មន្ទីរ​ទេសចរណ៍​ខែត្រ​បន្ទាយមានជ័យ​គ្រោង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ដល់​អ្នក​រត់​តាក់ស៊ី

មន្ត្រី​ខ្មែរ​ថ្លែង​ថា មន្ទីរ​ទេសចរណ៍​ខែត្រ​បន្ទាយមានជ័យ​នឹង​បើក​វគ្គ​បណ្តុះ​បណ្តាល​ដល់​អ្នក​រត់​តាក់ស៊ី​នា​ខែ​ធ្នូ ឆ្នាំ​២០០៨​នេះ ប្រយោជន៍​ដើម្បី​លើក​ស្ទួយ​សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។

0:00 / 0:00

ប្រធាន​មន្ទីរ​ទេសចរណ៍​ខែត្រ​បន្ទាយមានជ័យ លោក ជុង លឹម បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ថា វគ្គ​បំពាក់​បំប៉ន​នោះ​ផ្តោត​ជា​សំខាន់​លើ​របៀប​ធ្វើ​បដិសណ្ឋារកិច្ច​ពី​អ្នក​បើកបរ​តាក់ស៊ី​ចំពោះ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ។

លោក ជុង លឹម បាន​ឲ្យ​ដឹង​ថា ៖ «អ្នក​តាក់ស៊ី​គឺ​នឹង​ហៅ​រៀន​វគ្គ​បដិសណ្ឋារកិច្ច​ដើម្បី​បំពាក់​បំប៉ន​អំពី​របៀប​របប​នៃ​ការទទួល​ភ្ញៀវ»

លោក​បាន​បន្ត​ថា អ្នក​រត់​តាក់ស៊ី​ជា​សមាជិក​សមាគម​នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​មន្ទីរ​ទេសចរណ៍​មាន​សុពលភាព​រយៈពេល​មួយ​ឆ្នាំ​ចាប់ផ្តើម​ផ្តល់​ជូន​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០០៨។ អ្នក​បើក​តាក់ស៊ី​ទាំងអស់​តម្រូវ​ឲ្យ​មាន​ឯកសណ្ឋាន​អាវ​ពណ៌​ពង​ក្រសា​និង​ខោ​ជើង​វែង​ពណ៌​ទឹក​ប៉ិច​នៅ​ពេល​បើកបរ​ដឹក​ទេសចរណ៍​ភ្ញៀវ​អន្តរជាតិ។

លោក ជុង លឹម បាន​បញ្ជាក់​ថា ៖ «ក្នុង​តាក់ស៊ី​ខ្ញុំ​ដាក់​ទៀត ហើយ​សមាគម​ដែល​មាន​សិទ្ធិ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​រាយ​គឺ​មាន​ឈ្មោះ​អ្នក​បើកបរ មាន​លេខ​ទូរស័ព្ទ មាន​ម៉ាក​ឡាន មាន​ស្លាក​លេខ មាន​ចំនួន​ភ្ញៀវ​ទេសចរណ៍​ដែល​ត្រូវ​ជិះ ប្រុស​ស្រី​ប៉ុន្មាន ជនជាតិ​អី​ខ្លះ ហើយ​ថ្ងៃ​ចេញ​ដំណើរ​ថ្ងៃ​ណា ចេញ​វេលា​ម៉ោង​ប៉ុន្មាន»

លោក ដួង វិបុល អគ្គលេខាធិការ​សមាគម​ទេសចរណ៍ ឧត្តមរិទ្ឋី និង​ដឹក​ជញ្ជូន បាន​ថ្លែង​ថា ចំនួន​តាក់ស៊ី​ដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​សមាគម​បច្ចុប្បន្ន​មាន​ចំនួន​៧០​គ្រឿង ហើយ​សមាគម​គ្រោង​នឹង​បញ្ជូន​ឈ្មោះ​ម្ចាស់​តាក់ស៊ី​ទៅ​មន្ទីរ​ទេសចរណ៍​ក្នុង​ពេល​ឆាប់ៗ​ដើម្បី​ធ្វើ​អាជ្ញាប័ណ្ណ។

លោក​បាន​បន្ត​ថា ម្ចាស់​តាក់ស៊ី​មួយចំនួន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​វិច្ឆកា ក៏​បាន​តវ៉ា​ដែរ​ពី​ចំនួន​ទឹក​ប្រាក់​ដែល​តម្រូវ​ឲ្យ​ទិញ​អាជ្ញាប័ណ្ណ​ពី​មន្ទីរ​ទេសចរណ៍​នោះ។

លោក ដួង វិបុល បាន​មាន​ប្រសាសន៍​ថា ៖ «ប្រធាន​មន្ទីរ​គាត់​បាន​សួរ​យោបល់​ទៅ​ខាង​តាក់ស៊ី តើ​មាន​លទ្ធភាព​ក្នុង​ការបង់​ទៅ​លើ License មួយ​ឆ្នាំ​ប៉ុន្មាន អ្នក​ខ្លះ​គេ​ថា​មាន​លទ្ធភាព​២០​ម៉ឺន​រៀល អ្នក​ខ្លះ​ថា​គេ​មាន​លទ្ធភាព​៥​ម៉ឺន​រៀល»

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ជុង លឹម ប្រធាន​មន្ទីរ​ទេសចរណ៍​ខែត្រ​បន្ទាយមានជ័យ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ថវិកា​ដែល​តម្រូវ​ឲ្យ​ទិញ​អាជ្ញាប័ណ្ណ​នោះ​ទេ។

ចំណែក​ឯ​អ្នក​រត់​តាក់ស៊ី​នៅ​ប៉ោយប៉ែត​ម្នាក់​ដែល​មិន​បាន​ចូល​ជា​សមាជិក​របស់​សមាគម​តាក់ស៊ី​បាន​សម្តែង​ការយល់​ឃើញ​ផ្ទាល់ខ្លួន​ថា ៖ «គិត​ទៅ​ដូច​ជា​មិន​ល្អ​ទេ ភ្ញៀវ​រអ៊ូរទាំ​ច្រើន​ដែរ។ ភ្ញៀវ​គេ​ចង់​ជិះ​ឡាន​សេរី ហើយ​ពួក​ហ្នឹង​ភ្ញៀវ​មក អត់​មាន​ឲ្យ​ដើរ​ជិះ​ឡាន​ណា​ផ្សេង​ក្រៅ​បាន​ទេ គឺ​មាន​តែ​ឡាន​ក្រុមហ៊ុន​គេ​ហ្នឹង ទី​១។ ទី២​ទៀត ឡាន​ក្រៅ​ពី​ឡាន​សមាជិក​ដែល​គេ​បង់​ចូល​ជា​សមាជិក​របស់​គេ​ហ្នឹង គឺ​មិន​អាច​ដឹក​បាន​ទេ អ្នក​ណា​ដឹក​គេ​ផាក»

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ជុង លឹម ប្រធាន​មន្ទីរ​ទេសចរណ៍​ខែត្រ​បន្ទាយមានជ័យ​បាន​ថ្លែង​ថា វិធានការ​កែលម្អ​សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​របស់​អ្នក​រត់​តាក់ស៊ី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ គឺ​អាច​ជួយ​លើកស្ទួយ​មុខមាត់​ប្រទេស​ជាតិ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត៕