ក្រុមអ្នកតាមដានមើលដំណើរការកាត់សេចក្តីលើសំណុំរឿងរដ្ឋប្បវេណី ប្តឹងផ្តល់គ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី មូរ សុខហួរ បានសម្តែងការព្រួយបារម្ភ និងការសោកស្តាយបន្ទាប់ពីចៅក្រមសាលាដំបូងក្រុងភ្នំពេញ បានចេញការប្រកាសនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០០៩ ដោយបញ្ជាឲ្យលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រមកពីគណបក្សសមរង្ស៊ី មណ្ឌលកំពត បង់ប្រាក់ពិន័យចំនួន ១៦លាន៥សែនរៀល ក្នុងករណីបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ។
លោកស្រី រស់ សុភាព នាយិកាអង្គការយែនឌ័រ បានមានប្រសាសន៍ថា ការសម្រេចក្តីនៃបណ្តឹងបទរដ្ឋប្បវេណី រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកតំណាងរាស្ត្រ លោកស្រី មូរ សុខហួរ នេះ គឺហួសនឹងសេចក្តីដែលអាចធ្វើអត្ថាធិប្បាយបាន។
លោកស្រីបានសម្តែងការសោកស្តាយលើរឿងដែលបានកើតឡើងនោះ ៖ «ការពិតទៅ កាលណាយើងប្រើប្រព័ន្ធតុលាការ កាលណាបង្កើតតុលាការ គឺដើម្បីសម្រាប់កាត់អ៊ីចឹងហើយ ក៏ប៉ុន្តែជួនកាល កាលណាយើងប្រើប្រព័ន្ធតុលាការច្រើនពេកអ៊ីចឹងទៅ ធ្វើឲ្យមានការលំបាកដែរសម្រាប់ការបញ្ចេញមតិ។ យើងដឹងថាការបញ្ចេញមតិវាជាសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់រូប ទាំងបុរស ទាំងស្រ្ដី ដល់ពេលបញ្ចេញមតិយើងយកប្រព័ន្ធតុលាការមកប្រើ វាគួរឲ្យសោកស្ដាយដែរ»។
អ្នកតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ី លោកស្រី កែ សុវណ្ណរ័ត្ន បានថ្លែងថា ការសម្រេចសេចក្តីនេះ គឺជារឿងដែលអយុត្តិធម៌ ដោយសារតែលោកស្រី មូរ សុខហួរ ជាជនរងគ្រោះ ប៉ុន្តែបែរជាត្រូវសងជំងឺចិត្តទៅឲ្យអ្នកដែលរិះគន់លោកស្រីទៅវិញ។
លោកស្រីបានហៅទង្វើរបស់តុលាការថា ជាការបង្ហាញឲ្យឃើញថាតុលាការនៅក្រោមគំនាបនយោបាយ និងសម្ពាធអ្នកមានអំណាច ធ្វើឲ្យសាធារណជននិងស្ត្រីនានា ដែលចង់ចូលរួមក្នុងឆាកនយោបាយ និងបញ្ចេញមតិក្នុងសង្គមនោះ មានការរារែកក្នុងចិត្តនឹងសកម្មភាពរបស់ខ្លួនទៅវិញ។
លោកស្រី កែ សុវណ្ណរ័ត្ន បានថ្លែងយ៉ាងដូច្នេះ ៖ «ដកថយដោយសារប្រព័ន្ធតុលាការមិនបានការពារស្រ្តីដែលជាភេទទន់ខ្សោយ ហើយត្រូវបានគេជិះជាន់ ពីព្រោះថា ការកាត់ក្ដីព្រឹកមិញហ្នឹងបង្ហាញថា លោកជំទាវ មូរ សុខហួរ គឺជាជនរងគ្រោះ ហើយត្រូវបានតុលាការកំណត់ឲ្យគាត់សងទៅដល់អ្នកដែលរិះគន់គាត់»។
