យុវជន យុវតី ប្រមាណ ៣០០រូប ដែលភាគច្រើនជាសិស្ស និស្សិតនៅទីក្រុងភ្នំពេញ និងនៅតាមបណ្ដាខេត្តផ្សេងៗ បាននាំគ្នាត្រៀមសាងផ្នួសបួសជាបព្វជិត និងជាដូនជី ឬជាសីលវន្ត សីលវតី ក្នុងសំណាក់ព្រះពុទ្ធសាសនា។
គោលបំណងនៃការបួសរបស់យុវជនយុវតីទាំងនោះ ក៏ដើម្បីបង្កើននូវចំណេះដឹងផ្នែកសីលធម៌រស់នៅឲ្យប្រកបដោយគុណធម៌ល្អប្រសើរផង និងក៏ដើម្បីសិក្សាស្វែងយល់អំពីព្រះពុទ្ធសាសនាឲ្យបានស៊ីជម្រៅផង។
ក្នុងចំណោមយុវជន យុវតី ដែលត្រៀមបួសជាបព្វជិត យុវជនមួយរូបឈ្មោះ សួន សុខរើន ជានិស្សិតវិស្វករផ្នែកអគ្គិសនីនៃសាលាព្រះកុសុមៈ ភ្នំពេញ បានឲ្យដឹងថា សព្វថ្ងៃនេះកូនខ្មែរភាគច្រើន ក្នុងនោះរួមទាំងរូបគេផ្ទាល់ គឺជាពុទ្ធសាសនិក ប៉ុន្តែការយល់ដឹងអំពីធម៌វិន័យ ឬពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គ គឺពួកគេបានយល់ដឹងតិចតួចណាស់។ និស្សិតរូបនោះបានបន្ថែមថា ដើម្បីឲ្យបានយល់ដឹងច្រើនពីពុទ្ធវចនៈ ឬពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធថាមានសារសំខាន់យ៉ាងណានោះ គេគួរតែទៅបួសជាព្រះសង្ឃមួយរយៈសិន ៖ "ទី១ គឺចង់បួសសងគុណមាតាបិតាខ្ញុំ ដែលមាតាខ្ញុំបានចែកស្ថានទៅហើយ ខ្ញុំមិនបានសងគុណអ្វីគាត់សោះ។ អ៊ីចឹងខ្ញុំចង់យកខណៈពេលខ្ញុំបួសហ្នឹង គឺជូនមគ្គផលគាត់ ឬក៏បួសដើម្បីសងគុណគាត់។ ចង់អោយប្រជាជនខ្មែរយើង ជាពិសេសចំពោះសិស្សានុសិស្ស និងនិស្សិត ដែលគាត់បានទទួលកម្មវិធីបួសអោយបានច្រើន ដើម្បីយល់ដឹងពីវិន័យ និងអប់រំចិត្តខ្លួនឯងឲ្យធ្វើអ្វីដែលល្អសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិ។ ការអភិវឌ្ឍខ្លួនក្នុងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ"។
យុវតីមួយរូបទៀតឈ្មោះ វិសេស សុទ្ធារ័ត្ន ដែលកំពុងត្រៀមខ្លួនចូលបួសជាសីលវតី ឬជាដូនជីដែរនោះ បានបញ្ជាក់ប្រាប់ស្រដៀងគ្នាថា នាងចង់បួសក៏ដើម្បីសងគុណឪពុកម្ដាយ ហើយក៏ដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការសិក្សាព្រះធម៌ ឬឱវាទរបស់ព្រះពុទ្ធ ពិសេសគឺគោលការណ៍ធម៌នៃការរក្សាសីល៥ ឬសិក្ខាបទ៥។
យុវតីដដែលបានបន្តថា ការចង់ដឹងអំពីសីល៥ ពីព្រោះនាងធ្លាប់ឮចាស់ទុំ ដូចជាជីដូនរបស់នាងជាដើម បានប្រាប់ថា ការរក្សាសីល៥ គឺជាធម៌មួយជួយអប់រំមនុស្សឲ្យយល់ពីតម្លៃនៃជីវិតមនុស្ស សត្វគ្រប់រូបទាំងអស់ និងឲ្យយល់អំពីការគោរពសិទ្ធិគ្នាទៅវិញទៅមក ដូចជាក្នុងសីលទី១ គឺមិនសម្លាប់ សីលទី២ មិនឲ្យលួចទ្រព្យរបស់គេ សីលទី៣ មិនប្រព្រឹត្តខុសក្នុងកាម ឬបំពានទៅលើប្ដី ប្រពន្ធ កូនរបស់គេ សីលទី៤ មិនពោលពាក្យកុហក និងសីលទី៥ មិនសេពគ្រឿងស្រវឹង គ្រឿងញៀន។
