ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​កម្ពុជា

អ្នក​ឯកទេស​ផ្នែក​សេដ្ឋកិច្ច​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ខ្នាត​តូច ឬ​ពាណិជ្ជកម្ម​ជា​លក្ខណៈ​គ្រួសារ​ឲ្យ​បាន​ប្រសើរ ឲ្យ​បាន​ច្រើន តែ​ក៏​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ពលករ​បរទេស​អន្តោប្រវេសន៍​ផងដែរ ដែល​កំពុង​ប្រកប​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

0:00 / 0:00

«ឥឡូវ​ហ្នឹង​ពេល​យើង​ដល់​សកលភាវូបនីយកម្ម យើង​ត្រូវការ​ខួរក្បាល​ច្រើន​ណាស់ ។ ឧទាហរណ៍​ឥឡូវ​យើង​ទៅ​សាលា​រៀន ឧបមា​រៀន​អង់គ្លេស យើង​ត្រូវការ​គ្រូ​អង់គ្លេស ត្រូវការ​គ្រូ​បារាំង ត្រូវការ​អ៊ីចឹង ។ ខ្ញុំ​យក​ឧទាហរណ៍​មួយ ជួនកាល​ទៀត​យើង​រោងចក្រ ឥឡូវ​រោងចក្រ​ទើប​មក​ប៉ុន្មាន​ទៀត យើង​មាន​រោងចក្រ​ច្រើន​ណាស់ ដូច​ឥឡូវ Microsoft ក៏​មក​ធ្វើការ​ជាមួយ​យើង ក្រុមហ៊ុន​ច្រើន​ណាស់​គេ​មក​ធ្វើ» ៖ នេះ​គឺ​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ និង​ជា​មន្ត្រី​នាំ​ពាក្យ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ថ្លែង​គូស​បញ្ជាក់​អំពី​កំណើន​ពាណិជ្ជករ​និង​ការវិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ជាមួយ​គ្នា​នេះ​សេចក្តី​រាយការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​គឺ​លោក ចម ប្រសិទ្ធ បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​មួយ​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ ដែល​អនុញ្ញាត​ឲ្យ​គណនេយ្យករ ពេទ្យ​ធ្មេញ និង​វេជ្ជបណ្ឌិត​របស់​ប្រទេស​អាស៊ាន អាច​ធ្វើ​ការងារ​ឬ​ប្រកប​ជំនួញ​នៅ​ក្នុង​ប្រទេស​អាស៊ាន​ដូច​គ្នា​បាន ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ចម ប្រសិទ្ធ ធ្លាប់​បញ្ជាក់​នៅ​ក្រោយ​ជំនួប​ប្រជុំ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ថា គុណភាព​ផលិត​របស់​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ​បើ​ប្រៀបធៀប​ប្រទេស​ជិត​ខាង ។

លោក​រដ្ឋមន្ត្រី ចម ប្រសិទ្ធ លើក​ឧទាហរណ៍​ពន្យល់​ទាក់ទិន​វិស័យ​កាត់ដេរ​ដែល​កំពុង​ឈាន​មុខ​មួយ​ក្នុង​ប្រទេស​កម្ពុជា យ៉ាង​ដូច្នេះ​ថា ៖ «យើង​និយាយ​រួម ព្រោះ​យើង​ប្រកួត​ជាមួយ​គ្នា ផលិតភាព​យើង​ចាញ់​គេ​ហើយ ពីព្រោះ​គេ គេ​ផលិត​៣០​-​៤០​ឆ្នាំ​ហើយ យើង​ទើប​បាន​ប្រមាណ​១២​ឆ្នាំ​ហ្នឹង​ទេ ។ ប៉ុន្តែ​ទី​២ រឿង​កម្មករ​យើង ឧស្សាហ៍​ព្យាយាម​យ៉ាង​ម៉េច​ក៏​ដោយ ល្បឿន​នៃ​ការធ្វើ​អត់​ទាន់​ស្មើ​នៅ​ខាង​វៀតណាម​ទេ អត់​ទាន់​ស្មើ​នឹង​ចិន​ទេ»

