លោក ហេង សំរិន ប្រធានរដ្ឋសភានៅក្នុងបទសម្ភាសន៍ខ្លីជាមួយវិទ្យុអាស៊ីសេរី តាមទូរស័ព្ទនៅថៃ្ងពុធនេះ បានមានប្រសាសន៍ថា មានហេតុផលជាច្រើនដែលរដ្ឋសភាមិនអាចកោះប្រជុំវិសាមញ្ញបានភ្លាមៗនោះ ។
លោក ហេង សំរិន ថ្លែងយ៉ាងដូច្នេះថា ៖ «មិនអាចប្រជុំបានភ្លាមៗទេ ពីព្រោះពេលនេះជាពេលសភាសម្រាក អត់មានការកោះប្រជុំទេ កំពុងមានការបោះឆ្នោត ។ ទាល់តែមានការស្នើប្រជុំវិសាមញ្ញពីនាយករដ្ឋមន្ត្រីនិងពីមហាក្សត្រស្នើដើម្បីដកអភ័យឯកសិទ្ធិទើបបាន ។ ប្រសិនបើគ្មានការស្នើពីនាយករដ្ឋមន្ត្រី ក៏ដូចជាព្រះមហាក្សត្រទេ មិនអាចពិភាក្សាបានទេ ព្រោះឥឡូវកំពុងសម្រាក និងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ។ រឿងហ្នឹង ទុកពិចារណាពេលក្រោយ» ។
លោកបានបញ្ជាក់ថា រដ្ឋសភាមិនទាន់បានទទួលលិខិតពីតុលាការក្រុងភ្នំពេញ ដែលបានស្នើសុំឲ្យដកអភ័យឯកសិទ្ធិលោក សម រង្ស៊ី នៅឡើយទេ ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ប្រតិកម្មជុំវិញការស្នើសុំរបស់តុលាការក្រុងភ្នំពេញ ឲ្យរដ្ឋសភាដកហូតអភ័យឯកសិទ្ធិជាតំណាងរាស្រ្តរបស់លោកយ៉ាងដូច្នេះថា ៖ «អ្វីដែលគេចង់ដកអភ័យឯកសិទ្ធិរបស់ខ្ញុំ គេចង់ចាប់ខ្ញុំនេះ សឲ្យឃើញថា គណបក្សប្រជាជនកំពុងតែស្លន់ស្លោ ភ័យខ្លាចគណបក្សសមរង្ស៊ី ដឹងថាចាញ់គណបក្សសមរង្ស៊ីហើយនៅក្នុងការបោះឆ្នោតនាពេលខាងមុខ» ។
សូមបញ្ជាក់ថា ផែ្អកតាមសេចក្តីរាយការណ៍នានានិងប្រភពពីមន្រ្តីអង្គការសិទ្ធិមនុស្ស ក្រៅរដ្ឋាភិបាល បានឲ្យដឹងថា តុលាការក្រុងភ្នំពេញកាលពីថៃ្ងច័ន្ទដើមសប្តាហ៍នេះ បានស្នើទៅរដ្ឋសភាសុំឲ្យប្រជុំដកហូតអភ័យឯកសិទ្ធិតំណាងរាស្រ្តពីលោក សម រង្ស៊ី ដើម្បីបើកផ្លូវឲ្យតុលាការចោទប្រកាន់ឬ ចាប់ខ្លួន ដែលលោកកំពុងតែរងការប្តឹងពីលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក្រោមបទបរិហារកេរ្តិ៍និងផ្សាយព័ត៌មានមិនពិត ។
លោក ដាំ សិទ្ធិ ដែលជានិពន្ធនាយករបស់កាសែតមនសិការខែ្មរនិងជាបេក្ខជនតំណាងរាស្រ្តរបស់គណបក្សសមរង្ស៊ី នៅមណ្ឌលភ្នំពេញ ត្រូវបានដោះលែងឲ្យមានសេរីភាពជាបណ្តោះអាសន្ន កាលពីថៃ្ងទី១៥ ខែមិថុនា ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ក្រោមកិច្ចធានារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
លោកត្រូវបានអាជ្ញាធរកងរាជអាវុធហត្ថនៅក្រុងភ្នំពេញ ចាប់ខ្លួន ហើយត្រូវបានតុលាការក្រុងភ្នំពេញបានចោទប្រកាន់ក្រោមបទបរិហារកេរ្តិ៍និងផ្សាយព័ត៌មានមិនពិត ក្រោយពីកាសែតរបស់លោក បានចុះផ្សាយកាលពីខែមេសា ជាមួយនឹងការដកស្រង់ប្រសាសន៍លោក សម រង្ស៊ី ដែលនិយាយមិនចំឈ្មោះនៅបឹងជើងឯកអតីតវាលពិឃាតខែ្មរក្រហម ថា រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា គឺជាអតីតមេគុកបឹងត្របែកនៃរបបខែ្មរក្រហម ។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានបដិសេធការចោទប្រកាន់នោះ ហើយបានប្តឹងទាំងលោក ដាំ សិទ្ធិ និងលោក សម រង្ស៊ី ៕