ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង តវ៉ា​រឿង​ប្រើប្រាស់​ថាមពល​អគ្គិសនី

ប្រជា​ពលរដ្ឋ​អ្នក​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​អគ្គិសនី ជួយ​ដោះស្រាយ​វិបត្តិ​ប្រើប្រាស់​ថាមពល​អគ្គិសនី ដែល​បង្ក​ការ​លំបាក និង​ប៉ះពាល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ។

អាជ្ញាធរ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង បាន​ជួប​ប្រជុំ​ដោះស្រាយ​វិបត្តិ​ប្រើប្រាស់​ថាមពល​អគ្គិសនី ដែល​បាន​កើត​មាន​រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​សេវាកម្ម​ឯកជន​ចែកចាយ​ថាមពល​អគ្គិសនី ក៏​ប៉ុន្តែ មិន​បាន​លទ្ធផល​ទេ។

កាល​ពី​ថ្ងៃ​ទី ២០ ខែ​តុលា​កន្លង​ទៅ ប្រជា​ពលរដ្ឋ​អ្នក​ប្រើប្រាស់​ថាមពល​អគ្គិសនី នៅ​ស្រុក​សៀមប៉ាង ប្រមាណ ៤០ នាក់ បាន​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​តំណាង​ម្ចាស់​សេវាកម្ម​ផ្គត់ផ្គង់​អគ្គិសនី​ស្រុក និង​មន្ត្រី​តំណាង​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល​រដ្ឋ​ខេត្ត​ស្ទឹងត្រែង នៅ​ក្នុង​បរិវេណ​វត្ត​សៀមប៉ាង។

ប្រជាពលរដ្ឋ អ្នក​ប្រើប្រាស់​ថាមពល​អគ្គិសនី​ស្រុក​សៀមប៉ាង អ្នកស្រី ផាន់ សុធា មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​មាន​ការ​លំអៀង​ទៅ​លើ​ម្ចាស់​សេវាកម្ម​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ច្រើន​ជាង​ស្វែង​រក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​ហេតុ​នេះ ប្រជា​ពលរដ្ឋ​សំណូមពរ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឡើង​វិញ។ អ្នក​ស្រី​បន្ត​ថា ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​ដោយសារ​មិន​មាន​ជំនឿ​លើ​ដំណោះ​ស្រាយ​នេះ។

អ្នកស្រី ផាន់ សុធា៖ «គ្មាន​ព្រមព្រៀង​ស្អី​ទេ។ គាត់​មក​គាត់​មិន​និយាយ​ចំ​ចំណុច​ខ្ញុំ​ឈឺ ខ្ញុំ​រមាស់​ស្អី​ផង។ ខ្ញុំ​ទាមទារ​សុំ​ឲ្យ​គាត់ជួយ​សម្រួល​មើល​បញ្ហា​គីឡូ​ខ្ញុំ​រត់​ឡើង​រហូត។ ខ្ញុំ​ប្រើ​តាំង​ពី​ជាង ១០ ម៉ឺន​រត់​ឡើង​រហូត​ដល់ ៣០ ម៉ឺន ៤០ ម៉ឺន ៥០ ម៉ឺន ៦០ ម៉ឺន​ទៅ ខ្ញុំ​មាន​លទ្ធភាព​ឯណា​ប្រើ»។

ចំណែក​ប្រជា​ពលរដ្ឋ​ស្រុក​សៀមប៉ាង​មួយ​រូប​ទៀត គឺ​អ្នក​ស្រី កែវ ប៊ុនឡៃ មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា ម្ចាស់​អាជីវកម្ម​ចែកចាយ​ថាមពល​អគ្គិសនី​ស្រុក បាន​ដំឡើង​ថ្លៃ​ប្រើប្រាស់​អគ្គិសនី​រហូត​ដល់ ៣.៥០០ រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១២ ខណៈ​ដែល​អាជ្ញាធរ​អគ្គិសនី បាន​កំណត់​តម្លៃ​ប្រើប្រាស់​ត្រឹម​តែ ៣.០០០ រៀល ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។

អ្នកស្រី​បន្ត​ថា ប្រជា​ពលរដ្ឋ​យល់​ព្រម​លើ​គោលការណ៍​កំណត់​តម្លៃ​ប្រើប្រាស់ ៣.២០០ រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ចាប់​ពី​ខែ​តុលា​នេះ​បន្ទាប់​ពី​អាជ្ញាធរ​អគ្គិសនី បាន​ប្ដូរ​តម្លៃ​ថ្មី កាល​ពី​ខែ​កក្កដា។ ក៏​ប៉ុន្តែ ប្រជា​ពលរដ្ឋ​ទាមទារ​សុំ​ប្ដូរ​នាឡិកា​ភ្លើង​ថ្មី ដែល​ត្រួត​ពិនិត្យ​ដោយ​ស្ថាប័ន​ជំនាញ​អគ្គិសនី​ត្រឹមត្រូវ។

