មេ​ឃុំ​នៅ​ព្រៃវែង​រង​ការចោទ​ថា​គ្មាន​តម្លាភាព​ក្នុង​ការសាងសង់​ផ្លូវ​មួយ​ខ្សែ

2009-03-31

សមាជិក​ក្រុមប្រឹក្សា​ឃុំ​បន្លេចប្រាសាទ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង បាន​ចោទ​ប្រកាន់​ថា មេ​ឃុំ​បន្លេចប្រាសាទ​គ្មាន​តម្លាភាព​និង​ឃុបឃិត​គ្នា​នៅ​ក្នុង​ការសាងសង់​ផ្លូវ​លំ​មួយ​ខែ្ស​ប្រវែង​ជាង​១៥០០​ម៉ែត្រ​ដែល​នឹង​ចំណាយ​ថវិកា​ប្រមាណ​៤២​លាន​រៀល​ជា​កញ្ចប់​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា។

ស្រប​ពេល​នេះ​ដែរ​មេ​ឃុំ​បន្លេចប្រាសាទ​ដែល​រង​ការចោទ​ប្រកាន់​ខាង​លើ​នេះ​បាន​ប្រតិកម្ម​ថា ការចោទ​ប្រកាន់​នោះ​គឺ​ជា​បំភ្លើស​ពី​ការពិត។

លោក អ៊ុយ ពុទ្ធា ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​បន្លេចប្រាសាទ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ខាង​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​ចោទ​ប្រកាន់​ថា កញ្ចប់​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា​ចំនួន​៤២​លាន​រៀល​សម្រាប់​សាងសង់​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ប្រវែង​ជាង​១៥០០​ម៉ែត្រ​នោះ​មិន​បាន​ធ្វើ​ទ្បើង​ដោយ​តម្លាភាព​ទេ គឺ​មាន​តែ​មនុស្ស​មួយ​ក្រុម​បាន​ចុះ​ហត្ថលេខា​ដឹង​ឮ រី​ឯ​រូប​លោក​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មិន​ត្រូវ​បាន​មេ​ឃុំ​អនុញ្ញាត​ឲ្យ​ចុះ​ហត្ថលេខា​ដឹង​ឮ​ទេ។

លោក អ៊ុយ ពុទ្ធា បាន​ឲ្យ​ដឹង​ថា ៖ «ការធ្វើ​ហ្នឹង​វា​ខុស​ពី​នីតិវិធី​ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់... វា​ធ្វើ​លឿន​ពេក ធ្វើ​ឲ្យ​ផ្លូវ​ហ្នឹង​អត់​មាន​តម្លាភាព។ គេ​មិន​ឲ្យ​ដោយសារ​ខ្ញុំ​តវ៉ា​រឿង​ផ្លូវ​ហ្នឹង ដែល​អ្នក​គេ​ស៊ីញ៉េ​៤​នាក់​ហ្នឹង»

ទាក់ទង​នឹង​ការចោទ​ប្រកាន់​ខាង​លើ​នេះ លោក កង សុខាន់ ជា​មេ​ឃុំ​បន្លេចប្រាសាទ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​បំភ្លឺ​ថា ការចោទ​នោះ​បាន​បំភ្លើស​ពី​ការ​ពិត។

លោក កង សុខាន់ បាន​បញ្ជាក់​ថា ៖ «រឿង​បញ្ហា​ដែល​ធ្វើ​ផ្លូវ​ហ្នឹង​គឺ​អ្នក​ដែល​ចុះ​ហត្ថលេខា​គឺ​មាន​៤​រូប​ដែល​ជា​គណៈកម្មការ​គ្រប់គ្រង​គម្រោង។ លោក​ម្នាក់​ហ្នឹង​គាត់​មិន​មែន​គណៈកម្មការ​គម្រោង​ទេ គាត់​គណៈកម្មការ​លទ្ធកម្ម ហើយ​គណៈកម្មការ​លទ្ធកម្ម​មាន​តួនាទី​ខាង​ដេញ​ថ្លៃ ហើយ​គណៈកម្មការ​គ្រប់គ្រង​គម្រោង​មាន​តែ​៤​រូប​ទេ​ដែល​ជា​អ្នក​សម្រេច​ថា​អាច​យក​បាន​ឬ​មិន​បាន ហើយ​គម្រោង​នោះ​ក៏​អត់​ទាន់​បាន​ចុះ​ហត្ថលេខា​ដែរ​មក​ដល់​ថ្ងៃ​ហ្នឹង»

