អភិបាលរងខេត្តកំពត លោក សាឡេស សេន បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា អាជ្ញាធរខេត្តនឹងធ្វើការវាស់វែងដីដែលត្រូវទទួលរងដោយសារការបាញ់បំបែកថ្មភ្នំនោះ ហើយធ្វើការសិក្សាថាតើមានប្រជាពលរដ្ឋមកពីប៉ុន្មានភូមិដែលជាម្ចាស់កម្មសិទ្ធិលើដីទាំងនោះ។
លោក សាឡេស សេន បានបន្តថា បន្ទាប់ពីការវាស់វែងហើយអាជ្ញាធរនឹងដាក់សំណូមពរទៅក្រុមហ៊ុន Sinohydro Corporation របស់ចិន ដែលកំពុងតែបាញ់បំបែកថ្មភ្នំយកទៅសាងសង់ទំនប់វារីអគ្គិសនីកំចាយ។
លោក សាឡេស សេន បានឲ្យដឹងថា ៖ «យើងបានអនុញ្ញាតឲ្យភ្នំកន្លែងហ្នឹងដើម្បីមកធ្វើវារីអគ្គិសនី ដល់ប៉ះពាល់ដីប្រជាជនប៉ុន្មានក៏យើងជួយដោះស្រាយប្រជាជនដែរអីអ៊ីចឹងណា៎។ អ៊ីចឹងហើយក៏ចេះតែយោគយល់ប្រជាជនដោះស្រាយយ៉ាងម៉េចខ្លះ យើងសំណូមពរអ៊ីចឹង»។
ប្រជាពលរដ្ឋដែលកំពុងតែតវ៉ាចំពោះការបាញ់ថ្មនោះគឺរស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកកំពត និងនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ហើយពួកគាត់បាននាំគ្នាត្អូញត្អែរថា ថ្មបានខ្ទាតចូលដីស្រែនិងចម្ការរបស់ពួកគាត់ដែលបានបំផ្លាញដំណាំ និងមិនអាចឲ្យពួកគាត់ធ្វើការដាំដុះបាន។
មេឃុំល្អាង លោក ម៉ាន់ ប៉ុណ្ណា បានឲ្យដឹងថា អាជ្ញាធរនឹងសំណូមពរទៅក្រុមហ៊ុនឲ្យទិញដីដែលរងផលប៉ះពាល់ដោយផ្ទាល់ ហើយជួលដីដែលនៅជុំវិញភ្នំដែលរងផលប៉ះពាល់តិចតួច។
លោក ម៉ាន់ ប៉ុណ្ណា បានឲ្យដឹងថា ៖ «ចំណែកទី១ អ្នកប៉ះពាល់ដោយផ្ទាល់បានន័យថា បាញ់ភីងទៅវាគ្របជិតៗ អាហ្នឹងយើងសំណូមពរឲ្យក្រុមហ៊ុនហ្នឹងទិញ បាញ់ដែរប៉ុន្តែវាប្រយោលបន្តិច យើងគិត យើងជួល។ បញ្ហាទី៣ទៀត បាញ់ហើយចូលទៅម្ដងម្កាល យើងគិតជួលតាមតម្លៃផលដែលគាត់លក់បាន អាហ្នឹងគំនិតរបស់ខាងនេះ ក្រុមហ៊ុនគេអត់ទាន់ឆ្លើយយ៉ាងម៉េច យើងអត់ទាន់ដឹងដែរទេ»។
តំណាងប្រជាពលរដ្ឋភូមិល្អាង ឃុំល្អាង ស្រុកដងទង់ លោក ញ៉េប សុផល បានឲ្យដឹងថា ប្រជាជននៅក្នុងឃុំបាននាំគ្នាផ្ដិតមេដៃស្នើសុំឲ្យក្រុមហ៊ុនដោះស្រាយសំណងខូចខាតដល់ប្រជាពលរដ្ឋ។
លោក ញ៉េប សុផល បានបញ្ជាក់ថា ៖ «ចាំមើលបើថ្ងៃច័ន្ទហ្នឹងវាអត់ចុះសម្រួលឲ្យប្រជាពលរដ្ឋយើង យើងអាចបិទ ហើយយើងអាចបិទជាប់តែម្ដង អត់ឲ្យវាដំណើរការតែម្ដង ចាំរកអ្នកនៅលើដោះស្រាយឲ្យ»។
មិនអាចទាក់ទងក្រុមហ៊ុន Sinohydro របស់ចិន ដើម្បីសុំការបំភ្លឺពីការតវ៉ារបស់ប្រជាពលរដ្ឋទាំងនោះបានឡើយនៅថ្ងៃសៅរ៍នេះ។
គួរជម្រាបថា ក្រុមហ៊ុនវារីអគ្គិសនីរបស់ចិនឈ្មោះ Sinohydro Corporation បានទទួលការអនុញ្ញាតពីរដ្ឋាភិបាលខ្មែរដើម្បីសាងសង់ទំនប់វារីអគ្គិសនីភ្នំកំចាយ ដែលមានតម្លៃប្រមាណ២៧០លានដុល្លារសហរដ្ឋអាមេរិក។
កាលពីឆ្នាំ២០០៧ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានអនុញ្ញាតឲ្យក្រុមហ៊ុន Sinohydro ធ្វើអាជីវកម្មថ្មសម្ភារៈសំណង់នៅតំបន់ភ្នំដុបមាន់ព្រៃដែលស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកកំពត លើផ្ទៃដី៧១,៥ហិកតារ៕
