់​ពី​មន្ត្រី​ពន្ធនាគារ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បាន​តែ​៣​ម៉ោង​ប៉ុណ្ណោះ។

0:00 / 0:00

ពិរុទ្ធជន​ដែល​ស្លាប់​មាន​ឈ្មោះ ទៀង ថែន អាយុ​២៥​ឆ្នាំ រស់​នៅ​ភូមិ​ញ៉ើល ឃុំ​ឡាមិញ ស្រុក​បរកែវ។

បង​ប្រុស​របស់​ពិរុទ្ធជន​ឈ្មោះ ទៀង ទូ ឲ្យ​ដឹង​ថា តុលាការ​ខេត្ត​បាន​ឃុំ​ខ្លួន​ប្អូន​ប្រុស​គាត់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០០៧ ក្នុង​រឿង​លួច​ម៉ូតូ ក៏​ប៉ុន្តែ​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​ហើយ​មិន​ទាន់​មាន​ការ​កាត់​ទោស​និង​មិន​បាន​ផ្តល់​ដំណឹង​ពី​ស្ថានភាព​ជំងឺ​ប្អូន​របស់​គាត់​រហូត​ធ្វើ​ឲ្យ​មាន​ការ​ស្លាប់​នោះ​កើត​ឡើង។

លោក ទៀង ទូ ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «គេ​ឃុំ​គាត់​តាំង​ពី​ឆ្នាំ​២០០៧ លើស​ខែ​គេ​កំណត់ គេ​ថា​កាត់​ទោសៗ ហើយ​មិន​ទាន់​កាត់​ទោស​ទេ​មក​ដល់​ស្លាប់​នេះ។ ចង់​តវ៉ា រឿង​ឈឺ​ក៏​គេ​មិន​ប្រាប់ ដល់​ស្លាប់​គេ​ប្រាប់»

ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី លោក ងិន ណែល បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ហេតុផល​នៃ​ការ​ស្លាប់​និង​សេចក្តី​រាយការណ៍​អំពី​ការ​ឃុំ​ខ្លួន​ហួស​នីតិ​វិធី​កំណាត់​នោះ​ទេ ដោយ​បញ្ជាក់​ថា​ជាប់​រវល់។

យ៉ាង​នេះ​ក្តី ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​រតនគិរី លោក ហ៊ីង​ផាន សុគន្ធា មាន​ប្រសាសន៍​ថា ពិរុទ្ធ​ជន​នេះ​ស្លាប់​ដោយសារ​ជំងឺ​រលាក​តម្រង​នោម​រ៉ាំ​រ៉ៃ បន្ទាប់​ពី​មន្ត្រី​ពន្ធនាគារ​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​បាន​តែ​បី​ម៉ោង​កាល​ពី​ថ្ងៃ​អង្គារ ទី​១៥ មិថុនា ឆ្នាំ​២០០៩ ៖ «យើង​សង្រ្គោះ​អត់​បាន អ្នក​ជំងឺ​ហ្នឹង​ប្រភេទ​ជំងឺ​រ៉ាំ​រ៉ៃ ខ្សោយ​តម្រង​នោម អត់​មាន​ទឹក​នោម​អី​សោះ។ ម្សិល​មិញ គាត់​ចូល​នៅ​ម៉ោង ១០​និង​៣០​នាទី ហើយ​ស្លាប់​នៅ​ម៉ោង ១១​និង​៥៥​នាទី»

ព្រះ​រាជ​អាជ្ញា​រង​អម​តុលាការ​ខេត្ត​រតនគិរី លោក រស់ សារ៉ាំ មាន​ប្រសាស៍​ដែរ​ថា លោក​កំពុង​ធ្វើការ​ស៊ើប​អង្កេត​ពី​ករណី​ស្លាប់​នេះ​ហើយ ក៏​ប៉ុន្តែ​លទ្ធផល​បែប​ណា​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ។

លោក​បន្ត​ថា មិន​ទាន់​ដឹង​ពី​អត្តសញ្ញាណ​អ្នក​ជាប់​ពន្ធនាគារ​ដែល​ស្លាប់​នេះ​ច្បាស់​នៅ​ឡើយ ដូច្នេះ​លោក​សុំ​មិន​អត្ថាធិប្បាយ​ពី​ការ​ឃុំ​ខ្លួន​ហួស​នីតិ​វិធី​នោះ​ទេ។

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ពី​ការ​ស៊ើប​អង្កេត​ករណី​នេះ ៖ «យើង​បាន​ស្រាវជ្រាវ​នៅ​ក្នុង​ពន្ធនាគារ យើង​ឃើញ​ថា ពិរុទ្ធ​ជន​ម្នាក់​ហ្នឹង​ត្រូវ​បាន​ឃុំ​ខ្លួន​ជាង​ពីរ​ឆ្នាំ​ទៅ​ហើយ នេះ​ជា​កំហុស​នីតិ​វិធី​មួយ​ដែល​កើត​ឡើង​នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង ដោយ​សាលា​ដំបូង​ខេត្ត​មិន​ទាន់​បើក​សវនាការ​ក្ដី​ពី​រឿង​ទោស​របស់​ពួក​គេ មិន​មែន​មាន​តែ​ម្នាក់​ហ្នឹង​ទេ គឺ​មាន​ច្រើន។ វា​អាច​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​ណា​មួយ​ដោយសារ​ថា ស្ថានភាព​ក្នុង​ពន្ធនាគារ​ហ្នឹង​វា​ចង្អៀត​មិន​សូវ​មាន​អនាម័យ មួយ​បន្ទប់ៗ​នៅ​គ្នា​ច្រើន​ហួស​ស្តង់ដារ»

សូម​បញ្ជាក់​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០០៩ ស្តី្រ​ពីរ​នាក់​បង​ប្អូន​បង្កើត​រស់​នៅ​ភូមិ​មួយ ឃុំ​ឡា​មីញ ស្រុក​បរ​កែវ ខេត្ត​រតនគិរី បាន​ប្តឹង​ចោទ​ប្រកាន់​ប្រធាន​តុលាការ​ខេត្ត​និង​មន្ត្រី​ក្រឡា​បញ្ជី​ដែរ​ថា បាន​ជំរិត​ទារ​ប្រាក់ ៥០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​រឿង​ក្តី​កូន​ប្រុស​គាត់​ដែល​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ជាង​ពីរ​ឆ្នាំ​ដោយ​គ្មាន​ការ​កាត់​ទោស​ដូច​គ្នា៕