មន្រ្តី​រដ្ឋបាល​ព្រៃឈើ​​នៅ​ពោធិ៍សាត់​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ

មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ រង​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​បិទ​ភ្នែក​អនុញ្ញាត​ឲ្យ​ឡាន​ដឹក​ឈើ​ប្រណីត​ចេញ​ពី​ព្រៃ​ជា​រៀង​រាល់​យប់។

0:00 / 0:00

ប្រជាពលរដ្ឋ​ឈ្មោះ ប៊ុន រឿន មាន​ទី​លំនៅ​នៅ​ឃុំ​ឈើតុំ ស្រុក​ក្រគរ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​១៩ ធ្នូ​ថា ជា​រៀងរាល់​យប់​ឡាន​ដឹក​ឈើ​ប្រណីត​ដូច​ជា គ្រញូង បេង នាងនួន និង​ធ្នង់ បាន​ដឹក​ចេញ​តាម​ច្រក​ផ្លូវ​លេខ​២៨​បាណក-​ក្រគរ មិន​ដែល​ខាន ព្រោះ​ពួកគេ​បាន​បង់​ប្រាក់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជំនាញ​រួច​រាល់​ហើយ។

លោក ប៊ុន រឿន មាន​ប្រសាសន៍​ដូច្នេះ ៖ «គ្រញូង​ចេញ​មួយ​យប់ៗ​ឡើង​៤-​៥​គ្រឿងៗ​(ឡាន) រាល់​តែ​យប់។ បើអ៊ី​ចឹង​សោះ ឈើ​ដែល​យើង​កែច្នៃ​ធ្វើ​ជើងម៉ា​អង្គុយ​ហ្នឹង​ហេតុអី​បាន​ព័ទ្ធ​ចាប់ ហើយ​ឈើ​គ្រញូង​ដែល​ចេញ​៥-​១០​គ្រឿង​រាល់​យប់​ហ្នឹង​ម៉េច​ក៏​គេ​មិន​ចាប់? និយាយ​រួម​ទៅ​តាំង​ពី​ឆ្នាំ​២០០៨​មក​រហូត​មក​ទល់​នឹង​ពេល​ឥឡូវ មិន​ដែល​ឃើញ​ចាប់​ឈើ​គ្រញូង​ឯ​ណា​បាន​មួយ​ផង នៅ​តំបន់​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​ហ្នឹង»

បុរស​អ្នក​បើក​បរ​ឡាន​តាក់ស៊ី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បន្ថែម​ថា ៖ «ដល់​ពេល​ខ្ញុំ​សួរ​ទៅ​ថា យ៉ាង​ម៉េច​បាន​អស់​លោក​ឡាន​ចេញ​លោក​ឯង​មិន​មើល? គេ​ថា ទេ​គេ​បង់​ហើយ។ ចុះ​ខ្ញុំ​ដឹក​គ្រែ​មួយ​យក​ប្រគេន​លោក​អី​ខ្ញុំ​បង់​ឲ្យ​ដែរ? គេ​ថា ទេ​ឲ្យ​តែ​ដឹក អាហ្នុង​ហើយ​គេ​ហៅ​ថា​ឈើ គេ​និយាយ​អ៊ីចឹង»

នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ក្រគរ គឺ​លោក គឹម កេតថាវី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ដែល​ថា រដ្ឋបាល​ព្រៃឈើ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​នេះ។ លោក​មាន​ប្រសាសន៍​ថា ពុំ​មាន​បញ្ហា​នេះ​កើត​ឡើង​ទេ ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ក្រគរ ចាប់​បាន​ឡាន​ដឹក​ឈើ​របស់​ឈ្មួញ​ខិលខូច​ជា​បន្ត​បន្ទាប់។ លោក​មន្ទិល​ថា ក្រុម​ឈ្មួញ​បំផុស​ព័ត៌មាន​ដើម្បី​ជា​ការ​សងសឹក​ចំពោះ​ការ​ចាប់​ឈើ​របស់​ពួកគេ។

លោក គឹម កេតថាវី មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​នេះ​ខ្ញុំ​ចាប់​តាំង​ពី​ឡាន​វីហ្គោ ក៏​ខ្ញុំ​ចាប់​បាន​ដែរ ខ្ញុំ​ចាប់​បាន​ច្រើន​ករណី។ អ៊ីចឹង​ធម្មតា​វា​ប៉ះ​ពារ​អ្នក​រក​ស៊ី គេ​បង្កើត​ព័ត៌មាន​ក៏​មាន​ដែរ»

ជំទប់​ទី​២​ឃុំ​ឈើតុំ គឺ​លោក រឿន វ៉ាន់ មាន​ប្រសាសន៍​ថា ការ​ដឹក​ឈើ​ប្រណីត​ចេញ​ពី​តំបន់​នេះ​បាន​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដោយ​ពុំ​មាន​ការ​ទប់​ស្កាត់​ឲ្យ​បាន​គត់ម៉ត់​ទេ។ លោក​មន្ទិល​ថា អាច​មាន​ការ​ឃុបឃិត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជំនាញ​ទើប​ឈ្មួញ​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​សេរី​យ៉ាង​ដូច្នេះ។

លោក រឿន វ៉ាន់ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «រឿង​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់​ហ្នឹង វា​សឹង​តែ​ថា​តាំង​ពី​យូរ​មក​ហើយ គឺ​គេ​ដឹក​ចេញ​រាល់​តែ​ថ្ងៃ​មិន​ដែល​អាក់​ខាន​ឯណា ឲ្យ​តែ​ខាង​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​អ៊ីចឹង​ទៅ ផ្អាក​បាន​តែ​ពីរ​បី​ថ្ងៃ ឬ​មួយ​ក៏​បួន​ដប់​ថ្ងៃ​គេ​ដំណើរការ​ទៀត​ហើយ»

សហគមន៍​ព្រៃឈើ​ចំនួន​២​នៅ​ស្រុក​ក្រគរ​បាន​បញ្ជាក់​ថា ការ​កាប់​ព្រៃ​យ៉ាង​អនាធិបតេយ្យ​កំពុង​កើត​មាន​ក្នុង​តំបន់​ព្រៃ​ដែល​រាជ​រដ្ឋាភិបាល​បាន​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​ជា​តំបន់​ត្រួត​ស៊ី​គ្នា​ជាមួយ​ព្រៃ​សហគមន៍​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ពុំ​មាន​សមត្ថកិច្ច​ណា​ចុះ​មក​បញ្ឈប់​ឡើយ៕