អាជ្ញាធរ​ប្រមូល​សម្ភារៈ​ជន​រង​គ្រោះ​នៅ​កោះ​ពេជ្រ​ទុក​ជា​វត្ថុ​តាង

មន្ត្រី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា របស់របរ និង​សម្ភារៈ​ផ្សេងៗ​របស់​ជន​រង​គ្រោះ និង​អ្នក​ស្លាប់ ដែល​បាន​បន្សល់​ទុក​ក្រោយ​ពី​មាន​ឧបទ្ទវហេតុ​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា កន្លង​មក​នេះ ប៉ូលិស​បាន​ប្រមូល និង​ថែរក្សា​ទុក​ជា​វត្ថុ​តាង។

0:00 / 0:00

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុថ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​៣០ ខែ​វិច្ឆិកា​ថា ក្រុម​ប៉ូលិស​បាន​ប្រមូល​សម្លៀក​បំពាក់ ស្បែក​ជើង និង​មួក​ជា​ដើម​របស់​អ្នក​របួស និង​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​អាក្រក់​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​ថ្ងៃ​បុណ្យ​អុំ​ទូក​ចុង​ក្រោយ​ទៅ​ថែ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការ​សម្រេច​ពី​គណៈកម្មការ​ទទួល​បន្ទុក​ដោះស្រាយ​ករណី​ឧបទ្ទវហេតុ​ថា តើ​នឹង​យក​វត្ថុ​តាង​ទាំង​នោះ​ទៅ​ធ្វើ​អ្វី​ទៀត។

លោក ទូច ណារ៉ុថ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ចំពោះ​ការ​ប្រមូល​វត្ថុ​តាង​នេះ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា មន្ត្រី​របស់​លោក​កំពុង​រាប់​ចំនួន​ស្បែក​ជើង និង​សម្លៀក​បំពាក់ រួម​ទាំង​របស់របរ​ទាំង​នោះ​ហើយ ៖ «នៅ​ពេល​ដែល​យើង​ពិនិត្យ​ទៅ​ថា មាន​ស្អី​ខ្លះ​ហើយ យើង​សុំ​យោបល់​ទៅ​ថ្នាក់​លើ ទៅ​ឯកឧត្ដម​អភិបាល និង​ឯកឧត្ដម​អគ្គ​ថា តើ​យើង​សម្រេច​យ៉ាង​ណា? យើង​សម្រេច​ធ្វើ​ជា​ស្តូប​មួយ​នៅ​ខាង​ត្បូង​នៃ​ស្ពាន​ពេជ្រ​បន្តិច​ហ្នឹង ដូច្នេះ​ស្តូប​ហ្នឹង​ដាក់​រូប​ថត ឬ​តម្កល់​អ្វី​ខ្លះ»

លោក ទូច ណារ៉ុថ បាន​បន្ត​ទៀត​ថា ក្រៅ​ពី​របស់​ដែល​ប្រមូល​បាន​នៅ​លើ​ស្ពាន​នោះ លោក​ថា ថ្ងៃ​កើត​ហេតុ​មន្រ្តី​របស់​លោក​ប្រមូល​បាន​ដូច​ជា​ទូរស័ព្ទ និង​នាឡិកា​ជា​ដើម ក៏​ប៉ុន្តែ​បាន​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​សព និង​អ្នក​រង​គ្រោះ​វិញ​ហើយ។ រី​ឯ​ម៉ូតូ​មាន​តែ​ប្រមាណ​ជាង ១០​គ្រឿង​ប៉ុណ្ណោះ ដែល​លោក​ប្រមូល​បាន ហើយ​បច្ចុប្បន្ន​នៅ​សល់ ៦​គ្រឿង​ទៀត​នៅ​ខណ្ឌ​ដូនពេញ និង​ខណ្ឌ​ចំការមន។