ស្ត្រីផ្សេងទៀតដែលធ្វើការនៅក្នុងអង្គការដើម្បីបម្រើឲ្យសកម្មភាពស្ត្រីវិញ ហាក់មានភាពអល់អែកក្នុងការធ្វើការអត្ថាធិប្បាយក្នុងករណីប្តឹងផ្តល់គ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី មូរ សុខហួរ នោះ។
ដោយឡែកស្រ្តីម្នាក់រស់នៅក្នុងទីក្រុងភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថា ការសម្រេចក្តីរបស់តុលាការនោះ គឺមិនប៉ះពាល់ដល់ការបញ្ចេញមតិរបស់ស្រ្តីផ្សេងទៀតឡើយ ៖ «បើសិនជាគាត់និយាយត្រូវក៏គ្មាននរណាផ្ដន្ទាទោសគាត់ ឬយកទៅកាត់ទោសអីដែរ បើសិនជាគាត់ធ្វើអ្វីទៅតាមច្បាប់ដែលចែងមកហ្នឹង។ បើសិនជាស្ត្រីទាំងអស់ធ្វើអ៊ីចឹង គឺប្រហែលជាគាត់គ្មានអារម្មណ៍ថាប៉ះពាល់អីទេ ព្រោះគាត់បញ្ចេញមតិយោបល់ទៅតាមសិទ្ធិរបស់គាត់ អ៊ីចឹងបើសិនជាការនិយាយរបស់គាត់មិនប៉ះពាល់ដល់សិទ្ធិរបស់គេគាត់ក៏គ្មានការខ្លាចរអែងអីដែរ»។
ចំណែកឯប្រជាពលរដ្ឋម្នាក់ទៀតរស់នៅក្នុងទីក្រុងភ្នំពេញ កញ្ញា គង់ ស៊ីណៃ បានលើកឡើងដែរថា ការកាត់សេចក្តីសម្រេចឲ្យអ្នកតំណាងរាស្ត្រជាស្ត្រី គឺលោកស្រី មូរ សុខហួរ បង់ប្រាក់ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺជាការគំរាមដល់ស្ត្រីផ្សេងទៀតមិនឲ្យបញ្ចេញមតិ។
កញ្ញា គង់ ស៊ីណៃ បានលើកឡើងដូច្នេះថា ៖ «សម្រាប់មតិផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំគិតថា ការសម្រេចសេចក្ដីរបស់តុលាការ ធ្វើអ៊ីចឹងគឺហាក់បីដូចជាបំភ័យដល់ស្ត្រីនៅក្នុងសង្គម ពីព្រោះអីនៅពេលស្រ្តីចង់បញ្ចេញមតិផ្ទាល់ខ្លួន ហើយត្រូវគេមួលបង្កាច់អ៊ីចឹង ខ្ញុំគិតថាស្រ្តីលែងហ៊ានចូលរួមក្នុងឆាកនយោបាយទៀតហើយ»។
ចំណែកឯ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ បានមានប្រសាសន៍ថា ការសម្រេចរបស់សាលាដំបូងក្រុងភ្នំពេញ នោះ គឺជាការសម្រេចលម្អៀងទៅនយោបាយ និងអយុតិ្តធម៌។
លោក រ៉ុង ឈុន មានប្រសាសន៍ដូច្នេះ ៖ «ពីព្រោះរឿងហ្នឹងយើងដឹងឮទាំងអស់គ្នា វាមិនមែនរឿងលោកស្រី មូរ សុខហួរ ទទួលកំហុសនោះទេ បទបរិហារកេរ្តិ៍ហ្នឹង។ ហើយយើងឃើញថា ការសម្រេចរបស់តុលាការទៅតាមអំណាចនយោបាយ វាមិនមែនការសម្រេចទៅតាមគតិច្បាប់។ នេះជារូបភាពមួយបំបាក់ស្មារតី ក៏ដូចជាការគំរាមកំហែងទៅដល់ស្រ្តីផ្សេងៗទៀតផងដែរ»។
រីឯលោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា វិញ បានថ្លែងដែរថា ការសម្រេចរបស់សាលាដំបូងក្រុងភ្នំពេញ នេះ គឺបានធ្វើឲ្យមានការរិះគន់ដល់ប្រព័ន្ធតុលាការកម្ពុជា ថាមិនមានឯករាជភាព និងមិនប្រកបដោយវិជ្ជាជីវៈ។
លោក ជា មុន្នី បានថ្លែងដូច្នេះថា ៖ «អ្វីដែលគេរិះគន់ហ្នឹង គឺដោយសារតែរឿងរ៉ាវកន្លងមក ក៏ដូចរឿងរ៉ាវអ្នកស្រី មូរ សុខហួរ ដែរ។ អ្នកស្រី មូរ សុខហួរ គឺជាដើមបណ្ដឹងរដ្ឋប្បវេណីមួយ ប៉ុន្តែឥឡូវនេះយើងឃើញថាតុលាការបានសម្រេចឲ្យអ្នកស្រី មូរ សុខហួរ បង់ប្រាក់ ១៦លាន(រៀល) ដើម្បីសងទៅសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មួយចំនួនទៀតសងទៅប្រព័ន្ធនានា។ ដូច្នេះយើងឃើញថា អ្វីដែលតុលាការសម្រេចនេះ គឺជាការសម្រេចដែលគេមើលឃើញទាំងអស់គ្នា ថាមិនមានភាពឯករាជនឹងវិជ្ជាជីវៈ»។
គេនៅមិនទាន់ឃើញមានប្រតិកម្មណាមួយនៅឡើយរបស់ក្រសួងកិច្ចការនារី ដែលធ្លាប់មានគម្រោងលើកកម្ពស់យែនឌ័រ នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានឹងការរិះគន់ពីសំណាក់មហាជន និងក្រុមអង្គការក្រៅរដ្ឋាភិបាលទៅលើប្រព័ន្ធតុលាការនៅកម្ពុជា អំពីរឿងក្តីនេះ វិទ្យុអាស៊ីសេរី នៅថ្ងៃដដែលនេះ (ថ្ងៃ ៤ សីហា) មិនអាចទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យរបស់រដ្ឋាភិបាលនៅឡើយទេ។
សូមជម្រាបជូនថា ក្នុងថ្ងៃទី ០៤ ខែសីហា ចៅក្រមតុលាការក្រុងភ្នំពេញ បានសម្រេចឲ្យលោកស្រី មូរ សុខហួរ ចាញ់ក្តី និងឲ្យបង់ប្រាក់សង់ជំងឺចិត្តឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងថ្លៃចំណាយផ្សេងៗទៀត សរុប ១៦លាន៥សែនរៀល ក្នុងបណ្ដឹងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទល់លោកស្រី មូរ សុខហួរ ថា លោកស្រីជាអ្នកនាំឲ្យខូចកេរ្តិ៍ឈ្មោះរបស់លោក។
បណ្ដឹងរបស់លោក ហ៊ុន សែន បានធ្វើឡើងនៅក្រោយពេលដែលលោកស្រី មូរ សុខហួរ មានគម្រោងប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយសារតែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយជាសាធារណៈថា មានស្រ្តីជើងខ្លាំងនៅខេត្តកំពត រត់ទៅឱបគេសោះ ថាគេប្រឡេះឡេវអាវរបស់ខ្លួនទៅវិញ។
បណ្តឹងរបស់លោកស្រីដែលគ្រោងប្តឹងឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សងជំងឺចិត្ត ត្រូវតុលាការទាត់ចោល ប៉ុន្តែជាមួយគ្នានោះ តុលាការក៏បានចាត់ការបណ្តឹងរបស់លោកនាយករដ្ឋមន្រ្តីប្តឹងលោកស្រី មូរ សុខហួរ៕
