អ្នកលក់និងអ្នកទិញរអ៊ូរពីតម្លៃស្បៀងអាហារឡើងថ្លៃ លក់មិនសូវដាច់ គ្មានប្រាក់ចំណេញ ទន្ទឹមនឹងប្រេងបានឡើងថ្លៃ ឯតម្លៃប្តូរប្រាក់ដុល្លារទៅប្រាក់រៀលធ្លាក់ថ្លៃ ។
អ្នកលក់មាន់ នៅក្នុងផ្សារ ។
ស្ត្រីមួយរូបបានថ្លែងដូច្នេះថា ៖ «សំណូមពរឲ្យរដ្ឋាភិបាលជួយធ្វើម៉េចកុំឲ្យទំនិញនៅលើទីផ្សារហ្នឹងឡើងថ្លៃពេក មន្រ្តីរាជការទាំងឡាយ ប្រាក់ខែក៏អត់អាចទប់ទល់ជាមួយនឹងអីវ៉ាន់នៅលើទីផ្សារហ្នឹងដែរ» ។
កសិករនៅខេត្តពោធិ៍សាត់បានត្អូញត្អែរពីតម្លៃអង្ករឡើងថ្លៃខុសប្លែកជាងសព្វដង ។
លោក សំឡី មឿង រស់នៅភូមិវាល ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានប្រសាសន៍ដូច្នេះ ៖ «បច្ចុប្បន្ននេះ គឺអង្ករក្នុង១ម៉ឺន បានតែ ២៣កំប៉ុង ឬ២៤កំប៉ុងជាងតែប៉ុណ្ណោះ ។ រីឯមុនចូលឆ្នាំបានតែប្រហែល ៣៣-៣៤ និង ៣៩កំប៉ុង ក្នុងមួយម៉ឺន» ។
យុវជន សុកន នៅភូមិកញ្ជើរបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ទិញកង្កែបស្រស់យកទៅធ្វើម្ហូប ឲ្យដឹងថា កង្កែបឡើងថ្លៃជាងខែមុន ពី ៤០០០រៀល ទៅ ៧០០០រៀល ក្នុង១គីឡូ ។
សុកន បន្តថា គាត់ធ្វើស្រែផង ស៊ីឈ្នួលចម្លាក់ថ្មកែវផង ទទួលកម្រៃបាន ២០ម៉ឺនរៀល ក្នុង១ខែ គ្មានប្រាក់ទិញម្ហូបរាល់ថ្ងៃទេ ៖ «ទិញកង្កែបនេះ មួយគីឡូ ៧ពាន់ ឡើងថ្លៃជាងមុនច្រើន ពីមុនត្រឹម ៤ពាន់ ៥ពាន់ហ្នឹងថាថ្លៃហើយ ឥឡូវឡើងដល់ ៧ពាន់» ។
ស្រ្តីឈ្មោះ ម៉ៅ រស់នៅភូមិបន្ទាយដី ស្រុកកណ្តៀង ជាអ្នកលក់សាច់ជ្រូកនៅផ្សារពោធិ៍សាត់ ឲ្យដឹងថា ទំនិញឡើងថ្លៃ គាត់លក់សាច់ជ្រូក មិនសូវដាច់ ។ អ្នកស្រី ម៉ៅ បន្តថា គាត់លក់ភ្លៅជ្រូក ១គីឡូ ១៥០០០រៀល ទើបចំណេញ១០០០រៀល ក្នុង១គីឡូក្រាម ។ ប្រាក់ចំណេញនោះ គាត់យកទៅទិញទំនិញដទៃទៀត ស្ទើរតែមិនបាន ។
គាត់ថា តាំងពីផ្អើលទំនិញឡើងថ្លៃមក គាត់លក់ខាតដើមស្ទើររាល់ថ្ងៃ ៖ «មុនចូលឆ្នាំខ្មែរ ១ម៉ឺន៤ពាន់ឥឡូវឡើង ១៥០០០ពាន់ ឡើងតែ ១ពាន់ទេ សាច់សុទ្ធតម្លៃដដែល សាច់ភ្លៅបានឡើង ១ពាន់ទេ ជួនកាលលក់បាន ១៤០០០ដដែលហ្នឹង» ។
ស្រ្តីខ្មែរឥស្លាម ឈ្មោះ ស្មាក់ នៅភូមិឥស្លាម ឃុំបន្ទាយដី លក់សាច់គោនៅផ្សារពោធិ៍សាត់ រអ៊ូរថា សាច់គោមិនសូវសំបូរមានលក់ ។ គាត់ថា ១គីឡូក្រាម គាត់លក់ថ្លៃ ១៨០០០រៀល ប្រមូលយកប្រាក់ចំណេញទាំងនោះ ទៅទិញសត្វគោវិញ ស្ទើរពុំបានលក់ ។
