អាជ្ញាធរ​ស្វែងរក​ការ​បិទ​មន្ទីរ​ព្យាបាល​ជំងឺ​មួយ​នៅ​រតនគិរី

មន្ត្រី​ក្រសួង​សុខាភិបាល​កំពុង​ស្វែងរក​ការ​បិទ​មន្ទីរ​ព្យាបាល​ជំងឺ​មួយ​នៅ​ខេត្ត​រតនគិរី ក្រោយ​ពី​មាន​របាយការណ៍​ពី​អ្នក​ភូមិ​អះអាង​ថា មាន​អ្នក​ជំងឺ​ថ្មី​ម្នាក់​ទៀត​ហើយ​ដែល​បាន​បាត់បង់​ជីវិត​ក្រោម​ការ​ព្យាបាល​របស់​មន្ទីរ​ពេទ្យ​នេះ។

0:00 / 0:00

លោក ថា ប៊ុនថាក់ សមាជិក​គណៈ​គ្រូពេទ្យ​ថ្នាក់​ជាតិ​និង​ជា​អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ឲ្យ​ដឹង​ថា ៖ «មន្ទីរ​បាន​ធ្វើ​លិខិត​បិទ​គ្លីនិក​ហ្នឹង​ក្នុង​លក្ខណៈ​ដែល​មាន​ការ​ស៊ើប​អង្កេត​ហ្នឹង។ ខាង​ប៉ូលិស​គាត់​ថា ព្រះរាជអាជ្ញា​បាន​ប្រគល់​ឲ្យ​គាត់​ហើយ»

បុរស​កសិករ​ម្នាក់​បាន​ស្រែក​យំ​និង​ទាមទារ​រក​យុត្តិធម៌​ចំពោះ​មុខ​សាកសព​ភរិយា​ទើប​ស្លាប់ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​ពី​គ្លីនិក​ចិន​មួយ ឈ្មោះ ប៉េកាំង។ ភរិយា​គាត់​ស្លាប់​កាល​ពី​វេលា​ម៉ោង​៥​ភ្លឺ ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ពេល​នាំ​ពី​ភូមិ​មក​ដល់​មន្ទីរ​ពេទ្យ​ខេត្ត​បាន​តែ​១៥​នាទី​តែ​ប៉ុណ្ណោះ។

ឈុន សឿន ឲ្យ​ដឹង​ថា ភរិយា​គាត់​ឈ្មោះ ជីវន មាន​ជំងឺ​គ្រុន​ញាក់​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ គាត់​បាន​នាំ​ទៅ​កាន់​គ្លីនិក​ចិន​ដែល​បើក​សេវាកម្ម​ព្យាបាល​ជំងឺ​ឯកជន​នៅ​ក្រុង​បានលុង ហើយ​គ្រូពេទ្យ​ចិន​បាន​ទទួល​ព្យាបាល​ដោយ​ថត​អេកូសាស្ត្រ​និង​ចាក់​សេរ៉ូម ហើយ​ប្រគល់​ថ្នាំ​ពេទ្យ​និង​សេរ៉ូម​ផ្លាក​សញ្ញា​ជា​ភាសា​ចិន​សម្រាប់​ព្យាបាល​នៅ​ផ្ទះ​ចំនួន​បី​ថ្ងៃ ក៏​ប៉ុន្តែ​ការ​ព្យាបាល​នៅ​ផ្ទះ ជំងឺ​ភរិយា​គាត់​កាន់តែ​ដុនដាប​ទើប​គាត់​ដឹក​ជញ្ជូន​មក​មន្ទីរ​ពេទ្យ តែ​ជា​អកុសល​គ្រូ​ពេទ្យ​ខេត្ត​មិន​អាច​សង្គ្រោះ​ភរិយា​គាត់​បាន ៖ «ប្រពន្ធ​ខ្ញុំ​មក​នៅ​ដើរ​រួច ដល់​មក​ដល់​ណេះ​ស្រាប់​តែ​ទៅ​ជា​ស្លាប់»

ម្ចាស់​គ្លីនិក​ជា​ជនជាតិ​ចិន​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ទាក់ទិន​នឹង​ការ​ស្លាប់​អ្នក​ភូមិ​ខាង​លើ​នេះ។

