កម្លាំង​ចម្រុះ​និង​កម្លាំង​អ្នក​ទោស​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​នៅ​ព្រះសីហនុ

កង​កម្លាំង​ចម្រុះ​ប្រដាប់​ដោយ​អាវុធ​វែង ខ្លី​ប្រមាណ​ជា ៧០នាក់ និង​មាន​កម្លាំង​អ្នក​ទោស​នៃ​ពន្ធនាគារ​ជិត ២០​នាក់​ផង បាន​ចុះ​រុះរើ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ នៅ​ក្រុម​ទី១៦ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ជា​ច្រើន​ខ្នង នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​ឧសភា។

0:00 / 0:00

មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស ​រិះគន់​ថា សមត្ថកិច្ច​គួរ​តែ​ផ្ដល់​ដំណឹង និង​រក​ដំណោះស្រាយ​សមស្រប​ជូន​ប្រជាពលរដ្ឋ ហើយ​មិន​គួរ​ប្រើ​កម្លាំង​អ្នក​ទោស​មក​ធ្វើការ​រុះរើ និង​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​ជាមួយ​ពលរដ្ឋ​នោះ​ទេ។

ក្រុម​អ្នក​ទោស ដែល​អាជ្ញាធរ​បញ្ជា​ចុះ​ឲ្យ​រុះរើ លំនៅ​ឋាន​ពលរដ្ឋ បាន​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​បែក​ក្បាល និង​សន្លប់​ភ្លាមៗ នៅ​ខណៈ​ដែល​គាត់​ព្យាយាម​ទៅ​ហាមឃាត់​គេ​កុំ​ឲ្យ​រុះរើ​ផ្ទះ និង​កាប់​ទ្រើង​ននោង​របស់​គាត់​ចោល។

ប្រជាពលរដ្ឋ​រង​គ្រោះ​ឈ្មោះ ម៉ម វណ្ណា អាយុ ៥២​ឆ្នាំ លោក​មាន​ប្រសាសន៍​ថា លោក​ដើរ​ចេញ​ពី​ក្នុង​ផ្ទះ​ទៅ​ហាម​ឃាត់​ក្រុម​អ្នក​ទោស ដែល​មាន​បញ្ជា​ពី​សមត្ថកិច្ច​ចម្រុះ​ឲ្យ​ចុះ​មក​ប្រតិបត្តិការ​នា​ពេល​នោះ មិន​ឲ្យ​រុះរើ​រោង និង​ទ្រើង​ននោង​ហូប​ផ្លែ​របស់​គាត់។

លោក ម៉ម វណ្ណា៖ «គេ​កាត់​មក​ឲ្យ​ខាង​នេះ ប្រជាជន និង​សង្កាត់​អី​គេ​ដឹង​លឺ​ថា​របស់​ខ្ញុំ ខាង​សង្កាត់​គេ​ថា​អត់​ប៉ះពាល់ តែ​បងប្អូន​អ្នក​ធ្វើការ គឺ​ធ្វើៗ​ទៅ​ទៀត​ទៅ វា​អីចឹង ចំ​ទ្រើង​ននោង​ខ្ញុំ ចាំ​ខ្ញុំ​រុះ​ខ្លួន​ឯង ប៉ុន្តែ​បង​ប្អូន​យើង អើ​ធម្មតា​ទេ គេ​មក គេ​ធ្វើ​ការ គេ​សមត្ថកិច្ច ប្រតាយ​ប្រតប់​គ្នា​ទៅ!»

លោក​បញ្ជាក់​ថា នៅ​ពេល​ប៉ះទង្គិច​ជា​មួយ​ក្រុម​អ្នក​ទោស​នោះ រូប​គាត់​ត្រូវ​គេ​ចាប់​វាយ​ខ្នោះ និង​វាយ​បែក​ក្បាល​ហូរ​ឈាម ហើយ​សន្លប់​បាត់​ស្មារតី។

អ្នក​ស្រី នូ សំ មាន​ប្រសាសន៍​ថា អ្នក​ស្រី​បាន​ឃើញ​ហេតុការណ៍​វាយ​តប់​គ្នា​ផ្ទាល់​ភ្នែក ហើយ​បាន​រត់​ចូល​ទៅ​ជួយ​ទៀត​ផង។

អ្នក​ស្រី នូ សំ៖ «ស្រាប់​តែ​ប្រតាយ​គ្នា វាយ​គ្នា ជា​មួយ​អា​អូន​ហ្នឹង​ទៅ ដល់​ដួល ខ្ញុំ​ឃើញ​គេ​យក​ខ្នោះ​មក​ដាក់​គ្នា ឈាម​ហូរ​រឡាក់​ហ្នឹង គាត់​សន្លប់ ខ្ញុំ​ក៏​ទៅ​ជួយ​រឹត អា​ប្រពន្ធ​នេះ​គេ​ចាប់ ខ្ញុំ​ទៅ​ជួយ​ចាប់​ប្ដី ដល់​ពេល​ប្ដី​គេ​យក​ដាក់​ឡាន ខ្ញុំ​ទៅ​ទាញ​ប្ដី​មក​ទៀត​បាន​មក​ជួប​និង​ប្រពន្ធ អា​ពួក​អស់​ហ្នឹង​រក​ចាប់​រំលោភ​ទៀត ហើយ​នៅ​ផ្ទះ​ប្រជាជន​នេះ​រុះរើ​អស់ ស្រែក​យំ ស្រែក​សស្រេកសស្រាក់​កូន​ប្រពន្ធ។ ខ្ញុំ​ម្នាក់​ឯង ក្មួយ ខ្ញុំ​ចាស់​ណា​ក្មួយ មិន​ដឹង​ទៅ​ធ្វើ​ម៉េច ដល់​ឥឡូវ​ចង់​ខ្យល់ចាប់»

អ្នក​ស្រី​បញ្ជាក់​ថា អ្នក​ស្រី​ជា​ស្ត្រី​មេម៉ាយ មាន​កូន ៧នាក់​ក្នុង​បន្ទុក ហើយ​បាន​មក​រស់​នៅ​ទី​នេះ​ជិត ១០ឆ្នាំ​ហើយ។ ក្រោយ​ពី​ការ​រុះ​រើ ដោយ​អត់​មាន​សំណង​នេះ ក្រុម​គ្រួសារ​គាត់​មិន​ដឹង​ថា​ទៅ​រស់​នៅ​កន្លែង​ណា​ទៀត​នោះ​ទេ។ អ្នកស្រី​បាន​ស្រែក​សុំ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​គិត​គូរ​ដល់​ពួក​គាត់ ដែល​កំពុង​រង​គ្រោះ​នេះ​ផង។

មន្ត្រី​សម្រប​សម្រួល នៃ​អង្គការ លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ លោក បួន ណារិទ្ធិ មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​គួរ​យក​អ្នក​ទោស ដែល​កំពុង​ជាប់​ឃុំ​មក​ធ្វើ​ការ​រុះរើ​លំនៅ​ឋាន និង​ប្រើ​ហិង្សា​វាយ​ដំ​មក​លើ​ប្រជាពលរដ្ឋ​នោះ​ឡើយ។

លោក បួន ណារិទ្ធិ៖ «តាម​ដែល​ខ្ញុំ​បាន​ចុះ​សម្ភាសន៍​ជា​មួយ​ប្រជាពលរដ្ឋ​ព្រឹកមិញ ភាគ​ច្រើន​ពួក​គាត់​បាន​មក​ចាប់​ដី​នេះ​រស់​នៅ ដែល​គាត់​យល់​ថា​ដី​នេះ គឺ​ជា​ដី​រដ្ឋ ហើយ​ពួក​គាត់​មក​ពី​ខេត្ត​ផ្សេងៗ ហើយ​គឺ​សុទ្ធ​តែ​អ្នក​ក្រីក្រ ហើយ​គាត់​មក​ប្រកបរបរ​រក​ស៊ី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​យើង​នេះ ពួកគាត់ អ្នក​ខ្លះ​ទើប​តែ​មក​ចាប់​ដី​នៅ អ្នក​ខ្លះ​មក​យូរ​ហើយ អ្នក​ខ្លះ​មក មាន​អាជ្ញាធរ​ដឹង​លឺ​ដែរ អីចឹង​គឺ​ចំណុច​នេះ​ហើយ ដែល​យើង​គួរ​គិត​ដោះស្រាយ​ឲ្យ​បាន​ល្អ កុំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ពី​ការ​ដែល​រុះរើ​ហ្នឹង»

