បញ្ហា​ចម្រូង​ចម្រាស​នៃ​គម្រោង​ចែក​អង្ករ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី

គម្រោង​ចែក​អង្ករ​ដល់​ជន​ក្រីក្រ​ដែល​រស់នៅ​តាម​តំបន់​ក្បែរ​ដង​ទន្លេ​សាប​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ចម្រូង​ចម្រាស​ស្ទើរ​គ្រប់​កន្លែង។

«៤​ឃុំ​នៅ​ក្នុង​ស្រុក​កំពង់ឆ្នាំ​នេះ​អ្នក​ដែល​ស្រេក​ឃ្លាន​គឺ​អត់​ទាំងអស់ អ្នក​ដែល​មិន​ស្រេក​ឃ្លាន​គឺ​បាន​ដល់​តែ​មែនទែន​ឡង់គ្រិស័រ ២០០៥ ជិះ​ហើយ នៅ​បាន​អង្ករ​ទៀត គេ​ថៅកែ​ឡូត៍​ហើយ​មក​បើក​អង្ករ​ទៀត មាន​តែ​យក​ទៅ​ឲ្យ​ជ្រូក​ស៊ី?»

មនុស្ស​ជា​ច្រើន​ឃុំ​នៅ​ខេត្ត​កំពង់ឆ្នាំង​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ថ្លែង​ដូចៗ​គ្នា​អំពី​ការចែក​អង្ករ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB សហការ​ជាមួយ​រដ្ឋាភិបាល​ខ្មែរ​មិន​បាន​ដល់​ដៃ​អ្នក​ក្រីក្រ​ពិត​ប្រាកដ​ឡើយ។

ប្រភព​ពី​អ្នក​ភូមិ​នៅ​ក្នុង​ឃុំ​ផ្សារ​ឆ្នាំង ស្រុក​ជលគិរី ខេត្ត​កំពង់ឆ្នាំង ឲ្យ​ដឹង​ថា អ្នក​ភូមិ​បាន​លើក​គ្នា​មក​តវ៉ា​ជា​ច្រើន​នាក់​នៅ​ក្នុង​កន្លែង​ចែក​អង្ករ​មួយ​ក្នុង​វត្ត​អារាម​ដើម្បី​បញ្ជាក់​ថា ខ្លួន​ជា​អ្នក​ក្រីក្រ​ពិត​ប្រាកដ​គ្មាន​ដី​ធ្លី​ស្រែ​ចម្ការ​ជា​ក្រុម​គ្រួសារ​ជន​ពិការ និង​ជា​ក្រុម​គ្រួសារ​ដែល​មាន​កូន​ចៅ​ច្រើន​នាក់​នៅ​ក្នុង​បន្ទុក ៖ «ហេតុ​អី​បាន​ជា​ខ្ញុំ​មិន​បាន? ទៅ​មើល​ផ្ទះ​ខ្ញុំ​សុទ្ធតែ​ផ្ទះ​ឈើ? ផ្ទះ​ថ្ម​គេ​បាន​ទាំងអស់។ ខ្ញុំ​រកស៊ី​ចង​ការ​គេ​លក់ អត់ ទិញ​អង្ករ​ស៊ី​ព្រឹក​ល្ងាច ហេតុ​អី​បាន​ជា​ខ្ញុំ​មិន​បាន? ខ្ញុំ​តូច​ចិត្ត​ណាស់។ ...យក​មក​សម្រាប់​ចែក​ឲ្យ​ប្រជាជន​ដែល​អ្នក​ក្រីក្រ​បំផុត អ្នក​អត់​ឃ្លាន ចុះ​ហេតុ​អី​បាន​យក​មក​ចែក​តែ​អ្នក​មាន​ស៊ី អ្នក​អត់​ស៊ី​នៅតែ​អត់​ដដែល»

លោក ហ៊ុយ ហ៊ីម អាយុ​៣៥​ឆ្នាំ តំណាង​ពលរដ្ឋ​ក្នុង​ការតវ៉ា​រឿង​នេះ​បាន​អះអាង​ថា អ្នក​ក្រី​ក្រ​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​ចែក​អង្ករ​ឲ្យ​ទេ ប៉ុន្តែ​ផ្ទុយ​មក​វិញ​អង្ករ​ទាំង​នោះ​បែរ​ជា​ត្រូវ​បាន​យក​មក​ចែកចាយ​ក្រុម​បក្ស​ពួក​មេ​ភូមិ និង​សម្រាប់​តែ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​តែ​ប៉ុណ្ណោះ។

