ពលរដ្ឋ​សរសើរ​ពី​សណ្តាប់ធ្នាប់​នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក

ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​សរសើរ​ថា សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​គឺ​សណ្តាប់ធ្នាប់​ចរាចរណ៍​មាន​លក្ខណៈ​ប្រសើរ​ជាង​ឆ្នាំ​មុន។

ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ ឈ្មោះ លីនដា ដែល​បាន​ដើរ​កម្សាន្ត​នា​ថ្ងៃ​ទី​១​នៃ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ក្បែរ​វេទិកា​កិត្តិយស​នោះ មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​ពិធី​បុណ្យ​មាន​សណ្តាប់ធ្នាប់​ល្អ ពុំ​មាន​ការ​កក​ស្ទះ​ឬ​ប្រជ្រៀត​រុញ​ច្រាន​គ្នា​ដូច​ឆ្នាំ​មុន​ទេ។ អ្នក​ស្រី​បន្ត​ថា បញ្ហា​សន្តិសុខ​ក៏​មាន​ការ​ប្រសើរ​ផងដែរ។

អ្នកស្រី លីនដា បាន​ឲ្យ​ដឹង​ថា ៖ «វា​មាន​ស្ថានភាព​ល្អ ដូច​ការ​ធ្វើ​ចរាចរណ៍​ក៏​វា​ល្អ មិន​សូវ​មាន​ការ​កក​ស្ទះ។ ឆ្នាំ​នេះ​វា​អត់​សូវ​មាន​ភាព​រញ៉េរញ៉ៃ​ក្នុង​ការ​ដើរ​លេង វា​អត់​សូវ​មាន​ឡាន​ម៉ូតូ​ចូល ព្រោះ​មាន​ប៉ូលិស​យាម​ច្រើន​គន្លាក់ មិន​ឲ្យ​ម៉ូតូ​ឡាន​ចូល​បាន»

ឆ្លើយ​តប​ជាមួយ​ការ​សរសើរ​ខ្លះ​និង​រិះគន់​ខ្លះ​ពី​ប្រជាពលរដ្ឋ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ ទូច ណារ៉ុថ មាន​ប្រសាសន៍​ពន្យល់​ចំពោះ​លទ្ធផល​ដែល​ទទួល​បាន​មក​នោះ​ថា គឺ​ជា​ការ​ដក​ពិសោធន៍​ការងារ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

លោក​ឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​បញ្ជាក់​ថា ៖ «ឆ្នាំ​នេះ​យើង​កែ​តម្រូវ​ការ​ខ្វះ​ខាត​របស់​យើង តាម​រយៈ​នៃ​ការ​ដក​ពិសោធន៍​របស់​យើង យើង​រៀបចំ ដូច្នេះ​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការ​ធ្វើ​ចរាចរណ៍​ទៅ​មក​របស់​ប្រជាពលរដ្ឋ​ហ្នឹង​គឺ​អត់​មាន​ការ​កក​ស្ទះ​ទេ ដូច​ជា​យើង​កំណត់​ផ្លូវ​ដែល​ត្រូវ​ធ្វើ​ចរាចរណ៍ ពេលវេលា​ដែល​ត្រូវ​បិទ​បើក​ផ្លូវ ហើយ​សំខាន់​ទៀត យើង​មាន​ក្រុម​ចល័ត​របស់​យើង​មួយ​ក្រុម ពេល​ណា​ដែល​មាន​សភាពការណ៍​កក​ស្ទះ​ចាប់ផ្ដើម​ហ្នឹង គឺ​យើង​ដោះស្រាយ​ដំបូង យើង​មិន​ទុក​ឲ្យ​កក​ស្ទះ​ច្រើន​ដែល​ធ្វើ​ឲ្យ​មាន​ការ​លំបាក ហើយ​ម៉្យាង​ទៀត​យើង​បាន​សហការ​តាម​បណ្ដា​ខេត្ត​ជុំវិញ​ហ្នឹង បើ​សិន​ជា​ផ្លូវ​ណា​មួយ​ដែល​ចូល​រាជធានី​ភ្នំពេញ​មាន​ការ​កក​ស្ទះ យើង​ទាក់ទង​ទៅ​តាម​បណ្ដា​ខេត្ត​ដើម្បី​ឲ្យ​គេ​ជួយ»៕