គាត់ថា ពីមុនចូលឆ្នាំ គាត់លក់តែ ១៥០០០រៀល ក្នុង១គីឡូ អាចសល់ប្រាក់ចំណេញ ។ គាត់លក់ថ្លៃជាងមុន ២០០០រៀល ក្នុង១គីឡូក្រាម បែរជាលក់មិនសូវដាច់ ថែមទាំងខាត ១ថ្ងៃ ១០ម៉ឺនរៀល ក៍មានដែរ ៖ «ឥឡូវវាក្រគោ ហើយទិញមកកាប់ទៅខាត ទិញមកវាថ្លៃ ហើយកាប់ទៅវាខាត ជួនណាទៅគ្នាបានតែស្បែកទេ ឡើងតាមលុយទៅ ។ ហើយគ្នាទិញមកក៏មិនបានចំណេញដែរ កាប់ទៅខាត ហេងស៊យៗ ដល់ពេលយើងចេះតែកាប់ៗទៅ ខាត២០ម៉ឺន ១០ម៉ឺនអីទៅ» ។
ផ្ទុយពីការរអ៊ូររបស់អ្នកទាំងនោះ ស្រ្តីវ័យចាស់មានរបរនេសាទរស់នៅលើទូកក្នុងបឹងទន្លេសាប នាភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ឲ្យដឹងថា គាត់លក់ត្រីមិនបានថ្លៃដូចនៅទីផ្សារទេ ។ ដោយថៅកែប្រមូលទិញត្រី នៅរាំងទិល បានឲ្យតម្លៃ ៧០០ ទៅ១០០០រៀល ក្នុង១គីឡូ ។ បើគាត់មិនលក់ត្រី តាមតម្លៃគេកំណត់នោះ គេមិនឲ្យគាត់ខ្ចីប្រាក់ទិញមង ឬខ្ចីប្រាក់ធ្វើអ្វី តទៅទៀតទេ ៖ «ត្រីទន្លេវាថោកជាងផ្សារ ឲ្យតែរបស់ចិន អង្ករថ្លៃ របស់ខ្មែរវាថោក ។ រត់មិនចង់រួចទេ ពិបាកណាស់ អ្នកទន្លេយ៉ាប់ជាងខាងលើទៀត គេទិញពីយើង ។ ទន្លេតែមួយពាន់ លើកមកដល់ផ្សារ ៣ពាន់ យើងជំពាក់ចិន ឧទាហរណ៍ខាងក្រៅឯកជន បាន ១ពាន់ យើងជំពាក់គេ គេគិតតែ ៧០០-៨០០» ។
អ្នកលក់អង្ករបោះដុំ នៅផ្សារពោធិ៍សាត់ សុំមិនប្រាប់ឈ្មោះ អ្នកស្រីឲ្យដឹងថា ប្រាក់ខែគ្រូបង្រៀន ចាយមិនគ្រប់ ។ គាត់បានផ្អាកការងារ មកចិញ្ចឹមសត្វជ្រូក និងសត្វមាន់ យកទៅលក់រហូតទិញតូប លក់អង្ករ នៅក្នុងផ្សារពោធិ៍សាត់នេះ ។ គាត់ថា អង្ករងាយលក់ ក្នុង ១ថ្ងៃៗ លក់ដាច់ច្រើនរយគីឡូក្រាម ៖ «ផ្កាម្លិះ ១០០គីឡូ ៣៤ម៉ឺន ផ្កាខ្ញី ២៨ម៉ឺន ហើយនាងមិញ ២៤ម៉ឺន ឆាកា ២០ម៉ឺនរៀល» ។
អ្នកទទួលផ្លែឈើដុះក្នុងព្រៃ លក់តាមផ្លូវជាតិលេខ៥ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ឲ្យដឹងថា គាត់លក់ផ្លែគុយនិងផ្លៃព្រុះ ១ចង្កោម ចំណេញ៥០០រៀល ។ ពីឆ្នាំមុន គាត់លក់ ១ចង្កោមតែ ២ពាន់រៀល ។ គាត់ថា សាំងឡើងថ្លៃ គាត់បានលក់ថ្លៃដែរ ទើបមានប្រាក់ឲ្យកូនទៅរៀននិងទិញម្ហូបអាហារ ៖ «ចង់ឲ្យទំនិញអ្នកស្រែឡើងថ្លៃដើម្បីបង្កើនជីវភាពក្រុមគ្រួសារសម្រាប់ប្រជាជន អ្នកខ្លះគ្នាក្រីក្ររកលុយទិញអង្ករ ទិញម្ហូបហូបមិនបានទេរាល់ថ្ងៃនោះ ។ អង្ករឡើង ១០គីឡូ ២៤០០០រៀល ត្រីតូចៗ ឡើងមួយគីឡូ ១ម៉ឺនរៀល» ។
