អ្នក​គាំទ្រ​នៅ​បរទេស​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដក​អភ័យ​ឯកសិទ្ធិ​សមរង្ស៊ី

សមាជិក សមាជិកា​និង​យុវជន​នៃ​គណបក្ស​សមរង្ស៊ី​នៅ​ទ្វីប​អាមេរិក​ខាង​ជើង គ្រោង​នឹង​រួម​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​ប្រឆាំង​នឹង​ការ​ដក​អភ័យ​ឯកសិទ្ធិ លោក សម រង្ស៊ី។

លោក អ៊ូ ជៀនអ៊ី អ្នក​គាំទ្រ​សកម្ម​ដល់​គណបក្ស​សមរង្ស៊ី នៅ​រដ្ឋធានី​វ៉ាស៊ីនតោន មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​បន្ថែម​ថា ៖ «បំណង​គឺ​ប្រឆាំង​នឹង​រដ្ឋ​សភា​ខ្មែរ​ដក​អភ័យ​ឯកសិទ្ធិ​ឯកឧត្ដម សម រង្ស៊ី ហើយ​និង​ប្រឆាំង​នឹង​យួន​ឈ្លានពាន​ទឹក​ដី​ខ្មែរ រំលោភ​ទឹក​ដី​ខ្មែរ​យក​ស្រែ​អ្នក​ស្រុក​ហ្នឹង​ណា៎! គឺ​ធ្វើ​នៅ​គ្រប់​ស្ថានទូត​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​វិច្ឆិកា​នេះ ចាប់ផ្ដើម​ពី​ម៉ោង​១១។ ខ្ញុំ​ទទួល​ភារៈ​ជា​អ្នក​រៀបចំ​អញ្ជើញ​ទាំង​អស់ មនុស្ស​ដែល​យល់​ថា រដ្ឋ​សភា​ដក​អភ័យ​ឯកសិទ្ធិ​ខុស​ហ្នឹង សូម​អញ្ជើញ​ចូលរួម​ទាំង​អស់»

ចំណែក​សមាជិក សមាជិកា​និង​យុវជន​នៃ​គណបក្ស​សមរង្ស៊ី នៅ​ប្រទេស​កាណាដា​វិញ ក៏​គ្រោង​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​ក្នុង​បំណង​ដូច​គ្នា​នេះ​ដែរ តែ​ធ្វើ​នៅ​មុខ​អគារ​សភា​ជាតិ​នៃ​ប្រទេស​កាណាដា ធ្វើ​នៅ​ថ្ងៃ​ដូច​គ្នា​គឺ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០០៩​នេះ នៅ​ទីក្រុង​អូតាវ៉ា ប្រទេស​កាណាដា ចាប់​ពី​ម៉ោង​១១​ព្រឹក ដល់​ម៉ោង​៣​រសៀល ដូច​គ្នា​នឹង​នៅ​វ៉ាស៊ីនតោន​ដែរ ស្នើ​ឲ្យ​សភា​កាណាដា​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​មាន​យុត្តិធម៌​ចំពោះ​លោក សម រង្ស៊ី ផង។

សូម​រំឭក​ជូន​ថា រដ្ឋ​សភា​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០០៩​កន្លង​មក​នេះ បាន​សម្រេច​ព្យួរ​អភ័យ​ឯកសិទ្ធិ​សភា​ពី​រូប​លោក សម រង្ស៊ី ដើម្បី​ផ្តល់​ឱកាស​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង​ស៊ើប​អង្កេត​ករណី​បណ្តឹង​របស់​អាជ្ញាធរ​ស្រុក​ចន្រ្ទា​ដែល​ប្តឹង​ចោទ​ថា លោក សម រង្ស៊ី បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ គឺ​ចំពោះ​ការ​ដែល​លោក​បាន​ដក​បង្គោល​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ខែ​មុន​នេះ ដក​ចេញ​ពី​ដី​ស្រែ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ឃុំ​សំរោង ក្នុង​ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង ដែល​អាជ្ញាធរ​ខេត្ត​ខ្មែរ​និង​វៀតណាម​អះអាង​ថា នោះ​ជា​បង្គោល​បណ្តោះ​អាសន្ន​ខណ្ឌ​ព្រំដែន​ខ្មែរ​និង​វៀតណាម។

គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​នៅ​ប្រទេស​បារាំង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ករណី​សមរង្ស៊ី

គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ដែល​មាន​ទី​ស្នាក់ការ​នៅ​ប្រទេស​បារាំង បាន​ចេញ​សេចក្តី​រាយ​ការណ៍​ផ្តោត​អំពី​បញ្ហា​ដែល​លោក សម រង្ស៊ី រង​ការ​ចោទ​ពី​បទ​ថា​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដោយ​ការ​បំផ្លាញ​សម្បត្តិ​សាធារណៈ​និង​បាន​គំរាម​ដល់​សន្តិសុខ​ជាតិ។

សេចក្តី​ថ្លែង​ការណ៍​នោះ​ចុះ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​កន្លង​មក​ថ្មីៗ​នេះ រិះគន់​ចំពោះ​ការ​ចោទ​ដោយ​ប្រើ​ពាក្យ​បំផ្លាញ​សម្បត្តិ​សាធារណៈ​នោះ ថា​មិន​សមរម្យ​ទេ ព្រោះ​ថា បង្គោល​តម្រុយ​នោះ​ឋិត​នៅ​ក្នុង​ដី​ស្រែ​របស់​កសិករ​ខ្មែរ ហើយ​ដែល​ខ្មែរ​ម្ចាស់​ដី​ធ្លាប់​បាន​តវ៉ា​រឿង​បោះ​បង្គោល​លើ​ដី​គាត់ តែ​ពុំ​មាន​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ឃុំ​និង​ស្រុក។ ដី​នោះ​ជា​ដី​ឯកជន​ដែល​ម្ចាស់​ដី​អាច​មាន​សិទ្ធិ​ដក​បង្គោល​នោះ​ចេញ​បាន តែ​បើ​ថា ដី​នោះ​អាជ្ញាធរ​បាន​ដក​ហូត​ទុក​ជា​សម្បត្តិ​សាធារណៈ ក៏​គ្មាន​សំណង​ស្រប​ច្បាប់​ឲ្យ​ដល់​ម្ចាស់​ដី​នៅ​ឡើយ​ដែរ។

ចំពោះ​ពាក្យ​ដែល​ចោទ​ថា គំរាម​ដល់​សន្តិសុខ​ជាតិ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ច្បាប់​គ្រប់គ្រង គេ​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​អ្វី​ទៅ​ដែល​ហៅ​ថា សន្តិសុខ​ជាតិ ទើប​គេ​អាច​ប្រមាណ​បាន​អំពី​លក្ខណៈ​និង​ទំហំ​នៃ​ការ​គំរាម​ជាយថាហេតុ​ដល់​សន្តិសុខ​ជាតិ​នោះ។

គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​បាន​លើក​ជា​សំណួរ​ថា ការ​ដក​បង្គោល​បណ្តោះ​អាសន្ន​នោះ តើ​លោក សម រង្ស៊ី បង្ក​គ្រោះថា្នក់​ដល់​ប្រជាជន​ខ្មែរ ឬ​បង្ក​ចលាចល​ក្នុង​ស្រុក​ដែល​អាច​កើត​ជា​សង្គ្រាម​ផ្ទៃ​ក្នុង ឬ​ក៏​សង្រ្គាម​កម្ពុជា​និង​វៀតណាម​ឬ​ទេ? លោក សម រង្ស៊ី និង​សហការី បាន​ទៅ​ពិនិត្យ​បង្គោល​នោះ​តាម​ការ​អញ្ជើញ​របស់​ពលរដ្ឋ​ដែល​ជា​អ្នក​តវ៉ា ហើយ​ពុំ​មាន​កាន់​កាំបិត ពូថៅ ឬ​កាំភ្លើង សម្រាប់​គំរាម​នរណា​ម្នាក់​ឡើយ។

ដោយ​សង្ខេប លោក​បណ្ឌិត ឌី ការ៉េត អនុ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​នោះ​ថា ការ​កាត់​ទោស​លោក សម រង្ស៊ី ពិត​ជា​នឹង​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ​នេះ។ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​បញ្ជាក់​ថា នេះ​ហើយ​ជា​ទម្ងន់​នៃ​ការ​សង្កត់​ដឹកនាំ​របស់​ក្រុង​ហាណូយ​លើ​របប​លោក ហ៊ុន សែន បក្ស​ប្រជាជន​កម្ពុជា។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​ទទួល​បាន​សេចក្តី​ថ្លែង​ការណ៍​ពី​ខាង​រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​នៅ​ឡើយ​ទេ​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ៕