នៅក្នុងច្បាប់បង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាមានចែងអំពីការគាំពារសុវត្ថិភាពជូនសាក្សីដែលនឹងមកផ្ដល់សក្ខីកម្មក្នុងការកាត់ក្ដីអតីតមេដឹកនាំខ្មែរក្រហម។
ក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃអង្គារ លោក ចាន់ សុវ៉េត មន្រ្តីជាន់ខ្ពស់នៃកម្មវិធីផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សរបស់សមាគមអាដហុក បានកត់សម្គាល់អំពីតួនាទីរបស់សាក្សីក្នុងការកាត់ក្ដីអតីតមេដឹកនាំខ្មែរក្រហមដូច្នេះ ៖ «សាក្សីសំខាន់ណាស់សម្រាប់ផ្ដល់ជាតឹកតាង ទាំងភស្តុតាងជាក់ស្ដែង ទាំងភស្តុតាងអតីតកាលផ្សេងៗ ដែលគាត់ធ្លាប់ឆ្លងកាត់ជួបប្រទះ ហ្នឹងក៏ជាចំណុចមួយសំខាន់សម្រាប់ផ្ដល់ហើយ ព្រោះថា រឿងខ្មែរក្រហមមិនមែនរឿងថ្មីៗទេ រឿងយូរមកហើយ ហើយអ៊ីចឹងរឿងយូរហើយ វាចាំបាច់ទាមទារឲ្យមានសាក្សីឆ្លុះបញ្ចាំងបង្ហាញអំពីភាពអសកម្មឬក៏ភាពសកម្មផ្សេងៗ ដែលកើតឡើងកាលពីសម័យរបបខ្មែរក្រហមនេះ»។
លោកក៏បានកត់សម្គាល់ផងដែរថា ក្នុងប្រព័ន្ធតុលាការនៅស្រុកខ្មែរបច្ចុប្បន្នពុំមានអង្គភាពការពារសាក្សីដូចសាលាក្ដីខ្មែរក្រហមនោះឡើយ បើមានក៏មានតែក្រុមមេធាវីនិងមន្រ្តីនគរបាលយុត្តិធម៌ជាដើមតែប៉ុណ្ណោះ ៖ «សូម្បីតែនីតិវិធីព្រហ្មទណ្ឌយើងថ្មីនេះក៏អត់បាននិយាយអំពីកិច្ចការពារដែរ»។
ចំពោះអង្គភាពការពារសាក្សីរបស់សាលាក្ដីខ្មែរក្រហម លោក ញ៉ែម សំណាង មន្រ្តីនៃអង្គភាពនេះបានរៀបរាប់អំពីវិធានការការពារសាក្សីនៅពេលសាក្សីធ្វើដំណើរទៅដល់តុលាការ និងខណៈដែលផ្ដល់សក្ខីកម្មក្នុងតុលាការ ហើយក៏នឹងចុះទៅពិនិត្យបើសិនជាមានសំណូមពរពីសាក្សី។
លោក ញ៉ែម សំណាង បានមានប្រសាសន៍ថា ៖ «បើសិនជាមានសាក្សីគាត់សុំវិធានការការពារ គឺខាងអង្គភាពយើងខ្ញុំបានចុះ គឺយើងចុះទៅស្រង់ព័ត៌មានអំពីហានិភ័យរបស់គាត់ តើតាំងពីជាប់ពាក់ព័ន្ធជាសាក្សីរបស់សាលាក្ដីខ្មែរក្រហមកន្លងមក តាំងពីជាមួយនឹងសហចៅក្រមស៊ើបសួរឬសហព្រះរាជអាជ្ញាជាដើម រហូតមកដល់ពេលនេះ តើគាត់មានបញ្ហាអីឬក៏អត់? អ៊ីចឹងយើងសិក្សាឲ្យបានច្បាស់លាស់ដើម្បីរាយការណ៍ជូនសហចៅក្រម។ នៅពេលនោះហើយដែលសហចៅក្រមគាត់បានដំណឹង គាត់នឹងចាត់វិធានការ»។
លោកថា ទោះជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះនៅមិនទាន់មានការសុំជំនួយជាបន្ទាន់ណាមួយពីសាក្សីទាក់ទងបញ្ហាសន្តិសុខនៅឡើយទេ តែអង្គភាពរបស់លោកត្រៀមខ្លួនជាស្រេច។
ស្ដីពីការការពារសាក្សីនេះ លោក ញ៉ែម សំណាង បញ្ជាក់ថា សាលាក្ដីនឹងផ្ដល់ឲ្យនៅពេលដែលសាក្សីមកកាន់សាលាក្ដីតែប៉ុណ្ណោះ ពេលសាក្សីនៅឯផ្ទះ សន្តិសុខរបស់សាក្សីគឺជាបន្ទុករបស់នគរបាល។
លោក ញ៉ែម សំណាង បានឲ្យដឹងថា ៖ «យោងតាមកិច្ចព្រមព្រៀងនៅថ្ងៃទី១៤ ខែ៣ ឆ្នាំ២០០៦ រវាងអង្គការសហប្រជាជាតិនិងរាជរដ្ឋាភិបាលកម្ពុជា កិច្ចការពារហ្នឹងគឺយើងបានចែកដាច់ គឺថានៅពេលដែលសាក្សីមកផ្ដល់កសិណសាក្សីនៅសាលាក្ដីខ្មែរក្រហម គឺជាបន្ទុករបស់សាលាក្ដីខ្មែរក្រហម។ អ៊ីចឹងនៅពេលដែលសាក្សីត្រឡប់ទៅផ្ទះវិញ គឺជាបន្ទុករបស់រាជរដ្ឋាភិបាល»។
លោក ចាន់ សុវ៉េត នៃសមាគមអាដហុក មានប្រសាសន៍ផងដែរថា តាមការអនុវត្តរបស់តុលាការខ្មែរពេលបច្ចុប្បន្ន មនុស្សភាគច្រើនមានការខ្លាចរអាក្នុងការធ្វើជាសាក្សី ដូច្នេះអង្គភាពការពារសាក្សីរបស់សាលាក្ដីខ្មែរក្រហមអាចចាត់ទុកថាជាគំរូល្អសម្រាប់ច្បាប់ខ្មែរ៕