ចំណែកក្រុមអ្នករងគ្រោះដីធ្លី នៅភូមិឡពាង ឃុំតាជេស្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឲ្យដឹងថា មនុស្សច្រើនរយគ្រួសារ កំពុងប្រឈមនឹងបញ្ហាទំនិញឡើងថ្លៃ និងក្រុមហ៊ុន KDC រឹបអូសយកដី បើរដ្ឋាភិបាលនិងអាជ្ញាធរ មិនឆាប់ដោះស្រាយបណ្តឹងពលរដ្ឋ ការបោះឆ្នោតនាខែកក្កដា ខាងមុខ មិនរំពឹងថា មានសន្លឹកឆ្នោតរបស់ពួកគាត់ឡើយ ៖ «បើលោកណានឹងជួយឲ្យទំនិញចុះថ្លៃ ហើយដោះមនុស្សហ្នឹងឲ្យចេញពីពន្ធនាគារ ហើយដោះដីហ្នឹងបានគឺបោះឆ្នោតឲ្យលោកហ្នុងហើយ ព្រោះថាខ្ញុំពីដើមមក ខ្ញុំរួមរស់ជាមួយលោកណា ដែលឲ្យខ្ញុំរស់ពីដើមមក ដែលដោះឲ្យខ្ញុំរួចពីសម័យប៉ុល ពត មកគឺខ្ញុំបោះឲ្យលោកហ្នឹងរហូត ។ ប៉ុន្តែដល់ពេលបោះឲ្យហើយ គេយកដីយកធ្លីអ៊ីចឹង លោកអត់ជួយដោះប្រជាពលរដ្ឋ វាទៅជាគាបសង្កត់ប្រជាពលរដ្ឋ ថាប្រជាពលរដ្ឋលក់ដីលេងល្បែងទៅវិញ ហើយប្រជាពលរដ្ឋអត់បានលក់ផង គេព័ទ្ធយក គេមកឈូសឆាយយក ហើយគេមកនិយាយឡើង គេថាប្រជាពលរដ្ឋទៅបំពានលើដីក្រុមហ៊ុន ។ ខ្ញុំឆ្ងល់ថាក្រុមហ៊ុនហ្នឹងមកទិញពីឆ្នាំណា បើប្រជាពលរដ្ឋនៅតាំងពី ៨០គត់?» ។
ក្នុងវេទិកាជួបជាមួយអ្នកវិនិយោគទុន នៅថ្ងៃទី២៣ មេសា លោកនាយករដ្ឋមន្រ្តីខ្មែរ មានប្រសាសន៍ថា ទំនិញឡើងថ្លៃ ១៦% បើប្រៀបធៀបនឹងខែធ្នូ ឆ្នាំ២០០៧ ។ រដ្ឋាភិបាលនឹងជួយទប់ស្កាត់ទំនិញឡើងថ្លៃ ដោយបញ្ចុះពន្ធនាំចូលម្ហូបអាហារ ហើយបង្កើនពន្ធលើគ្រឿងសំអាង គ្រឿងស្រវឹង គ្រឿងប្រណីត មានរថយន្តជាដើម និងទំនិញមិនចាំបាច់មួយចំនួន ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
អ្នកសេដ្ឋកិច្ចវិភាគមូលហេតុដែលនាំឲ្យទំនិញឡើងថ្លៃ
អ្នកជំនាញនិយាយពីបញ្ហាអតិផរណានៅកម្ពុជា
អ្នកធ្វើចង្អេរលក់នៅកំពង់ឆ្នាំងត្អូញត្អែរពីបញ្ហាទំនិញឡើងថ្លៃ
ក្រុមហ៊ុនទេសចរណ៍នៅសៀមរាបត្អូញត្អែរពីបញ្ហាទំនិញឡើងថ្លៃ
តម្លៃទំនិញក្នុងប្រទេសកម្ពុជា
មន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិលនិងពលរដ្ឋពិភាក្សាអំពីអតិផរណា
ផ្សារស្រូវរបស់កសិករត្រូវបានបង្កើតនៅខេត្តតាកែវ