ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បានមានប្រសាសន៍ថា កម្មវិធីវិទ្យុរបស់លោកដែលរៀបចំដោយអង្គការបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍ ធីឌីអូ (DTO) ដែលត្រូវបានចាក់ផ្សាយចេញពីស្ថានីយវិទ្យុទាំងអស់ចំនួន៧នៅទូទាំងប្រទេស រួមទាំងស្ថានីយវិទ្យុគិរីដងរែកផង។ ដោយឡែកតែស្ថានីយវិទ្យុគិរីដងរែកប៉ុណ្ណោះដែលកម្មវិធីនេះត្រូវបានគេហាមប្រាម។
លោក ខឹម វាសនា បានឲ្យដឹងថា ៖ «ខ្ញុំឃើញតែគេចង់បិទវិទ្យុហ្នឹង ព្រោះគេបោះពាក្យបោះសម្ដីមក វិទ្យុនៅឧត្ដរមានជ័យពីរ វិទ្យុមួយរបស់ហ៊្វុនស៊ិនប៉ិច វិទ្យុមួយទៀតរបស់រដ្ឋាភិបាល។ តាមវិទ្យុរដ្ឋាភិបាលវ៉ៃយើងរាល់ថ្ងៃ គេនិយាយថា ខេត្តឧត្ដរមានជ័យជាខេត្តគំរូ គ្មានគណបក្សប្រឆាំងណាចូលបានទេ។ គេថា បើជំនាន់មុនវិញ ចេញពីខេត្តឧត្ដរមានជ័យអត់រួចទេ»។
ឆ្លើយតបនឹងបញ្ហានេះ នាយខុទ្ទកាល័យសាលាខេត្តឧត្តរមានជ័យ លោក ហាង ម៉េង បានមានប្រសាសន៍ថា នេះមិនមែនជាការបិទទេ តែជាការផ្អាកមួយរយៈប៉ុណ្ណោះសម្រាប់ការត្រួតពិនិត្យជាប្រយោជន៍ដើម្បីពង្រឹងនិងបង្កើនគុណភាពនិងខ្លឹមសារនៃការផ្សាយ។
លោក ហាង ម៉េង បានមានប្រសាសន៍ថា ៖ «អ្វីដែលសំខាន់ខេត្តចង់ឲ្យការផ្សព្វផ្សាយហ្នឹងមានលក្ខណៈអប់រំ មានលក្ខណៈស្ថាបនា រិះគន់ស្ថាបនាអីហ្នឹង ដើម្បីកែលម្អឲ្យបានល្អទាំងអស់គ្នា។ ប្រសិនបើខ្លឹមសារដែលចាក់ផ្សាយហ្នឹងវាបែរជាបង្កប់ន័យហិង្សាន័យអីអ៊ីចឹងទៅ ក៏វាមិនជាសមរម្យអីដែរ»។
ទាក់ទិននឹងបញ្ហានេះដែរ អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានមានប្រសាសន៍ថា កម្មវិធីវិទ្យុដែលត្រូវបានគេហាមប្រាមនោះជាសម្ដីរបស់លោក ខឹម វាសនា ដែលភាគច្រើនគឺនិយាយអំពីអំពើពុករលួយ។
លោក ស្រី ណារ៉េន បានបញ្ជាក់ថា ៖ «បើសិនជាការហាមប្រាមនោះមានចំណុចណាមួយដែលគេចាក់ទៅប៉ះពាល់អីៗ រិះគន់អីទៅលើរដ្ឋាភិបាលអីហ្នឹង អាហ្នឹងឲ្យគាត់ធ្វើការកែតម្រូវទៅ ហើយការហាមឃាត់ហ្នឹងដូចជាបិទសេរីភាពរបស់គាត់ហើយ ពីព្រោះប្រជាពលរដ្ឋភាគច្រើនគាត់ចូលចិត្តស្ដាប់ដែរប៉ុស្តិ៍វិទ្យុហ្នឹង»។
ជុំវិញបញ្ហានេះ លោក ប៉ែន សំនៀង នាយកស្ថានីយវិទ្យុគិរីដងរែក ដែលមានទីតាំងនៅក្រុងសំរោង បានថ្លែងថា មិនមានការប្រកាសជាផ្លូវការពីសំណាក់អាជ្ញាធរឲ្យបិទនូវកម្មវិធីរបស់អង្គការបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍ ធីឌីអូ (TDO) គឺគ្រាន់តែមានសំណើពីអាជ្ញាធរខេត្តសុំត្រូវពិនិត្យនូវខ្លឹមសារនៃកម្មវិធីតែប៉ុណ្ណោះ ហើយលោកបានផ្ដល់លទ្ធភាពជូនអាជ្ញាធរ ដោយបានផ្អាកការផ្សាយតាំងពីរាត្រីថ្ងៃទី២៨ កញ្ញាកន្លងទៅ។
គួរកត់សម្គាល់ថា កម្មវិធីវិទ្យុរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានផ្សព្វផ្សាយផ្ដោតជាសំខាន់ទៅលើទស្សនៈរិះគន់រដ្ឋាភិបាលខ្មែរនិងមន្ត្រីពុករលួយ ព្រមទាំងការអប់រំប្រជាពលរដ្ឋខ្មែរអំពីលទ្ធិប្រជាធិបតេយ្យ៕