តំណាង​ក្រុមហ៊ុន​ម៉ៅ​ការ​នៃ​ក្រុមហ៊ុន​ឈ្មោះ ង៉ួន ម៉ូ បាន​ថែ្លង​ថា ៖ «ក្រុមប្រឹក្សា​ឃុំ​ហ្នឹង​មាន​បាន​ឯកភាព​គ្នា​មក​មើល​ហើយ​អស់​ហើយ។ ទៅ​ឃុបឃិត​យ៉ាង​ម៉េច​បើ​មនុស្ស​មួយ​គំនរ ហើយ​ផ្លូវ​ហ្នឹង​ផ្លូវ​យើង​ដេញ​ថ្លៃ​ធ្វើ​មិន​បាន។ ឥឡូវ​ហ្នឹង​សំណាង​ត្រង់​ថា​បាន​ធូរ​បន្តិច​ប្រេង​ចុះ​ថ្លៃ​តែ​ប៉ុណ្ណឹង​ទេ។ ផ្លូវ​ហ្នឹង​វា​៤២​លាន​ទាំង​លូ​ទាំង​អី»

លោក អួង ថន ជា​ជំទប់​ទី​២​នៃ​ឃុំ​បន្លេចប្រាសាទ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ខាង​គណបក្ស​សមរង្ស៊ី​ម្នាក់​ទៀត​បាន​មាន​ប្រសាសន៍​ថា ក្នុង​សមាសភាព​នៃ​ក្រុមប្រឹក្សា​ឃុំ​ចំនួន​សរុប​៧​រូប លោក​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​សាងសង់​ផ្លូវ​លំ​នោះ​ផងដែរ​នៅ​គ្រា​ដែល​មាន​សមាជិក​មួយចំនួន​នៃ​ក្រុមប្រឹក្សា​ឃុំ​នេះ​មិន​ត្រូវ​បាន​មេ​ឃុំ​អនុញ្ញាត​ឲ្យ​ចុះ​ហត្ថលេខា។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ Comfrel ឃ្លាំមើល​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «ព្រោះ​អី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​គេ​មាន​សិទ្ធិ​ទិតៀន​ហើយ​ទៅ​លើ​មេ​ឃុំ ទៅ​លើ​ជំទប់​ទី​១ ទី​២ ព្រោះ​អី​ជំទប់​ទី​១ ទី​២​ក្ដី ឬ​ក៏​មេ​ឃុំ​ក្ដី តើ​មាន​តម្លាភាព​ទេ ការសម្រេច​ចិត្ត​ហ្នឹង​បាន​ត្រឹមត្រូវ​ទេ?»

សូម​រំឭក​ថា ប្រទេស​កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​១​កាលពី​ឆ្នាំ​២០០២​កន្លង​ទៅ និង​អាណត្តិ​ទី​២​កាលពី​ខែ​មេសា ឆ្នាំ​២០០៧​កន្លង​ទៅ​នេះ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ភាព​មិន​ចុះ​សម្រុង​គ្នា​ឬ​ការរើសអើង​ផ្នែក​នយោបាយ​ក្នុង​ចំណោម​សមាជិក​ក្នុង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នានា​នៅ​កម្ពុជា​បាន​ថយ​ចុះ​បើ​ប្រៀបធៀប​នឹង​អាណត្តិ​ដំបូង​កាលពី​ឆ្នាំ​២០០២​កន្លង​ទៅ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

បញ្ហា​ការ​ថែ​រក្សា​អនាម័យ​ក្នុង​អំឡុង​ពេល​បុណ្យ​អុំ​ទូក

សរុប​តួលេខ​នៃ​​អំពើ​ចោរកម្ម​និង​គ្រោះថ្នាក់​ផ្សេងៗ​ក្នុង​ពេល​បុណ្យ​អុំ​ទូក

ព្រះសង្ឃ​​​មួយ​អង្គ​​នៅ​​ព្រៃវែងរង​ការ​ចោទ​ថា​ចាប់​រំលោភ​ភរិយា​គេ

ស្ថានភាព​សន្តិសុខ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក

មនុស្ស​២​នាក់​ស្លាប់​នៅ​ខែត្រ​មណ្ឌលគិរី​ដោយសារ​ខ្យល់​ព្យុះ

ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក

ពិធី​បុណ្យ​អុំ​ទូក​នៅ​បន្ទាយមានជ័យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន

ពលរដ្ឋ​នៅ​កំពង់ធំ​ត្អូញ​ពី​បញ្ហា​ការ​ទារ​ប្រាក់​ក្នុង​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដី

ស្ថានភាព​សន្តិសុខ​​​ក្នុង​ថ្ងៃ​ទី​១​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក

ពលរដ្ឋ​សរសើរ​ពី​សណ្តាប់ធ្នាប់​នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក