កំណាត់​ផ្លូវ​ជាតិ​លេខ ៧៦ ទៅ​ស្រុក​ស្នូល​ខេត្ត​ក្រចេះ បើក​វិញ​ហើយ

កំណាត់​ផ្លូវ​ជាតិ​លេខ ៧៦ ត្រង់​បង្គោល​គីឡូ​ម៉ែត្រ​លេខ ១០៣ ពី​ខេត្ត​មណ្ឌលគិរី​ទៅ​ស្រុក​ស្នូល​ខេត្ត​ក្រចេះ បាន​បើក​ឲ្យ​ធ្វើ​ចរាចរ​បាន​ដូច​ធម្មតា​វិញ​ហើយ។

ការ​បើក​ឲ្យ​ធ្វើ​ចរាចរ​ឡើង​វិញ​នេះ គឺ​ចាប់​តាំង​ពី​វេលា​ម៉ោង​ប្រមាណ ៧ យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ២០១២។

ការ​បិទ​ផ្លូវ បាន​កើត​មាន​កាល​ពី​វេលា​ម៉ោង​ជាង ១២ ថ្ងៃ​ត្រង់ ថ្ងៃ​ទី ៣១ មីនា ប្រជា​ពលរដ្ឋ​ប្រមាណ ៨០០ នាក់ នៅ​ឃុំ ២ ធ្នួ ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​នាំ​គ្នា​ដាក់​របាំង​បិទ​កំណាត់​ផ្លូវ​នេះ ជា​លក្ខខណ្ឌ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ទំនាស់​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ។

តំណាង​ប្រជាពលរដ្ឋ​អ្នក​តវ៉ា អ្នកស្រី ហេង អូន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​មន្ត្រី​អាជ្ញាធរ​ស្រុក និង​ខេត្ត បាន​ជួប​ចរចា​ជា​មួយ​អ្នក​តវ៉ា​បិទ​ផ្លូវ ហើយ​បាន​ធ្វើ​កិច្ចសន្យា​ថា រយៈ​ពេល​បី​ថ្ងៃ​ទៀត ក្រុម​អាជ្ញាធរ នឹង​ដោះស្រាយ​សំណើ​ជូន​ប្រជាពលរដ្ឋ។ ហេតុ​នេះ​អ្នក​ភូមិ​បាន​យល់​ព្រម​បើក​ផ្លូវ នៅ​យប់​ថ្ងៃ​ទី ៣១ មីនា ដើម្បី​ឲ្យ​រថយន្ត​ចរាចរ​ជា​ធម្មតា​ឡើង​វិញ។

ក៏​ប៉ុន្តែ អ្នក​ភូមិ​នៅ​បន្ត​ប្រមូល​ផ្ដុំ​គ្នា នៅ​ត្រង់​កំណាត់​ផ្លូវ​នោះ​ដដែល រង់ចាំ​រហូត​ដល់​ថ្ងៃ ដែល​ក្រុម​អាជ្ញាធរ​បាន​សន្យា។

អ្នកស្រី ហេង អូន៖ «គាត់​ចុះ​កិច្ចសន្យា​ជាមួយ​ប្រជា​ពលរដ្ឋ​ផ្ដិត​មេដៃ​ឲ្យ​ប្រជាពលរដ្ឋ​ថា បើ​ថ្ងៃ ៣ គាត់​មិន​មក​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ទេ គាត់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​មួយ​សា​ទៀត។អត់​ទាន់​រំសាយ​ទេ​ប្រជាពលរដ្ឋ​នៅ​រង់ចាំ​ត្រៀប​នៅ​ហ្នឹង។ ប៉ុន្តែ គេ​គ្រាន់​តែ​បើក​ផ្លូវ​ទេ។ប្រជាពលរដ្ឋ​កន្លែង​ហ្នឹង​មាន​ផ្ទះ​ឯណា​នៅ ក្រុមហ៊ុន​ឈូស​អស់​ហើយ​នោះ។ ចង​តង់​ដេក​នៅ​មាត់​ចិញ្ចើម​ថ្នល់​ហ្នឹង​នៅ ៤០០ នាក់។ នៅ​ទី​នោះ​អត់​ទៅ​ណា​ទេ ប្រជា​ពលរដ្ឋ​នៅ​ក្រាញ​ទី​ហ្នឹង»។

នេះ​គឺ​ជា​ការ​តវ៉ា​បិទ​កំណាត់​ផ្លូវ​ជាតិ​លើក​ទី​បី​ហើយ បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​ឃុំ ២ ធ្នូ ៥០០ គ្រួសារ បាន​ដាក់​សំណើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​សុំ​កាន់​កាប់​ដី​ភូមិ និង​ដី​ចម្ការ​ដែល​ពួកគេ​បាន​រាន​ព្រៃ​រួច តាំង​ពី​ឆ្នាំ ២០០៨។ ប៉ុន្តែ នៅ​មិន​ទាន់​បាន​ទទួល​ចម្លើយ​ផ្លូវ​ការ​ណា​មួយ​ឡើយ។ មក​ដល់​ពេល​ថ្មីៗនេះ​ក៏​មាន​ក្រុមហ៊ុន​ចំនួន ៤ បាន​មក​ឈូស​ឆាយ​ដី​អ្នក​ភូមិ ដោយ​សំអាង​ថា គេ​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល ដោយ​រួម​ទាំង​ដី​ចម្ការ​របស់​ប្រជាពលរដ្ឋ៕

កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។