លោក ឆេង សុភ័ស្ត អ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស លីកាដូ ដែលបានធ្វើដំណើរទៅជួបក្រុមប្រជាពលរដ្ឋនិងចែកស្បៀងអាហារខ្លះផង បានមានប្រសាសន៍កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ថា មានក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្រាញននៀលមិនទាន់ចាកចេញឆ្ងាយពីទីភូមិដែលពួកគេធ្លាប់រស់នៅទេ បើទោះបីជាអាជ្ញាធរខេត្តឧត្តរមានជ័យបានព្យាយាមបណ្តេញពួកគេឲ្យចាកចេញដើម្បីយកដីទៅប្រគល់ឲ្យក្រុមហ៊ុនមួយឈ្មោះ ANGKOR SUGAR ដើម្បីដាំអំពៅក៏ដោយ។
សកម្មជនសិទ្ធិមនុស្សបានឲ្យដឹងទៀតថា មានអ្នកភូមិជាង១០០គ្រួសារបាននាំគ្នាទៅស្នាក់នៅតាមសាលាឆទានជិតភូមិដែលពួកគេធ្លាប់រស់នៅនោះ ហើយក្រុមប្រជាពលរដ្ឋទាំងនោះខ្វះខាតស្បៀងអាហារនិងកើតជំងឺ។
លោក ឆេង សុភ័ស្ត បានឲ្យដឹងថា ៖ «យើងបានមកឃើញស្ថានភាពជាក់ស្ដែង គាត់អត់មានអីហូបតែម្ដង ហើយអ្នកខ្លះរកតែលុយទិញអង្ករហូបអត់បានផង។ ឥឡូវគាត់នៅពីកន្លែងបណ្ដេញហ្នឹងប្រហែលជា១គីឡូដីជាង ដែលគាត់ស្នាក់នៅសាលាឆទាននេះ ហើយសាលាឆទានមួយទៀតនេះ គឺគាត់ស្នាក់នៅពីរកន្លែង មួយនៅសាលាឆទានភូមិឈូកមាស តែអ្នកដែលស្នាក់នៅច្រើនបំផុតហ្នឹងគឺនៅសាលាឆទានភូមិបុស្ស»។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តឧត្តរមានជ័យ លោក ស្រី ណារេន បានមានប្រសាសន៍ថា បុគ្គលិកឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានទៅពិនិត្យមើលស្ថានភាពទំនាស់ដីធ្លីនិងការបណ្តេញនោះ កាលពីថ្ងៃពុធ ទី១៤ ខែតុលាកន្លងមក ដើម្បីស្វែងរកការជួបពន្យល់បញ្ហានេះពីអាជ្ញាធរខេត្តឧត្តរមានជ័យ។
លោក ស្រី ណារេន បានបញ្ជាក់ថា ៖ «ម្សិលមិញខាងយូអិនគាត់មកសិក្សាពីបញ្ហាហ្នឹង ហើយបន្ទាប់មកគាត់លើកសំណូមពររបស់ប្រជាជនហ្នឹងទៅជួបជាមួយអាជ្ញាធរ សុំណាត់ជួបអភិបាលខេត្ត។ ខាងយូអិនគាត់លើកជាកិច្ចព្រមព្រៀងស.ជ.ណ.៨៨៨ហ្នឹង ដែលដោះស្រាយគ្នានៅសាលាខេត្ត ដែលបញ្ចប់ថា សម្រុះសម្រួលគ្នាហ្នឹង ហើយថ្នាក់ក្រោមអត់អនុវត្តតាមស.ជ.ណ.ហ្នឹង ធ្វើរឿងមួយផ្សេងទៀត»។
ក្រុមអ្នកភូមិដែលនៅតែមិនព្រមចាកចេញតាមការបណ្តេញពីអាជ្ញាធរ បានឲ្យដឹងថា ពួកគេមួយចំនួនបានលើកគ្នាធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ ដើម្បីស្វែងរកការអន្តរាគមន៍ពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហាឲ្យពួកគេ៕