លោក ហ៊ុយ ហ៊ីម បាន​ឲ្យ​ដឹង​ថា ៖ «គេ​ចង់​ប្រកាន់​បក្ស គេ​ចង់​និយាយ​ពី​រឿង​គណបក្ស​ប្រជាជន ព្រោះ​ខាង​មេ​ភូមិ មេ​ឃុំ​ហ្នឹង គណបក្ស​ប្រជាជន គេ​អ្នក​ឈរ​បើក អ្នក​អត់​សូវ​បាន​នេះ សំបូរ​តែ​គណបក្ស​អ្នក​ក្រ កាន់​ជើង​ខាង​គណបក្ស​សមរង្ស៊ី​អី​អ៊ីចឹង​ទៅ សិទ្ធិ​មនុស្ស​អី គ្នា​អត់​បាន។ គេ​ដើរ​ចែក​សន្លឹក​ប័ណ្ណ​យប់​មិញ​ម៉ោង​១១»

វ៉ា ឈុនអេង អាយុ​២៥​ឆ្នាំ​បន្ថែម​ថា ខ្លួន​បាន​រស់នៅ​លើ​ទូក​នេសាទ​នៅ​លើ​ទឹក គ្មាន​ដី​ធ្លី ស្រែ​ចម្ការ ជីវភាព​ដុនដាប ក៏ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​ចែក​អង្ករ​ឲ្យ​ឡើយ។ ឈុនអេង បន្ត​ឲ្យ​ដឹង​ថា ការ​មិន​ទទួល​បាន​អំណោយ​អង្ករ​នេះ​ប្រហែល​ជា​មក​ពី​គេ​ជា​អ្នក​សង្កេតការណ៍​ឲ្យ​គណបក្ស​សមរង្ស៊ី​កាលពី​ឆ្នាំ​មុន?។

វ៉ា ឈុនអេង បាន​ឲ្យ​ដឹង​ថា ៖ «គេ​និយាយ​ថា​ស្អប់ ប៉ុន្តែ​លក្ខណៈ​ស្អប់​ហ្នឹង គេ​អត់​និយាយ​ទៅ​លើ​អ្វី គេ​អត់​ដឹង​ទេ។ តាម​ខ្ញុំ​យល់ ទី​១ រឿង​ខ្ញុំ​ធ្វើ​អ្នក​សង្កេតការណ៍​គណបក្ស ហើយ​ទី​២ ខ្ញុំ​ខ្ចី​លុយ​អង្គការ​អ៊ីចឹង ខ្ញុំ​ឲ្យ​គេ​ស៊ីញ៉េ ខ្ញុំ​ឲ្យ​គេ​ដល់​១០​ម៉ឺន​ទៀត គេ​អត់​ស៊ីញ៉េ​ឲ្យ​ខ្ញុំ​ទៀត ហ្នឹង​ចំពោះ​ប្រធាន​ភូមិ»

មិន​ត្រឹមតែ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​មួយ​ទេ​ដែល​អ្នក​ភូមិ​នាំ​គ្នា​តវ៉ា​អំពី​ការចែក​អង្ករ​មិន​ត្រឹមត្រូវ​នៅ​ខេត្ត​ឧត្តរមានជ័យ ខេត្ត​កំពង់ធំ ស្រុក​បារាយណ៍ និង​នៅ​ខេត្ត​ពោធិ៍សាត់ ក៏​មាន​ក្រុម​អ្នក​តវ៉ា​អំពើ​ពុក​រលួយ​និង​ការ​និយម​បក្ស​ពួក​ក្នុង​ការចែក​អង្ករ​នោះ​ដែរ។

បុរស​ចំណាស់​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ស្រុក​គគរ​ឲ្យ​ដឹង​ថា នៅ​ឃុំ​មេទឹក​និង​នៅ​ឃុំ​តាល​ក៏​មាន​តវ៉ា​អំពី​រឿង​ចែក​អង្ករ​នេះ​ដែរ។ លោក​បន្ត​ទៀត​ថា ក្រុម​គ្រួសារ​របស់​មាន​កូន​ចៅ​ច្រើន​នាក់​ក្នុង​បន្ទុក​និង​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ដែរ ប៉ុន្តែ​មិន​បាន​ទទួល​អំណោយ​អង្ករ​ដោយសារ​តែ​អង្ករ​នោះ​ត្រូវ​បាន​ចែកចាយ​សម្រាប់​តែ​បង​ប្អូន កូន​ក្មួយ មេ​ភូមិ​ប៉ុណ្ណោះ។