លោក ផេង លីន វេជ្ជបណ្ឌិត​ផ្នែក​សង្រ្គោះ​បន្ទាន់​នៃ​មន្ទីរ​ពេទ្យ​ខេត្ត​រតនគិរី មាន​ប្រសាសន៍​ថា គ្រូ​ពេទ្យ​មិន​អាច​វាយ​តម្លៃ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​អ្នក​ភូមិ​បាន​ទេ។

លោក ផេង លីន បាន​បញ្ជាក់​ថា ៖ «ព្រោះ​ដោយសារ​ជំងឺ​អ៊ីចេះ រៀប​ចូល​មក​គឺ​ជិត​ស្លាប់​ហើយ នៅ​តែ​ខ្យល់​ដង្ហើម»

ក្រុម​សមត្ថកិច្ច​ខេត្ត​រតនគិរី​មាន​មន្ត្រី​មន្ទីរ​សុខាភិបាល នគរបាល និង​ព្រះរាជអាជ្ញា​រង​តុលាការ ចុះ​មក​អង្កេត​ភ្លាមៗ​នៅ​ទីតាំង​គ្លីនិក​នៅ​ឯ​ភូមិ​មួយ​ក្នុង​ក្រុង​បានលុង នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ហើយ​តម្រូវ​ឲ្យ​គ្លីនិក​នោះ​បិទ​ទ្វារ​និង​នាំ​ខ្លួន​ម្ចាស់​គ្លីនិក​ទៅ​កាន់​ស្នងការដ្ឋាន ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ជុំវិញ​ហេតុការណ៍​ទាំង​អស់​នោះ។

លោក សាំង សារី អគ្គ​នាយក​រង​បច្ចេកទេស​នៃ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ថា មន្ទីរ​សុខាភិបាល​ខេត្ត​ត្រូវតែ​ចេញ​លិខិត​បិទ​គ្លីនិក​ខុស​ច្បាប់​នេះ​ជាមួយ​វិធានការ​ដាក់​ពិន័យ​ផង។

លោក សាំង សារី បាន​ថ្លែង​ថា ៖ «ចាំ​ខ្ញុំ​តេ​បញ្ជា​ទៅ​គាត់​ឲ្យ​បិទ​ជា​បន្ទាន់។ គឺ​ជន​បរទេស​មិន​អាច​បើក​ជា​បន្ទប់​ពិគ្រោះ​ជំងឺ​បាន​ទេ គាត់​អត់​ដែល​មាន​សញ្ញាបត្រ​អី​ទេ!»

កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី​និង​សមត្ថកិច្ច​ប៉ូលិស​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​គ្លីនិក​ចិន​ឈ្មោះ​ប៉េកាំង​នេះ​ម្តង​រួច​ទៅ​ហើយ ដោយ​រក​ឃើញ​មាន​ប្រើប្រាស់​ថ្នាំ​ពេទ្យ​នាំ​ចូល​ពី​ប្រទេស​ចិន គ្មាន​ទិដ្ឋាការ​ពី​ក្រសួង​សុខាភិបាល​សម្រាប់​ព្យាបាល​ជំងឺ មាន​បុគ្គលិក​មិន​មែន​ជា​គ្រូ​ពេទ្យ​តែ​ស្លៀក​ពាក់​ឯកសណ្ឋាន​ពេទ្យ ម្ចាស់​គ្លីនិក​គ្មាន​សញ្ញាបត្រ និង​ការ​អនុញ្ញាត​ឲ្យ​បើក​គ្លីនិក រួម​ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​វិទ្យុ។

ការ​ស្លាប់​របស់​អ្នក​ភូមិ​រូប​នេះ​ត្រូវ​មន្ត្រី​ពេទ្យ​រាយ​ការណ៍​ថា ជា​ករណី​ទី​៣​ហើយ​បន្ទាប់​ពី​មាន​អ្នក​ភូមិ​២​នាក់​ទៀត​រង​គ្រោះ​ដោយសារ​ការ​ព្យាបាល​នៅ​គ្លីនិក​ប៉េកាំង​នេះ៕