សំណាប និងសន្ទូងរបស់ប្រជាពលរដ្ឋក្នុងភូមិចំនួន ៣ ក្នុងឃុំរំលេច រងការខូចខាតទាំងស្រុង បណ្ដាលមកពីជំនន់ទឹកភ្លៀង ដែលបានហូរធ្លាក់យ៉ាងគំហុកពីតំបន់ភាគខាងលើនៃតំបន់ភ្នំ។
មេឃុំរំលេច គឺលោក អ៊ុក មួន បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅរសៀលថ្ងៃទី២៨ កក្កដា ថា ភ្លៀងជាច្រើនមេបានធ្លាក់មកជាប់ៗគ្នា កាលពីដើមសប្ដាហ៍កន្លងទៅបានបង្កើតជាទឹកជំនន់បណ្ដាលឲ្យសំណាប និងសន្ទូងរបស់ប្រជាពលរដ្ឋប្រមាណ ៣០០ហិកតារខូចខាតទាំងស្រុង។
លោកមេឃុំបានបន្ទោសចំពោះកំហុសបច្ចេកទេស ក្នុងការសាងសង់សំណង់ធារាសាស្ត្រនេះ ថា ខ្វះការសិក្សាពីផលវិបាករបស់វា ៖ «...កាលណាភ្លៀងធ្លាក់ខ្លាំងពីលើភ្នំមក វាមកបុកនឹងទំនប់បង្ហៀរ។ដល់តែទំនប់បង្ហៀរហូរមិនទាន់ គឺត្រូវតែហៀរលិចតំបន់ខ្លះក្នុងឃុំ។ តាមខ្ញុំជំនាញត្រូវសិក្សាឡើងវិញឲ្យល្អិតល្អន់ បើមិនអ៊ីចឹងទេ លើកក្រោយបញ្ហាដដែលកើតឡើងទៀត...»។
ប្រភពពីអាជ្ញាធរឃុំបានឲ្យដឹងថា ដីស្រែក្នុងភូមិចំនួន ៣ គឺភូមិកូនត្នោត ភូមិព្នៅ និងផ្នែកខ្លះនៃភូមិប្រាសាទសរុបប្រមាណ ៦០០ហិកតារត្រូវបានលិចលង់។ ក្នុងនោះដីស្រែដែលបានសាប និងស្ទូងហើយ ប្រមាណ ៣០០ហិកតារត្រូវខូចខាតទាំងស្រុង។
មេភូមិកូនត្នោត គឺលោក កែវ ម៉ើ មានប្រសាសន៍ថា ភូមិកូនត្នោតរងគ្រោះធ្ងន់ជាងគេ។ លោកថា ដីស្រែក្នុងភូមិប្រមាណ ៤០០ហិកតារត្រូវលិចទឹក។ សំណាប និងសន្ទូងប្រមាណ ២៣០ហិកតាររបស់អ្នកភូមិបានខូចខាតទាំងស្រុង។
លោក កែវ ម៉ើ បានបញ្ជាក់ថា ៖ «...ខាងសំណង់គេសិក្សាអត់ត្រូវ ដូច្នេះធ្វើឲ្យទឹកហូរមិនទាន់ ត្រូវលិចអស់ក្នុងស្រែក្នុងភូមិខ្ញុំ...»។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ គឺលោក កែវ វៃ ពន្យល់ចំពោះបញ្ហាខាងលើនេះថាជាគ្រោះធម្មជាតិ។ ភ្លៀងឆ្នាំនេះមានលក្ខណៈខុសប្លែកពីឆ្នាំមុនៗ ពោលគឺភ្លៀងបានធ្លាក់សន្ធាប់មកពីតំបន់ខាងលើ ធ្វើឲ្យចំណុះទឹកសល់ច្រើន គួបផ្សំនឹងការសាងសង់ប្រព័ន្ធបង្ហូរមិនទាន់រួចរាល់ ទើបបណ្ដាលឲ្យលិចយ៉ាងដូច្នេះ។ លោកប្រធានមន្ទីរអះអាងថា ក្រោយពីការសាងសង់ប្រព័ន្ធបង្ហូររួចរាល់បញ្ហានេះលែងកើតមានទៀតហើយ។
លោក កែវ វៃ បានអះអាងថា ៖ «...ទឹកភ្លៀងហូរពីប្រឡាយដំណាក់អំពិល ដោយសារភ្លៀងខ្លាំងជាប់ៗគ្នា។ ម្យ៉ាងដោយសារយើងកំពុងធ្វើទំនប់។ដូច្នេះយើងបានបិទទ្វារបង្ហូរដែលមានស្រាប់ខ្លះនោះ ទើបមានការជន់លិច។ ឆ្នាំក្រោយពេលយើងធ្វើរួចរាល់លែងលិចហើយ...»។
ឃុំរំលេចមានប្រជាពលរដ្ឋរស់នៅចំនួន ១.៧២៥គ្រួសារ គិតជាចំនួនមនុស្សមាន ៩.៥១៥នាក់។ឃុំនេះមានផ្ទៃដីស្រែវស្សាចំនួន ៤.៦៥០ហិកតារ និងចែកជា ១៣ភូមិ៕
