លោក ជុច ភឿន រដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ឲ្យដឹងថា លក្ខខណ្ឌនៃការដាក់ពាក្យស្នើសុំនេះ គឺរាជរដ្ឋាភិបាលចាំបាច់ត្រូវបង្ហាញឯកសារសិក្សាស្តីពីប្រាសាទបន្ទាយឆ្មារឲ្យបានត្រឹមត្រូវទៅតាមលក្ខណវិនិច្ឆ័យរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនិងអនុសញ្ញាឆ្នាំ១៩៧២ របស់អង្គការយូណេស្កូ។
លោក ជុច ភឿន បានឲ្យដឹងអំពីលក្ខណសម្បត្តិរបស់ប្រាសាទបន្ទាយឆ្មារ ដែលកសាងឡើង ក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧ ក្នុងអំឡុងសតវត្សរ៍ទី១២ ៖ «ចំណុចគន្លឹះបី ទី១ហ្នឹង គឺប្រាសាទបន្ទាយឆ្មារជាផលិតផលនៃទេពកោសល្យច្នៃប្រឌិតរបស់មនុស្សខ្មែរ។ ទី២ ស្ថាបត្យកម្មនៃប្រាសាទបន្ទាយឆ្មារហ្នឹង វាខុសប្លែកពីគេ ទី៣ គឺរូបចម្លាក់ទាំងឡាយដែលនិយាយរៀបរាប់អំពីជីវិតប្រចាំថ្ងៃរបស់ប្រជាជន ចម្បាំងរវាងខ្មែរ-ចាម ហើយនិងទេវកថាទាំងឡាយដែលពាក់ព័ន្ធ គឺថាល្អណាស់ចំណុចបីហ្នឹង»។
ប៉ុន្តែលោក ជុច ភឿន បានថ្លែងឲ្យដឹងអំពីចំណុចដ៏សំខាន់បំផុតមួយទៀត គឺការអភិរក្សជីវសាស្រ្តចម្រុះនិងតំបន់ព្រៃឈើធម្មជាតិនៅជុំវិញប្រាសាទដែលក្រុមអ្នកជំនាញជាតិនិងអន្តរជាតិផ្នែកបេតិកភណ្ឌនិងបុរាណវិទ្យា ព្រមទាំងមន្ត្រីអាជ្ញាធរសមត្ថកិច្ចកំពុងធ្វើការសិក្សាស្រាវជ្រាវនិងពិនិត្យចងក្រងជាឯកសារនៅក្នុងសន្និសីទមួយនៅក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី០៨ ដល់ទី ១០ ខែសីហានេះ។
លោក ជុច ភឿន ថ្លែងបន្តយ៉ាងដូច្នេះ ៖ «ប៉ុន្តែមួយទៀតដែលខ្វះមិនបាន គឺបរិស្ថានជុំវិញ។ តំបន់ទាំងឡាយនេះត្រូវតែគោរពឲ្យដាច់ខាត បើខ្លួនឯងមិនគោរពបាន ភាគីខាងយូណេស្កូក៏គេមិនពិចារណាលើឯកសារដែលយើងស្នើដែរ»។
លោក ជុច ភឿន បានគូសបញ្ជាក់អំពីដំណើរនៃការស្នើដាក់ប្រាសាទបន្ទាយឆ្មារនេះ ព្រមទាំងក្រុមប្រាសាទបុរាណខ្មែរមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ជូនអង្គការយូណេស្កូ ដើម្បីពិនិត្យពិចារណាបញ្ចូល ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់ ៖ «ពេលដែលយើងបញ្ចូលប្រាសាទអង្គរ ហើយក្រោយមកទៀត យើងចូលប្រាសាទព្រះវិហារហ្នឹង នៅក្នុងបញ្ជីយើងបានរៀបរាប់ថា ក្រុមប្រាសាទណាទៀតដែលត្រូវបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌហ្នឹង អ៊ីចឹងនៅក្នុងចំណោម ៦-៧បញ្ជីហ្នឹង យើងមានក្នុងនោះប្រាសាទបន្ទាយឆ្មារ»។
ទាក់ទងនឹងពេលវេលានៃការដាក់ពាក្យស្នើសុំទៅអង្គការយូណេស្កូ ដើម្បីសុំបញ្ចូលប្រាសាទបន្ទាយឆ្មារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ លោក ជុច ភឿន រដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ឲ្យដឹងថា សំខាន់គឺអាស្រ័យទៅលើល្បឿននៃការចងក្រងឯកសារសិក្សា ប្រសិនជាបានឆាប់នោះ គឺអាចនឹងចាប់ផ្តើមដាក់នៅក្នុងឆ្នាំ២០១០ ដែលជាទូទៅត្រូវការរយៈពេលប្រមាណពី ២-៤ឆ្នាំ ក្នុងការពិនិត្យសម្រេច៕