បុរស​ដដែល​បាន​មាន​ប្រសាសន៍​ថា ៖ «គេ​ឲ្យ​ចែក​អ្នក​ក្រីក្រ អ្នក​អត់ ហើយ​ចែក​បាន​តែ​អ្នក​មាន។ កូន​ខ្ញុំ​៤​-​៥​គ្រួសារ​នៅ​ហ្នឹង​ក៏​អត់​ដែរ កូន​ខ្ញុំ​ថា គេ​ចែក​តែ​គណបក្ស​ប្រជាជន​ទេ។ ខ្ញុំ​បក្ស​ប្រជាជន​ដូច​គ្នា ប៉ុន្តែ​យើង​អត់​មាន​បក្ស​ពួក​សែស្រឡាយ​គេ គេ​មិន​ចែក បាន​តែ​សែ​ស្រឡាយ​ប្រធាន​ភូមិ​អី​បាន​គេ​បាន»

យុទ្ធនាការ​ដំបូង​នៃ​ការចែកចាយ​អង្ករ​ដល់​អ្នក​ក្រីក្រ​របស់​គម្រោង​អភិវឌ្ឍន៍​ធនាគារ ADB សម្រាប់​ឃុំ​ចំនួន​២០០​នៃ​បណ្តា​ខេត្ត​ចំនួន​៧ នៅ​ជុំវិញ​បឹង​ទន្លេ​សាប បាន​ធ្វើ​ឡើង​អស់​រយៈពេល​មួយ​ខែ​រួច​មក​ហើយ បើ​តាម​ប្រភព​ពី ADB។

អ្នក​ក្រីក្រ​ចំនួន​២០%​ប៉ុណ្ណោះ​នៅ​ក្នុង​បណ្តា​អ្នក​ស្រែ​ចម្ការ​ជា​ច្រើន​នាក់​ដែល​អ្នក​ទាំង​នោះ​មាន​ជីវភាព​ខ្សត់ខ្សោយ​ខ្លាំង ដូច​ជា​ស្រ្តី​មេម៉ាយ​មាន​កូន​ក្នុង​បន្ទុក​ច្រើន ក្រុម​គ្រួសារ​មាន​មនុស្ស​ឈឺ​រ៉ាំរ៉ៃ ក្រុម​គ្រួសារ​អ្នក​ពិការ និង​ក្រុម​គ្រួសារ​ណា​ដែល​គ្មាន​ដី​ធ្លី ស្រែ​ចម្ការ ត្រូវ​បាន​គេ​ចែក​អង្ករ​ឲ្យ​ដើម្បី​សម្រាល​ជីវភាព​ក្នុង​រយៈពេល​ខ្លី​នេះ។

ការចែកចាយ​អង្ករ​នេះ​ក៏​ជា​យុទ្ធនាការ​មួយ​នៅ​ក្នុង​កម្មវិធី​ធំៗ​២​ទៀត​របស់ ADB ដូច​ជា​ការចែក​ស្បៀង​ពលកម្ម​និង​ការលក់​ជី​តម្លៃ​ថោក​សម្រាប់​ពលរដ្ឋ​ដែល​នឹង​ត្រូវ​ចាប់ផ្តើម​បន្ទាប់ពី​ការចែក​ស្បឿង​រួច។

មន្ត្រី​ទទួល​ខុស​ត្រូវ​ក្នុង​ការអនុវត្ត​គម្រោង​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) លោក ឡុង ពិសិដ្ឋ ថ្លែង​ថា ការចែក​អង្ករ​សម្រាប់​អ្នក​ក្រីក្រ​មាន​ជីវភាព​ដុនដាប​ខ្លាំង​បាន​ឆ្លើយ​តប​ជា​បន្ទាន់​ទៅ​នឹង​ការហក់​ឡើង​ខ្ពស់​នៃ​តម្លៃ​ស្បៀង​អាហារ​ក្នុង​ពិភពលោក​ដែល​ចេះ​តែ​ឡើង​ថ្លៃ​មិន​ឈប់។

លោក​ជឿ​ថា កម្មវិធី​ចែក​អង្ករ​និង​ជួយ​សម្រាល​ជីវភាព​អ្នក​ភូមិ​បាន​មួយ​រយៈពេល​ខ្លី​មុន​នឹង​រដូវ​ប្រមូល​ផល​មក​ដល់។

