លោក សម រង្ស៊ី មានប្រសាសន៍ដូច្នេះថា ៖ «ប៉ុន្តែ រដ្ឋាភិបាល ហ៊ុន សែន ខ្លាចកិច្ចព្រមព្រៀងទីក្រុងប៉ារីស បាត់បង់ទឹកដីបាត់ចុះ ប៉ុន្តែខ្លាចបាត់បង់អំណាច។ បើយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកអនុវត្ត បាត់បង់អំណាចហើយ ពីព្រោះយើងរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដូច្នេះអត់ហ៊ានយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស យកមកនិយាយទេ។ តែចំពោះយើងជាអ្នកប្រជាធិបតេយ្យផង ជាអ្នកស្នេហាជាតិផង យើងត្រូវតែយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស មកដោះស្រាយបញ្ហាផ្ទៃក្នុងផង បញ្ហាប្រទេសជិតខាងផង»។
លោក សម រង្ស៊ី បន្ថែមដូច្នេះទៀតថា ៖ «យើងមានអាវុធមួយ មានឧបករណ៍ច្បាប់មួយ ដ៏ស័ក្ដិសិទ្ធ ដ៏មានតម្លៃលើសលុប យើងអត់ប្រើ យើងមិនហ៊ានប្រើ ពីព្រោះយើងខ្លាចបាត់អំណាចយើង ហ្នឹងហើយរដ្ឋាភិបាលហ៊ុនសែន ធ្វើខុសឆ្គងធំណាស់ ចំពោះប្រទេសជាតិ។ ហើយទៅប្ដឹងអង្គការសហប្រជាជាតិ គេអត់គាំទ្រទេ គេដឹងថា រដ្ឋាភិបាលនេះ អត់គោរពច្បាប់។ ខ្លួនឯង ផ្ទៃក្នុងខ្លួនឯងមិនគោរពច្បាប់ មិនគោរពរដ្ឋធម្មនុញ្ញខ្លួនឯងផង ទៅប្ដឹងអន្តរជាតិឲ្យគោរពច្បាប់អន្តរជាតិ។ អ៊ីចឹងបានទៅអង្គការសហប្រជាជាតិ គេដេញមកវិញ គេដេញ ហោ ណាំហុង មកវិញ ខ្ញុំស្គាល់ហើយ ខ្ញុំដឹងការងារនេះ ខ្ញុំស្ដាប់សមាជិកនៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ គេដេញ ហោ ណាំហុង មកវិញ គេថា អត់ទេ ស្រុកអ្នកឯង ស្រុកអត់គោរពច្បាប់ កុំទៅពឹងអង្គការសហប្រជាជាតិ ឲ្យដោះស្រាយជាមួយទៀត»។
ចំណែកឯ លោក ជាម យៀប មន្ត្រីជាន់ខ្ពស់ពីគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បដិសេធចំពោះការកត់សម្គាល់របស់លោក សម រង្ស៊ី នេះ ៖ «ខ្ញុំសូមជម្រាបទៅលោក សម រង្ស៊ី វិញថា អត់មានពេលណាដែលថ្នាក់ដឹកនាំ ឬក៏សមាជិកគណបក្សប្រជាជនកម្ពុជា ខ្លាចរអែង ឬញញើត ឬមានភាពខ្លាចកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬក៏ណាៗនោះទេ ពីព្រោះថា បើសិនជាខ្លាចអ៊ីចឹង យើងដឹកនាំប្រទេសជាតិមិនបានទេ។ ហើយក្នុងការដឹកនាំប្រទេសជាតិ សម្ដេច ជា ស៊ីម សម្ដេច ហ៊ុន សែន សម្ដេច ហេង សំរិន គឺសម្ដេចក៏ចង់បានស្នាដៃ ចង់បានកិត្តិយស ចង់បានការគាំទ្រ ចង់បានការបោះឆ្នោតពីប្រជាពលរដ្ឋដែរ»៕