យុវតីរូបនោះបានបន្ថែមអំពីសារសំខាន់នៃគុណប្រយោជន៍សីល៥ ៖ "ខ្ញុំយល់ថា សីល៥អប់រំយើងល្អ។ យើងអត់ប្រព្រឹត្តអំពើដូចជាការសម្លាប់អីអ៊ីចឹង។ រាល់ថ្ងៃហ្នឹង ខ្ញុំកាន់សីល៥ទៀត។ ខ្ញុំអត់ដែលសម្លាប់សត្វ អត់ដែលអីទេ។ ការបំបួសរើសកុលបុត្រ កុលធីតាហ្នឹងវាល្អ។ ដើម្បីឲ្យយុវជន យុវតីយើងហ្នឹងជួយសង្គមយើង"។
កម្មវិធីបំបួសកុលបុត្រ កុលធីតានេះ គឺរៀបចំឡើងដោយពុទ្ធិកបណ្ឌិតសភានៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលនឹងប្រព្រឹត្តនៅថ្ងៃ១២កើត ខែពិសាខ ឆ្នាំរោង ត្រីស័ក ពុទ្ធសករាជ២៥៥៥ ត្រូវនិងទី២ ខែឧសភា ឆ្នាំ២០១២ នៅវត្តព្រះពុទ្ធឃោសាចារ្យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម។
ប្រធានការិយាល័យពុទ្ធិកបណ្ឌិតសភានៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លោក ហ៊ាត ណាហំ បានមានប្រសាសន៍ថា កម្មវិធីបំបួសយុវជនយុវតីនេះ គឺមានរយៈពេលមួយសប្ដាហ៍ ជារយៈពេលខ្លីដើម្បីផ្ដល់ឱកាសឲ្យយុវជន យុវតីមានលទ្ធភាពអាចចូលមកបួសបាន ពីព្រោះពួកគេសុទ្ធតែជាអ្នកសិក្សារៀនសូត្រ។
លោកបានបន្តទៀតថា បើទោះបីជាការបួសនេះមានរយៈពេលខ្លី ប៉ុន្តែយ៉ាងហោចណាស់ កម្មវិធីបំបួសនោះនឹងជាជំនួយមួយជួយបណ្ដុះគំនិតបញ្ញាស្មារតីយុវជន យុវតីឲ្យស្ថិតនៅក្នុងការធ្វើអំពើជាកុសល ពោលគឺធ្វើអំពើជាប្រយោជន៍សម្រាប់សេចក្ដីសុខដល់ខ្លួនផង និងអ្នកដទៃផង ៖ "ក្នុងរយៈពេល ២០ថ្ងៃ យើងបានអប់រំជាប់ការសន្ទនាព្រះធម៌ ការអប់រំគុណធម៌ សីលធម៌ ចរិយាធម៌ និងនៅក្នុងនោះមានលោកគ្រូអគ្គ ប៊ុត សាវង្ស គាត់ចូលរួមផ្ដល់ជាឱវាទ ការអប់រំយុវជន"។
ការបង្កើតនូវកម្មវិធីបំបួសយុវជនយុវតី ដែលរៀបចំឡើងដោយពុទ្ធិកបណ្ឌិតសភានៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា គឺគេបានធ្វើជាលើកទី២ ហើយ រាប់ទាំងលើកនេះដែលគេគ្រោងនឹងធ្វើនៅថ្ងៃទី២ ខែឧសភា នេះ។
កម្មវិធីបំបួសលើកទី១ កាលពី ២ឆ្នាំមុន គេបានឃើញថាមានយុវជនយុវតីមួយចំនួនបានផ្លាស់ប្ដូរទម្លាប់របស់គេ ក្រោយពីបានសាងផ្នួសក្នុងរយៈពេលមួយសប្ដាហ៍រួចមក។
យុវតីមួយរូបឈ្មោះ កែប សុខសុភា នៅភ្នំពេញ ដែលធ្លាប់បានសាងផ្នួសជាសីលវតី ឬដូនជី នៅក្នុងកម្មវិធីបំបួសលើកទី១ របស់ពុទ្ធិកបណ្ឌិតសភានៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបញ្ជាក់ថា កាលពីនាងមិនទាន់សាងផ្នួស គឺនាងបានធ្វើខុសច្រើនទៅលើមាតា បិតា ដូចជាមិនសូវស្ដាប់ដំបូន្មានជាដើម។ ប៉ុន្តែបន្ទាប់ពីនាងបានទទួលការអប់រំទូន្មានជាច្រើននៅក្នុងកម្មវិធីបំបួសសីលវន្ត សីលវតី នោះ ហើយនាងបានផ្សឹកមកវិញ សព្វថ្ងៃនេះ គឺនាងបានកែចិត្តគំនិតឲ្យទៅជាកូនល្អ ដើម្បីសងគុណលោកអ្នកមានគុណទាំងពីរ ៖ "យើងមានកំហុសច្រើនចំពោះពួកគាត់ តែពេលនេះខ្ញុំចង់កែខ្លួន កសាងខ្លួនសាជាថ្មីសងអ្វីគ្រប់យ៉ាងទៅគាត់វិញ ឲ្យគាត់សប្បាយចិត្ត។ ម៉្យាងទៀតខ្ញុំចង់ថាទៅថ្ងៃមុខទៀត មានព្រះធម៌នៅក្នុងខ្លួនសម្រាប់ជាស្ពានចម្លងទៅថ្ងៃមុខ"។
