ជីវិត​គ្រួសារ​ដែល​មាន​កូន​៣​នាក់​ស្លាប់​ក្នុង​អណ្ដូង​រ៉ែ​មាស

គ្រួសារ​សព​ដែល​ស្លាប់​នៅ​ក្នុង​អណ្ដូង​រ៉ែ​មាស នៅ​តំបន់​អូរត្រូន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ នៅ​តែ​មាន​ទុក្ខ​ក្រៀមក្រំ ទោះ​បី​បាន​ទទួល​សំណង​ជា​ប្រាក់​ពី​ក្រុមហ៊ុន​ចិន​មួយ ឈ្មោះ ស៊ិន យៀន ដែល​ជា​ម្ចាស់​អណ្ដូង​រ៉ែ​មាស​នោះ​រួច​ហើយ​ក្ដី។

0:00 / 0:00

គ្រួសារ​សព​បាន​ឲ្យ​ដឹង​ថា សំណង​ជា​ប្រាក់​នេះ​មិន​អាច​ជួសជុល​វិបត្តិ​ផ្លូវ​ចិត្ត​ដែល​ខ្ទេចខ្ទាំ​ដោយសារ​និរាស​ព្រាត់ប្រាស​កូន​ជា​ទី​ស្រលាញ់​នោះ​បាន​ឡើយ។

សោកនាដកម្ម​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស ៨​នាក់​ស្លាប់​ក្នុង​អណ្ដូង​រុក​រក​រ៉ែ នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ គិត​មក​ដល់​ថ្ងៃ​២ ខែ​មករា ឆ្នាំ​២០១២ មាន​រយៈពេល​ជិត​ពីរ​សប្ដាហ៍​មក​ហើយ ប៉ុន្តែ​ព្រឹត្តិការណ៍​នោះ​នៅ​តែ​តាម​មក​លង​បន្លាច​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ឲ្យ​តក់​ស្លុត ភ័យ​ខ្លាច ឱប​ទុក្ខ​ក្រៀមក្រំ ដោយ​មិន​អាច​មាន​អ្វី​មក​ជំនួស​នូវ​ជីវិត​មនុស្ស​ដែល​បាត់បង់​ទៅ​នោះ​បាន​ឡើយ។

ក្រុម​គ្រួសារ​លោក ពេជ្រ ចាន់ឌឿន ដែល​មាន​កូន​ប្រុស​បី​នាក់​ស្លាប់​ក្នុង​ពេល​តែ​មួយ ក្នុង​ចំណោម​កម្មករ​ដែល​ស្លាប់​សរុប ៨​នាក់ កាល​ពី​ថ្ងៃ​២៣ ខែ​ធ្នូ ឆ្នាំ​២០១១ បាន​សម្រក់​ទឹក​ភ្នែក​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ នៅ​ពេល​រំលឹក​ដល់​រឿង​រ៉ាវ​មនុស្ស​ស្លាប់​នៅ​អណ្ដូង​រ៉ែ​មាស​នោះ។

ស្ថិត​ក្នុង​វ័យ​ប្រមាណ​ជិត ៦០​ឆ្នាំ លោក ពេជ្រ ចាន់ឌឿន រស់​នៅ​ភូមិ​តាម៉ៅ​ក្រោម ឃុំ​តាម៉ៅ ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ។ លោក​បាន​ថ្លែង​ទាំង​អួល​ដើម​ក និង​សម្រក់​ទឹក​ភ្នែក​ចំពោះ​មុខ​រូបថត​សព​កូន​ប្រុស​ទាំង​បី ដែល​ដាក់​តម្រៀប​គ្នា​នោះ​ថា មួយ​ជីវិត​គាត់​មិន​ដែល​យំ មិន​ដែល​តក់​ស្លុត​ដូច​ពេល​នេះ​ទេ ទោះ​បី​គាត់​ធ្លាប់​ធ្វើ​ជា​ទាហាន​បាន​ហែល​ឆ្លង​កាត់​សមរភូមិ​សង្គ្រាម​ជា​ច្រើន​កន្លែង​យ៉ាង​ណា​ក្ដី៖ «លើក​ដំបូង​បំផុត​ហើយ​សម្រាប់​ជីវិត​របស់​ខ្ញុំ ម៉ា​ប្រឹប​៣​តែម្តង ពិបាក​មែន​ទែន មិន​អាច​កាត់​បាន ខ្ញុំ​មិន​ដែល​ចេះ​យំ មិន​ដែល​ចេះ​ខ្លាច ទោះ​បី​នៅ​ក្នុង​ភ្លើង​សង្គ្រាម ទើប​តែ​ពេល​នេះ​ចេះ​ភ័យ​ចេះ​ខ្លាច ខ្ញុំ​ចេះ​យំ»

