សង្គម​ស៊ីវិល​សាទរ​គោល​នយោបាយ​រួម​ថ្នាក់​តំបន់​ទន្លេ​មេគង្គ​ក្រោម​ដើម្បី​ស្ត្រី

រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​កិច្ចការ​នារី សុខភាព អប់រំ បរិស្ថាន និង​ផ្នែក​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ បាន​ជួប​ពិភាក្សា​រយៈពេល​២​ថ្ងៃ នៅ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​សប្ដាហ៍​មុន។
ដោយ សុ ជីវី
2012-07-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សមភាព​យេនឌ័រ ប្រទេស​ទន្លេ​មេគង្គ​ក្រោម ៣០៥
រដ្ឋមន្ត្រី និង​អនុរដ្ឋមន្ត្រី នៃ​បណ្ដា​ប្រទេស​ទន្លេ​មេគង្គ​ក្រោម​ទាំង​៥ ជួប​ពិភាក្សា​គ្នា​លើ​គោល​នយោបាយ​លើក​ទី១ ស្តី​ពី​សមភាព​យេនឌ័រ និង​ការ​លើក​កម្ពស់​ភាព​អង់អាច​របស់​ស្ត្រី នា​សណ្ឋាគារ​សូហ្វីតែល (Sofitel Hotel) ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Hang Savyouth

ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក កិច្ច​សន្ទនា​នោះ​មាន​បំណង​ស្វែង​យល់​ពី​បញ្ហា​របស់​ស្ត្រី ដើម្បី​បង្កើត​នូវ​គោល​នយោបាយ​រួម ជំរុញ​សមភាព​យេនឌ័រ និង​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​គម្រោងការណ៍​បង្កើត​អោយ​មាន​គោល​នយោបាយ​រួម​ថ្នាក់​តំបន់ គឺ​មាន​សារប្រយោជន៍​សម្រាប់​ការ​តស៊ូ​មតិ ដើម្បី​សិទ្ធិ​ស្ត្រី។

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ស្ត្រី ដែល​មក​ពី​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ក្រោម រួម​មាន កម្ពុជា វៀតណាម ឡាវ ថៃ បូក​នឹង​ប្រទេស​ភូមា​ផង បាន​ព្រមព្រៀង​គ្នា​ថា ដើម្បី​ជំរុញ​អោយ​ស្ត្រី​ចូល​រួម​បាន​ច្រើន​នៅ​ក្នុង​ផ្នែក​សំខាន់ៗ​នៅ​ក្នុង​ការ​ដឹក​នាំ​សង្គម គឺ​ត្រូវ​កែ​លម្អ​អោយ​វិស័យ​សំខាន់​ចំនួន​៤ បាន​ផ្ដល់​ប្រយោជន៍​អោយ​បាន​ច្រើន​ដល់​ស្ត្រី។

សេចក្ដី​ថ្លែងការណ៍​រួម ស្ដីពី​កិច្ច​សន្ទនា​គោល​នយោបាយ​ពាក់ព័ន្ធ​នឹង​ស្ត្រី និង​សមភាព​យេនឌ័រ ក្រោម​គំនិត​ផ្ដួចផ្ដើម​សហរដ្ឋអាមេរិក និង​ប្រទេស​នៃ​ទន្លេ​មេគង្គ​ក្រោម បាន​បង្ហាញ​ថា សង្គម​គ្រួសារ ក៏​ដូច​សង្គម​ជាតិ អាច​រឹងមាំ​ទៅ​បាន​ល្គឹក​ណា ស្ត្រី និង​ក្មេង​ស្រី ទទួល​បាន​ការ​ថែទាំ​សុខភាព ដែល​មាន​ប្រសិទ្ធភាព ក្មេង​ស្រី​វ័យ​ជំទង់​បាន​បញ្ចប់​ការ​សិក្សា មាន​ទឹក​ស្អាត​ប្រើប្រាស់ ទទួល​បាន​ប្រយោជន៍​ពី​ការ​ប្រើប្រាស់​ថាមពល​ដី​ព្រៃ និង​មាន​លទ្ធភាព​ប្រើប្រាស់​សម្ភារៈ​បច្ចេកវិទ្យា។

សេចក្ដី​ថ្លែងការណ៍​រួម​ដដែល​ចេញ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា កន្លង​ទៅ អោយ​ដឹង​ទៀត​ថា ក្រុម​នេះ​គ្រោង​នឹង​បង្កើត​គោល​នយោបាយ​ថ្មី​មួយ​ជា​រួម​សម្រាប់​តំបន់​ទន្លេ​មេគង្គ​ក្រោម ទៅ​តាម​ការ​ផ្ដល់​យោបល់​ពី​កិច្ច​ពិភាក្សា​នេះ។

