អនុប្រធាន​មណ្ឌល​កែប្រែ​ខេត្ត​ពោធិ៍សាត់​រង​ការ​ចោទ​ថា​គាប​សង្កត់​និង​ធ្វើ​បាប​អ្នក​ទោស

នៅ​ឯ​មណ្ឌល​អប់រំ​កែប្រែ​ទី៤ (ម៤) ដែល​មាន​ទីតាំង​ជាប់​នឹង​ជើង​ភ្នំ​ក្រវាញ ស្ថិត​ក្នុង​ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ អ្នក​ទោស​បាន​ខឹង​សម្បារ ព្រម​ទាំង​បាន​ចោទ​ប្រកាន់​ថា អ្នក​គ្រប់គ្រង​មណ្ឌល​អប់រំ​កែប្រែ​នេះ​ថា បាន​គាប​សង្កត់ និង​ធ្វើ​បាប​ពួក​គេ​ហួស​ពី​ការ​ទ្រាំ​បាន ទើប​ពួក​គេ​រើ​បម្រាស។

0:00 / 0:00

ក្រុម​អ្នក​ទោស និយាយ​ថា ពួក​គេ​មិន​ខ្លាច​ការ​ធ្វើ​ទារុណកម្ម​ដោយ​សារ​ការ​បញ្ចេញ​ព័ត៌មាន​ធ្វើ​បាប​នេះ​ឡើយ។

ទណ្ឌិត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី៤ (ម៤) ជាច្រើន​នាក់ នាំ​គ្នា​ធ្វើ​ការ​តវ៉ា និង​ចោទ​ប្រកាន់​ប្រធាន​សាខា​ទី២ នៃ​មណ្ឌល​អប់រំ​កែប្រែ​នេះ​ថា បាន​ធ្វើ​បាប​ពួក​គេ​យ៉ាង​ខ្លាំង។

ទណ្ឌិត​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២៥ កញ្ញា ថា ប្រធាន​សាខា​ទី២ នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី៤ គឺ​លោក គង់ ប៊ឺន បាន​គាប​សង្កត់ និង​ធ្វើ​បាប​ពួក​គេ​គ្រប់​បែប​យ៉ាង។ ទណ្ឌិត​រូប​នេះ​បន្ត​ថា ការ​ហូប​ចុក ក៏​មិន​បាន​គ្រប់គ្រាន់ ឯ​ការ​ធ្វើ​ពលកម្ម គឺ​ធ្ងន់ធ្ងរ ហើយ​នៅ​ពេល​ដែល​សាច់​ញាតិ ឬ​គ្រួសារ​ពួក​គេ​ផ្ញើ​ប្រាក់​មក​ឲ្យ ដើម្បី​ទិញ​អាហារ​ហូប​ចុក​បន្ថែម លោក​ប្រធាន​សាខា​ទី២ បាន​ប្រមូល​ទុក ដោយ​ប្រគល់​មក​ឲ្យ​ពួក​គេ​ក្នុង​មួយ​ថ្ងៃ​តែ ៥ពាន់​រៀល។

ហើយ​នៅ​ពេល​ដែល​ពួក​គេ​ទិញ​អាហារ​មក​ហូប​បន្ថែម អ្នក​យាម​បាន​ដក​ហូត​ពី​ពួក​គេ​អស់​មួយ​ចំនួន​ទៀត ធ្វើ​ឲ្យ​របប​អាហារ​ប្រចាំ​ថ្ងៃ​មិន​អាច​ទ្រទ្រង់​រាងកាយ​ដែល​ត្រូវ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​បាន​ឡើយ៖ «យើង​ធ្វើ​ការ​នៅ​ទី​នេះ គឺ​ជា​ការងារ​ធ្ងន់​ណាស់​បង! ដាំ​ដំឡូង ដក​ស្មៅ រែក​ទឹក​ឆ្ងាយៗ​ណាស់ ហើយ​បើ​ថ្ងៃ​ណា​យើង​អត់​បាន​ចេញ​ទៅ​ធ្វើ​ការ គេ​មក​ស្ដី​ថា​ប្រមាថ​បុក​ឈើ​ច្រត់​ចូល​មាត់ បិទ​ទ្វារ​មិន​ឲ្យ​ចេញ​ពី​បន្ទប់ ប្រមាថ​កាត​ទាន​ចង់​ដាក់​ច្រវាក់​យើង»

