សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក សំបូរ មាណ្ណារ៉ា ដែលជាវាគ្មិនកិត្តិយសក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី បានមានប្រសាសន៍ថា របបខ្មែរក្រហមបានចាត់ទុកទំនៀមទម្លាប់ប្រពៃណីវប្បធម៌និងព្រះពុទ្ធសាសនាថាជាអំពើអាវ៉ាសែដែលប្រឆាំងនឹងបដិវត្តន៍ ហើយគេបានលុបបំបាត់ចោលទាំងស្រុង។
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោកសាស្ត្រាចារ្យមានប្រសាសន៍បន្ថែមថា គោលការណ៍សំខាន់របស់ខ្មែរក្រហម គឺចង់ធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈក្លាយជាប្រជាជនបដិវត្តន៍ ៖ «អង្គការបដិវត្តន៍គឺមានគំនិតគិតចង់ឲ្យបុគ្គលដែលជាជនជាតិខ្មែរទាំងអស់ហ្នឹង ប្រជាជនទាំងអស់ហ្នឹង គឺជាប្រជាជនបដិវត្តន៍។ អ៊ីចឹងបញ្ហាការសម្របទៅលើទំនៀមទម្លាប់ដូចជាមានការសម្ដែងសប្បាយ មានការយកពេលវេលាដើម្បីទៅធ្វើកិច្ចការទាំងឡាយដែលមិនមែនជាបដិវត្តន៍។ ឧទាហរណ៍ទៅលេងជាល្បែងកីឡា ឧទាហរណ៍ ដូចជាស្ដាប់បទចម្រៀង ឧទាហរណ៍ដូចទៅច្រៀងទៅរាំ គឺគ្មានទេ»។
លោក សុង ពីខេត្តបាត់ដំបង ដែលកាលពីរបបខ្មែរក្រហម ទើបមានអាយុបាន៥ឆ្នាំ បានសាកសួរតាមទូរស័ព្ទថា ហេតុដូចម្តេចបានជារបបខ្មែរក្រហមលុបបំបាត់ចោលសាសនានិងពុំឲ្យមានការរៀនសូត្រចេះដឹង?
ចំពោះសំណួរនេះ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានមានប្រសាសន៍ពន្យល់ប្រាប់យ៉ាងដូចនេះថា ៖ «គឺទាក់ទងនឹងការការពារបដិវត្តន៍ និងការបង្កើតវប្បធម៌បដិវត្តន៍។ ហើយចំពោះសាសនានេះត្រូវបានគេគិតថា ជាអ្នកនាំឲ្យមនុស្សចូលចិត្តគោរពប្រតិបត្តិ យកពេលវេលា ដែលគេគិតថា ពេលវេលាសម្រាប់បដិវត្តន៍នោះ ទៅធ្វើជាពេលវេលាសម្រាប់គោរពសាសនា។ ចំណុចមួយទៀត គឺការរៀនសូត្រ ពីព្រោះអត់ឲ្យមានសាលារៀនធំដុំទេ ពីព្រោះកាលណារៀនសូត្រចេះដឹងទៅ ធ្វើឲ្យមនុស្សបានយល់ដឹងការពិភាក្សាច្រើន រហូតដល់គេគិតពីសញ្ញាឃើញ គឺជាពាក្យដែលគេនិយាយ គេមិនគិតពីសញ្ញាបត្រទេ»។
ទាក់ទងនឹងសំណួររបស់មិត្តអ្នកស្ដាប់ម្នាក់ទៀត គឺលោក ជា ថាវី ពីខេត្តបន្ទាយមានជ័យ ហើយដែលចង់ដឹងអំពីមនោគមន៍វិជ្ជានៃរបបខ្មែរក្រហម។ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានបកស្រាយបន្ថែមយ៉ាងដូច្នេះ ៖ «ក្រុមអង្គការបដិវត្តន៍នេះ គេចង់ធ្វើអ្វីមួយដាច់ដោយឡែកពីបណ្ដាប្រទេសនៅក្នុងតំបន់គេផងដែរ អ៊ីចឹងគំនិតនេះគឺចេញមកពីគំនិតជាតិនិយមហួសហេតុរបស់មេដឹកនាំខ្មែរក្រហមហ្នឹង ដោយចង់ធ្វើឲ្យមាននិន្នាការខ្មែរលេចធ្លោតែឯង ហើយមិនបានគិតអំពីផលវិបាករបស់ប្រទេសជាតិ»។
សូមរំឭកជូនផងដែរថា អង្គការបដិវត្តន៍នៃរបបខ្មែរក្រហម គឺអនុញ្ញាតឲ្យប្រើតែភាសាជាតិខ្មែរតែមួយគត់ ហើយចំពោះអ្នកដែលចេះភាសាផ្សេង មានភាសាបារាំង អង់គ្លេស ចិន ឬក៏ចាមនោះ ត្រូវបានខ្មែរក្រហម ចាត់ទុកថាពួកប្រឆាំងនឹងបដិវត្តន៍៕
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.