លោក​បញ្ជាក់​ថា អ្នក​ទោស​គួរ​តែ​ត្រូវ​បាន​ដាក់​ទោស ឬ​ត្រូវ​ធ្វើ​ការ​នៅ​ក្នុង​ពន្ធនាគារ បើ​ទោះ​បី​ជា​អ្នក​ទោស​ទាំង​នោះ​ជិត​រួច​ទោស​ពី​ពន្ធនាគារ​ក៏​ដោយ។

ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ លោក សំ សុផល មាន​ប្រសាសន៍​ថា លោក​ត្រូវ​តែ​បញ្ចេញ​កម្លាំង​ពន្ធនាគារ ដោយ​សារ​តែ​ដី​នោះ គឺ​ជា​ដី​របស់​រដ្ឋ ដែល​សាលា​ខេត្ត​ប្រគល់​ឲ្យ​អង្គភាព​ពន្ធនាគារ ដើម្បី​សាងសង់​ពន្ធនាគារ​ជំនួស​ទីតាំង​ចាស់ ដែល​មាន​ទីធ្លា​តូច​ចង្អៀត​ពេក។

លោក សំ សុផល៖ «គាត់​ធ្វើ​ហ្នឹង បើ​និយាយ​រួម គាត់​ខុស​ហ្មង​ហ្នឹង ដើរ​សង់​អត់​មាន​សុំ​អី​ទេ ហើយ​នាំ​គ្នា​មក​ធ្វើ​ប្រិបៗ ធ្វើ​ហ្នឹង ធ្វើ​ទាំង​លួច​លាក់​ទៀត ហើយ​ដល់​កម្លាំង​ទៅ​ដល់ ជេរ​ប្រមាថ​តិះដៀល គាត់​ថា​អី​ថា​ទៅ យើង​គ្រាន់​តែ​ថា ឲ្យ​គាត់​រុះរើ​ចេញ​ពី​កន្លែង​ហ្នឹង កុំ​ឲ្យ​មាន​បញ្ហា ព្រោះ​ដី​នេះ​តម្រូវ​ការ​ឲ្យ​ពន្ធនាគារ​ហើយ»

លោក​បន្ត​ថា ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១០​គ្រួសារ ទើប​តែ​មក​តាំង​ទីលំនៅ​អនាធិបតេយ្យ​ថ្មីៗ​នេះ​ទេ។ ឥឡូវ​នេះ ក្រុម​ការងារ​របស់​លោក បាន​បោះ​ព្រំប្រទល់​ដី​ហើយ ហើយ​ដី​ដែល​ត្រូវ​បោះ​បង្គោល​នោះ​មាន​ទំហំ​ពី៤ ទៅ៥ ហិកតារ ដើម្បី​ទុក​សាងសង់​ពន្ធនាគារ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ច្បាស់​ថា នឹង​សាងសង់​នៅ​ពេល​ណា ហើយ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​អស់​ប៉ុន្មាន​នោះ​ទេ។

លោក​បញ្ជាក់​ថា ពន្ធនាគារ​ខេត្ត​ព្រះសីហនុ នៅ​សង្កាត់​លេខ៣ នា​ពេល​បច្ចុប្បន្ន​មាន​ទំហំ ៩០អារ ហើយ​មាន​អ្នក​ទោស​ជិត ៤០០នាក់។ ទើប​ថ្មីៗ​នេះ អង្គភាព​ពន្ធនាគារ​ខេត្ត ទទួល​បាន​គម្រោង​សាងសង់​ពី​ក្រសួង​មហាផ្ទៃ​ឲ្យ​បាន​ធំ​ទូលាយ​ជាង​មុន ស្ថិត​នៅ​ចំណុច​ក្រុម​ទី១៦ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។