ប្រជាពលរដ្ឋនៅតាមខេត្តនានាក៏ដូចជានៅទីក្រុងភ្នំពេញមួយចំនួនបានសម្ដែងការព្រួយបារម្ភពីបញ្ហាប្រេងសាំងឡើងថ្លៃក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ស្ត្រីអ្នកលក់ចាក់សាំងបំពេញម៉ូតូឲ្យអតិថិជន នៅតាមដងផ្លូវមួយក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃ១១ មេសា ២០០៧។
ប្រជាពលរដ្ឋនៅតាមខេត្តនានាក៏ដូចជានៅទីក្រុងភ្នំពេញមួយចំនួន ជាពិសេសអ្នកដែលប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់ចាក់យានយន្ដឬម៉ូតូ។ល។ ដើម្បីជាមធ្យោបាយក្នុងការធ្វើដំណើរទៅធ្វើការងារឬក៏សម្រាប់ប្រកបមុខរបរផ្សេងៗនោះកំពុងតែខ្វល់ខ្វាយពីការឡើងថ្លៃប្រេងសាំងប៉ុន្មានថ្ងៃកន្លងមកនេះ ពីព្រោះការឡើងថ្លៃនោះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គេយ៉ាងខ្លាំង។
ក្នុងចំណោមប្រជាពលរដ្ឋអ្នកប្រកបមុខរបររត់ម៉ូតូឌុបនៅទីក្រុងភ្នំពេញ បុរសមួយរូបសុំមិនប្រាប់ឈ្មោះបានបញ្ជាក់ថា កាលពីតម្លៃប្រេងសាំងក្នុងមួយលីត្រត្រឹម៣០០០រៀលចុះក្រោមនោះគឺការរកប្រាក់ចំណូលអាចទប់ទល់ជីវភាពបានខ្លះ ប៉ុន្តែឥឡូវនេះសាំងឡើងថ្លៃ៣៦០០រៀលទៅ៣៧០០រៀលសម្រាប់សាំងធម្មតាក្នុងមួយលីត្រនោះបានធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររបស់គាត់យ៉ាប់យ៉ឺន។
បុរសដដែលបានឲ្យដឹងថា ៖ «រកចំណូលហ្នឹងវាមានសមភាពនឹងជីវភាព ហើយដល់សាំងឡើងថ្លៃ ការដែលរកចំណូលបានមកដូចគ្រាន់តែចិញ្ចឹមការ៉ាស់សាំង ចិញ្ចឹមសាំងនាំចូលតែប៉ុណ្ណឹងឯង»។
ចំណែកឯមន្ដ្រីរាជការថ្នាក់តូចតាច ព្រមទាំងមន្ដ្រីដែលធ្វើការតាមអង្គការខ្លះនៅតាមខេត្តក៏មានបញ្ហាចោទអំពីប្រេងសាំងឡើងថ្លៃនេះដែរ ដូចជានៅខេត្តរតនគិរីជាដើម។
លោក ព្រំ បញ្ញា អ្នកធ្វើការនៅក្នុងអង្គការមួយនាខេត្តនោះបានបញ្ចាក់ថា លោកមានប្រាក់ខែទាបមិនអាចចិញ្ចឹមជីវភាពគ្រប់គ្រាន់បាន ដូច្នោះក៏ឆ្លៀតពេលបន្ដិចបន្ដួចពីការងារទៅរត់ម៉ូតូឌុប ប៉ុន្តែនៅតែមិនអាចទ្រាំទ្របាន។
លោក ព្រំ បញ្ញា បានបញ្ជាក់ថា ៖ «ម៉ូតូឌុបយើងរកបានមួយថ្ងៃ៥-៦-៧ពាន់ អ៊ីចឹងបើយើងចំណាយទៅលើសាំងវាអស់៣ពាន់ជាង វាអត់អាចសល់សម្រាប់ដោះស្រាយទេ»។