កូន​ប្រុស​ទាំង​បី​របស់​លោក​ដែល​ស្លាប់​នោះ ទី​មួយ​ឈ្មោះ ឡៃ ផាន់ណា អាយុ ៣៤​ឆ្នាំ ទី​២ ឈ្មោះ ឡៃ ផានី អាយុ ៣២​ឆ្នាំ និង​ទី​៣ ឈ្មោះ ឡៃ ពិសី អាយុ ១៩​ឆ្នាំ។ ក្នុង​ចំណោម​បង​ប្អូន​ទាំង​បី​នាក់ គឺ​ប្អូន​ទី​២ ឈ្មោះ ឡៃ ផានី មាន​ប្រពន្ធ​ហើយ។ ចំណែក​ឈ្មោះ ឡៃ ពិសី អាយុ ១៩​ឆ្នាំ នៅ​រៀន​ថ្នាក់​ទី​១០ នៅ​ឡើយ។

ឪពុក​ពិសី​បញ្ជាក់​ថា ដោយ​ភាព​ក្រីក្រ​ពុំ​មាន​លុយ​ទៅ​សាលា គេ​សម្រេច​ចិត្ត​ឈប់​រៀន​មួយ​រយៈ ហើយ​ទៅ​ធ្វើ​កម្មករ​អណ្ដូងរ៉ែ​មាស​ជាមួយ​បងៗ កាល​ពី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​ចុង​ខែ​កញ្ញា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ៖ «ខ្ញុំ​ឃាត់​ដែរ តែ​ឃាត់​ឈ្នះ​វា​លួច​រត់​ទៅ​តាម​បង​វា រួច​តេ​ឲ្យ​មក​វិញ ក៏​មិន​មក។ ខ្ញុំ​បម្រុង​ទៅ​យក​មក​វិញ ឮ​សូរ​ថា ចុះ​រណ្ដៅ​គិត​គ្នា​ប្រហែល​ជា ៤​ថ្ងៃ​ហ្នឹង គេ​ប្រាប់​ថា ចុះ​រណ្ដៅ ហើយ​ខ្ញុំ​ប្រុង​ថា​ទៅ​យក​មក​វិញ ទទួល​ឮ​ដំណឹង​អ៊ីចឹង​បណ្ដោយ»

បញ្ហា​ខ្វះ​លុយ​កាក់ និង​ទី​ទាល់ក្រ បង​ទាំង​ពីរ​នាក់​ក៏​បាន​ឈប់​រៀន​ត្រឹម​អនុវិទ្យាល័យ ហើយ​ដើរ​រក​ស៊ី​ ធ្វើ​ស្រែ​ចំការ នេសាទ។​ ចុង​ក្រោយ​ពួកគេ​បាន​មក​ធ្វើ​ជា​កម្មករ​នៅ​អណ្ដូង​រ៉ែ​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ ស៊ិន យៀន បាន​ប្រមាណ​មួយ​ឆ្នាំ​មុន​បាត់បង់​ជីវិត។

លោក ពេជ្រ ចាន់ឌឿន និង​ប្រពន្ធ​ធ្លាប់​បាន​មាន​ក្តី​បារម្ភ​ចំពោះ​ការងារ​កូន​នេះ​ដែរ និង​បាន​អង្វរ​ឲ្យ​កូន​ប្ដូរ​មុខ​របរ​ទៅ ព្រោះ​វា​ប្រឈម​នឹង​គ្រោះថ្នាក់​ណាស់ ដោយសារ​ធ្លាប់​ឮ​កូន​ត្អូញត្អែរ​ម្ដងម្កាល​ថា ធ្វើ​ការ​នៅ​ទី​នោះ​នឿយ​ហត់​ខ្លាំង​ណាស់ រណ្ដៅ​មាន​ជម្រៅ​ជាង ២០០​ម៉ែត្រ។ ពេល​ចុះ​ទៅ​ម្ដងៗ​ក្ដៅ ថប់​ដង្ហើម និង​មាន​អាការៈ​តឹង​ទ្រូង​ជាដើម។

