មេភូមិសំរោងព្រៃខៀវ គឺលោក សួន យឺន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅមុខសាលាដំបូង ទីដែលលោកបានមកចូលរួមជាមួយប្រជាពលរដ្ឋក្នុងការទាមទារសុំដោះលែងជនជាប់សង្ស័យឈ្មោះ ហៃ អុល និង ហៃ អាន នោះថា ប៉ូលិសបានចាប់ច្រឡំមនុស្ស។ លោកបន្តថា ថ្ងៃដែលកើតមានអំពើប្លន់នៅឃុំខ្នារទទឹង មនុស្សទាំង២នាក់នេះកំពុងជួយប្រមូលផលស្រូវនៅឯភូមិសំរោងព្រៃខៀវ ឃុំមេទឹក។
លោក សួន យឺន បានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំសូមធានាមនុស្សឈ្មោះ ហៃ អុល។ ខ្ញុំអះអាងថា មនុស្សហ្នឹងត្រឹមត្រូវ អត់បានប្រព្រឹត្តអ្វីទេ»។
ប្រភពពីអ្នកមកតវ៉ានិយាយថា ថ្ងៃដែលកើតមានអំពើប្លន់នៅឃុំខ្នារទទឹង ឈ្មោះ ហៃ អុល និងឈ្មោះ ហៃ អាន ទាំង២នាក់បងប្អូននេះកំពុងជួយប្រមូលផលស្រូវឲ្យកូននិងក្មួយគាត់នៅឯឃុំមេទឹក។
តំណាងប្រជាពលរដ្ឋនិងជាសមាជិកភូមិសំរោងព្រៃខៀវ អ្នកស្រី សួន សន អះអាងបន្ថែមថា ៖ «ដែលចង់តវ៉ា គឺមនុស្សហ្នឹងល្អទេ តែគេចោទខុស នាំគ្នាអាណិត។ មានរវល់ការបុណ្យអីគាត់ធ្វើចុងភៅរហូត រវល់អត់ដែលខានទេ។ គាត់នៅឃុំខ្នារទទឹង ខ្ញុំនៅឃុំមេទឹក ប៉ុន្តែគាត់មានកូនប្រសាទៅនៅឃុំហ្នឹងដែរ»។
ទោះបីជាយ៉ាងនេះក្តី អធិការនគរបាលស្រុកបាកាន គឺលោក ប៉ែន ទុង មានប្រសាសន៍ថា ការតវ៉ាគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ រីឯការចាប់ជនសង្ស័យទាំង២នាក់នេះ គឺលោកអនុវត្តតាមការស្រាវជ្រាវដោយមានភស្តុតាងបឋមក្នុងការចោទប្រកាន់។
លោក ប៉ែន ទុង បានឲ្យដឹងដូច្នេះ ៖ «សំខាន់កន្លែងកើតហេតុមានសំបកគ្រាប់ មានស្នាមឈាមប្រឡាក់មានអីអ៊ីចឹង ដល់អ៊ីចឹងទៅយើងប៉ូលិស យើងមិនអាចស៊ើបអង្កេតបានយូរទេ បានតែ២៤ម៉ោង អ៊ីចឹងទេយើងដាក់ទៅតុលាការដើម្បីឲ្យគាត់ពិចារណាបន្ថែមទៀត ដោយឡែកការពាក់ព័ន្ធផ្សេងៗយើងធ្វើបន្តទៀត»។
ចំណែកគ្រួសារជនរងគ្រោះក្នុងអំពើប្លន់ គឺអ្នកស្រី ពិន ចាន់ណា ក៏បានអះអាងដែរថា ៖ «ខ្ញុំស្គាល់ ហុចបាយម្ហូបអាហារអីព្រឹកល្ងាច មានអីហូបហុចទៅវិញទៅមក។ អះអាងថា មិនមែនគាត់ប្លន់ទេ»។
អំពើប្លន់បានកើតមានជាច្រើនលើកក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះនៅឯស្រុកបាកាន។
ឈ្មោះ ហៃ អុល និង ហៃ អាន ត្រូវបានប៉ូលិសចាប់ខ្លួនដោយជាប់សង្ស័យថា មានការពាក់ព័ន្ធក្នុងអំពើប្លន់មួយនៅឯភូមិកោះវត្ត ឃុំខ្នារទទឹង កាលពីថ្ងៃទី៩ មករា ទៅលើផ្ទះអ្នកស្រី ពិន ចាន់ណា ដោយយកអស់មាសបីជីកន្លះនិងប្រាក់២ម៉ឺនរៀល។ គេពុំទាន់ដឹងថា តើមនុស្សទាំង២នាក់ត្រូវបានចាប់ដោយភាន់ច្រឡំដូចការអះអាងរបស់អ្នកភូមិឬយ៉ាងណានោះទេ៕