ជាមួយ​គ្នា​នេះ​ក៏​មាន​ចំណោទ​លើក​ឡើង​ដែរ​ថា ពាណិជ្ជកម្ម​នៅ​កម្ពុជា​នឹង​អាច​ធ្លាក់​ចុះ​នៅ​គ្រា​ដែល​ថ្លៃ​ប្រេង​ឥន្ទនៈ​បន្ត​ឡើង​ថ្លៃ ហើយ​ក៏​សេវាកម្ម​ដឹក​ជញ្ជូន​មាន​ការលំបាក​នៅ​ឡើយ​នោះ ។ ក៏ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ចម ប្រសិទ្ធ មាន​ប្រសាសន៍​ថា​ការស្វែងរក​ទីផ្សារ​ក្នុង​តំបន់​ជា​ចំណុច​គន្លឹះ​សម្រាប់​ដោះស្រាយ​ចំណោទ​ខាង​លើ​នេះ ។

លោក ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «ប្រេង​ឡើង​ថ្លៃ និង​បញ្ហា​ការដឹក​ជញ្ជូន​ដែល​កាន់តែ​ឡើង​អ៊ីចឹង គឺ​មិនមែន​ពាក់ព័ន្ធ​ប្រទេស​យើង​មួយ​ទេ វា​កើត​មាន​សឹង​គ្រប់​ប្រទេស​ទាំងអស់ ។ យើង​ទៅ​មើល​រហូត​ដល់​ប្រទេស​បារាំង ឬ​ក៏​ប្រទេស​មួយចំនួន​ទៀត ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​ថ្លៃ​ប្រេង​ចុះ ប៉ុន្តែ​អ្នក​ណា​ទៅ​ជួយ​បាន ថ្លៃ​ប្រេង​ចុះ បើ​យើង​អ្នក​ទិញ មិន​មែន​អ្នក​ផលិត ។ អ៊ីចឹង​បើ​អ្នក​លក់ គេ​នៅតែ​លក់​ខ្ពស់ យើង​ធ្វើ​ម៉េច ? យើង​ត្រូវ​រងគ្រោះ​ទាំងអស់​គ្នា អ៊ីចឹង​អ្វី​ដែល​យើង​គិតគូរ គឺ​ថា​យើង​នឹង​ឃើញ​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម​កាត់​ដេរ​នេះ គឺ​មាន​ការប្រែប្រួល​រូបមន្ត​នៃ​ការលក់ ។ ពី​មុន​ថា​យើង​លក់​ទៅ​ដល់​អាមេរិក យើង​លក់​ទៅ​ដល់​សហគមន៍​អឺរ៉ុប ដែល​ជា​ទីផ្សារ​ដឹក​ជញ្ជូន​មួយ​ខែ​តាម​កប៉ាល់ ទម្រាំ​ទៅ​ដល់ ។ ឥឡូវ​ដល់​ពេល​ចាប់ផ្ដើម​សាំង​ឡើង​ថ្លៃ ភ្លើង​ក៏​ឡើង​ថ្លៃ តើ​ធ្វើ​ម៉េច ? ការគិតគូរ​របស់​គេ​គឺ​លក់​ទៅ​កន្លែង​ទីផ្សារ​ណា​ដែល​ជិតៗ​ជាង ។ ឧទាហរណ៍​លក់​ទៅ​ជប៉ុន លក់​ទៅ​ត្រឹម​ចិន លក់​ទៅ​ត្រឹម​អាស៊ាន​ទៅ វា​បាន​លុយ​ដូច​គ្នា ហើយ​ចំណេញ​ទៀត ដោយសារ​យើង​មិន​ចាយ​ធំ​ទៅ​លើ​ការដឹក​ជញ្ជូន ។ ភាគ​ច្រើន​នៅ​រង្វង់​អាស៊ី​យើង​ដែល​យើង​អាច​រក​លុយ​បាន​ច្រើន​ជាង ហើយ​ចំណេញ​បាន​លឿន»

លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ចម ប្រសិទ្ធ ថ្លែង​បន្ថែម​ដោយ​មាន​ជំនឿ​ចិត្ត​ថា ជាមួយ​នឹង​ការអនុគ្រោះ​ពន្ធ​ពី​បរទេស ជា​ពិសេស​សហរដ្ឋ​អាមេរិក​នោះ គឺ​វិស័យ​វិនិយោគ​ឯកជន​នៅ​កម្ពុជា នឹង​កើន​ឡើង​បន្ថែម​ទៀត​នៅ​ឆ្នាំ​ខាង​មុខ​នេះ ។

