សាស្ត្រាចារ្យ​និយាយ​អំពី​វប្បធម៌​និង​សាសនា​ក្នុង​របប​ខ្មែរ​ក្រហម

2009-07-01

សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សំបូរ មាណ្ណារ៉ា ដែល​ជា​វាគ្មិន​កិត្តិយស​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី បាន​មាន​ប្រសាសន៍​ថា របប​ខ្មែរ​ក្រហម​បាន​ចាត់​ទុក​ទំនៀម​ទម្លាប់​ប្រពៃណី​វប្បធម៌​និង​ព្រះ​ពុទ្ធ​សាសនា​ថា​ជា​អំពើ​អាវ៉ាសែ​ដែល​ប្រឆាំង​នឹង​បដិវត្តន៍ ហើយ​គេ​បាន​លុប​បំបាត់​ចោល​ទាំង​ស្រុង។

RFA Photo

លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

លោក​សាស្ត្រាចារ្យ​មាន​ប្រសាសន៍​បន្ថែម​ថា គោលការណ៍​សំខាន់​របស់​ខ្មែរ​ក្រហម គឺ​ចង់​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ក្លាយ​ជា​ប្រជាជន​បដិវត្តន៍ ៖ «អង្គការ​បដិវត្តន៍​គឺ​មាន​គំនិត​គិត​ចង់​ឲ្យ​បុគ្គល​ដែល​ជា​ជន​ជាតិ​ខ្មែរ​ទាំង​អស់​ហ្នឹង ប្រជាជន​ទាំង​អស់​ហ្នឹង គឺ​ជា​ប្រជាជន​បដិវត្តន៍។ អ៊ីចឹង​បញ្ហា​ការ​សម្រប​ទៅ​លើ​ទំនៀម​ទម្លាប់​ដូច​ជា​មាន​ការ​សម្ដែង​សប្បាយ មាន​ការ​យក​ពេល​វេលា​ដើម្បី​ទៅ​ធ្វើ​កិច្ចការ​ទាំង​ឡាយ​ដែល​មិន​មែន​ជា​បដិវត្តន៍។ ឧទាហរណ៍​ទៅ​លេង​ជា​ល្បែង​កីឡា ឧទាហរណ៍ ដូច​ជា​ស្ដាប់​បទ​ចម្រៀង ឧទាហរណ៍​ដូច​ទៅ​ច្រៀង​ទៅ​រាំ គឺ​គ្មាន​ទេ»

លោក សុង ពី​ខេត្ត​បាត់ដំបង ដែល​កាល​ពី​របប​ខ្មែរ​ក្រហម ទើប​មាន​អាយុ​បាន​៥​ឆ្នាំ បាន​សាក​សួរ​តាម​ទូរស័ព្ទ​ថា ហេតុ​ដូច​ម្តេច​បាន​ជា​របប​ខ្មែរ​ក្រហម​លុប​បំបាត់​ចោល​សាសនា​និង​ពុំ​ឲ្យ​មាន​ការ​រៀន​សូត្រ​ចេះ​ដឹង?

ចំពោះ​សំណួរ​នេះ លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បាន​មាន​ប្រសាសន៍​ពន្យល់​ប្រាប់​យ៉ាង​ដូច​នេះ​ថា ៖ «គឺ​ទាក់ទង​នឹង​ការ​ការពារ​បដិវត្តន៍ និង​ការ​បង្កើត​វប្បធម៌​បដិវត្តន៍។ ហើយ​ចំពោះ​សាសនា​នេះ​ត្រូវ​បាន​គេ​គិត​ថា ជា​អ្នក​នាំ​ឲ្យ​មនុស្ស​ចូល​ចិត្ត​គោរព​ប្រតិបត្តិ យក​ពេល​វេលា ដែល​គេ​គិត​ថា ពេល​វេលា​សម្រាប់​បដិវត្តន៍​នោះ ទៅ​ធ្វើ​ជា​ពេល​វេលា​សម្រាប់​គោរព​សាសនា។ ចំណុច​មួយ​ទៀត គឺ​ការ​រៀន​សូត្រ ពីព្រោះ​អត់​ឲ្យ​មាន​សាលារៀន​ធំ​ដុំ​ទេ ពីព្រោះ​កាល​ណា​រៀន​សូត្រ​ចេះ​ដឹង​ទៅ ធ្វើ​ឲ្យ​មនុស្ស​បាន​យល់​ដឹង​ការ​ពិភាក្សា​ច្រើន រហូត​ដល់​គេ​គិត​ពី​សញ្ញា​ឃើញ គឺ​ជា​ពាក្យ​ដែល​គេ​និយាយ គេ​មិន​គិត​ពី​សញ្ញា​បត្រ​ទេ»

ទាក់ទង​នឹង​សំណួរ​របស់​មិត្ត​អ្នក​ស្ដាប់​ម្នាក់​ទៀត គឺ​លោក ជា ថាវី ពី​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​ដែល​ចង់​ដឹង​អំពី​មនោគមន៍​វិជ្ជា​នៃ​របប​ខ្មែរ​ក្រហម។ លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បាន​បកស្រាយ​បន្ថែម​យ៉ាង​ដូច្នេះ ៖ «ក្រុម​អង្គការ​បដិវត្តន៍​នេះ គេ​ចង់​ធ្វើ​អ្វី​មួយ​ដាច់​ដោយ​ឡែក​ពី​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​គេ​ផង​ដែរ អ៊ីចឹង​គំនិត​នេះ​គឺ​ចេញ​មក​ពី​គំនិត​ជាតិ​និយម​ហួស​ហេតុ​របស់​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ហ្នឹង ដោយ​ចង់​ធ្វើ​ឲ្យ​មាន​និន្នាការ​ខ្មែរ​លេច​ធ្លោ​តែ​ឯង ហើយ​មិន​បាន​គិត​អំពី​ផល​វិបាក​របស់​ប្រទេស​ជាតិ»

សូម​រំឭក​ជូន​ផង​ដែរ​ថា អង្គការ​បដិវត្តន៍​នៃ​របប​ខ្មែរ​ក្រហម គឺ​អនុញ្ញាត​ឲ្យ​ប្រើ​តែ​ភាសា​ជាតិ​ខ្មែរ​តែ​មួយ​គត់ ហើយ​ចំពោះ​អ្នក​ដែល​ចេះ​ភាសា​ផ្សេង មាន​ភាសា​បារាំង អង់គ្លេស ចិន ឬ​ក៏​ចាម​នោះ ត្រូវ​បាន​ខ្មែរ​ក្រហម ចាត់​ទុក​ថា​ពួក​ប្រឆាំង​នឹង​បដិវត្តន៍៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