អ្នក​ស្រី កែវ ប៊ុនឡៃ៖ «គីឡូ​ហ្នឹង​ឡើង​ដល់ ២០០ ដល់​គេ​តវ៉ា ចុះ​មក​ដល់ ៤០ គីឡូ។ហើយ​គីឡូ​ហ្នឹង​ប្រើ​ក៏​អស់​មិន​ប្រើ​ក៏​អស់។ គេ​សុំ​ដាក់​គីឡូ​នៅ​ផ្ទះ​គេ​មួយ​ដាក់​គីឡូ​នៅ​ក្រុមហ៊ុន​មួយ​គេ​អត់​ព្រម»។

ទាក់ទិន​បញ្ហា​នេះ ម្ចាស់​សេវាកម្ម​ផ្គត់ផ្គង់​អគ្គិសនី​ស្រុក​សៀមប៉ាង លោក ម៉ាត់ សំណាង មាន​ប្រសាសន៍​បញ្ជាក់​ថា ចាប់​តាំង​ពី​ខែ​កញ្ញា​រហូត​មក អាជ្ញាធរ​អគ្គិសនី បាន​កំណត់​តម្លៃ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​ស្រុក​សៀមប៉ាង គឺ ៣.២០០ រៀល ក្នុង ១ គីឡូវ៉ាត់​ម៉ោង ដោយសារ​តែ​ប្រេង​ឥន្ធនៈ​បាន​ឡើង​ថ្លៃ។

លោក​បន្ត​ថា សំណើ​ប្ដូរ​នាឡិកា​ភ្លើង​របស់​ប្រជា​ពលរដ្ឋ លោក​មិន​ជំទាស់​ទេ។ ក៏​ប៉ុន្តែ ក្រុមហ៊ុន​ត្រូវ​តែ​ត្រួត​ពិនិត្យ​នាឡិកា​ភ្លើង​មុន​នឹង​ដាក់​ជូន​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​បាន។

លោក ម៉ាត់ សំណាង៖ «ខាង​មន្ទីរ​គាត់​ចុះ​មក គាត់​ថា​ទិញ​កុងទ័រ​អ្នក​ណា​ទិញ​ទៅ។ ប៉ុន្តែ កុងទ័រ​ហ្នឹង​ឲ្យ​វា​ចំ​ក្រុមហ៊ុន។ ឧបមា​ថា សៀមប៉ាង ប្រើ​កុងទ័រ​អក្សរ​ហ៊្សី គឺ​ឲ្យ​វា​មាន​ហ៊្សី​ទាំង​អស់។ឲ្យ​គាត់​ទៅ​ទិញ​ហ៊្សី​មក​ទាំង​អស់ ខ្ញុំ​ចាប់​ឲ្យ​គាត់​តើ»។

អភិបាល​រង​ស្រុក​សៀមប៉ាង លោក ស សុផល អះអាង​ថា អាជ្ញាធរ​បាន​ព្យាយាម​ស្វែង​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ដោយ​យុត្តិធម៌ និង​ផ្អែក​ទៅ​លើ​គោលការណ៍​កំណត់​របស់​អាជ្ញាធរ​អគ្គិសនី។លោក​បន្ត​ថា មន្ត្រី​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល​រដ្ឋ​ខេត្ត នឹង​ចាត់​វិធានការ​ស្វែង​រក​ដំណោះ​ស្រាយ​បន្ត​ក្នុង​បញ្ហា​នេះ។

លោក ស សុផល៖ «គាត់​ឈរ​ជា​អាជ្ញា​កណ្ដាល​មិន​លំអៀង​ខាង​ណា​ទេ។ ធ្វើ​ម៉េច​ឲ្យ​បាន​ត្រឹមត្រូវ។គាត់​មក​បំពេញ​ការងារ​នៅ​ស្រុក​នេះ ដើម្បី​គាត់​ជួយ​ពិនិត្យ​មើល។ គាត់​កំពុង​ធ្វើ​ការ​ជា​មួយ​ក្រុម​ប្រឹក្សា​ស្រុក»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ខេត្ត​ស្ទឹងត្រែង ដើម្បី​សុំ​អធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ​ទី​២១ ខែ​តុលា។ ក៏ប៉ុន្តែ ប្រជា​ពលរដ្ឋ​អ្នក​ប្រើប្រាស់​ថាមពល​អគ្គិសនី នៅ​ស្រុក​សៀមប៉ាង អះអាង​ថា ពួក​គាត់​នឹង​នាំ​គ្នា​ឈប់​ប្រើប្រាស់​ថាមពល​អគ្គិសនី ប្រសិន​បើ​អាជ្ញាធរ​អគ្គិសនី មិន​ជួយ​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។