ស្ត្រីវ័យជាង៣០ឆ្នាំ ឈ្មោះ លីនដា ដែលបានដើរកម្សាន្តនាថ្ងៃទី១នៃពិធីបុណ្យអុំទូកនៅក្បែរវេទិកាកិត្តិយសនោះ មានប្រសាសន៍ថា ឆ្នាំនេះពិធីបុណ្យមានសណ្តាប់ធ្នាប់ល្អ ពុំមានការកកស្ទះឬប្រជ្រៀតរុញច្រានគ្នាដូចឆ្នាំមុនទេ។ អ្នកស្រីបន្តថា បញ្ហាសន្តិសុខក៏មានការប្រសើរផងដែរ។
អ្នកស្រី លីនដា បានឲ្យដឹងថា ៖ «វាមានស្ថានភាពល្អ ដូចការធ្វើចរាចរណ៍ក៏វាល្អ មិនសូវមានការកកស្ទះ។ ឆ្នាំនេះវាអត់សូវមានភាពរញ៉េរញ៉ៃក្នុងការដើរលេង វាអត់សូវមានឡានម៉ូតូចូល ព្រោះមានប៉ូលិសយាមច្រើនគន្លាក់ មិនឲ្យម៉ូតូឡានចូលបាន»។
ឆ្លើយតបជាមួយការសរសើរខ្លះនិងរិះគន់ខ្លះពីប្រជាពលរដ្ឋស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ មានប្រសាសន៍ពន្យល់ចំពោះលទ្ធផលដែលទទួលបានមកនោះថា គឺជាការដកពិសោធន៍ការងារពីមួយឆ្នាំទៅមួយឆ្នាំ។
លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានបញ្ជាក់ថា ៖ «ឆ្នាំនេះយើងកែតម្រូវការខ្វះខាតរបស់យើង តាមរយៈនៃការដកពិសោធន៍របស់យើង យើងរៀបចំ ដូច្នេះធ្វើឲ្យដំណើរការនៃការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋហ្នឹងគឺអត់មានការកកស្ទះទេ ដូចជាយើងកំណត់ផ្លូវដែលត្រូវធ្វើចរាចរណ៍ ពេលវេលាដែលត្រូវបិទបើកផ្លូវ ហើយសំខាន់ទៀត យើងមានក្រុមចល័តរបស់យើងមួយក្រុម ពេលណាដែលមានសភាពការណ៍កកស្ទះចាប់ផ្ដើមហ្នឹង គឺយើងដោះស្រាយដំបូង យើងមិនទុកឲ្យកកស្ទះច្រើនដែលធ្វើឲ្យមានការលំបាក ហើយម៉្យាងទៀតយើងបានសហការតាមបណ្ដាខេត្តជុំវិញហ្នឹង បើសិនជាផ្លូវណាមួយដែលចូលរាជធានីភ្នំពេញមានការកកស្ទះ យើងទាក់ទងទៅតាមបណ្ដាខេត្តដើម្បីឲ្យគេជួយ»៕