ទណ្ឌិត​ម្នាក់​ទៀត​បន្ថែម​ថា ដោយ​មិន​អាច​ទ្រាំ​បន្ត​ទៀត​បាន ពួក​គេ​ក៏​ប្រថុយ​បញ្ចេញ​ព័ត៌មាន​នេះ​មក​ក្រៅ បើ​ទោះ​បី​ជា​ត្រូវ​រង​ទទួល​ទណ្ឌកម្ម​យ៉ាង​ណា​ក៏ដោយ៖ «ទោះ​បី​ជា​ខ្ញុំ​ជា​ទណ្ឌិត តែ​ខ្ញុំ​ខិតខំ​កែ​ខ្លួន​ឲ្យ​បាន​ល្អ។ តែ​នៅ​ទី​នេះ គេ​គាប​សង្កត់​ខ្លាំង​ពេក គ្រាន់​តែ​គ្រួសារ​ខ្ញុំ​ផ្ញើ​លុយ​មក​ឲ្យ​ក៏​ត្រូវ​ប្រាប់ និង​សុំ​ច្បាប់​ពី​គេ។ ហើយ​គេ​ដក​ហូត​យក​ពី​យើង ដោយ​ឲ្យ​យើង​តែ ៥ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ។ បើ​យើង​ទៅ​ទិញ​មី ៥កញ្ចប់ យក​ចូល​មក គឺ​គេ​ដក​ហូត​យក ១​ឬ ២កញ្ចប់»

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ទណ្ឌិត​នៅ​សាខា​ទី២ នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី៤ លោក គង់ ប៊ឺន ជា​ប្រធាន​សាខា​ទី២ និង​ជា​អនុប្រធាន ម៤ បាន​ពន្យល់​ថា អ្វី​ដែល​លោក​បាន​ធ្វើ​ចំពោះ​ទណ្ឌិត​ក្នុង​សាខា​ទី២ គឺ​ក្នុង​បំណង​ជួយ​អប់រំ កែប្រែ​ពួក​គេ​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ នៅ​ពេល​ដែល​ពួក​គេ​ផុត​ការ​បម្រើ​ទោស និង​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​សង្គម​ជាតិ និង​គ្រួសារ​វិញ​តែ​ប៉ុណ្ណោះ៖ «អ្វី​ដែល​ខ្ញុំ​ធ្វើ​នេះ គឺ​ដើម្បី​កុំ​ឲ្យ​ទណ្ឌិត​ធ្វើ​អំពើ​អនាធិបតេយ្យ។ ខ្ញុំ​ចង់​កាត់​បន្ថយ​នូវ​ការ​លំបាក​ចំពោះ​គ្រួសារ​ពួក​គេ។ ហើយ​រាល់​លុយ​កាក់​ដែល​ផ្ញើ​ចូល​មក​ឲ្យ​មក​ច្រក​តែ​មួយ ដើម្បី​យើង​ងាយ​គ្រប់គ្រង ព្រោះ​យើង​អាច​ដឹង​ថា អ្នក​ទោស​ណា​មាន​លុយ​ប៉ុន្មាន»

ក្នុង​ច្បាប់​ស្ដីពី​ពន្ធនាគារ​ដែល​មាន ១១​ជំពូក និង ៨៥​មាត្រា ពុំ​មាន​មាត្រា​ណា​មួយ​ចែង​អំពី​ការ​កំណត់​ថា ជន​ជាប់​ឃុំ​មាន​សិទ្ធិ​អាច​រក្សា​សាច់​ប្រាក់​ចំនួន​ប៉ុន្មាន នៅ​ក្នុង​ខ្លួន​នោះ​ទេ។ ដោយ​ឡែក មាត្រា​៣៤ នៃ​ច្បាប់​នេះ​ចែង​ថា ជន​ជាប់​ឃុំ​អាច​ទទួល ឬ​ទិញ​អាហារ​ដោយ​ថវិកា​ផ្ទាល់​ខ្លួន​ពី​ប្រភព​ខាង​ក្រៅ​បាន តែ​អាហារ​ទាំង​នេះ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ពី​មន្ត្រី​ពន្ធនាគារ។

យ៉ាង​នេះ​ក្ដី អនុប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី៤ លោក គង់ ប៊ឺន មាន​ប្រសាសន៍​ថា ការ​អនុញ្ញាត​ឲ្យ​ជន​ជាប់​ឃុំ​រក្សា​សាច់​ប្រាក់​ក្នុង​ខ្លួន​ច្រើន ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​លួច​រត់​ចេញ​ពី​ពន្ធនាគារ​របស់​ជន​ជាប់​ឃុំ​កាន់​តែ​ខ្ពស់។

របាយការណ៍​អង្គការ​លីកាដូ ខែ​កក្កដា ឆ្នាំ​២០១២ បាន​បង្ហាញ​ថា មណ្ឌល​អប់រំ​កែប្រែ​ទី៤ (ម៤) គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០១២ មាន​ផ្ទុក​ជន​ជាប់​ឃុំ​ចំនួន ២១០​នាក់។ គិត​តាម​សមត្ថភាព​ផ្ទុក គឺ ៨៣,៨%៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។