ពលរដ្ឋ​ព្រួយ​បារម្ភ​ពី​បញ្ហា​ប្រេង​សាំង​ឡើង​ថ្លៃ

ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​នានា​ក៏​ដូច​ជា​នៅ​ទីក្រុង​ភ្នំពេញ​មួយចំនួន​បាន​សម្ដែង​ការព្រួយ​បារម្ភ​ពី​បញ្ហា​ប្រេង​សាំង​ឡើង​ថ្លៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​នានា​ក៏​ដូច​ជា​នៅ​ទីក្រុង​ភ្នំពេញ​មួយចំនួន ជា​ពិសេស​អ្នក​ដែល​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​សម្រាប់​ចាក់​យាន​យន្ដ​ឬ​ម៉ូតូ។ល។ ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការធ្វើ​ដំណើរ​ទៅ​ធ្វើ​ការងារ​ឬ​ក៏​សម្រាប់​ប្រកប​មុខរបរ​ផ្សេងៗ​នោះ​កំពុង​តែ​ខ្វល់ខ្វាយ​ពី​ការឡើង​ថ្លៃ​ប្រេង​សាំង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ពីព្រោះ​ការឡើង​ថ្លៃ​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​គេ​យ៉ាង​ខ្លាំង។

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​អ្នក​ប្រកប​មុខរបរ​រត់​ម៉ូតូ​ឌុប​នៅ​ទីក្រុង​ភ្នំពេញ បុរស​មួយ​រូប​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​បញ្ជាក់​ថា កាលពី​តម្លៃ​ប្រេង​សាំង​ក្នុង​មួយ​លីត្រ​ត្រឹម​៣០០០​រៀល​ចុះ​ក្រោម​នោះ​គឺ​ការរក​ប្រាក់​ចំណូល​អាច​ទប់ទល់​ជីវភាព​បាន​ខ្លះ ប៉ុន្តែ​ឥឡូវ​នេះ​សាំង​ឡើង​ថ្លៃ​៣៦០០​រៀល​ទៅ​៣៧០០​រៀល​សម្រាប់​សាំង​ធម្មតា​ក្នុង​មួយ​លីត្រ​នោះ​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់​គាត់​យ៉ាប់យ៉ឺន។

បុរស​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «រក​ចំណូល​ហ្នឹង​វា​មាន​សមភាព​នឹង​ជីវភាព ហើយ​ដល់​សាំង​ឡើង​ថ្លៃ ការ​ដែល​រក​ចំណូល​បាន​មក​ដូច​គ្រាន់តែ​ចិញ្ចឹម​ការ៉ាស់​សាំង ចិញ្ចឹម​សាំង​នាំ​ចូល​តែ​ប៉ុណ្ណឹង​ឯង»

ចំណែក​ឯ​មន្ដ្រី​រាជការ​ថ្នាក់​តូច​តាច ព្រម​ទាំង​មន្ដ្រី​ដែល​ធ្វើការ​តាម​អង្គការ​ខ្លះ​នៅ​តាម​ខេត្ត​ក៏​មាន​បញ្ហា​ចោទ​អំពី​ប្រេង​សាំង​ឡើង​ថ្លៃ​នេះ​ដែរ ដូច​ជា​នៅ​ខេត្ត​រតនគិរី​ជាដើម។

លោក ព្រំ បញ្ញា អ្នក​ធ្វើការ​នៅ​ក្នុង​អង្គការ​មួយ​នា​ខេត្ត​នោះ​បាន​បញ្ចាក់​ថា លោក​មាន​ប្រាក់​ខែ​ទាប​មិន​អាច​ចិញ្ចឹម​ជីវភាព​គ្រប់គ្រាន់​បាន ដូច្នោះ​ក៏​ឆ្លៀត​ពេល​បន្ដិច​បន្ដួច​ពី​ការងារ​ទៅ​រត់​ម៉ូតូ​ឌុប ប៉ុន្តែ​នៅតែ​មិន​អាច​ទ្រាំទ្រ​បាន។

លោក ព្រំ បញ្ញា បាន​បញ្ជាក់​ថា ៖ «ម៉ូតូ​ឌុប​យើង​រក​បាន​មួយ​ថ្ងៃ​៥​-​៦​-​៧​ពាន់ អ៊ីចឹង​បើ​យើង​ចំណាយ​ទៅ​លើ​សាំង​វា​អស់​៣​ពាន់​ជាង វា​អត់​អាច​សល់​សម្រាប់​ដោះស្រាយ​ទេ»

មិន​ថា​តែ​អ្នក​រត់​ម៉ូតូ​ឌុប​ទេ​ដែល​ត្អូញត្អែរ សូម្បី​អាជីវករ​អ្នក​លក់​សាំង​ដប​តូច​តាច​នៅ​តាម​តំបន់​ជនបទ​ក៏​មាន​ការពិបាក​ចំពោះ​បញ្ហា​តម្លៃ​សាំង​ឡើង​នេះ​ដែរ​ដោយសារ​គេ​លក់​មិន​សូវ​បាន​ប្រាក់​ចំណេញ។

ស្ដ្រី​អ្នក​លក់​សាំង​ដប​នៅ​ខេត្ត​សៀមរាប​មួយ​រូប​ឈ្មោះ ផល្លា បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ ៖ «យើង​ឡើង​ទៅ អ្នក​មក​ចាក់​គេ​ស្រែក​ថា​ថ្លៃ​អ៊ីចឹង ពិបាក​លក់​ណាស់ សេដ្ឋកិច្ច​ធ្លាក់​ចុះ»

លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​និង​ធនាគារ​នៃ​រដ្ឋ​សភា បាន​មាន​ប្រសាសន៍​ថា ការ​ដែល​សាំង​ឡើង​ថ្លៃ​វិញ​នេះ​គឺ​មក​ពី​ទីផ្សារ​អន្ដរជាតិ ហើយ​កម្ពុជា​ក៏​មិន​មែន​ជា​ប្រទេស​ដែល​អាច​ផលិត​ប្រេង​ឥន្ធនៈ​ខ្លួន​ឯង​បាន ដូច្នេះ​ត្រូវតែ​ដើរ​ទៅ​តាម​គេ​ដែរ។

លោក​បាន​បន្ដ​ទៀត​ថា ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ​រាជ​រដ្ឋាភិបាល​បាន​ធ្វើការ​ដោះស្រាយ​បញ្ហា​នោះ​ដែរ​កន្លង​មក។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា ៖ «បាន​ចេញ​លុយ​កាក់​ហ្នឹង​គឺ​ថា ក្នុង​មួយ​ខែ​ជាប់​១៥​លាន​ទៅ​២០​លាន​ដុល្លារ​សម្រាប់​ទប់ទល់​នឹង​តម្លៃ​ប្រេង​ឡើង​ថ្លៃ»

ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​នានា​ក៏​ដូច​ជា​នៅ​ទីក្រុង​ភ្នំពេញ​អ្នក​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​ចាំបាច់​នោះ​ក៏​បាន​ធ្វើការ​អំពាវនាវ​ដែរ​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​រាជ​រដ្ឋាភិបាល​ត្រូវតែ​ទទួល​ខុស​ត្រូវ​ក្នុង​ការដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ហ្មត់ចត់​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​តម្លៃ​ប្រេង​សាំង​ចុះ​ឲ្យ​សមស្រប​ទៅ​នឹង​ជីវភាព​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​រក​បាន​ប្រាក់​ចំណូល​ទាប​សព្វថ្ងៃ​នេះ៕