បុគ្គលិក​ពេទ្យ​ខេត្ត​សៀមរាប​ខ្លះ រអ៊ូ​រឿង​បើក​ប្រាក់​ហិរញ្ញប្បទាន​យឺត

បុគ្គលិក​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​មួយ​ចំនួន បាន​រអ៊ូ​រទាំ​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់​ហិរញ្ញប្បទាន​សម្រាប់​ពួក​គេ ដែល​បន្ថែម​ពី​លើ​ប្រាក់​បៀវត្ស។

0:00 / 0:00

ពួក​គេ​បាន​បង្ហាញ​ប្រតិកម្ម​ដោយ​មិន​ចំហ​ថា ប្រាក់​ហិរញ្ញប្បទាន ដែល​ពួកគេ​ធ្លាប់​បាន​ទទួល គឺ​បាន​បាត់​ចំនួន ៣ ខែ​មក​ហើយ ដែល​ធ្វើ​ឱ្យ​ជីវភាព​របស់​ពួក​គេ​ខ្លះ ប្រឈម​មុខ​នឹង​ការ​ខ្វះ​ខាត។

អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប បាន​បញ្ជាក់​ថា គេ​មាន​គោលការណ៍​ឱ្យ​បុគ្គលិក​ទាំង​ឡាយ​ណា ដែល​មាន​ជីវភាព​ដុនដាប​ខ្លាំង អាច​ខ្ចី​លុយ​របស់​អង្គភាព យក​ទៅ​ដោះ​ស្រាយ​ជីវភាព​បាន នៅ​ពេល​ដែល​ប្រាក់​ខែ ឬ​ប្រាក់​ហិរញ្ញប្បទាន​មាន​ការ​យឺតយ៉ាវ ហើយ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថានភាព​រស់នៅ​ប្រចាំ​ថ្ងៃ​នោះ។

លោក ប៉ែន ផល្គុន ជា​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប។ លោក​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី ៥ ខែ​ឧសភា​ថា ក្នុង​ចំណោម​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ គឺ​មួយ​ចំនួន​មាន​ជីវភាព​ដុនដាប ដែល​ត្រូវ​ការ​បើក​ប្រាក់​ខែ ឬ​ប្រាក់​ហិរញ្ញប្បទាន​ឱ្យ​បាន​ទៀងទាត់ មិន​យឺតយ៉ាវ។

ក៏​ប៉ុន្តែ នៅ​ក្នុង​រយៈ​ពេល​ប្រមាណ ៣ ខែ​កន្លង​មក​នេះ លោក​ទទួល​ស្គាល់​ថា គឺ​បុគ្គលិក​របស់​មន្ទីរ​ពេទ្យ​ប្រមាណ ១៦០ នាក់ នៅ​មិន​ទាន់​បាន​ទទួល​ប្រាក់​ហិរញ្ញប្បទាន​នៅ​ឡើយ​ទេ។

លោក ប៉ែន ផល្គុន៖ «ប្រាក់​ហិរញ្ញប្បទាន​ហ្នឹង​អត់​ទាំង​អស់​គ្នា មិន​មែន​អត់​តែ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​មួយ​នោះ​ទេ។ លុយ​មូលនិធិ​សមធម៌​វា​អត់​ធ្លាក់។ វា​មិនមែន​ជា​ប្រាក់​បៀវត្ស​ទ។ អា​ហ្នឹង​គេ​ហៅ​ថា ប្រាក់​លើក​ទឹក​ចិត្ត។ ប្រហែល​ជា​ធ្លាក់​ឆាប់​នេះ។ លុយ​វា​អត់​ទាន់​ធ្លាក់​មក មិន​ដឹង​ធ្វើ​ម៉េច។ លុយ​យើង​បើក​ត្រឹម​ខែ ២ នៅ​សល់​ខែ ៣ និង​ខែ ៤ ហើយ​អ្នកខ្លះ​មាន​ជីវភាព​ដុនដាប​ខ្លាំង អាច​ខ្ចី​បាន​មន្ទីរពេទ្យ​មាន​លុយ​ឱ្យ​ខ្ចី»។