ក្រៅពីយុវជនយុវតីមួយចំនួនដែលបានលើកឡើងអំពីផលប្រយោជន៍នៃការបួសជាសីលវន្ត សិលវតី ក្នុងសំណាក់ព្រះពុទ្ធសាសនា ក្នុងនោះមាតាបិតាខ្លះ ដែលមានកូនចៅបានបួស ដែលរៀបចំដោយពុទ្ធិកបណ្ឌិតសភានៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក៏បានយល់ឃើញប្រហាក់ប្រហែលគ្នាដែរថា កម្មវិធីបំបួសកុលបុត្រ កុលធីតានេះ គឺបានជួយសម្រួលច្រើនដល់ការអប់រំទូន្មានកូនចៅរបស់គេ។
ក្នុងចំណោមមាតាបិតាទាំងនោះ ស្ត្រីជាម្ដាយមួយរូបឈ្មោះ ច្រឹង ចាន់ធឿន រស់នៅខេត្តកំពង់ចាម បានបញ្ជាក់ថា កូនស្រីរបស់គាត់ម្នាក់ អាយុ១៥ឆ្នាំ បានកែប្រែទម្លាប់ច្រើនគួរឲ្យកត់សំគាល់ ក្រោយពីគេបានផ្សឹកពីបួសជាសីលវតីរួចមក។
ស្ត្រីរូបនោះបានបន្ថែមថា កាលពីកូនមិនទាន់បានបួស គឺមានការពិបាកខ្លាំងណាស់ ពីព្រោះគេច្រើនតែសេពគប់មនុស្សមិនល្អ មិនសូវចង់រៀនសូត្រ គេចវេះសាលារៀនជាដើម ៖ "តាមមើលទៅគេកែច្រើន។ ទឹកចិត្តម្តាយពេលដែលកូនបួសហើយមានការទូន្មានព្រានប្រដៅទៅវាល្អជាងមុនអ៊ីចឹង មានការសប្បាយចិត្ត គេចេះគោរពចាស់ទុំ។ មុននិយាយត្រមង់ត្រមោចអត់ដឹងអីទេ។ បានទៅបួសហើយមានការសិក្សាធម៌ផង បដិបត្ដិនូវធម៌ផង។ អ៊ីចឹងលោកគ្រូប្រដៅអប់រំផងអ៊ីចឹងទៅ គេអាចក្លាយជាមនុស្សល្អបាន"។
លោក ហ៊ាត ណាហំ ប្រធានការិយាល័យពុទ្ធិកបណ្ឌិតសភានៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានមានប្រសាសន៍ថា ការបំបួសកុលបុត្រកុលធីតានេះ គឺជាប្រពៃណីព្រះពុទ្ធសាសនា ដែលមានមកដ៏យូរលង់តាំងពីសម័យព្រះពុទ្ធគង់ធរមាននៅមកម្ល៉េះ ហេតុដូច្នេះហើយ ប្រពៃណីនេះបានធ្វើបន្តជារៀងរហូតមក មិនថាតែនៅកម្ពុជាទេ ពិធីនេះក៏មានធ្វើដូចគ្នាដែរសម្រាប់ប្រទេសដែលគោរពព្រះពុទ្ធសាសនាក្នុងសកលលោក ដូចជានៅប្រទេសថៃ ភូមា សិរីលង្កាជាដើម។
លោកបានបញ្ជាក់ទៀតថា កម្មវិធីបំបួសយុវជនយុវតីរបស់ពុទ្ធិកបណ្ឌិតសភានៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានេះ គឺមានរយៈពេលខ្លីតែមួយសប្ដាហ៍ប៉ុន្តែ ប្រសិនយុវជន យុវតីណាមានសទ្ធាជ្រះថ្លាចង់បន្តការបួសរបស់គេតទៅមុខទៀតនោះ គឺគណៈកម្មការរបស់សាលាគេនឹងជួយជ្រោមជ្រែងបំពេញការងារនេះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។