មន្ត្រី​តុលាការ​ខេត្ត​ពោធិ៍សាត់​រង​ការ​ចោទ​ថា​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ

ក្រឡាបញ្ជី​តុលាការ​ខេត្ត​ពោធិ៍សាត់​រង​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា បាន​ជំរិត​ទារ​ប្រាក់​ចំនួន​១​ពាន់​ដុល្លារ​ពី​អ្នក​ភូមិ​ជា​ថ្នូរ​នឹង​ការ​ចេញ​បញ្ជា​ឲ្យ​អនុវត្ត​សាលក្រម។

0:00 / 0:00

ស្ត្រី​ឈ្មោះ អៀង សាមេន ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្លុកដង្កោ ឃុំ​ផ្ទះរ៉ុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ល្ងាច​ថ្ងៃ​២៥ វិច្ឆិកា ថា ក្រឡាបញ្ជី​តុលាការ​ខេត្ត​គឺ​អ្នកស្រី យិន ផាណ្ណា បាន​ទាមទារ​ប្រាក់​ពី​គាត់ បើ​មិន​ដូច្នោះ​ទេ​តុលាការ​មិន​ព្រម​ចុះ​អនុវត្ត​សាលក្រម​បង្ខំ​ឲ្យ​ឈ្មោះ ពិន សារឿន រុះ​រើ​ផ្ទះ​ចេញ​ពី​ដី​របស់​អ្នក​ស្រី​ឡើយ។

អ្នកស្រី អៀង សាមេន បាន​បញ្ជាក់​ថា ៖ «គាត់​ទារ​ពី​ខ្ញុំ​ម្ដង​ហើយ លោកស្រី យិន ផាណ្ណា ហ្នឹង​ណា៎! ទារ​ពី​ខ្ញុំ​ថា លោក​ចៅក្រម​ហ្នឹង​យក​៣០​ម៉ឺន​(រៀល) ខ្ញុំ​ឲ្យ​ទៅ​៣៨​ម៉ឺន​តាំង​ពី​បុណ្យ​អុំ​ទូក​ម៉្លេះ មក​រាប់​ជើង​មិន​ឈ្នះ​ហើយ គាត់​ចេះ​តែ​ថា អាទិត្យ​នេះ អាទិត្យ​នោះ។ មក​ព្រឹក​មិញ​គាត់​ថា រឿង​សល់​ពី​គេ​អ៊ីចឹង គាត់​អត់​ធ្វើ​ទេ។ ខ្ញុំ​គ្រាន់តែ​ឮ​លោកស្រី យិន ផាណ្ណា ខ្សឹប​ប្រាប់​ខ្ញុំ​ថា គាត់​យក​១​ពាន់​(ដុល្លារ) បើ​បាន​១​ពាន់​ហ្នឹង​គាត់​នឹង​ចុះ​ទៅ​រុះ​រើ​ឲ្យ»

ស្ត្រី​ឈ្មោះ អៀង សាម៉េន បាន​ប្តឹង​លែងលះ​ប្តី​គាត់ គឺ​លោក ពិន សារឿន។ សាលក្រម​ស្ថាពរ​លេខ​១២ខ ចុះ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០០៨ បាន​សម្រេច​ឲ្យ​ប្តី​ប្រពន្ធ​មួយ​គូ​នេះ​លែងលះ​គ្នា។ សាលក្រម​សម្រេច​ប្រគល់​ដី​ឲ្យ​ភាគី​ដើម​បណ្តឹង គឺ​អ្នកស្រី អៀង សាមេន ឯ​ផ្ទះ​ប្រគល់​ឲ្យ​ភាគី​ចុង​ចម្លើយ គឺ​លោក ពិន សារឿន ដែល​នឹង​ត្រូវ​រុះ​រើ​ចេញ​តាម​ការ​កំណត់​នៃ​ច្បាប់។ ការ​ចុះ​អនុវត្ត​សាលក្រម​ត្រូវ​បាន​ធ្វើ​ឡើង​ម្តង​រួច​ហើយ តែ​ភាគី​ចុង​ចម្លើយ​សុំ​ពន្យារ​ពេល។

រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ​ភាគី​ចុង​ចម្លើយ​នៅតែ​មិន​ព្រម​រុះ​រើ ទើប​អ្នកស្រី អៀង សាមេន សុំ​ឲ្យ​តុលាការ​ចុះ​អនុវត្ត​សាលក្រម​ជា​ថ្មី តែ​ក្រឡាបញ្ជី​តុលាការ​ខេត្ត​បាន​ទាមទារ​ប្រាក់​ពី​គាត់​ទើប​ព្រម​ចុះ​ទៅ​អនុវត្ត។

អ្នកស្រី យិន ផាណ្ណា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​អ្នកស្រី​មាន​ប្រសាសន៍​ថា ៖ «រឿង​គាត់​ហ្នឹង​អនុវត្ត​សាលក្រម មក​ដល់​ឥឡូវ​មេ​ខ្ញុំ​មុន​ហ្នឹង​គាត់​រ៉ឺត្រែត (ចូល​និវត្តន៍) ដល់​រ៉ឺត្រែត​ទៅ​រឿង​គាត់​វា​ដាច់​មួយ​កំណាត់។ ដល់​ដាច់​មួយ​កំណាត់​ទៅ ឥឡូវ​ហ្នឹង​វា​នៅ​ចៅក្រម​មក​ក្រោយ ជា​ចៅក្រម​កម្មសិក្សា គាត់​ដូច​ថា​គាត់​ស្ទាក់ស្ទើរ គាត់​ធ្វើ​ទៅ​ខ្លាច​ខុស ដល់​អ៊ីចឹង​គាត់​ថា គាត់​ដូច​ជា​មិន​ហ៊ាន ហើយ​ដល់​ប្រធាន​ថ្មី​ក៏​គាត់​ថា អត់​មាន​ច្បាប់​ចែង​ត្រង់​ណា​មក​ឲ្យ​អនុវត្ត​ត្រឹមត្រូវ​ទេ។ ដល់​អ៊ីចឹង​ទៅ ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ដែរ ខ្ញុំ​ឲ្យ​គាត់​ជួប​ជាមួយ​ចៅក្រម​ខ្លួន​ឯង។ ត្រង់​ថា ខ្ញុំ​ទារ​ប្រាក់​គាត់​១​ពាន់​ដុល្លារ ខ្ញុំ​អត់​បាន​ទារ​គាត់​ទេ»

ចំណែក​ចៅក្រម កុល បុណ្យ បាន​មាន​ប្រសាសន៍​ថា ៖ «រឿង​សល់​ពី​លោក កុង សុខុម មក ខ្ញុំ​នឹង​ត្រៀម​ចាត់ការ​ទៀត ហើយ​ត្រង់​ថា ខ្ញុំ​ហ្នឹង​ទៅ​ប្រាប់​គេ​អី​អ៊ីចឹងៗ ខ្ញុំ​អត់​បាន​ដឹង​ទេ យក​ល្អ​សួរ​គាត់​ឯ​ណោះ​ទៅ។ ដល់​អ៊ីចឹងៗ​ខ្ញុំ​ភ្ញាក់​ផ្អើល​ដែរ​ហ្នឹង ខ្ញុំ​មិន​ដែល​ធ្វើ​ការងារ​ថោកទាប​អ៊ីចឹង​ទេ»

មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​ពោធិ៍សាត់ អ្នកស្រី ង៉ែត ធាវី មាន​ប្រសាសន៍​ថា ការ​ទាមទារ​លុយ​កាក់​ពី​ប្រជាពលរដ្ឋ​ជា​អំពើ​ខុស​ច្បាប់ តែ​អ្នកស្រី​ពុំ​បាន​ទទួល​ព័ត៌មាន​ណា​មួយ​ដែល​បញ្ជាក់​ថា តុលាការ​បាន​ទាមទារ​ប្រាក់​ពី​អ្នកស្រី អៀង សាម៉េន នោះ​ទេ៕