ការ​បញ្ជាក់​របស់​អ្នក​គ្រប់គ្រង​មន្ទីរ​ពេទ្យ​បែប​នេះ គឺ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​មិន​ចំហ​របស់​បុគ្គលិក​ខ្លះ ដែល​រអ៊ូរទាំ​អំពី​បញ្ហា​បើក​ប្រាក់​ហិរញ្ញប្បទាន​យឺតយ៉ាវ។

កាល​ពី​ថ្ងៃ​ទី ៤ ខែ​ឧសភា​កន្លង​ទៅ ក្រុម​បុគ្គលិក​ស្រីៗ របស់​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​ខ្លះ ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ បាន​ផ្ញើ​សារ​អេឡិចត្រូនិក (E-Mail) មក​កាន់​វិទ្យុ​អាស៊ី​សេរី។ ក្នុង​សារ​អេឡិចត្រូនិក​នោះ គេ​និយាយ​ថា ពួក​គេ​មិន​បាន​ទទួល​ប្រាក់​ហិរញ្ញប្បទាន​រយៈ​ពេល ៣ ខែ​ហើយ ដោយ​គេ​មិន​បាន​ដឹង​អំពី​មូលហេតុ​នៃ​ការ​យឺតយ៉ាវ​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​អះអាង​ថា ប្រាក់​ទាំង​នោះ គឺ​មិន​បាត់​បង់​ទេ ថ្វីត្បិត​តែ​មាន​ការ​យឺតយ៉ាវ​បន្តិច​ក៏​ដោយ។

លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប។ លោក​មាន​ប្រសាសន៍​ថា ប្រាក់​ហិរញ្ញប្បទាន​នោះ គឺ​ចេញ​ពី​មូលនិធិ​សមធម៌​របស់​រដ្ឋាភិបាល ហើយ​មន្ទីរពេទ្យ និង​មន្ទីរ​សុខាភិបាល​ខេត្ត កំពុង​ប្រឹងប្រែង​ធ្វើ​ការងារ​ជា​ច្រើន​ក្នុង​ការ​ពន្លឿន​ប្រាក់​ហិរញ្ញប្បទាន​នោះ​ឱ្យ​បាន​ឆាប់​រហ័ស។

លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់៖ «ធម្មតា​គេ​បើក​ត្រី​មាស​ម្ដង ព្រោះ​ប្រាក់​ហិរញ្ញប្បទាន​ហ្នឹង គេ​ហៅ​ទីភ្នាក់ងារ​ប្រតិបត្តិការ​ពិសេស ហើយ​អ៊ីចឹង​ការងារ​ហ្នឹង​ត្រូវ​ធ្វើ​របាយការណ៍​ឡើង​ទៅ បាន​គេ​ទៅ​បើក​មក​ម្ដង ៣ ខែ ហើយ​គេ​មាន​គុណ​អី​ត្រឹមត្រូវ។ តើ​អ្នក​ណា​ត្រូវ​បាន​ប៉ុន្មាន? អ៊ីចឹង​ធម្មតា​យើង​ត្រូវ​ទូទាត់​ទៅ​តាម​ហ្នឹង។ ប៉ុន្តែ វា​មិន​ដែល​បាត់​លុយ​គេ​ទេ តែ​គេ​ទម្លាក់​មក គឺ​បញ្ចូល​កុង​រៀងៗ ខ្លួន។ វា​គ្មាន​អ្នកណា​ទៅ​ស៊ី ទៅ​កាត់​អី​របស់​អ្នក​ណា​បាន​ទេ»។

មន្ត្រី​មន្ទីរ​សុខាភិបាល បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ដែល​បម្រើ​ការ​នៅ​តាម​មន្ទីរពេទ្យ​គ្រប់​រូប សុទ្ធ​តែ​បាន​ទទួល​ប្រាក់​ហិរញ្ញប្បទាន​គ្រប់ៗ គ្នា ដោយ​គិត​ទៅ​តាម​តួនាទី និង​ឋានៈ និង​យ៉ាង​ហោច​ណាស់ ក៏​បុគ្គលិក​ម្នាក់​អាច​ទទួល​បាន​លុយ​ហិរញ្ញប្បទាន​ប្រហាក់​ប្រហែល ១០០ ដុល្លារ​សហរដ្ឋ​អាមេរិក​បន្ថែម​ពី​លើ​ប្រាក់​បៀវត្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។