លោក ពេជ្រ ចាន់ឌឿន៖ «ម៉ែ​វា​ចេះ​តែ​និយាយ​ថា អ្ហែង​ឈប់​ធ្វើ​ការ​ទៅ​កូន មើល​ទៅ​អញ​ភ័យ អញ​ខ្លាច​ណាស់ អ្ហែង​ចុះ​រណ្ដៅ​អ៊ីចឹង ឮ​តែ​គេ​ប្រកាស​នៅ​ប្រទេស​គេ​ថា មាន​បាក់​ថ្ម​បាក់​ដី​សង្កត់ វា​ថា មុន​នឹង​ឈប់​ខ្ញុំ​ខំ​ប្រឹង​ឲ្យ​បាន​ផ្ទះ​សម្បែង​ឲ្យ​ម៉ែ​ឲ្យ​ប៉ា ឲ្យ​ប្អូនៗ​បាន​នៅ​សិន គ្រាន់​ទិញ​ក្របី​គោ​អី គ្រាន់​ឲ្យ​ប្អូនៗ​ធ្វើ​ស្រែ​ចំការ​បន្តិចបន្តួច​សិន​មុន​នឹង​ឈប់​ធ្វើ»

លោក ពេជ្រ ចាន់ឌឿន ជា​គ្រួសារ​ក្រីក្រ​មួយ​ក្នុង​ភូមិ​តាម៉ៅក្រោម លោក​ពុំ​មាន​ផ្ទះសម្បែង​រស់​នៅ​ពិត​ប្រាកដ​ទេ។ សព្វថ្ងៃ​គ្រួសារ​គាត់​ដេក​រស់​នៅ​តែ​ក្រោម​ផ្ទះ​សាច់ញាតិ​របស់​គាត់។

លោក​បន្ត​ថា នៅ​ក្រោយ​សង្គ្រាម លោក​បាន​ចេញ​ពី​ជីវិត​ទាហាន​មក​ទាំង​បាត​ដៃ​ទទេ ពុំ​មាន​ដី​ស្រែ​មាន​តែ​ដី​ចំការ​តិចតួច។ កូនៗ​គាត់​មាន ៨​នាក់ ស្រី ២​ប្រុស ៦​នាក់។ កូន​បង​ធំៗ និង​ឪពុក​ម្ដាយ​បាន​ដើរ​ស៊ី​ឈ្នួល​គេ​គ្រប់​ច្រក​ល្ហក៖ «ផ្ទះ​ខ្ញុំ​អត់​មាន​ទេ ផ្ទះ​មុន​នោះ​តាំង​ពី​៧៩ ខ្ញុំ​ធ្វើ​ទាហាន ប្រពន្ធ​កូន​គេ​ទិញ ខ្ញុំ​ធ្វើ​ទាហាន​ទៅ​រៀន​ទៅ​សូត្រ មក​វិញ​គេ​ទិញ​កូន​ខ្ទម​មួយ​តូច​នៅ ហើយ​ឥឡូវ​រលំ​បាក់​អស់ ខ្ញុំ​រុះ​បាន​ប្រហែល​ជា ៣​ឆ្នាំ ហើយ​ទៅ​ខ្ញុំ​សុំ​ផ្ទះ​ប្អូន​នោះ​នៅ ខ្ញុំ​ឡើង​ទៅ​ដេក​លើ​ពេល​យប់ អា​កូនៗ​វា​ដេក​ក្រោម ដាំ​បាយ​ដាំ​ទឹក​ស៊ី​ទៅ»