លោក ឡុង ពិសិដ្ឋ បន្ថែម​ទៀត​ថា លោក​បាន​ដំណឹង​អំពី​ភាព​មិន​ត្រឹមត្រូវ​មួយចំនួន​ក្នុង​ការចែក​ចាយ​អង្ករ​ដោយ​អង្ករ​ខ្លះ​ត្រូវ​បាន​គេ​ចែក​សម្រាប់​ក្រុម​គ្រួសារ​និង​បក្ស​ពួក មេ​ភូមិ​ប៉ុណ្ណោះ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​គេ​នឹង​ធ្វើការ​អង្កេត​នៅ​ពេល​ចែក​អង្ករ​រួច បន្ទាប់​មក​គេ​នឹង​ដាក់​ឈ្មោះ​អ្នក​ភូមិ​ក្រីក្រ​ពិត​ប្រាកដ​ដែល​មិន​ទាន់​ទទួល​បាន​អង្ករ​ក្នុង​ពេល​នេះ​សម្រាប់​ការចែកចាយ​លើក​ក្រោយ។

លោក ឡុង ពិសិដ្ឋ បាន​មាន​ប្រសាសន៍​ថា ៖ «ជួន​ណា​ក៏​ខ្ញុំ​យល់​ថា អាច​មេ​ភូមិ​ហ្នឹង​គាត់​មាន​ចិត្ត​លម្អៀង​ដែរ តាម​ខ្ញុំ​យល់។ ត្រូវការ​អង្កេត​នូវ​ពាក្យ​បណ្ដឹង​អស់​ហ្នឹង​ឲ្យ​ច្បាស់លាស់​សិន ចាំ​យើង​ធ្វើការ​ឆ្លើយតប​តាម​ក្រោយ»

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ លោក ហង្ស ជួនណារ៉ុង វិញ មិន​និយាយ​អំពី​អំពើ​ពុក​រលួយ​និង​ការរើសអើង​គណបក្ស​នយោយបាយ​ក្នុង​ការទទួល​អំណោយ​អង្ករ​នោះ​ទេ ប៉ុន្តែ​លោក​បន្ទោស​ថា ការតវ៉ា​អំពី​ការចែក​អង្ករ​មិន​ត្រឹមត្រូវ​កើត​ឡើង​មិន​អាច​ជឿស​ផុត​ឡើយ ដោយសារ​តែ​អ្នក​ភូមិ​មាន​ការច្រណែន​គ្នា​នៅ​ពេល​ដែល​អ្នក​ខ្លះ​ទទួល​បាន​អំណោយ​អង្ករ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​មិន​បាន​ដូច្នេះ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​លោក​សន្យា​ថា​នឹង​ដោះស្រាយ​បញ្ហា​ផ្តល់​អង្ករ​ឲ្យ​អ្នក​ក្រីក្រ​ពិត​ប្រាកដ​នៅ​ពេល​ដែល​ក្រុម​អ្នក​អង្កេត​បាន​របាយការណ៍​ច្បាស់លាស់។

លោក ហង្ស ជួនណារ៉ុង បាន​បញ្ជាក់​ថា ៖ «គម្រោង​នេះ​ចង់​រក​តែ​អ្នក​ក្រ​ទេ អ្នក​ដែល​មាន​ឬ​មធ្យម អ៊ីចឹង​នៅ​ស្រុក​យើង​មធ្យម​ហើយ​និង​ក្រ វា​ខុស​គ្នា​បន្តិច​បន្តួច តែ​មិន​មែន​ថា​គម្រោង​ហ្នឹង​មាន​បញ្ហា​ទេ ព្រោះ​តែ​យើង​ចង់​រក​អ្នក​ក្រ ឬ​ក៏​ថា​មាន​អ្នក​ខ្លះ​បាន អ្នក​ខ្លះ​អត់​បាន អា​ហ្នឹង​គឺ​តែងតែ​អ៊ីចឹង​ហើយ»

កម្មវិធី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​ចាប់ផ្ដើម​ដោយ​ការចែក​អង្ករ​នៅ​ក្នុង​គោលដៅ​សម្រាល​ជីវភាព​ដល់​អ្នក​ក្រីក្រ​នៅ​កម្ពុជា​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​បី​ឆ្នាំ​ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១០​ខាង​មុខ។

កម្មវិធី​នេះ​ត្រូវ​ចំណាយ​អស់​ទឹក​ប្រាក់​ចំនួន​៤០​លាន​ដុល្លារ​ដែល​ក្នុង​នោះ​៣៥​លាន​ដុល្លារ​ជា​ប្រាក់​របស់​ធនាគារ ADB និង ៥​លាន​ដុល្លារ​ទៀត​គឺ​ជា​ទឹក​ប្រាក់​របស់​រដ្ឋាភិបាល៕