តំណាងក្រុមហ៊ុន ខេឌីស៊ី គឺលោក ថៃ ហ៊ី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីព្រឹកថ្ងៃទី២១ មិថុនា ថា លោកពិតជាបានដាក់បណ្ដឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំង តាមសំណូមពររបស់នាយិកាក្រុមហ៊ុន ខេឌីស៊ី គឺលោកស្រី ជា ខេង ភរិយាលោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនៃរាជរដ្ឋាភិបាលមែន តែលោកមិនអាចធ្វើអត្ថាធិប្បាយអ្វីផ្សេងទៀតបានទេ ព្រោះក្រុមហ៊ុនបានចាត់តាំងឲ្យមេធាវីក្រុមហ៊ុនជាអ្នកការពារក្ដីក្នុងរឿងនេះ។
លោក ថៃ ហ៊ី បានបញ្ជាក់ថា ៖ «ពាក្យហ្នឹងគាត់ឲ្យខ្ញុំយកមកដាក់ឲ្យព្រះរាជអាជ្ញាមែន តែមិនដឹងជាថ្ងៃណាទេ! ហើយគាត់ឲ្យខ្ញុំធ្វើជាតំណាងឲ្យគាត់ មានការអី មេធាវីគាត់ជាអ្នកការពារ...»។
គួររំឭកថា កាលពីថ្ងៃទី២៦ ធ្នូ ឆ្នាំ២០០៩ វិទ្យុអាស៊ីសេរីបានផ្សាយព័ត៌មានស្ដីពីប្រតិកម្មរបស់ប្រជាពលរដ្ឋភូមិឡពាង ចំពោះការឈូសឆាយដីរបស់ក្រុមហ៊ុន ខេឌីស៊ី ដោយបានសម្ភាសន៍ជាមួយប្រជាពលរដ្ឋ ២រូប គឺលោក រាជ សីម៉ា និងអ្នកស្រី កែវ សុខា ដែលពួកគាត់បានចោទប្រកាន់ថា ក្រុមហ៊ុន ខេឌីស៊ី បានឈូសឆាយដីដែលកំពុងមានទំនាស់ជាមួយពួកគាត់។ ឯលោក សំ ចាន់គា ត្រូវបានវិទ្យុអាស៊ីសេរីស្រង់សម្ដីថា សកម្មភាពនេះជាការរំលោភច្បាប់ ព្រោះដីនេះកំពុងមានទំនាស់ ភាគីទាំងសងខាងពុំអាចធ្វើអ្វីបាន មុនពេលមានការសម្រេចរបស់តុលាការឡើយ។ ការផ្សាយនេះ ក្រុមហ៊ុន ខេឌីស៊ី បានប្ដឹងមន្ត្រីសមាគម អាដហុក ការពារសិទ្ធិមនុស្សខេត្តកំពង់ឆ្នាំង ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត។
ប្រភពពីមន្ត្រីនៃសាលាដំបូងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លោក ថៃ ហ៊ី តំណាងឲ្យលោកស្រី ជា ខេង នាយិកាក្រុមហ៊ុន ខេឌីស៊ី បានយកបណ្ដឹងនេះមកដល់សាលាដំបូងនៅថ្ងៃទី៣ ខែមិថុនា។ ពាក្យបណ្ដឹងបានចោទប្រកាន់ថា លោក សំ ចាន់គា មន្ត្រីសម្របសម្រួលសមាគម អាដហុក ការពារសិទ្ធិមនុស្សខេត្តកំពង់ឆ្នាំង បាននិយាយតាមវិទ្យុអាស៊ីសេរីថា ក្រុមហ៊ុន ខេឌីស៊ី បានឈូសឆាយដីរបស់ប្រជាជនភូមិឡពាង ប៉ុន្តែពេលនោះក្រុមហ៊ុនមិនបានឈូសឆាយដូចការពោលអះអាងរបស់លោក សំ ចាន់គា នោះទេ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង គឺលោក ពេញ វិបុល មានប្រសាសន៍ថា សាលាដំបូងពិតជាបានទទួលពាក្យបណ្ដឹងមួយពីក្រុមហ៊ុន ខេឌីស៊ី មែន។ លោកថា បន្ទាប់ពីទទួលពាក្យបណ្ដឹង លោកក៏បានចាត់ការតាមនីតិវិធីរបស់តុលាការ ដោយបញ្ជូនសំណុំរឿងនេះទៅឲ្យស្នងការប៉ូលិសខេត្តកំពង់ឆ្នាំងធ្វើការអង្កេត តែលទ្ធផលយ៉ាងណានោះលោកពុំទាន់បានដឹងនៅឡើយ។
មន្ត្រីសមាគម អាដហុក ការពារសិទ្ធិមនុស្សខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា បានស្វាគមន៍ចំពោះបណ្ដឹងនេះ។ លោកមានប្រសាសន៍ថា លោករីករាយនឹងធ្វើការតស៊ូតាមផ្លូវច្បាប់។ អ្វីដែលលោកបារម្ភនោះ គឺការប្រើកម្លាំងក្រៅផ្លូវច្បាប់ប៉ុណ្ណោះ។
លោក សំ ចាន់គា បានអះអាងថា ៖ «កន្លងមកគេធ្លាប់ប្ដឹងយកតំណាងប្រជាជន ២ជំនាន់មកហើយ ដាក់គុកបានតាមគំនិតរបស់គេ។ អ៊ីចឹងហើយគេមានគំនិតគំរាម គ្រាន់តែគំរាមអាដហុកមិនឲ្យបន្តគាំទ្រប្រជាជនតែប៉ុណ្ណោះ! ហើយយើងខ្លាចតែគាត់ប្រើក្រៅពីហ្នឹង បើគាត់ប្រើប្រព័ន្ធតុលាការ យើងអត់ខ្លាចទេ!»។
គួរបញ្ជាក់ថា បណ្តឹងរបស់ក្រុមហ៊ុន ខេឌីស៊ី បានកើតមានឡើងបន្ទាប់ពីសមាគម អាដហុក ការពារសិទ្ធិមនុស្សខេត្តកំពង់ឆ្នាំង បានជំរុញតុលាការខេត្តកំពង់ឆ្នាំង លើកយកករណីក្លែងបន្លំស្នាមមេដៃប្រជាជនភូមិឡពាង ដែលប្រព្រឹត្តឡើងដោយលោក ឌី ឌឿន បច្ចុប្បន្នជាមេឃុំតាជេស្ឋ មកធ្វើសវនាការ ដោយលោកយល់ថា ករណីដូចគ្នានេះនៅមានច្រើនទៀតក្នុងបញ្ហាជម្លោះដីធ្លីនៅភូមិឡពាងនេះ៕