មនុស្សប្រមាណ ២០០នាក់ ជាតំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានជួបជុំគ្នានៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ នៅមុខវិមានរដ្ឋសភា លើកបដាអមដោយញត្តិមានផ្ដិតស្នាមមេដៃជាង ១ម៉ឺននាក់ ប្រឆាំងនឹងសេចក្ដីព្រាងច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
លោក ហេង សំអូន ជាអគ្គលេខាធិការសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចូលរួមលើកបដាតវ៉ានៅពីមុខរដ្ឋសភា។ លោកបានឲ្យដឹងថា មូលហេតុតំណាងសហគមន៍ និងសកម្មជនសិទ្ធិមនុស្សជួបជុំគ្នាលើកបដាពេលនេះ គឺមិនចង់ឲ្យរដ្ឋាភិបាលធ្វើច្បាប់គ្រប់គ្រងសមាគម និងអង្គការចេញជារូបរាងនោះទេ។
លោក ហេង សំអូន ឲ្យដឹងបន្ថែមដូច្នេះ៖ «ញត្តិនេះគឺមានមេដៃជាង ១ម៉ឺននាក់ ហើយយើងដាក់នៅលើក្រមានេះ ដោយសារតែក្រុមសហគមន៍យើង យើងបានអនុម័តគ្នាយកក្រមាពណ៌ខៀវនេះតំណាងឲ្យអ្នកការពារសិទ្ធិមនុស្ស។ ថ្ងៃនេះយើងមានក្រមាប្រមាណ ២៣០ម៉ែត្រ តភ្ជាប់គ្នាគ្រប់ ២៤ខេត្ត ក្រុង និងរាជធានី។ យើងស្នើទៅរាជរដ្ឋាភិបាលសូមឲ្យបញ្ឈប់ការប៉ុនប៉ងចេញច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីសហករណ៍កសិកម្ម ដែលច្បាប់នេះ គឺយើងមើលពង្រាងទៅវារឹតត្បិតសេរីភាពប្រជាពលរដ្ឋ»។
ចំណែកព្រះភិក្ខុ លួន សាវ៉ាត ដែលបាននិមន្តមកដល់មុខវិមានរដ្ឋសភា ព្រះអង្គក៏បានបង្ហាញព្រះទ័យមិនចង់ឲ្យសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចេញជារូបរាងដែរ ព្រោះព្រះអង្គយល់ថា ច្បាប់នេះបង្កើតឡើងដើម្បីត្រួតត្រាសកម្មភាពសង្គមស៊ីវិលជាជាងលើកស្ទួយសកម្មភាពរបស់សង្គមស៊ីវិលនៅកម្ពុជាទៅវិញ។
ព្រះភិក្ខុ លួន សាវ៉ាត មានថេរដីកាដូច្នេះ៖ «យើងមិនអាចទទួលយកបាន ដែលចែងថា នៅតំបន់ណាធ្វើសកម្មភាពតំបន់នោះ គឺយើងមិនទទួលយកទេ ហើយក៏មិនមែនជាច្បាប់ទេ ហើយខុសនឹងច្បាប់ធម្មជាតិទៅទៀត។ យើងឃើញថា រឹតបន្តឹងទៅលើសិទ្ធិចូលរួម សេរីភាពក្នុងការបញ្ចេញមតិ ការរួមប្រជុំ ក៏ច្បាប់ហ្នឹងបានរឹតបន្តឹងដោយឲ្យចុះបញ្ជីផ្សេងៗ»។
ពិធីជួបជុំរបស់តំណាងសហគមន៍ និងសកម្មជនសិទ្ធិមនុស្សនេះ មានបង្ហាញស្នាមមេដៃតវ៉ាចំនួនជាង ១៦.០០០ស្នាមមេដៃ ដោយបិទជាប់នឹងក្រមាពណ៌ខៀវតភ្ជាប់គ្នា មានប្រវែងជាង ២០០ម៉ែត្រ។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១ មានការជួបពិភាក្សាមួយរវាងតំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីកែសម្រួលខ្លឹមសារមួយចំនួនដែលមានចែងក្នុងសេចក្ដីព្រាងច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ប៉ុន្តែកិច្ចប្រជុំនោះត្រូវបានមន្ត្រីសង្គមស៊ីវិលចាត់ទុកមិនបានលទ្ធផលអ្វីនោះទេ ព្រោះមន្ត្រីក្រសួងមហាផ្ទៃ មិនបានឆ្លើយតបចំពោះការស្នើពន្យារពេល និងកែសម្រួលមាត្រាមួយចំនួនក្នុងសេចក្ដីព្រាងច្បាប់នេះទេ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោក ស ម៉ូរ៉ា ដែលបាននាំយកញត្តិទៅមន្ត្រីនៅក្នុងរដ្ឋសភាបានឲ្យដឹងថា លោក ផាត់ សុផាន់ណា ជំនួយការគណៈកម្មការទី១នៃរដ្ឋសភា បានទទួលយកញត្តិ ប៉ុន្តែលោកមិនបានសន្យាថា នឹងមានការឆ្លើយតបយ៉ាងណាទេ។
ទាក់ទងបញ្ហានេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងនៅក្នុងវេទិកាពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលលើកទី៤ កាលពីថ្ងៃទី១៩ ខែធ្នូ ដោយបានចាត់ទុកសេចក្ដីព្រាងច្បាប់នេះថា បានចូលរួមតាក់តែងដោយមានមន្ត្រីជំនាញច្បាប់នៃការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងមន្ត្រីជំនាញផ្នែកច្បាប់អន្តរជាតិជាច្រើនចូលរូបតាក់តែងឡើង។
តាមលោក ស ខេង សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលក្រសួងមហាផ្ទៃ ដាក់ឲ្យពិភាក្សាកាលពីថ្ងៃទី១៩ ខែធ្នូ គឺជាសេចក្ដីព្រាងចុងក្រោយ។
សេចក្ដីព្រាងច្បាប់គ្រប់គ្រងអង្គការ ឬសមាគមនេះ បានតាក់តែងឡើងកាលពីឆ្នាំ១៩៩៥។ ច្បាប់នេះដំបូងឡើយមាន ៥៨មាត្រា និង ១១ជំពូក ប៉ុន្តែក្រោយឆ្លងកាត់កិច្ចពិភាក្សាចំនួន ៥ដងមក ច្បាប់នេះនៅសល់ចំនួន ៣៤មាត្រា និង ៩ជំពូកវិញ៕
