សមរង្ស៊ី​នឹង​មិន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ខែត្រ​ស្វាយរៀង

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី ដែល​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​បារាំង បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ថា លោក​នឹង​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ខេត្ត​ស្វាយរៀង​នោះ​ទេ។

0:00 / 0:00

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​កម្ពុជា​នោះ បាន​បដិសេធ​ថា លោក​នឹង​មិន​ចូល​ខ្លួន​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​ជា​លើក​ដំបូង​របស់​តុលាការ​ខេត្ត​ស្វាយរៀង​នោះ​ទេ ក្រោយ​ពី​តុលាការ​នេះ​ចោទ​ប្រកាន់​ថា លោក​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ក្នុង​ការ​ដក​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា​វៀតណាម និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ពូជ​សាសន៍​នោះ។

លោក សម រង្ស៊ី ជា​មេ​ដឹកនាំ​នៃ​គណបក្ស​សមរង្ស៊ី ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​បារាំង បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​មក​ថា ៖ «ខ្ញុំ​សុំ​គិត​មើល​សិន ព្រោះ​ថា តុលាការ​ហ្នឹង​ជា​តុលាការ​ដែល​ដែល​ធ្វើ​តាម​បញ្ជា​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ ហើយ​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​គ្មាន​បំណង​អ្វី​ក្រៅ​ពី​បំបិទ​មាត់ បំបាត់​សិទ្ធិ​របស់​អ្នក​ស្នេហា​ជាតិ​ដែល​ហ៊ាន​ប្រឆាំង​ការ​លក់​ទឹក​ដី​ខ្មែរ​ឲ្យ​ទៅ​បរទេស​ឈ្លានពាន»

លោក ជូង ជូងី ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី នៃ​សំណុំរឿង​នេះ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​តំណាង​ឲ្យ​លោក សម រង្ស៊ី ទៅ​ឆ្លើយ​បំភ្លឺ​ជំនួស​លោក​ទាំង​ការ​សាកសួរ​និង​ការ​ជម្រះ​ក្តី​នា​ពេល​ខាង​មុខ​នេះ។

លោក ជូង ជូងី បាន​មាន​ប្រសាសន៍​ថា ៖ «ដូច្នេះ​នៅ​ក្នុង​ករណី​លោក សម រង្ស៊ី ចូល​ក្ដី មិន​ចូល​ក្ដី ខ្ញុំ​ត្រូវតែ​ចូល​ដើម្បី​ការពារ​សិទ្ធិ​កូន​ក្ដី​របស់​ខ្ញុំ។ នៅ​ពេល​ដែល​កាត់​ក្ដី ខ្ញុំ​នឹង​ចូល​ទៅ​ការពារ​គាត់​តាម​ផ្លូវ​ច្បាប់»

លោក ទ្បុង កេសភីរម្យ ជា​ចៅក្រម​ស៊ើប​អង្កេត​នៃ​តុលាការ​សាលា​ដំបូង ខេត្ត​ស្វាយរៀង បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ នៅ​ពេល​ដែល​វិទ្យុ​អាស៊ីសេរី​បាន​សាកសួរ​អំពី​នីតិ​វិធី​បន្ទាប់​ថា តើ​និង​មាន​ការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ឬ​យ៉ាង​ណា នៅ​ពេល​ដែល​លោក សម រង្ស៊ី បាន​បដិសេធ​មិន​ព្រម​មក​បង្ហាញ​ខ្លួន​តាម​ការ​កោះហៅ​របស់​តុលាការ​នោះ។

លោក ទ្បុង កេសភីរម្យ បាន​បញ្ជាក់​ថា ៖ «ទិសដៅ​ខាង​មុខ ខ្ញុំ​ធ្វើ​ម៉េចៗ ខ្ញុំ​មិន​អាច​ជូន​ព័ត៌មាន​ទៅ​លោក​បាន​ទេ!»

ឯកសារ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន ចុះ​ថៃ្ង​ទី​១៦ ខែ​ធ្នូ​នេះ ឲ្យ​ដឹង​ថា លោក ទ្បុង កេសភីរម្យ ជា​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​ស្វាយរៀង បាន​បង្គាប់​ឲ្យ​លោក សម រង្ស៊ី អាយុ ៦០​ឆ្នាំ ជា​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​នៃ​គណបក្ស​សមរង្ស៊ី ចូល​ខ្លួន​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ដើម្បី​សាកសួរ​អំពី​ដំណើរ​រឿង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​​នូវ​តម្រុយ​ព្រំដែន​លេខ​១៨៥ និង​ការ​ញុះញង់​ឲ្យ​មាន​ការរើសអើង​ពូជ​សាសន៍។

លោក ចាន់ សុវ៉េត ជា​មន្រ្តី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស អាដហុក បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «ប្រហែល​ជា​មាន​ចេតនា​នយោបាយ​ច្រើន​ជាង។ គួរតែ​យើង​ចេះ​ជជែក​គ្នា យើង​មិន​ចាំបាច់​ទៅ​ប្ដឹងផ្ដល់​គ្នា​ទេ!»

សភា​ជាតិ​នៃ​ប្រទេស​កម្ពុជា កាល​ពី​ថៃ្ង​ទី​១៦ ខែ​វិច្ឆិកា​កន្លង​ទៅ បាន​លើក​អភ័យ​ឯកសិទ្ធិ​ជា​តំណាង​រាស្រ្ត​ពី​លោក សម រង្ស៊ី ក្រោយ​ពី​លោក សម រង្ស៊ី បាន​ដក​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា​វៀតណាម​ចំនួន ៦​ដើម​នៅ​ក្នុង​ភូមិ​កោះក្បាន​កណ្តាល ឃុំ​សំរោង ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង កាល​ពី​ថៃ្ង​ទី​២៥ ខែ​តុលា​កន្លង​ទៅ​នេះ បន្ទាប់​ពី​អ្នក​ភូមិ​ខ្មែរ​នៅ​តំបន់​នោះ​ជា​ច្រើន​នាក់ បាន​រៀបរាប់​ប្រាប់​លោក សម រង្ស៊ី អំពី​ទុក្ខ​លំបាក​នៃ​ការ​រងគ្រោះ ដោយ​ការ​បាត់បង់​ដី​ធ្លី​បង្ក​បង្កើន​ផល​ចិញ្ចឹម​ជីវិត ដោយសារ​តែ​ការ​ព្រមព្រៀង​របស់​រដ្ឋាភិបាល​ខ្មែរ ជាមួយ​នឹង​វៀតណាម​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ទី​នោះ។

ជាមួយ​គ្នា​នេះ​ដែរ ជំទប់​ទី​២ នៃ​ឃុំ​សំរោង ខាង​គណបក្ស​សមរង្ស៊ី លោក ពៅ ភាព និង​លោក​តា​អាចារ្យ​គណៈកម្មការ​វត្ត​អង្គរំដេញ​ចំនួន ២​នាក់ ត្រូវ​បាន​តុលាការ​ក្នុង​ខេត្ត​ស្វាយរៀង​នោះ កោះហៅ​សាកសួរ​ជុំវិញ​សំណុំរឿង​នេះ​នៅ​សប្តាហ៍​ក្រោយ៕