លោក ចម ប្រសិទ្ធ បាន​បញ្ជាក់​ថា ៖ «អ៊ីចឹង​គេ​ឃើញ​ការរីកចម្រើន​របស់​យើង ហើយ​គេ​ឃើញ​ល្បឿន​សេដ្ឋកិច្ច​របស់​យើង ។ នៅ​ពេល​ប្រទេស​ជិត​ខាង​ល្បឿន​សេដ្ឋកិច្ច​គេ​ទាប យើង​នៅ​សល់​យ៉ាង​តិច​២​ខ្ទង់ នៃ GDP ដែរ អ៊ីចឹង​មាន​ន័យ​ថា​យើង​នៅ​ខ្លាំង ។ អ៊ីចឹង​ហើយ​ការ​ដែល​យើង​ប៉ាន់ស្មាន​ហ្នឹង​គឺ​ដោយសារ​ស្អី ? អាមេរិក​ចាប់ផ្ដើម​បើក​ទីផ្សារ​កាន់តែ​ច្រើន​ឲ្យ​យើង ទំនិញ​មួយចំនួន​ចាប់ផ្ដើម​ទម្លាក់​ពន្ធ​ដល់​សូន្យ ។ ឥឡូវ​នេះ​វា​ជាង​៦​ពាន់​មុខ​ទំនិញ​ហើយ​ដែល​រួច​ពន្ធ ប៉ុន្តែ​យើង​នៅ​បន្ត​ទៀត នៅ​សល់​ប្រហែល​ជា​៦​ពាន់​ទៀត​ដែល​តថ្លៃ​ជាមួយ​អាមេរិក ។ បញ្ហា​គឺ​នៅ​ត្រង់​កិច្ច​ព្រមព្រៀង​ការចរចា​នៅ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​វា​បរាជ័យ បើសិន​វា​មិន​បរាជ័យ វា​មិន​ស្ទះ​ទេ ប្រហែល​ជា​ក្នុង​ចុង​ឆ្នាំ​នេះ អាមេរិក​ត្រូវ​ផ្ដល់​ឲ្យ​យើង​៩៧%​នៃ​មុខ​ទំនិញ​គាត់​ទាំងអស់​ដោយ​រួច​ពន្ធ ។ យើង​ត្រូវ​ទៅ​ចរចា​ជាមួយ​ទ្វេ​ភាគី​អាមេរិក​ដើម្បី​ទាញ​ឲ្យ​ទំនិញ​មួយចំនួន​ចុះ​ពន្ធ»

សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ត្រូវ​គេ​ដឹង​ថា ពឹង​អាស្រ័យ​លើ​វិស័យ​ចម្បង​ចំនួន​៤ គឺ​ផ្នែក​ឧស្សាកម្ម​កាត់​ដេរ សំណង់ ទេសចរណ៍ និង​កសិកម្ម ។ ថ្មីៗ​នេះ​វិស័យ​ធនាគារ​ក៏​រីក​ចម្រើន​ផងដែរ ក៏ប៉ុន្តែ​ក្រុម​អ្នក​ព្យាករណ៍​សេដ្ឋកិច្ច​បាន​ថ្លែង​ជា​ញឹកញយ​ថា ការស្រុត​ចុះ​លើ​វិស័យ​ណា​មួយ​ក្នុង​ចំណោម​វិស័យ​សំខាន់​តិចតួច​ខាង​លើ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​របស់​កម្ពុជា ។

លោក ច័ន្ទ សុផល អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​មាន​ប្រសាសន៍​ថា កម្ពុជា​អាច​ធានា​និរន្តរភាព​កំណើន​សេដ្ឋកិច្ច​ទៅ​បាន ដរាប​ណា​គេ​ធ្វើ​ឲ្យ​មាន​ពហុវិស័យ​លើ​ផ្នែក​ពាណិជ្ជកម្ម​ឬ​ឲ្យ​មាន​ការវិនិយោគ​ឲ្យ​បាន​ច្រើន​ផ្នែក ។

លោក ច័ន្ទ សុផល មាន​គូស​បញ្ជាក់​ថា​ចំណុច​គន្លឹះ​ដែល​ធ្វើ​ឲ្យ​សេវាកម្ម​ពាណិជ្ជកម្ម​ដើរ​ទៅ​មុខ​បាន​នោះ គឺ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ប្រព័ន្ធ​ទំនាក់​ទំនង​អេឡិចត្រូនិច និង​ស្ថានប័ន​សម្រប​សម្រួល​ធុរកិច្ច​ជាដើម ។

លោក ច័ន្ទ សុផល បាន​មាន​ប្រសាសន៍​ថា ៖ «ហើយ​សេវាកម្ម​ហ្នឹង​គឺ​មាន​ការធ្វើ​ពាណិជ្ជកម្ម ការទិញ​ពី​កន្លែង​មួយ​ទៅ​លក់​នៅ​កន្លែង​មួយ ហើយ​ក្នុង​នេះ​វា​ចាំបាច់​ណាស់ ត្រូវ​មាន​ផ្លូវ​ថ្នល់​ល្អ មាន​បណ្ដាញ​ព័ត៌មាន​ច្បាស់លាស់ ការដឹក​ជញ្ជូន វា​មិន​មាន​តម្លៃ​ខ្ពស់​ពេក ប្រេងឥន្ធនៈ​មិន​មាន​តម្លៃ​ខ្ពស់​ពេក»

ស្រប​គ្នា​នឹង​ផែនការ​របស់​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ការធ្វើ​ឲ្យ​រីកចម្រើន​លើ​វិស័យ​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​នោះ អ្នក​ឯកទេស​សេដ្ឋកិច្ច​គឺ​លោក ច័ន្ទ សុផល បាន​ថ្លែង​ថា​កម្ពុជា​ក៏​ត្រូវ​មាន​ផែនការ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ខ្នាត​តូច ឬ​ពាណិជ្ជកម្ម​ជា​លក្ខណៈ​គ្រួសារ​បន្ថែម​ទៀត​ផងដែរ ។

លោក ច័ន្ទ សុផល បាន​ឲ្យ​ដឹង​ថា ៖ «ពាណិជ្ជកម្ម​គ្រួសារ យើង​នៅ​មាន​កម្រិត​ទាប ហើយ​យើង​ឃើញ​ថា​ជា​ទូទៅ​អ្នក​ដែល​បង្កើត​បើក​ដូច​ជា ហាង​អ៊ុតសក់ ហាង​កែ​សម្ផស្ស មាន​ច្រើន​ណាស់ ហើយ​គាត់​ដូច​ជា​គ្រាន់តែ​មាន​ប្រាក់ ចង់​ធ្វើ​តែម្ដង មិន​បាន​សិក្សា​មើល​ពី​សក្ដានុពល​នៃ​ទីផ្សារ អតិថិជន​ហ្នឹង​អាច​មាន​ប៉ុន្មាន​នាក់ ? មក​ពី​កន្លែង​ណា​ខ្លះ ? យើង​ផ្សព្វផ្សាយ​ឲ្យ​គេ​ដឹង​ឮ​យ៉ាង​ម៉េច ? អ្នក​ខ្លះ​បើក​ហើយ​ដួល​រលំ​ទៅ​វិញ»

ជាមួយ​គ្នា​នឹង​របាយការណ៍​របស់​រដ្ឋាភិបាល​ខ្មែរ​ថា ពលរដ្ឋ​ខ្មែរ​ប្រមាណ​៣០%​កំពុង​ស្ថិត​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​ក៏​មាន​ការលើក​ឡើង​ថា យុវជន​ខ្មែរ​ដែល​បញ្ចប់​ការសិក្សា​ជិត​២​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ​នោះ​គឺ​មាន​តែ​១០%​ប៉ុណ្ណោះ​ដែល​អាច​រក​ការងារ​ធ្វើ​បាន ។

លោក ច័ន្ទ សុផល មាន​ប្រសាសន៍​ថា​ជាមួយ​គ្នា​នឹង​ការលើក​ទឹក​ចិត្ត​ឲ្យ​ជន​បរទេស​ចូល​វិនិយោគ កម្ពុជា​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​និង​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ ចំពោះ​ពលករ​បរទេស​ដែល​ចូល​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ផងដែរ ។

បច្ចុប្បន្ន​នេះ​មិន​ទាន់​ប្រភព​ព័ត៌មាន​ជាក់លាក់​ដែល​អាច​ប្រាប់​វិទ្យុ​អាស៊ីសេរី​អំពី​ចំនួន​ពលករ​បរទេស​ដែល​ចូល​មក​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ ។ ក៏ប៉ុន្តែ​បច្ចុប្បន្ន​ក៏​គេ​ឃើញ​មាន​ជន​បរទេស ដូច​ជា​វៀតណាម កូរ៉េ និង​ចិន កំពុង​ប្រកប​ការងារ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ដែរ ៕