មិនថាតែអ្នករត់ម៉ូតូឌុបទេដែលត្អូញត្អែរ សូម្បីអាជីវករអ្នកលក់សាំងដបតូចតាចនៅតាមតំបន់ជនបទក៏មានការពិបាកចំពោះបញ្ហាតម្លៃសាំងឡើងនេះដែរដោយសារគេលក់មិនសូវបានប្រាក់ចំណេញ។
ស្ដ្រីអ្នកលក់សាំងដបនៅខេត្តសៀមរាបមួយរូបឈ្មោះ ផល្លា បានឲ្យដឹងយ៉ាងដូច្នេះ ៖ «យើងឡើងទៅ អ្នកមកចាក់គេស្រែកថាថ្លៃអ៊ីចឹង ពិបាកលក់ណាស់ សេដ្ឋកិច្ចធ្លាក់ចុះ»។
លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុនិងធនាគារនៃរដ្ឋសភា បានមានប្រសាសន៍ថា ការដែលសាំងឡើងថ្លៃវិញនេះគឺមកពីទីផ្សារអន្ដរជាតិ ហើយកម្ពុជាក៏មិនមែនជាប្រទេសដែលអាចផលិតប្រេងឥន្ធនៈខ្លួនឯងបាន ដូច្នេះត្រូវតែដើរទៅតាមគេដែរ។
លោកបានបន្ដទៀតថា ទោះបីជាបែបនេះក៏ដោយរាជរដ្ឋាភិបាលបានធ្វើការដោះស្រាយបញ្ហានោះដែរកន្លងមក។
លោក ជាម យៀប បានមានប្រសាសន៍ថា ៖ «បានចេញលុយកាក់ហ្នឹងគឺថា ក្នុងមួយខែជាប់១៥លានទៅ២០លានដុល្លារសម្រាប់ទប់ទល់នឹងតម្លៃប្រេងឡើងថ្លៃ»។
ប្រជាពលរដ្ឋនៅតាមខេត្តនានាក៏ដូចជានៅទីក្រុងភ្នំពេញអ្នកប្រើប្រាស់ប្រេងឥន្ធនៈចាំបាច់នោះក៏បានធ្វើការអំពាវនាវដែរថា ទោះជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលត្រូវតែទទួលខុសត្រូវក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យបានហ្មត់ចត់គឺធ្វើយ៉ាងណាឲ្យតម្លៃប្រេងសាំងចុះឲ្យសមស្របទៅនឹងជីវភាពប្រជាពលរដ្ឋរបស់ខ្លួនដែលរកបានប្រាក់ចំណូលទាបសព្វថ្ងៃនេះ៕
ក្រុមហ៊ុនវៀតណាមគ្រោងមករាវរកប្រេងកាតនៅក្នុងបឹងទន្លេសាប
WB៖ GDPរបស់កម្ពុជាធ្លាក់ចុះ-២%ក្នុងឆ្នាំ២០០៩
កម្ពុជា-ថៃគ្រោងអនុញ្ញាតឲ្យទេសចរចេញចូលដោយពុំចាំបាច់មានទិដ្ឋាការ
ក្រុមហ៊ុនវៀតណាមស្នើសុំអាជ្ញាប័ណ្ណរកដីសម្បទានកាន់តែច្រើនឡើងៗ
អ្នកជំនាញនិយាយពីផលប៉ះពាល់របស់កម្ពុជាក្នុងពេលមានវិបត្តិពិភពលោក
រោងចក្រ៧៧នៅកម្ពុជាបិទទ្វារក្នុងដើមឆ្នាំនេះដោយសារវិបត្តិពិភពលោក
IMF៖ សេដ្ឋកិច្ចកម្ពុជានឹងថយចុះច្រើនជាងការរំពឹងទុក
ស.រ.អា.ផ្ដល់ថវិកាជិត៨លានដុល្លារដើម្បីជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា
ចៅហ្វាយខេត្តនៃប្រទេសGMSជួបជុំគ្នាអំពីរឿងសេដ្ឋកិច្ច
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.