ស្ថានភាព​អ្នក​ទោស​នៅ​បន្ទាយមានជ័យ​មាន​ភាព​ប្រសើរ​ឡើង

មន្ត្រី​ពន្ធធនាគារ​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​ថា ស្ថានភាព​អ្នក​ទោស​ដែល​កើត​រោគ​សើ​ស្បែក​មាន​ការប្រសើរ​ឡើង​វិញ​ហើយ​ក្រោយ​ពី​ទទួល​បាន​ថ្នាំ​ព្យាបាល​និង​មាន​បណ្តាញ​ទឹក​ស្អាត​ប្រើ​ប្រាស់។

0:00 / 0:00

ប្រធាន​ពន្ធធនាគារ លោក នួន វណ្ណា បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ថា អ្នក​ទោស​កើត​រោគ​រមាស់​រោល​កន្ទួល​លើ​ស្បែក​ប្រមាណ​៩៥%​ក្នុង​ចំណោម​មនុស្ស​៥៥៧​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធធនគារ​ខេត្ត​បន្ទាយមានជ័យ​មាន​ការជា​សះ​មួយចំនួន​ហើយ។

លោក នួន វណ្ណា បាន​ឲ្យ​ដឹង​ថា ៖ «ឥឡូវ​វា​អន់​វិញ​ហើយ ថយ​៥០% នៅ​សល់​តែ​៥០​ទេ ប៉ុន្តែ​អា​ហ្នឹង​វា​ថយ​ទៅ​ទៀត។ វា​ចេះ​តែ​ឡើង​កន្ទួល យើង​អេះ​វា! វា​ចេះ​តែ​រមាស់ វា​អត់​មាន​ដំបៅ​ទេ ប៉ុន្តែ​យើង​បាន​ពេទ្យ ICRC ហើយ​បាន​ពេទ្យ​ខេត្ត​ជួយ​ថ្នំា​ផង ឥឡូវ​វា​អន់​ហើយ»

លោក នួន វណ្ណា បាន​បញ្ជាក់​ថា ខាង​ពន្ធធនាគារ​កាលពី​កន្លង​ទៅ​ថ្មីៗ​បាន​ទទួល​ថ្នាំ​ទឹក​លាប​ព្យាបាល​រមាស់​ជាង​៥០០​ដប សាប៊ូ​ដុស​ខ្លួន​ព្យាបាល​រមាស់​ជាង​៥០០​ដុំ​ពី​អង្គការ ICRC និង​មន្ទីរ​ពេទ្យ​បង្អែក​ក្នុង​មូលដ្ឋាន។ លោកបន្ត​ថា បច្ចុប្បន្ន​ពន្ធធនាគារ​ថ្មី​ដែល​អ្នក​ទោស​កំពុង​ស្នាក់នៅ​ក៏​បាន​តភ្ជាប់​បណ្តាញ​ទឹក​ស្អាត​ឲ្យ​ពួក​គេ​ប្រើប្រាស់​បាន​ដែរ។

លោក សាមុត សុខលី គ្រូ​ពេទ្យ​ប្រចាំ​ពន្ធធនាគារ​បាន​មាន​ប្រសាសន៍​ថា អ្នក​ទោស​កើត​មាន​រោគ​រមាស​រោល​កន្ទួល​គឺ​មក​ពី​បញ្ហា​កង្វះ​អនាម័យ ហើយ​បញ្ហា​នេះ​កំពុង​កើត​មាន​ស្ទើរ​គ្រប់​ពន្ធធនាគារ​នៅ​តាម​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា។

លោក សាមុត សុខលី បាន​បញ្ជាក់​ថា ៖ «គឺ​ជា​ប្រភេទ​ជំងឺ​ឆ្លង​ កាល​ណា​វា​កើត​ម្នាក់​ពីរ​នាក់​វា​អាច​ឆ្លង​ទៅ​អ្នក​ផ្សេង​ទៀត​តាមរយៈ​ខោ​អាវ​ឬ​ការរស់​នៅ កន្លែង​ដេក​កន្លែង​នៅ។ រមាស់​ហ្នឹង​គ្រប់​ពន្ធធនាគារ​ភាគ​ច្រើន​គឺ​កើត»

លោក​បន្ត​ថា ក្រុម​គ្រូ​ពេទ្យ​ចំនួន​៨​នាក់​កំពុង​ធ្វើការ​ក្នុង​ការព្យាបាល​អ្នក​កើត​រោគ​រមាស់​នៅ​ក្នុង​ពន្ធធនាគារ​ខេត្ត​បន្ទាយមានជ័យ។ រីឯ​មន្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ុម ចាន់គា បាន​ថ្លែង​ថា អ្នក​ទោស​ដេក​ផ្ទាល់​ឥដ្ឋ​និង​មិន​មាន​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​បាន។

លោក សាមុត សុខលី បាន​មាន​ប្រសាសន៍​ថា ៖ «កន្លែង​ពន្ធធនាគារ​គ្រាន់​ជា​កន្លែង​មួយ​ឃុំ​ឃាំង​សម្រាប់​កែ​នូវ​អត្តចរិត​ទេ មិន​មែន​ជា​កន្លែង​ធ្វើ​ទារុណកម្ម កន្លែង​លត់​ដំ កន្លែង​ធ្វើ​ទុក្ខ​បុកម្នេញ​ទេ អ៊ីចឹង​ហើយ​ត្រូវ​មាន​ការប្រើប្រាស់​ទឹក អី​គ្រប់គ្រាន់​ដូច​គេ​ដូច​ឯង​ដែរ។ វា​ប៉ះពាល់​យ៉ាង​ខ្លាំង ពី​ព្រោះ​មនុស្ស​មិន​មែន​ជា​សត្វ​ទេ យើង​យក​ទៅ​ដាក់​អ៊ីចឹង អត់​ទឹក​អត់​ភក់​អ៊ីចឹង អាង​តែ​គ្នា​អ្នក​ទោស អាង​តែ​គ្នា​ជន​ជាប់​សង្ស័យ​យក​ទៅ​ដាក់​អ៊ីចឹង តើ​គ្នា​មាន​ការឈឺចាប់​ប៉ុណ្ណា?»

គួរ​បញ្ជាក់​ថា អ្នក​ទោស​ចំនួន​៥៥៧​នាក់​ត្រូវ​បាន​ផ្លាស់​ចេញ​មក​ពី​ពន្ធធនាគារ​ចាស់​មក​ពន្ធធនាគារ​ថ្មី​ដែល​មាន​ចម្ងាយ​ពី​គ្នា​ប្រមាណ​៧​គីឡូម៉ែត​កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០០៩។ ពន្ធធនាគារ​ថ្មី​ដែល​កំពុង​ឃុំ​ខ្លួន​អ្នក​ទោស​មាន​បី​អគារ គឺ​អគារ A មាន​២០​បន្ទប់ អាគារ B មាន​២០​បន្ទប់ និង​អគារ C មាន​១២​បន្ទប់ សង់​លើ​ផ្ទៃ​ដី​ទំហំ​ជាង​៤​ហិកតារ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សេរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

ពន្ធធនាគារ​នេះ​កន្លង​មក​ត្រូវ​បាន​គេ​រិះគន់​ថា​មិន​មាន​លក្ខណៈ​សមស្រប​និង​មិន​សូវ​មាន​ការអើពើ​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ទោស​ឡើយ​ដែល​នាំ​ឲ្យ​អ្នក​ទោស​ស្ទើរ​តែ​គ្រប់​គ្នា​កើត​ជំងឺ​សើ​ស្បែក៕