លោក​បន្ត​ថា ជីវិត​ចុង​ក្រោយ​របស់​កូន​គាត់​ទាំង​បី​នាក់ ទី​បំផុត​បាន​ប្តូរ​នឹង​ប្រាក់​សំណង​ចំនួន ១៣.០០០​ដុល្លារ​ក្នុង​សព​ម្នាក់។ ប្រាក់​នេះ​សម្រាប់​គាត់​ជា​អ្នក​ក្រ​ច្រើន​ណាស់ ប៉ុន្តែ​មិន​អាច​ប៉ះប៉ូវ​នឹង​ការ​បាត់​បង់​កូន​ជា​ទី​ស្រលាញ់​ពី​ដើម​ទ្រូង​របស់​គាត់​នោះ​ទេ។ ប្រាក់​នេះ​ក៏​មិន​អាច​ចិញ្ចឹម​ជីវិត​គ្រួសារ​គាត់​បាន​ពេញ​មួយ​ជីវិត ដូច​កម្លាំង​ពលកម្ម កម្លាំង​បញ្ញា​កូនៗ​គាត់​ដែល​បាត់បង់​ទៅ​នោះ​បាន​ទេ ជា​ពិសេស​ប្រាក់​នេះ​មិន​អាច​ធ្វើ​ឲ្យ​គ្រួសារ​គាត់​មាន​សុខដុមរមនា​ដូច​មុន​បាន​នោះ​ឡើយ។ ប៉ុន្តែ​លោក​នឹង​ចាយ​វាយ​ប្រាក់​នេះ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​កូនៗ កាល​ពី​ពួក​គេ​នៅ​មាន​ជីវិត។

​លោក ពេជ្រ ចាន់ឌឿន៖ «ខ្ញុំ​អត់​ចង់​បាន​ស៊ី​ប្រាក់​កូន​ទេ កូន​ប្រឹង​ណាស់ អា​នេះ​តាម​ប្រពៃណី​របស់​ព្រះពុទ្ធ​សាសនា ប្រឹង​ធ្វើ​បុណ្យ​បញ្ជូន​ឲ្យ​កុសល​ឲ្យ​កូន គឺ​ថា ចែក​ចាយ​ដល់​គ្នា​អ្នក​កម្សត់​ទុរគត គ្មាន​ទីពឹង​មួយ​ចំណែក​ទៅ តាម​លទ្ធភាព​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ហើយ​ធ្វើ​បុណ្យ​នឹង​ព្រះសង្ឃ តា យាយ ដែល​មាន​សីល​បរិសុទ្ធ ដើម្បី​ឧទ្ទិស​មគ្គផល​ឲ្យ​កូន​ខ្ញុំ ហើយ​និង​ធ្វើ​ជា​ជម្រក​មួយ​សម​គួរ​អាច​រស់​នៅ​បាន ដើម្បី​បំពេញ​ចិត្ត​កូន​ខ្ញុំ ព្រោះ​ថា មុន​នឹង​វា​ស្លាប់​ធ្វើ​ម៉េច​ឲ្យ​តែ​បាន​ផ្ទះ​ឲ្យ​ពុក​ម៉ែ​នៅ កុំ​អី​ខ្ញុំ​មិន​ខ្ចី​ធ្វើ​ទៀត អា​នេះ​ដូច​ជា​បណ្ដាំ​វា គឺ​ថា ឲ្យ​បាន​ផ្ទះ​នៅ ក្រ​បី គោ អូស​ទាញ​ភ្ជួរ​រាស់»

ក្រៅ​ពី​នេះ ត្រូវ​ជំរុញ​ឲ្យ​កូន​ពីរ​នាក់​ទៀត​ដែល​នៅ​រៀន​នៅ​ឡើយ​ឲ្យ​បាន​រៀន​ចប់​ចុង​ចប់​ដើម។ ជាមួយ​គ្នា​នេះ​ដែរ ប្រពន្ធ​សព​លោក ឡៃ ផានី ជា​កូន​ទី​២ របស់​លោក ពេជ្រ ចាន់ឌឿន ដែរ​នោះ បាន​ក៏​មាន​ក្ដី​សោកសង្រេង​ជា​ពន់ពេក​ណាស់​ដែរ។