រដ្ឋមន្ត្រី​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី មាន​ប្រសាសន៍​ថា ការ​បង្កើត​គោល​នយោបាយ​រួម​នេះ គឺ​នឹង​ធ្វើ​សំឡេង​នៃ​ការ​ទាមទារ ឬ​ការ​តស៊ូ​មតិ ដើម្បី​សិទ្ធិ​ស្ត្រី​បាន​រួម​ជា​សំឡេង​តែ​មួយ​នឹង​មាន​ឥទ្ធិពល។ អ្នកស្រី អ៊ឹង កន្ថាផាវី បន្ត​ថា រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​អាច​នឹង​ឆាប់​ចាប់​អារម្មណ៍​ចំពោះ​ការ​ទាមទារ​រួម​គ្នា។

ស្រប​គ្នា​នេះ​ដែរ គេ​គ្រោង​នឹង​បង្កើត​អោយ​មាន​ក្រុម​ការងារ​យេនឌ័រ នៃ​គំនិត​ផ្ដួចផ្ដើម​ទន្លេ​មេគង្គ​ក្រោម ដែល​មាន​ការ​ចូល​រួម​ពី​បុរស និង​ស្ត្រី នៃ​ប្រទេស​ទាំង​នេះ ដើម្បី​បំពេញ​ការងារ​ទៅ​តាម​គោលដៅ។

មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា បាន​សាទរ​ចំពោះ​ការ​បង្កើត​គោល​នយោបាយ​ថ្មី​នេះ ប៉ុន្តែ​បាន​បញ្ជាក់​ថា កម្ពុជា​នឹង​ពិបាក​ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍​ពី​គោល​នយោបាយ​រួម​នេះ នៅ​ពេល​ដែល​កម្ពុជា​មាន​ភាព​ប្រសើរ​តែ​នៅ​ក្នុង​ក្រដាស ចំណែក​ការ​អនុវត្ត​មិន​ទាន់​បាន​ត្រឹម​ត្រូវ។

នាយិកា​អង្គការ សីលកា អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវ​ត្រៀម​រៀបចំ​រចនាសម្ព័ន្ធ​មួយ​ចំនួន​សម្រាប់​ទាញ​យក​ផល​ពី​គម្រោងការណ៍​នេះ។

សហរដ្ឋអាមេរិក ដែល​គាំទ្រ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ទន្លេ​មេគង្គ​ក្រោម បាន​សម្រេច​ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់ ៥០​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍ​រយៈពេល​៣​ឆ្នាំ ទៅ​ដល់​បណ្ដា​ប្រទេស​នៃ​បណ្ដា​ទន្លេ​មេគង្គ​ក្រោម​ទាំង​នេះ។

អ្នក​តំណាងរាស្ត្រ​ស្ត្រី​នៃ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា ចំពោះ​ស្ថានភាព​នៅ​កម្ពុជា គឺ​ត្រូវ​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន ដែល​នឹង​ជំរុញ​អោយ​ស្ត្រី​នៅ​កម្ពុជា អាច​ទទួល​បាន​ប្រយោជន៍​ពី​ជំនួយ​របស់​សហរដ្ឋអាមេរិក នេះ។

ស្រប​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ជំរុញ​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ក្រោម រួម​ទាំង​កម្ពុជា អោយ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​ជួប​ប្រទះ​របស់​ស្ត្រី ក្នុង​ការ​ចូល​រួម​អោយ​បាន​ពេញ​លេញ​ក្នុង​សេដ្ឋកិច្ច​សង្គម ដែល​មាន​ន័យ​ថា ផ្ដល់​ឱកាស​ដល់​ស្ត្រី គឺ​ជួយ​ក្នុង​ការ​បង្កើន​សេដ្ឋកិច្ច​ជាតិ។ អ្នកស្រី​បន្ត​ថា ក្របខណ្ឌ​ច្បាប់​កម្ពុជា គួរ​គិតគូរ​អោយ​បាន​ម៉ត់ចត់​ពី​អត្ថប្រយោជន៍​របស់​ស្ត្រី ជាពិសេស​ស្ត្រី​នៅ​ក្នុង​វិស័យ​ការងារ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​កម្ពុជា អ្នកស្រី អ៊ឹង កន្ថាផាវី អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុក​ចំពោះ​ការ​ជំរុញ និង​លើក​កម្ពស់​សិទ្ធិ​ស្ត្រី ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​យក​ជា​គំរូ។

ដោយ​ឡែក​រហូត​មក​ដល់​ពេល​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​កម្ពុជា​បាន​រិះគន់​ថា ការ​អភិវឌ្ឍ​ដោយ​គ្រប់​រូបភាព​នៅ​កម្ពុជា គឺ​ពុំ​ទទួល​ការ​ចូលរួម​អោយ​បាន​ពេញ​លេញ​ពី​ក្រុម​ស្ត្រី នៅ​តាម​មូលដ្ឋាន​ឡើយ។ ហើយ​ការ​អភិវឌ្ឍ​ទាំង​នោះ ធ្វើ​អោយ​ប៉ះពាល់​ច្រើន​ទៅ​លើ​ស្ត្រី និង​កុមារី ជាពិសេស គឺ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន និង​ការ​ផ្ដល់​ដី​សម្បទាន​គ្រប់​ប្រភេទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល