អាជ្ញាធរ​ខែត្រ​ឧត្ដរមានជ័យ​ផ្អាក​កម្មវិធី​វិទ្យុ​នៃ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ

កម្មវិធី​វិទ្យុ​នៃ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​តែង​ផ្សាយ​ជា​រៀង​រាល់​រាត្រី​តាមរយៈ​វិទ្យុ​គិរី​ដងរែក ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​បញ្ជា​ឲ្យ​ផ្អាក​ការ​ផ្សាយ​ហើយ​ចាប់​តាំង​ពី​រាត្រី​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​កញ្ញា​កន្លង​ទៅ។

0:00 / 0:00

ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា បាន​មាន​ប្រសាសន៍​ថា កម្មវិធី​វិទ្យុ​របស់​លោក​ដែល​រៀបចំ​ដោយ​អង្គការ​បណ្ដុះ​បណ្ដាល​និង​អភិវឌ្ឍន៍ ធីឌីអូ (DTO) ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​ចេញ​ពី​ស្ថានីយ​វិទ្យុ​ទាំង​អស់​ចំនួន​៧​នៅ​ទូទាំង​ប្រទេស រួម​ទាំង​ស្ថានីយ​វិទ្យុ​គិរី​ដងរែក​ផង។ ដោយ​ឡែក​តែ​ស្ថានីយ​វិទ្យុ​គិរី​ដងរែក​ប៉ុណ្ណោះ​ដែល​កម្មវិធី​នេះ​ត្រូវ​បាន​គេ​ហាម​ប្រាម។

លោក ខឹម វាសនា បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​ឃើញ​តែ​គេ​ចង់​បិទ​វិទ្យុ​ហ្នឹង ព្រោះ​គេ​បោះ​ពាក្យ​បោះ​សម្ដី​មក វិទ្យុ​នៅ​ឧត្ដរមានជ័យ​ពីរ វិទ្យុ​មួយ​របស់​ហ៊្វុនស៊ិនប៉ិច វិទ្យុ​មួយ​ទៀត​របស់​រដ្ឋាភិបាល។ តាម​វិទ្យុ​រដ្ឋាភិបាល​វ៉ៃ​យើង​រាល់​ថ្ងៃ គេ​និយាយ​ថា ខេត្ត​ឧត្ដរមានជ័យ​ជា​ខេត្ត​គំរូ គ្មាន​គណបក្ស​ប្រឆាំង​ណា​ចូល​បាន​ទេ។ គេ​ថា បើ​ជំនាន់​មុន​វិញ ចេញ​ពី​ខេត្ត​ឧត្ដរមានជ័យ​អត់​រួច​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​ខុទ្ទកាល័យ​សាលា​ខេត្ត​ឧត្តរមានជ័យ លោក ហាង ម៉េង បាន​មាន​ប្រសាសន៍​ថា នេះ​មិន​មែន​ជា​ការ​បិទ​ទេ តែ​ជា​ការ​ផ្អាក​មួយ​រយៈ​ប៉ុណ្ណោះ​សម្រាប់​ការ​ត្រួត​ពិនិត្យ​ជា​ប្រយោជន៍​ដើម្បី​ពង្រឹង​និង​បង្កើន​គុណភាព​និង​ខ្លឹមសារ​នៃ​ការ​ផ្សាយ។

លោក ហាង ម៉េង បាន​មាន​ប្រសាសន៍​ថា ៖ «អ្វី​ដែល​សំខាន់​ខេត្ត​ចង់​ឲ្យ​ការ​ផ្សព្វផ្សាយ​ហ្នឹង​មាន​លក្ខណៈ​អប់រំ មាន​លក្ខណៈ​ស្ថាបនា រិះគន់​ស្ថាបនា​អី​ហ្នឹង ដើម្បី​កែ​លម្អ​ឲ្យ​បាន​ល្អ​ទាំង​អស់​គ្នា។ ប្រសិន​បើ​ខ្លឹមសារ​ដែល​ចាក់​ផ្សាយ​ហ្នឹង​វា​បែរ​ជា​បង្កប់​ន័យ​ហិង្សា​ន័យ​អី​អ៊ីចឹង​ទៅ ក៏​វា​មិន​ជា​សមរម្យ​អី​ដែរ»

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ថា កម្មវិធី​វិទ្យុ​ដែល​ត្រូវ​បាន​គេ​ហាម​ប្រាម​នោះ​ជា​សម្ដី​របស់​លោក ខឹម វាសនា ដែល​ភាគ​ច្រើន​គឺ​និយាយ​អំពី​អំពើ​ពុក​រលួយ។

លោក ស្រី ណារ៉េន បាន​បញ្ជាក់​ថា ៖ «បើ​សិន​ជា​ការ​ហាមប្រាម​នោះ​មាន​ចំណុច​ណា​មួយ​ដែល​គេ​ចាក់​ទៅ​ប៉ះពាល់​អីៗ រិះគន់​អី​ទៅ​លើ​រដ្ឋាភិបាល​អី​ហ្នឹង អា​ហ្នឹង​ឲ្យ​គាត់​ធ្វើការ​កែ​តម្រូវ​ទៅ ហើយ​ការ​ហាម​ឃាត់​ហ្នឹង​ដូច​ជា​បិទ​សេរីភាព​របស់​គាត់​ហើយ ពីព្រោះ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​គាត់​ចូលចិត្ត​ស្ដាប់​ដែរ​ប៉ុស្តិ៍​វិទ្យុ​ហ្នឹង»

ជុំវិញ​បញ្ហា​នេះ លោក ប៉ែន សំនៀង នាយក​ស្ថានីយ​វិទ្យុ​គិរី​ដងរែក ដែល​មាន​ទីតាំង​នៅ​ក្រុង​សំរោង បាន​ថ្លែង​ថា មិន​មាន​ការ​ប្រកាស​ជា​ផ្លូវការ​ពី​សំណាក់​អាជ្ញាធរ​ឲ្យ​បិទ​នូវ​កម្មវិធី​របស់​អង្គការ​បណ្ដុះ​បណ្ដាល​និង​អភិវឌ្ឍន៍ ធីឌីអូ (TDO) គឺ​គ្រាន់តែ​មាន​សំណើ​ពី​អាជ្ញាធរ​ខេត្ត​សុំ​ត្រូវ​ពិនិត្យ​នូវ​ខ្លឹមសារ​នៃ​កម្មវិធី​តែ​ប៉ុណ្ណោះ ហើយ​លោក​បាន​ផ្ដល់​លទ្ធភាព​ជូន​អាជ្ញាធរ ដោយ​បាន​ផ្អាក​ការ​ផ្សាយ​តាំង​ពី​រាត្រី​ថ្ងៃ​ទី​២៨ កញ្ញា​កន្លង​ទៅ។

គួរ​កត់​សម្គាល់​ថា កម្មវិធី​វិទ្យុ​​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​​ប្រជាធិបតេយ្យ​បាន​ផ្សព្វផ្សាយ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​​ទស្សនៈ​រិះគន់​រដ្ឋាភិបាល​ខ្មែរ​និង​មន្ត្រី​ពុករលួយ ព្រមទាំង​ការ​អប់រំ​ប្រជាពលរដ្ឋ​ខ្មែរ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ៕