លោកស្រី ថា ខាតណា អាយុ​ ២៥​ឆ្នាំ បាន​មាន​ប្រសាសន៍​ក្ដុកក្ដួល​ថា ការ​រស់​នៅ​សព្វ​ថ្ងៃ​គឺ​ពឹង​លើ​កម្លាំង​ប្ដី​ទាំង​ស្រុង ឥឡូវ​ប្ដី​ស្លាប់​ចោល​បន្សល់​ទុក​តែ​កូន​តូចៗ​បី​នាក់ ឲ្យ​គាត់​គ្រប់គ្រង​ម្នាក់​ឯង។ កូន​ទី​១ ស្រី អាយុ ៧​ឆ្នាំ ទី​២ ប្រុស អាយុ ៣​ឆ្នាំ និង​កូន​ក្នុង​ផ្ទៃ ជាង​បី​ខែ​ទៀត៖ «ដូច​ដក​អ្វី​មួយ​ពី​ដើម​ទ្រូង ធ្វើ​ឲ្យ​ស្រាល​ធ្វើ​ល្វឹងល្វើយ ធ្វើ​ឲ្យ​ខ្ញុំ​មើល​ទៅ​នោះ​ក៏​វាល មើល​ទៅ​នេះ​ក៏​វាល ប្រៀប​ដូច​ជា​ខ្ញុំ​ជិះ​ទូក​មួយ​ក្នុង​សមុទ្រ​ដ៏​ធំ​គ្មាន​អ្វី​ពឹង​ផ្អែក​បាន​ចំពោះ​ខ្ញុំ​និង​កូន»

អ្នកស្រី​បន្ត​ថា ប្ដី​គាត់​ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​អណ្ដូង​រ៉ែ​នោះ ក៏​មាន​គោល​បំណង​ដូច​បង​ប្អូន​គាត់​ដែរ ហើយ​លោកស្រី​នឹង​ខិតខំ​បំពេញ​បំណង​របស់​ប្ដី និង​អនាគត​កូន​ត​ទៅ​មុខ​ទៀត។

យ៉ាង​ណា​ក៏ដោយ លោក ពេជ្រ ចាន់ឌឿន ជា​ឪពុក​សព​ទាំង​នាក់​នេះ​បាន​អះអាង​ថា ការ​ស្លាប់​របស់​កូន​គាត់ គឺ​បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស ការ​ចង់​បាន​រ៉ែ​មាស​ហួសហេតុ​របស់​ក្រុម​វិស្វករ និង​មេការ​ចិន​នៅ​អណ្ដូង​រ៉ែ​នោះ មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ។

លោក​បាន​ផ្តាំ​ផ្ញើ​ដល់​កម្មករ​អណ្ដូង​រ៉ែ​ទាំង​អស់ សូម​ធ្វើ​ការ​ដោយ​ប្រុងប្រយ័ត្ន ត្រូវ​ចេះ​តវ៉ា​ចំពោះ​អ្វី​ដែល​យើង​មើល​ឃើញ​នូវ​គ្រោះថ្នាក់​តាម​រយៈ​បទពិសោធន៍​នេះ ជាមួយ​ក្រុម​វិស្វករ​ចិន​នោះ ត្រូវ​គិត​ពី​សុវត្ថិភាព​ជីវិត​យើង​ជា​ចម្បង៖ «យើង​កុំ​ថា គេ​វិស្វករ វិស្វករ​នេះ​អត់​កើត​សោះ​ហើយ ស្លាប់​អាយុ​ជីវិត​យើង​ទទេៗ ប្រាក់​កម្រៃ​ប៉ុណ្ណឹង។ សូម​ផ្ដាំផ្ញើ​ទៅ​ក្រុមហ៊ុន និង​រាជ​រដ្ឋាភិបាល សូម​ជួយ​ដាស់តឿន​ដល់​ក្រុមហ៊ុន កន្លែង​ធ្វើ​ការ​គ្រោះថ្នាក់ ជា​ពិសេស​សង្កត់​ធ្ងន់​ដល់​អណ្ដូង​រ៉ែ កុំ​ឲ្យ​ធ្វើ​ការ​ធ្វេសប្រហែស​អ៊ីចឹង​ទៀត ហើយ​សូម​ឲ្យ​ក្រុមហ៊ុន​នីមួយៗ សូម​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដល់​កម្មករ​ឲ្យ​ដូច​ជា​សាច់​ឈាម​របស់​យើង ដែល​អាច​បង្កើន​ទន់​សម្រាប់​ក្រុមហ៊ុន បើ​យើង​ធ្វើ​អ៊ីចឹង​រោងចក្រ​ហ្នឹង​ក៏​បិទ​ដែរ គ្មាន​ធ្វើ​អី​កើត​ទេ»