ទាក់ទង​បញ្ហា​នេះ អធិការ​នគរបាល​ខណ្ឌ​ចំការមន លោក ហ៊ាង ថារ៉េត បាន​ឲ្យ​ដឹង​ថា តាំង​ពី​ថ្ងៃ​កើត​ហេតុ​មក នៅ​ក្នុង​ខណ្ឌ​របស់​លោក​មាន​ម៉ូតូ​តែ​ជាង ១០​គ្រឿង​ប៉ុណ្ណោះ​របស់​ជន​រង​គ្រោះ ដែល​បាន​រក្សា​ទុក​នៅ​ទី​នោះ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា គឺ​នៅ​សល់​តែ ១​គ្រឿង​ប៉ុណ្ណោះ។

លោក ហ៊ាង ថារ៉េត បន្ថែម​ថា ៖ «ម៉ូតូ​គេ​ប្រមូល​តាម​ស្តង់​គេ​ផ្ញើ​មក គេ​ប្រគល់​ឲ្យ​ប៉ុស្តិ៍ ប៉ុស្តិ៍​គេ​ដឹក​មក​ខណ្ឌ ខណ្ឌ​ធ្វើ​ឯកសារ​គ្រប់គ្រាន់​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ»

អ្នកស្រី ជិន ឌឿន ភូមិ​ចក ឃុំ​ត្រពាំងសាប ស្រុក​បាទី ខេត្ត​តាកែវ ដែល​មាន​ក្មួយ​ពីរ​នាក់​អាយុ ១១​ឆ្នាំ និង​អាយុ ១២​ឆ្នាំ​បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​នោះ បាន​រៀបរាប់​ទាំង​សំឡេង​ក្ដុកក្ដួល​ពី​ការ​បាត់បង់​អាយុ​ជីវិត និង​ទ្រព្យ​ខ្លះ​ដែល​នៅ​ជាប់​ខ្លួន​ក្មួយ​របស់​គាត់។

អ្នកស្រី ជិន ឌឿន បន្ត​ថា ៖ «ម្នាក់​នោះ​ពេល​ទៅ​ផ្ទះ​វា​សួរ​ថា លុយ​ឲ្យ​ទុក​នៅ​កាបូប​ហ្នឹង ១១​ម៉ឺន មាន​ឃើញ​លុយ​ឬ​អត់? ហើយ​ដល់​ហើយ​មក​ដល់​សព​ហ្នឹង​អត់​មាន​ឃើញ​អី​ទេ ឃើញ​តែ​កាបូប​មួយ​តូច»

ប្រធាន​សមាគម​និស្សិត​ឧត្តរមានជ័យ លោក អ៊ិន សូដា បាន​ថ្លែង​ថា ក្នុង​សមាគម​របស់​លោក​មាន​និស្សិត​ចំនួន ២​នាក់​ជា​សមាជិក​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នោះ។ លោក​ថា និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ទីផ្សារ​ម្នាក់​ឈ្មោះ ទឹម រដ្ឋមុន្នី បាន​ស្លាប់ ហើយ​មិត្តភ័ក្ដិ​ដែល​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​ជាមួយ​គ្នា​បាន​ដឹង​ថា សព​នេះ​បាន​បាត់​កាបូប​លុយ។

លោក អ៊ិន សូដា ថ្លែង​បន្ថែម​ថា ៖ «ទូរស័ព្ទ​អត់​អី​ទេ តែ​រក​អត់​ឃើញ​កាបូប​លុយ ដោយសារ​ទៅ​ហ្នឹង​គឺ​មាន​កាបូប​លុយ ដើរ​លេង​វា​មិន​ដែល​អត់​ទេ ធម្មតា​នៅ​ក្នុង​ហោប៉ៅ​តែងតែ​មាន​កាបូប​លុយ ប៉ុន្តែ​លុយ​តិច ឬ​ច្រើន​យើង​អត់​ដឹង​មាន​ប៉ុណ្ណា»

នៅ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​ស្ពាន​កោះ​ពេជ្រ​នោះ បាន​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ចំនួន ៣៥១​នាក់ និង​របួស​ចំនួន ៣៩៥​នាក់ ដែល​គ្មាន​នរណា​ដឹង​ពិត​ប្រាកដ​ទេ​ថា តើ​ក្រៅ​ពី​ការ​បាត់បង់​ជីវិត តើ​ពួកគេ​នឹង​បាត់បង់​ទ្រព្យ​សម្បត្តិ​អ្វី​ទៀត​នោះ​ទេ៕